Monday, October 22, 2018

ទស្សនៈមិត្តអ្នកអាន៖ ភ្លើងឆេះដល់រោមចិញ្ចើមរបស់ពួកប្រឆាំង

នៅទីបំផុតទៅ មេដឹកនាំអាស៊ី-អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៨ កន្លងទៅនេះ បានសម្រេចឲ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខ។
ការផ្តល់ឋានៈជាអ្នករៀបចំកិច្ចប្រជុំកំពូល ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើន នៅអាស៊ី និងអឺរ៉ុបនេះ បានបង្ហាញនូវការទទួលស្គាល់ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិទី៦​ ដែលដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​គឺជារាជរដ្ឋាភិបាលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស រាប់ចាប់តាំងពីដំណាក់កាលបរិយាកាសនយោបាយមុនពេលឃោសនា ការឃោសនា រកសម្លេងឆ្នោត ការបោះឆ្នោត រហូតដល់ប្រកាសលទ្ធ​ផល និងមានការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី។
នៅចំពោះមុខមេដឹកនាំនៃបណ្តាប្រទេសអាស៊ី-អឺរ៉ុបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថាកម្ពុជាពិតជាមាន កិត្តិយសក្រៃលែងក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ នៅរាជធានីភ្នំពេញ គឺជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់​ទ្រាយ​ធំលើកទី១ និងប្រកបដោយសារៈសំខាន់បំផុត។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំ ធ្វើកិច្ចការចាំបាច់គ្រប់យ៉ាងដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបកន្លងមក។
ក្នុងឋានៈប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ ប្រទេសជាសមាជិកទាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោកក៏ដូចជាសម្រេចគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។
ការផ្តល់សេចក្តីទុកចិត្តដល់កម្ពុជាដោយមិនមានការស្ទាក់ស្ទើរពីសំណាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេស
អាស៊ី-អឺរ៉ុប នេះគឺជាសក្ខីភាពមួយបង្ហាញថា បណ្តាប្រទេសទាំងអស់ស្ទើរតែពាសពេញពិភពលោកបានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ ពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរពិតៗ។
ការលើកឡើងដូច្នេះ ដោយសារប្រជាពលរដ្ឋខ្មែរយល់​ឃើញថា មានតែរាជរដ្ឋាភិបាល​កម្ពុជាដែល​ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមាន​លោក​នា​យ​ក​​​រដ្ឋមន្ត្រី​ ហ៊ុន សែន ជាប្រមុខប៉ុណ្ណោះទេដែលមានសមត្ថភាព និងលទ្ធភាពការពារ អភិវឌ្ឍប្រទេស រក្សាបាននូវលំនឹងសុវត្ថិភាព ទាំងសន្តិសុខ និងលំនឹងហិរញ្ញវត្ថុ ជាមួយនឹងកំណើនសេដ្ឋកិច្ចរង្វង់៧%​ក្នុង​មួយ​ឆ្នាំជា​ដើម​ ជា​មូលហេតុចម្បងនិងសំខាន់បំផុត ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្តល់​ការ​​ទុក​ចិត្ត​ទាំង​ស្រុង​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។​
ដោយឡែកសម្រាប់​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ី-អឺរ៉ុបវិញ ក៏​មិន​ខុស​គ្នា​ទៅនឹង​ការ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ខ្មែរដែរ​ ​ពោលគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប មិនមែនជារឿងសាមញ្ញពេកនោះទេ។ បញ្ហានេះ ប្រសិនបើកម្ពុជា មិនមានសមត្ថភាព, កម្ពុជា​រំលោភសិទ្ធិមនុស្ស ឬក៏ការដឹកនាំមិនដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ ក៏គេមិនផ្តល់ កិត្តិយស និងឱកាសឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំនេះដែរ។នេះជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ថាកត្តាសន្តិភាព ស្ថេរភាពនយោបាយ ការគោរពនីតិរដ្ឋ រួមផ្សំនឹងសមត្ថភាពគ្រប់គ្រាន់ ធ្វើឲ្យព្រះរាជាណាចក្រមួយដែលពីអតីតកាល មានការហែកហួរដោយសង្គ្រាមនោះ ទទួលបាននូវអ្វីៗទាំងអស់នៅពេលនេះ រួមទាំងការផ្តល់កិត្តិយសឱ្យរៀបចំ កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី ១៣ផងដែរ។
គេអាច​និយាយ​បាន​ថា ការដែលមេដឹកនាំរបស់ប្រទេសអាស៊ីនិងអឺរ៉ុប បានសម្រេចចិត្តដោយផ្តល់ឱកាសដល់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំដ៏សំខាន់នៅឆ្នាំ២០២០​នេះ គឺស្មើនឹងព្រនង់ដ៏ធំមួយដែលកាន់ដោយដៃមេដឹកនាំរួមគ្នា នៃប្រទេស​អាស៊ី-អឺរ៉ុប សំពងទៅលើកមេដឹកនាំនិងក្រុមប្រឆាំង ឬអាចនិយាយបានថា ភ្លើងឆេះដល់រោមចិញ្ចើមរបស់ពួកប្រឆាំងដោយសារអំពើព្យាយាមបន្តុះបង្អាប់ ឃោសនាអកុសល បំភ្លើសការពិតពីកម្ពុជាផង ហើយសហគមន៍អន្តរជាតិ បានយល់និងស្គាល់យ៉ាងច្បាស់ពីចេតនាទុច្ចរឹតរបស់ពួកប្រឆាំងផ្កាប់មុខទាំងនេះ៕

ដោយ៖ សុខ សុវណ្ណ

No comments:

Post a Comment