Monday, October 22, 2018

កម្ពុជាជំរុញឱ្យមានការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជាដើម្បីឱកាសកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ

មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងប្រធានរដ្ឋសភាតួកគី បានអញ្ជើញពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនិងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគីឱ្យកាន់តែរឹងមាំនិងរីក ចម្រើនទ្វេរឡើងថែមទៀត ដោយបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះ រួមទាំងការជំរុញឱ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
ការជំរុញបែបនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ និងអញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី។

មេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហា តំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផងដែរ៕



No comments:

Post a Comment