Monday, November 16, 2020

នាយករដ្ឋមន្ដ្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការផ្ដល់ជំនួយសប្បុរធម៌ម៉ាស និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩

 លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើលិខិតផ្លូវការមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរធម៌ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសំខាន់ជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នៅក្នុងលិខិតថ្លែងអំណរគុណ នាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់ថា នេះជាកាយវិការឆ្លុះបញ្ចាំងអំពី ចំណងមិត្ដភាពដ៏ជិតស្និទ្ធ និងជាប្រពៃណី ពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរដែលកាន់តែស៉ីជម្រៅ និងប្រកបដោយផ្លែផ្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ដែលដឹកនាំដោយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រគល់ជូន លោក ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវរួចហើយ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ អំណោយទាំងនេះ ត្រូវបានដឹកតាមយន្តហោះពីប្រទេសកម្ពុជាទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមអានលិខិតថ្លែងអំណរគុណរបស់លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ដ្រីឡាវដូចខាងក្រោម៖





កិច្ចប្រជុំស្តីពីការផ្តល់កម្មសិទ្ធិលើដី​ និងផ្ទះសម្បទានសង្គមកិច្ច ​ដែលបានផ្តល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ​ និងគ្រួសារចូលនិវត្តន៍​

 កោះកុង៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំស្តីពីការផ្តល់កម្មសិទ្ធិលើដី និងផ្ទះសម្បទានសង្គមកិច្ច ដែលបានផ្តល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចូលនិវត្តន៍ បាត់បង់សមត្ថភាព ការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំនៅសាលាខេត្តកោះកុង ដោយមានការចូលរួមពីមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អភិបាលរងស្រុកបូទុមសាគរ នាយកទីចាត់ការអន្តរវិស័យ តំណាង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអ្នកពាក់ព័ន្ធ។

ដើម្បីក្តាប់បាននូវទិន្នន័យពិតប្រាកដ នៃការប្រើប្រាស់ដីសម្បទានសង្គមកិច្ចក្នុងខេត្តកោះកុង លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំនិងសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងនូវការប្រើប្រាស់ដីសម្បទានសង្គមកិច្ច ថាតើទិន្នន័យអ្នកដែលទទួលបានផ្ទះសង្គមកិច្ច មករស់នៅអចិន្ត្រៃយ៍បានប៉ុន្មានគ្រួសារ អ្នកមករស់នៅមិនអចិន្ត្រៃយ៍ប៉ុន្មានគ្រួសារ ដីចំការសង្គមកិច្ច ប្រើប្រាស់ បង្កបង្កើនផល ជាប្រចាំបានប៉ុន្មានហិកតា។

សូមបញ្ជាក់ផងដែរថា ទីតាំងដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្ត្រខេត្តកោះកុង មានចំនួន៣ទីតាំងគឺ ១.ស្ថិតនៅស្រុកថ្មបាំង ២.ស្ថិតនៅស្រុកកោះកុង ៣.ស្ថិតនៅស្រុកបូទុមសាគរ។ ចំពោះទីតាំងដីសម្បទានសង្គមកិច្ចទាំង៣ទីតាំងនេះ មានតែទីតាំងនៅស្រុកបូទុមសាគរមួយប៉ុណ្ណោះ ដែលមានការប្រើប្រាស់មួយចំនួន ចំណែកឯ២ទីតាំងផ្សេងទៀត ពុំទាន់មានការប្រើប្រាស់នៅឡើយ។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមទប់ស្កាត់ឱ្យបាននូវការទន្ទ្រាន កាន់កាប់ទីតាំងដីសម្បទានសង្កមកិច្ចដោយខុសច្បាប់៕





ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៧ថ្មីទៀតសរុបទុនវិនិយោគជិត៣០លានដុល្លារ

 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន៧ សរុបទុនវិនិយោគជិត៣០លានដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា តាមសំណើ សុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ LIAN FENG SHOES MATERIAL CO.,LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩១កន្លែង។
២៖ G4TEC PROPERTY & INVESTMENT CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។
៣៖ ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD.គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលធំ (ទី៦) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២១៦កន្លែង។
៤៖ MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង ខ្សែភ្លើង និងផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០៤កន្លែង។
៥៖ GAO LONG JIANG PLASTIC PIPE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបជ័រ និងទុយោជ័រគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។
៦៖ SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៣កន្លែង។
៧៖ HARMONY APPAREL CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៤កន្លែង៕



ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា នាំយកអង្ករ ៥តោន និងមី ៣០កេស ផ្តល់ដល់អាជ្ញាធរឃុំទឹកហូត

 កំពង់ឆ្នាំង៖ នាថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០​២០​នេះ លោកស្រីវេជ្ជបណ្ឌិត ដេវយ៉ានី ឧ.ឃូប៊្រាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានប្រគល់អំណោយរបស់ស្ថានទូតឥណ្ឌា និងសប្បុរសជនឥណ្ឌា នូវអង្ករចំនួន៥តោន និងមី៣០កេស ដល់អាជ្ញាធរឃុំទឹកហូត ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង។​

សូមជម្រាបថា អំណោយដែលបាននាំយកមកចែកជូននេះតាមរយៈ លោក សៅ​ ជីវ័ន្ត​ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ តំណាងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អម​ សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទឹកហូត លោក យ៉ង់ សៅវុឌ្ឍី អភិបាល ស្រុករលាប្អៀរ និងអជ្ញាធរឃុំ៕





ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន ការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារបានមកដល់ហើយ ដូច្នេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពី អាកាសធាតុចុះត្រជាក់នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅ ក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង។

សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោម៖




វីដេអូ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានប្រគល់អំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខជូននាយករដ្ឋមន្រ្តីឡាវហើយ

កិច្ចសម្ភាសន៍ សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាស់២លាន១០ម៉ឺន និងបរិក្ខាពេទ្យសរុបចំនួន១២មុខ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

 

ព្រឹកថ្ងៃនេះអំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកជញ្ជូនទៅកាន់ទីក្រុងវៀងច័ន្ទ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់

(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រៀមដឹកតាមយន្តហោះទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ។
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យទាំងនេះយកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងដំណើរនាំយកអំណោយជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានការអមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលផងដែរ៕