Monday, October 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជាទទួលបានការគាំទ្រពីប្រទេសជាង៥០ ឱ្យធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនបងប្អូនខ្មែរនៅអឺរ៉ុបអំពីមោទនភាពរបស់ប្រជាជាតិកម្ពុជាមួយថា នៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជាត្រូវបានទទួលនូវមោទនភាព និងទទួលបានការគាំទ្រពីប្រទេសជាង៥០ ឱ្យធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ។ លោកបានបន្តថា ដើម្បីបានធ្វើម្ចាស់ផ្ទះនោះ មិនងាយទេត្រូវធ្វើការប្រកួតប្រជែង ប៉ុន្តែសម្រាប់កម្ពុជាយើង នៅពេលដែលយើងស្នើសុំធ្វើជាម្ចាស់ផ្ទះ ត្រូវបានទទួលការគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាប់តាំងពីកម្រិតឧត្តមមន្រ្តី រដ្ឋមន្រ្តីការបរទេស ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល។ លោកបានថ្លែងដូចនេះនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ក្នុងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅប្រទេសក្នុងតំបន់អឺរ៉ុប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នេះមិនមែនជាមោទនភាពរបស់លោកតែម្នាក់ឯងនោះទេ ក៏ប៉ុន្តែនេះគឺជាមោទនភាពរបស់ជាតិខ្មែរទាំងមូល តែលោកមិនរំពឹងថាក្រុមប្រឆាំងមានការសាទរនឹងមោទនភាពនោះទេ បើគ្រាន់តែកីឡាខ្មែរឈ្នះមេដាយមាសគេមិនដែលស្វាគមន៍ផងនោះ។ លោកបានបន្ថែមថា លោកចង់ឱ្យជាតិសាសន៍ខ្មែរយើងកុំបែងចែកគ្នា តួយ៉ាងដូចជាបញ្ហាកីឡាដែលទទួលបានមេដាយមាសក្រោមរបបដឹកនាំរបស់លោក មិនត្រូវបានក្រុមប្រឆាំងចូលរួមអបអរសាទរ៕





No comments:

Post a Comment