Monday, November 30, 2020

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងស្ថាបនាហេដ្ឋារច្ចនាសម្ព័ន្ធផ្លូវ និងស្តារ – កែលម្អដងស្ទឹងសៀមរាប ក្រុងសៀមរាប (មានវីដេអូ)

CNV: 30 ខែ​វិច្ឆិកា, 2020

កាត់បន្ថយអ្នកចូលរួមមកនៅសល់ត្រឹម ១៥០ នាក់

ថ្ងៃនេះយើងធ្វើពិធីប្រារព្ធបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ រួមនិងការកែលម្អដងស្ទឹង សៀមរាប ដែលមុននេះ យើងគ្រោង(ធ្វើ) ថ្ងៃទី១៦ ខែវិច្ឆិកា ក៏ប៉ុន្តែគាប់ជួនជាមួយ “ព្រឹត្តិការណ៍ ០៣ វិច្ឆិកា” បានកើតឡើង (យើងក៏លើកពេល)។ សម្រាប់ថ្ងៃនេះ តាមគម្រោងដើម យើងគ្រោងអញ្ជើញប្រជាពលរដ្ឋរបស់យើងប្រមាណ ១ ៥០០ នាក់ មកចូលរួម ក៏ប៉ុន្តែដោយសារស្ថានភាពបានកើតឡើង ដែលខាងក្រោមនេះ ខ្ញុំនឹងនិយាយទាក់ទង COVID-19 យើងកាត់បន្ថយអ្នកដែលចូលរួមមកនៅត្រឹមតែ ១៥០ នាក់ តែប៉ុណ្ណោះ ដើម្បីជៀសវាងការប្រមូលផ្ដុំហ្វូងមនុស្ស ដែលអាចនាំទៅដល់ការឆ្លងរីករាលដាល នៅក្នុងសហគមន៍ នៅពេលដែលយើងស្រាវជ្រាវមិនទាន់បានច្បាស់លាស់។

COVID-19 មិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ

កូវីដ-១៩ អាចរារាំងដំណើរការរបស់យើង ប៉ុន្តែមិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ។ ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងរបាយកាណ៍អម្បាញ់មិញនេះ កាលពីថ្ងៃទី ០៤ កញ្ញា ២០២០ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ ខ្ញុំបានប្រកាសអំពីការបញ្ចុះថវិកាពីរង្វង់ ១០០ ទៅ ១៥០ លានដុល្លារ ដើម្បីសាងសង់ផ្លូវចំនួន ៣៨ ខ្សែសម្រាប់ទីក្រុងសៀមរាបរបស់យើង បន្ថែមលើនោះ ដោយមានការសិក្សាជាក់លាក់របស់ឯកឧត្តម ជា សុផារ៉ា ទៅលើបញ្ហាការកែលម្អដងស្ទឹងសៀមរាបរបស់យើង ថ្ងៃនេះក៏មានការបង្កើតជាការដ្ឋានមួយទៀតសម្រាប់ការកែលម្អដងស្ទឹងសៀមរាប ដែលនៅសងខាងប្រវែង ៨៤៤០ ម៉ែត្រ (ជិត ៩ គីឡូម៉ែត្រ) ដើម្បីឱ្យក្លាយទៅជាទីកន្លែង នៃការដើរកំសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរដែលបានមកកាន់ខេត្តសៀមរាប។

ប៉ូលទី ៣ នៃសេដ្ឋកិច្ចកម្ពុជា

បន្ទាប់ពីសម្រេចបានជិតបញ្ចប់ការដ្ឋាននៅឯខេត្តព្រះសីហនុ ដែលយើងចំណាយទុនប្រមាណជិត ៣០០លានដុល្លារសហរដ្ឋអាមេរិកនៅទីនោះ យើងក៏ត្រូវបញ្ចុះទុនបន្ថែមមកសាងសង់នៅទីនេះ ដែលជាទីកន្លែងមួយដែលយើងបានធ្លាប់ហៅថា ប៉ូលទី ៣ សេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ូលទី ១ ក្រុងភ្នំពេញ, ប៉ូលទី ២ គឺខេត្តព្រះសីហនុ ឯប៉ូលទី ៣ គឺខេត្តសៀមរាប។ បានដឹងហើយថា ខេត្តសៀមរាបរបស់យើងជាតំបន់ទេសចរដ៏ទាក់ទាញ មានផ្ទះសំណាក់ និងមានអាគារដទៃទៀតល្អៗ ក៏ប៉ុន្តែផ្លូវមិនសមល្មមនឹងឆ្លើយតប ទៅនឹងទីក្រុងដ៏ស្រស់ស្អាតមួយនេះ។ ដូច្នេះហើយ ក្នុងពេលដែលមាន COVID-19 នេះ និងនៅក្នុងពេលយើងបានសន្សំសាច់ប្រាក់ ដែលយើងបានធ្វើប៉ុន្មានឆ្នាំរួចមកហើយនោះ យើងមានលទ្ធភាពដើម្បីបញ្ចុះថវិកាមកសាងសង់ផ្លូវទាំង ៣៨ ខ្សែ នៅទីក្រុងសៀមរាប។

ថវិកាសល់ពីការអភិវឌ្ឍផ្លូវថ្នល់លូនៅក្រុងព្រះសីហនុ ប្រើក្នុងការកែលម្អស្ទឹងសៀមរាប

បន្ថែមលើនោះ ដោយសារថវិកាសាងសង់នៅខេត្តព្រះសីហនុ(នៅសល់) ៥ លានដុល្លារសហរដ្ឋអាមេរិក (ដែល)មុននេះខ្ញុំបញ្ជាឱ្យបញ្ចូលក្នុងថវិកាជាតិ នៅពេលដែលឯកឧត្តម ជា សុផារ៉ា រាយការណ៍ឱ្យ​ខ្ញុំ ក៏ប៉ុន្តែឥឡូវនេះខ្ញុំបង្វែរថវិកានោះត្រង់ចេញពីខេត្តព្រះសីហនុ មកកាន់ខេត្តសៀមរាប ដើម្បីកែលម្អក្នុងតំលៃទឹកប្រាក់ ៥ លានដុល្លារអាមេរិក ទៅលើការសាងសង់កែលម្អនៅតាមដងស្ទឹងសៀមរាបរបស់យើងទាំងសងខាង។ ដូច្នេះ នៅពេលនេះយើងនឹងកែលម្អដងស្ទឹងសៀមរាប ជាកញ្ចប់ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍ របស់ឯកឧត្តម ស៊ុន ចាន់ថុល រួចហើយមានផ្លូវ លូ ប្រឡាយសម្រាប់ទឹកស្អុយ សម្រាប់ទឹកភ្លៀង មានទាំងបណ្ដាញទឹក កាមេរ៉ាសុវត្ថិភាព ដែលវានឹងក្លាយទៅជាទីក្រុងទេសចរដ៏រឹងមាំរបស់យើង ឱ្យវាសាកសមទៅនឹងឋានៈជាអតីតរាជធានីនៃអាណាចក្រខ្មែររបស់យើងផងដែរ។

ឆ្នាំ ២០២២ អាចនឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឡើងវិញ

សង្ឃឹមថាខេត្តសៀមរាបនឹងនៅតែជាខេត្តដែលមានសក្តានុពលបន្តទៀត តាមរយៈវិស័យទេសចរណ៍បន្ទាប់ពី COVID-19 បានកន្លងផុត។ សង្ឃឹមថា អ្នកសៀមរាបរបស់យើងបានទទួលផល ហើយប្រជាជនដែលធ្លាប់មកលេងនៅសៀមរាបកាលពីពេលមុនឃើញផ្លូវមិនល្អនោះ នឹងបានឃើញផ្លូវដ៏ល្អនៅពេលខាងមុខ … បើសិនជា COVID-19 នៅឆ្នាំ ២០២២ មានការថមថយ អាចនឹងមានការគិតគូរបង្តើតឡើងនូវព្រឹត្តការណ៍សង្ក្រាន្តអង្គរឡើងវិញនៅឆ្នាំ ២០២២ ដែលពេលនោះ គឺគេនឹងបានឃើញទីក្រុងសៀមរាបនោះ គឺជាទីក្រុងដែលមានផ្លូវស្អាត បន្ទាប់ពីមានផ្លូវស្អាតនៅទីក្រុងភ្នំពេញ ផ្លូវស្អាតនៅខេត្តព្រះសីហនុផងដែរ។ ជាមួយបរិយាកាសនៅខេត្តសៀមរាប នាំកូនចៅដើរលេងនៅតាមដងស្ទឹងនៅតាមសៀមរាបនេះ ដែលយើងចំណាយប្រាក់សម្រាប់ការដោះស្រាយបញ្ហា(ការអភិវឌ្ឍ)ប្រទេសជាតិ។

ការបញ្ចេញទុន ជាត្រៀមពន្លឿនសេដ្ឋកិច្ចក្រោយដំណាក់កាល COVID-19

ខ្ញុំអាចនិយាយបានថា ទោះបី COVID-19 បានកើតឡើង ក៏ប៉ុន្តែវាមិនអាចរាំងនូវការអភិវឌ្ឍរបស់យើងបាននោះទេ ដូចជាគម្រោងនៅខេត្តព្រះសីហនុ គម្រោងផ្សេងៗដទៃទៀតរាប់ទាំងគម្រោងនៅទីនេះ ដែលយើងបានបញ្ចេញថវិកានៅក្នុងកាលទេសៈ ដែល COVID-19 បានយាយីពិភពលោក ក៏ដូចជាយាយីកម្ពុជាផ្ទាល់។ COVID-19 បានបំផ្លាញយើងក៏ពិតមែន ក៏ប៉ុន្តែយើងនៅតែងើបឈរឡើង អាចដោះស្រាយបញ្ហាទាំងនេះ តាមយៈការបញ្ចេញទុន ហើយនេះក៏ជាផ្នែកមួយនៃការត្រៀមទុកក្នុងការពន្លឿនសេដ្ឋកិច្ចក្រោយដំណាក់កាល COVID-19 ផងដែរ។ យើងមានក្ដីសង្ឃឹមថា នៅពេលណាមួយនោះ បើទោះបីវាមិនទាន់ជាក់លាក់ COVID-19 វានឹងនាំទៅដល់ទីបញ្ចប់របស់វា ហើយបើទោះបីជាទីបញ្ចប់របស់វាដើរដល់ដំណាក់កាលការរស់នៅជាប្រក្រតីតាមគន្លងថ្មីក៏ដោយចុះ ក៏ប៉ុន្តែវាមិនទុកឱ្យយើងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដូច្នេះទេ អ្វីដែលយើងបានធ្វើនៅខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត គឺជាការរៀបចំដោះស្រាយបញ្ហាបច្ចុប្បន្នភាពផង ហើយក៏ប្រុងប្រៀបឱ្យជំហានដើរទៅមុខនៅក្នុងការសម្រេចទៅលើការជម្រុញកំណើនសេដ្ឋកិច្ចនៃដំណាក់កាល COVID-19។

បានធ្វើបុរេប្រទាន ២០% ហើយ នូវថវិកាគម្រោងសាងសង់ ១៥០ លានដុល្លារ

សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបរបស់យើង និយាយដោយឡែក និងប្រជាជននៅទូទាំងប្រទេសក៏ទទួលផលប្រយោជន៍ពីការសាងសង់នៅទីនេះ ពិតមែនហើយគ្រប់ខេត្តទាំងអស់យើងត្រូវតែធ្វើ ក៏ប៉ុន្តែ យើងត្រូវធ្វើឯណាមុនឯណាក្រោយ។ ការបោះទុននៅទីក្រុងភ្នំពេញត្រូវធ្វើជាប្រចាំ ការបោះទុនខេត្តព្រះសីហនុក៏បានធ្វើរួចហើយ នៅសល់ថវិកា ៥ លានដុល្លារក៏ត្រូវបញ្ចូនមកកាន់ទីនេះ បន្ថែមលើថវិកាជាតិប្រមាណជា ១៥០ លានដុល្លារ ដែលឥឡូវនេះបានបុរេប្រទាន ២០% មកកាន់ការដ្ឋាននេះ។ ថ្ងៃនេះបើទោះបីជាយើងខកខានមិនបានបើកការដ្ឋានក៏ដោយចុះ ក៏ប៉ុន្តែតាំងពីថ្ងៃទី ១៦ វិច្ឆិកាមក គឺសកម្មភាពនៃបណ្ដាកងសាងសង់ទាំងឡាយក៏បានចាប់ផ្ដើមដែរ។ ថ្ងៃនេះខ្ញុំសុំអធ្យាស្រ័យ យើងកាត់បន្ថយអ្នកចូលរួមទៅហើយ ក៏ប៉ុន្តែយើងក៏ត្រូវតែកាត់ចោល(កម្មវិធីមួយទៀត) ដែលមុននេះគ្រោងឱ្យខ្ញុំជិះរូឡូចាក់បេទីម។ ថ្ងៃនេះយើងកាត់ចោលភាគនេះ ដើម្បីបញ្ចៀសនូវអ្វីដែលវាបាន និងកំពុងកើតនៅក្នុងប្រទេសរបស់យើង។ ខ្ញុំសុំនិយាយប៉ុណ្ណឹងទៅចុះ ទាក់ទងទៅហ្នឹងការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ ជាមួយការកែលម្អដងស្ទឹងសៀមរាបយើងនេះ។

ព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា

បន្ទាប់ទៅនេះ ដោយសារតែមានព្រឹត្តិការណ៍ពាក់ព័ន្ធកើតឡើងថ្មី ខ្ញុំសូមយកឱកាសនេះថ្លែងពីទីនេះទៅកាន់ជនរួមជាតិរបស់យើង ទាក់ទិនជាមួយនឹងអ្វីខ្ញុំបានថ្លែងកាលពីយប់ម្សិល និងយប់មិញ ដែលវាពាក់ព័ន្ធជាមួយនឹងអ្វីដែលខ្ញុំសុំហៅថា “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”។ ហេតុអ្វីបានជាយើងត្រូវប្រើនូវពាក្យបែបនេះ។ មុននេះយើងប្រើនៅក្នុងករណីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមានការចម្លងមកចូលក្នុងស្រុករបស់យើង ដើម្បីជៀសវាងទៅលើផលប៉ះពាល់កេរ្តិ៍ឈ្មោះ និងអាចមានការជះឥទ្ធិពលអាក្រក់រវាងកម្ពុជា និងហុងគ្រី ខ្ញុំក៏បានប្រសិទ្ធនាមព្រឹត្តការណ៍នោះថា “ព្រឹត្តិការណ៍ ០៣ វិច្ឆិកា”។ ឥឡូវនេះ ដើម្បីជៀសវាងនូវបញ្ហាដែលនិយមហៅថា ការប្រើប្រាស់ឈ្មោះ ឯកឧត្តម ឆែម សាវុធ ឬអគ្គនាយកពន្ធនាគារ គឺយើងត្រូវប្រើប្រាស់ប្រសិទ្ធនាមព្រឹត្តិការណ៍នេះហៅថា “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”។ នេះជាលើកដំបូងហើយដែលយើងបានចាប់ផ្ដើមឆ្លងក្នុងសហគមន៍ ជាព្រឹត្តការណ៍ដែលរកមិនទាន់ឃើញក្បាលកន្ទុយ(ថា)ចេញមកពីទីណា ហើយវាកំពុងបង្កប់ខ្លួននៅទីណាទៀត។

ចំណុចនេះ យើងមានការបារម្ភធំបំផុត។ ខ្ញុំក៏សូមបញ្ជាក់ជូនថាព្រឹត្តិការណ៍បែបនេះ ទាមទារឱ្យយើងត្រូវធ្វើប្រតិបត្តិការយ៉ាងលឿន ដែលបញ្ហានេះយើងអាចឃើញហើយថាប្រតិបត្តិការនេះគឺយើងធ្វើក្នុងល្បឿនលឿន ហើយក្នុងទ្រង់ទ្រាយធំ ប៉ុន្តែនៅកន្លែងខ្លះមិនទាន់បានលឿនទេ។ ពិតមែនហើយខេត្តសៀមរាបម្សិលមិញ ខ្ញុំគិតថាមានត្រឹមតែ ៤០ ករណីទេ ក៏ប៉ុន្តែនៅពេលយប់បន្តិចតួលេខបានកើនទៅដល់ជាង ១៩០ ករណីដែលបានធ្វើតេស្ដរួចមកហើយ។ ទូទាំងប្រទេសបានធ្វើតេស្ដយកសំណាកចំនួន ៣ ៣៣២ សំណាកមកពី ២ ខេត្ត ហើយដែលម៉ាស៊ីនទាំងអស់របស់វិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានធ្វើទៅលើ ១២៤៧ សំណាក ហើយត្រូវបានរកឃើញថា វិជ្ជមានចំនួន ១៤ ករណី។ ក្នុងករណីដែលទៅពីសៀមរាបបានរកឃើញ ១ ករណី ក៏ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រទេ ក្នុងករណីដែលបញ្ជូនពីសៀមរាបត្រូវបានបញ្ជាក់ថាវិជ្ជមាន។ ការឆ្លងក្នុងសហគមន៍បានកើនឡើងរហូតទៅដល់ ១៥ ករណី ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ។

ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ(ការឆ្លងមានតែ)ស្ថិតនៅក្នុងចង្កោមនៃអ្នកដែលធ្វើការនៅក្នុងក្រសួងមហាផ្ទៃ និងក្រុមគ្រួសាររបស់ឯកឧត្តម ឆែម សាវុធ តែប៉ុណ្ណោះ។ ដូច្នេះហើយបានជាការស្រាវជ្រាវនេះត្រូវធ្វើ មិនមែនគ្រាន់តែត្រឹមគ្រួសាររបស់ឯកឧត្តម ឆែម សាវុធ ទេ ក៏ប៉ុន្តែនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនិងបន្ថែមទៅដោយការពាក់ព័ន្ធនានាទៅតាមខេត្តនានាផងដែរ ដូចជាករណីឯកឧត្តម ឆែម សាវុធ បានមកកាន់ខេត្តសៀមរាប ភរិយារបស់ឯកឧត្តម ឆែម សាវុធ ក៏បានមកសៀមរាប។ ឯកឧត្តម ឆែម សាវុធ មកសៀមរាប ដើម្បីផ្ទេរអ្នកទោសត្រឡប់ទៅវិញ ដោយស្នងការខេត្តរបស់បន្ទាយមានជ័យក៏មកទទួល ដូច្នេះបន្ទាយមានជ័យក៏ត្រូវធ្វើនៅទីនោះ។ កូនរបស់ឯកឧត្តម ឆែម សាវុធ ដែលខ្ញុំនិយាយថាមួយករណីដែលឃើញវិជ្ជមាននៅមន្ទីរពិសោធន៍សៀមរាប គឺជាកូនស្រីរបស់ឯកឧត្តម ឆែម សាវុធ ហើយដែលទៅសួរសុខទុក្ខម្តាយ ត្រឡប់មកវិញកើតមានករណីនេះ ប៉ុន្តែមិនទាន់បានអះអាងដោយវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជាទេ។

រួមគ្នាប្រយុទ្ធលើសមរភូមិ ៣ គឺទប់ស្កាត់ការនាំចូល, កុំឲ្យឆ្លងក្នុងសហគមន៍ និងព្យាបាលអ្នកឆ្លង

ដូច្នេះយើងត្រូវរុករកឲ្យគ្រប់។ យើងត្រូវធ្វើនៅក្នុងល្បឿនមួយលឿន និងក្នុងទ្រង់ទ្រាយធំ ដែលពេលនេះជាងពេលណាៗទាំងអស់ ហើយក៏មិនមែនជាពេលវេលាត្រូវស្តីបន្ទោសគ្នា ហើយក៏មិនមែនជាពេលវេលាដែលត្រូវទម្លាក់កំហុសឲ្យអ្នកនេះ ឬអ្នកនោះៗទេ តែជាពេលវេលាយើងត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រ​ឆាំងជាមួយនឹង COVID-19 នេះ។ នេះគឺជាសភាពការណ៍ដែលគួរឲ្យសោកស្តាយ ដែលវាបានកើត ហើយវាមិនមែនមានតែនៅកម្ពុជាទេ។ តែក្នុងរយៈពេល ១១ ខែ កម្ពុជាបានបញ្ចៀសនូវការឆ្លងក្នុងសហគមន៍។ យើងបានខិតខំធ្វើការប្រយុទ្ធនៅលើសមរភូមិ ៣ សមរភូមិទី ១ គឺទប់ស្កាត់នូវការនាំចូល សមរភូមិទី ២ គឺទប់ស្កាត់កុំឲ្យឆ្លងទៅក្នុងសហគមន៍ ឯសមរភូមិទី ៣ គឺបានព្យាបាលអ្នកដែលបានឆ្លងរួចមកហើយឲ្យជាសះស្បើយឡើងវិញ។ រយៈពេលជិត ១១ ខែនេះ យើងជោគជ័យទៅលើសមរភូមិ ២ សមរភូមិ ១ គឺទប់ស្កាត់ការនាំចូល ១០០% មុននេះគឺជំងឺបានមកពីការនាំចូល ហើយសមរភូមិទី ៣ គឺព្យាបាលអ្នកដែលបានឈឺរួចទៅហើយនោះ ឲ្យជាឡើងវិញ។ យើងក៏ទទួលជោគជ័យ …  ឯសមរភូមិទី ២ គឺឆ្លងចូលសហគមន៍ ទើបនឹងថ្ងៃទី ២៨ នេះទេ ដែលយើងបានរកឃើញការឆ្លងក្នុងសហគមន៍។ មកដល់ពេលនេះ វាមានចំនួន ១៤ ករណី ហើយប្រសិនបើត្រូវបានអះអាងថាទៅពីសៀមរាបជាករណីឆ្លងមួយទៀត គឺនឹងមានចំនួន ១៥ ករណី ប៉ុន្តែសំណាកទើបនឹងធ្វើតេស្តបានចំនួន ២២៤៧ សំណាក ក្នុងចំណោម ៣៣៣២ សំណាក។ ថ្ងៃនេះអាចនឹងត្រូវយកសំណាកប្រមាណជា ២០០០ សំណាកបន្ថែមទៀត។ ដោយឡែកតែនៅទីក្រុងភ្នំពេញ អ៊ីអន ១ ប្រមាណជាង ១០០០ ធ្វើនៅក្រសួងមហាផ្ទៃ និងធ្វើនៅកន្លែងដែលកូនចៅរបស់ឯកឧត្តម ឆែម សាវុធ បានទៅដល់ រាប់ទាំងនៅកោះពេជ្រជាដើម។

ទី ១ ធ្វើលឿននិងក្នុងទ្រង់ទ្រាយធំ, គិតថាការមាន ប្រសើរជាងគិតថាវាមិនមាន

ចំណុចនេះជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា ដែលខ្ញុំសុំយកឱកាសនេះធ្វើការអំពាវនាវ ហើយក្នុងហ្នឹងបានដាក់ចេញបទបញ្ជារួចហើយ ប៉ុន្តែខ្ញុំសុំបញ្ជាក់ថា ចំណុចទី ១ យើងត្រូវធ្វើនៅក្នុងល្បឿនមួយលឿន និងក្នុងទ្រង់ទ្រាយធំ ដែលនេះយើងបានធ្វើរួចមកហើយ និងបន្តធ្វើនៅថ្ងៃនេះ និងបន្តធ្វើតទៅទៀត។ ត្រូវយកនូវទ្រឹស្តីថា គិតថាការមាន ប្រសើរជាងគិតថាវាមិនមាន ដូចអាពតវាថាសុខចិត្តសម្លាប់ខុស កុំឲ្យតែខ្មាំងរួចខ្លួន។ អាពតវាថាចឹង ឯចំពោះយើង សុខចិត្តយកសំណាក សុខចិត្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ប្រសើរជាងគិតថា ខ្លួនអញប្រហែលមិនមានការឆ្លងនោះទេ។ ការធ្វើបែបនេះ គឺវាធានាសុវត្ថិភាពផ្ទាល់ខ្លួនផង ហើយធានាសុវត្ថិភាពចំពោះក្រុមគ្រួសារ និងអ្នកដទៃដែលមកប៉ះពាល់ជាមួយខ្លួនផង។ ដូច្នេះខ្ញុំសុំអំពាវនាវដោយទទូច គឺត្រូវចាត់ទុកថា យើងអាចមានប្រសើរជាងចាត់ទុកថាប្រហែលជាគ្មាន។ យើងសុខចិត្តដាក់ខ្លួនឲ្យនៅដោយឡែក ហើយសុខចិត្តហ៊ានទៅធ្វើតេស្ត សុំគ្រូពេទ្យធ្វើតេស្តតែម្តង ដើម្បីឲ្យច្បាស់ថា តើយើងមានឬអត់ ហើយដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ប្រសើរជាងទុកឲ្យយើងមានជំងឺ ហើយចម្លងទៅអ្នកដទៃទៀតផង។ សូម្បីតែតំណាងរាស្ត្ររបស់យើងម្នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលព្យាបាលជានៅមន្ទីរពេទ្យ ឥឡូវហ្នឹងបានចាប់ផ្តើមរើឡើងវិញ ត្រូវយកគាត់ទៅចូលមន្ទីរពេទ្យឡើងវិញ។ ចំណុចនេះហើយដែលយើងត្រូវតែមានការប្រុងប្រយ័ត្ន។ នេះជាចំណុចទី ១។

ទី ២ ត្រូវរៀបចំនូវមជ្ឈមណ្ឌលចត្តាឡីស័កនៅគ្រប់ខេត្តទាំងអស់

ចំណុចទី ២ ខ្ញុំសុំអំពាវនាវ និងដាក់ចេញនូវបទបញ្ជាឲ្យត្រូវរៀបចំនូវមជ្ឈមណ្ឌលចត្តាឡីស័ក ដែលខ្ញុំឲ្យរៀបចំតាំងពីដើមឆ្នាំនៅគ្រប់ខេត្តទាំងអស់។ រៀបចំនៅទីនោះ ដើម្បីធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលគ្មានលទ្ធភាពទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះក៏ជាទីកន្លែងដែលផ្តល់ឱកាសឲ្យគ្រូពេទ្យទៅយកសំណាកនោះមកធ្វើតេស្តនៅកន្លែងដែលត្រូវធ្វើតេស្ត ដែលមកដល់ពេលនេះយើងមានកន្លែងធ្វើតេស្ត នៅខេត្តសៀមរាប និងនៅទីក្រុងភ្នំពេញ ២ កន្លែង ហើយកំពុងតម្លើងនៅខេត្តព្រះសីហនុមួយកន្លែង និងបាត់ដំបងមួយកន្លែង។ យើងមិនអាចដាក់ចេញបទបញ្ជាធ្វើមជ្ឈមណ្ឌលចត្តាឡីស័ក ដែលតម្រូវឲ្យមានការធ្វើតេស្ត និងការព្យាបាលនោះបានទេ ដោយសារតែលទ្ធភាពមានកម្រិតរបស់យើង។ សូម្បីតែមកដល់ពេលនេះ ទើបនឹងមានខេត្តសៀមរាបទេ ហើយខេត្តសៀមរាបនេះ ពេលដែលរកឃើញវិជ្ជមាន យើងត្រូវទៅធ្វើការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រសាជាថ្មីទៀត ជួនកាលវាអាចមានការលំអៀងជាមួយគ្នា ភាពជឿជាក់បានគឺវិទ្យាស្ថានប៉ាស្ទ័ររបស់កម្ពុជា។ អញ្ចឹងខ្ញុំសុំចេញបញ្ជាឲ្យគ្រប់ខេត្តទាំងអស់ ធ្វើការពិនិត្យរៀបចំនូវមជ្ឈមណ្ឌលចត្តាឡីស័កដែលខ្ញុំឲ្យរៀបចំ ដែលមានរាប់ពាន់បន្ទប់នៅទូទាំងប្រទេសនៅពេលនោះ។ យើងត្រូវប្រុងប្រៀបឲ្យជាប់ជានិច្ច។ ខ្ញុំបានដឹងថាបណ្តាខេត្តនានាក៏បានរៀបចំខ្លួនអស់ហើយ ប៉ុន្តែយើងត្រូវតែមានរបស់របរដើម្បីប្រើប្រាស់នៅទីនោះ ប្រជាពលរដ្ឋតម្រូវឲ្យមានការធ្វើចត្តាឡីស័ក ហើយតំបន់ដែលយើងធ្វើចត្តាឡីស័ក ក៏ត្រូវផ្គត់ផ្គង់ឲ្យបានជាប់លាប់ ហើយក៏ជាទីកន្លែងដែលអាចទៅយកសំណាកមកធ្វើតេស្តបាន បញ្ជូនទៅកាន់កន្លែងដែលត្រូវធ្វើតេស្ត ទៅតាមមធ្យោបាយដែលលឿនបំផុតតាមដែលអាចធ្វើបាន។

ទី ៣ បិទឆ្នាំសិក្សា ២០១៩-២០២០ នៅត្រឹមថ្ងៃ ៣០ វិច្ឆិកា

ទី ៣ នៅម្សិលមិញនេះ ខ្ញុំបានយល់ព្រមតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបិទឆ្នាំសិក្សា ២០១៩-២០២០ នៅត្រឹមថ្ងៃនេះតែម្តង។ ដូច្នេះ ថ្ងៃនេះគឺជាថ្ងៃបិទបវេសនកាល ២០១៩-២០២០ ហើយក៏ជាថ្ងៃប្រឡងមធ្យមសិក្សាបឋមភូមិ ទៅតាមសាលារៀងៗខ្លួន។ អត់មានចាត់តាំងប្រមូលផ្តុំ ឲ្យមានការប្រឡងប្រមូលផ្តុំនៅតាមមណ្ឌលទេ។ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំមកខ្ញុំ។ ខ្ញុំក៏បានយល់ព្រម … បន្ទាប់ពីបានទទួលយប់មិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីប្រកាសរបស់ខ្លួនរួចហើយ។ យប់មិញនេះ ខ្ញុំបានតាមមើលផេកហ្វេសប៊ុករបស់ BTV ចំនួនអ្នកមើលគឺកើនឡើង​។ សាររបស់ខ្ញុំមានប្រហែល ១២ នាទីតែប៉ុណ្ណោះទេ ចាប់បង្ហោះដំបូងខ្ញុំបើកមើលពេលទូរទស្សន៍ផ្សាយ បូកនឹងហ្វេសប៊ុកទៅជាមួយគ្នា ចំនួនអ្នកមើលកើនឡើងតាំងពី ១ ពាន់រហូតទៅដល់ជាង ៩ ពាន់នាក់ ក្នុងរយៈពេលតែ ១២ នាទីទេ។ ដូច្នេះបានសេចក្តីថា ប្រជាពលរដ្ឋបានយកចិត្តទុកដាក់តាមដានជាមួយនឹងអ្វីដែលខ្ញុំបាននិយាយ គ្រាន់តែហ្វេសប៊ុកមួយរបស់ BTV គឺចំនួនអ្នកចូលមើលនៅក្នុងថេរវេលាដែលចាប់ផ្តើមភ្លាមគឺមានត្រឹមតែប៉ុន្មានរយ ឡើងដល់ជាងមួយពាន់ ២ពាន់ ៣ពាន់ ៤ពាន់ រហូតដល់ចុងក្រោយដែលត្រូវអស់សំដីរបស់ខ្ញុំ គឺមានដូចជាជាង ៩ ពាន់នាក់ ដែលចូលមើលនៅក្នុងហ្នឹង។ ខ្ញុំគិតថានៅសេសសល់ ផេចហ្វេសប៊ុករបស់ Fresh News របស់ CNC របស់ស្ថានីយទូរទស្សន៍ផ្សេងៗដែលផ្សាយតាមហ្វេសប៊ុកផងដែរ។

ដូច្នេះ ប្រជាពលរដ្ឋពិតជាអាចយល់បានអំពីអ្វីដែលយើងបានផ្តល់ បញ្ជាក់ប្រាប់ទៅអាជ្ញាធរ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះខ្ញុំអាចបញ្ជាក់បាន ហើយនៅក្នុងពេលនោះ ខ្ញុំក៏បានមើល comments ចូល នៅក្នុងនោះ comments ភាគច្រើនថាសុំឲ្យសម្តេចបិទសាលារៀនសិន … ឥឡូវនេះមិនចាំបាច់បិទសាលារៀនទេ គឺបិទបវេសនកាលតែម្តង បិទបញ្ចប់ការសិក្សាឆ្នាំ ២០១៩-២០២០ ហើយប្រឡងមធ្យមសិក្សាបឋមភូមិនៅថ្ងៃនេះតែម្តង ហើយប្រឡងនៅតាមសាលារៀងៗខ្លួន។ ប៉ុន្តែអ្នកដែលត្រូវរៀនបន្តគឺនៅមានសិស្សថ្នាក់ទី ១២ គឺមិនជាច្រើនប៉ុន្មានទេ ហើយសិស្សថ្នាក់ទី ១២ សុទ្ធតែជាអ្នកដែលចេះការពារខ្លួន មិនដូចក្មេងៗទេ ព្រោះពួកគេត្រូវប្រឡងនៅពេលខាងមុខ។ ដូច្នេះនៅសល់សិស្សថ្នាក់ទី ១២ គេអាចរៀនបំប៉ន ដើម្បីគេឈានទៅរកការប្រឡងមធ្យមសិក្សាទុតិយភូមិ។ យើងនឹងបើកបវេសន​កាលឆ្នាំ ២០២០-២០២១ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ហើយពេលនោះយើងនឹងពិនិត្យជាក់ស្តែង តើសភាពការណ៍វាអនុគ្រោះឲ្យយើងធ្វើឬទេ។ សម្រាប់ខ្ញុំៗ មិនអត្តនោម័តទេ ក៏ប៉ុន្តែខ្ញុំគិតថាខ្មែអាចធ្វើបាន ឲ្យតែខ្មែរយើងប្រឹងប្រែងជំនះនូវការលំបាកទាំងនេះ ហើយស្រុះចិត្តគ្នា និងសហការគ្នាគ្រប់តួអង្គពាក់ព័ន្ធទាំងអស់។

ទី ៤ សូមប្រជាពលរដ្ឋស្ម័គ្រចិត្តយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កដោយខ្លួនឯង

ចំណុចទី ៤ ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កដោយខ្លួនឯង។ សុំពាក់ម៉ាស និងលាងដៃ សុំកុំចេញក្រៅផ្ទះនៅពេលមិនចាំបាច់។ បងប្អូនដែលបាន  និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវធ្វើឲ្យបានត្រឹមត្រូវគ្រប់ ១៤ ថ្ងៃ ហើយសុំឲ្យមូលដ្ឋានជួយពិនិត្យតាមដាន និងជួយផ្គត់ផ្គង់ស្បៀងអាហារ ចំពោះក្រុមគ្រួសារក្រីក្រ។ ចំណុចនេះ ខ្ញុំសុំឲ្យយកចិត្តទុកដាក់។ ប្រជាពលរដ្ឋរបស់យើង បើមានការសង្ស័យត្រូវទៅកន្លែងពេទ្យ ដើម្បីឲ្យពេទ្យគេអាចពិនិត្យ ហើយគេអាច​យកនូវសំណាករបស់យើងបញ្ជូនទៅការធ្វើតេស្ត ក្នុងករណីដែលមានការមិនទុកចិត្តខ្លួនគឺកុំប៉ះពាល់ជា​មួយប្រពន្ធកូនហើយនៅដាច់ដោយឡែក។ អ្នកដែលគ្មានផ្ទះនៅដាច់ដោយឡែកដែលអាចធ្វើចត្តាឡីស័កបាន សូមមករក(កន្លែង)នៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ដោយមានការត្រួតពិនិត្យពីវិស័យសុខាភិបាល។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្គត់ផ្គង់ស្បៀងអាហារ ប្រាក់កាក់ ដល់អ្នកធ្វើចត្តាឡីស័ក

ប៉ុន្តែក្រុមគ្រួសារខ្លះក្រីក្រ។ ដូច្នេះបានជាខ្ញុំស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយផ្គត់ផ្គង់ស្បៀងអាហារប្រាក់កាក់ ទៅដល់អ្នកដែលធ្វើចត្តាឡីស័កនេះតែម្តង។ ពេលខ្លះអ្នកដែលត្រូវធ្វើចត្តាឡីស័កគឺជាអ្នករកប្រាក់ដើម្បីចិញ្ចឹមគ្រួសារ ក៏ប៉ុន្តែខ្លួនគាត់ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ឬក៏នៅកន្លែងប្រមូលផ្តុំ ដូច្នេះបានជាយើងត្រូវយកចិត្តទុកដាក់តាមមើលហើយផ្គត់ផ្គង់ នូវស្បៀងអាហារចំពោះពួកគាត់។ ខ្ញុំគិតថា ក្នុងមួយគ្រួសារ ១ ម៉ឺនរៀល ឬ ២ ម៉ឺនរៀល ក្នុងមួយថ្ងៃ វាមិនច្រើនទេសម្រាប់ពួកគាត់ តែវាច្រើនសម្រាប់រដ្ឋ។ ក៏ប៉ុន្តែរដ្ឋអាចរ៉ាប់រងបាន។ សូមឱ្យក្រសួងសុខាភិបាល ដែលកំពុងគ្រប់គ្រងនូវទុនទាំងឡាយដែលបានមកពីការចូលរួមវិភាគទាននៃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ ដែលទំហំទឹកប្រាក់មានទៅដល់ ៤២ ពាន់លានរៀល ឥឡូវបានចូលដល់ធនាគារប្រមាណជា ៣៧ ពាន់លានរៀល ចែកចាយថវិកានោះមកដល់ខេត្តគោលដៅមួយចំនួនដូចជា ៥០ លានរៀល ក្នុងមួយខេត្តជាដើម ដើម្បីឱ្យខេត្តនេះអាចប្រើប្រាស់ថវិកានោះសម្រាប់ឱ្យទៅមូលដ្ឋានចែកជូនទៅចំពោះគ្រួសារនៃអ្នកដែលត្រូវធ្វើចត្តាឡីស័ក។

ក្នុងមួយគ្រួសារ ១ ម៉ឺនរៀន ឬ ២ ម៉ឺនរៀល យើងផ្តល់លុយឱ្យគាត់ ឯចំពោះអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌល នៅកន្លែងដែលយើងរៀបចំ យើងត្រូវចិញ្ចឹមបាយទឹកឱ្យពួកគាត់ មុង ភួយ កន្ទេល ខ្នើយ ឱ្យពួកគាត់។ នេះជាការយកចិត្តទុកដាក់របស់យើង ហើយត្រូវប្រើប្រាស់នូវថវិការបស់សប្បុរសជន ព្រោះថវិកាសប្បុរសជនមាន ២ ផ្នែក៖ ១ ផ្នែក គឺជាថវិកាសប្បុរសជនដែលដឹកនាំដោយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលមានទំហំទឹកប្រាក់ប្រមាណជិត ២០ លានដុល្លារ ដែលយើងចាយមកដល់ពេលនេះ គឺមានជាង ១២ លានដុល្លារ ដោយយើងត្រូវបញ្ជាទិញនូវរបស់របរមួយចំនួនផ្សេងទៀត បន្ទាប់ពីយើងផ្តល់ជំនួយទៅឱ្យ​ឡាវ ទៅឱ្យមីយ៉ាន់ម៉ា ហើយកំពុងត្រៀមផ្តល់ជំនួយទៅឱ្យ ទីម័រលេស្ត ផងដែរ។ ប៉ុន្តែ យើងក៏នៅមានចំ​ណែកថវិកាប្រមាណជាង ១០ លានដុល្លារទៀត នៅឯប្រភពនៃការទទួលបៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង រាប់ទាំងខ្លួនខ្ញុំផងដែរ ដែលមានទំហំទឹកប្រាក់សរុបទាំងអស់វាជាង ៤២ ពាន់លានរៀល ប៉ុន្តែបានចូលទៅដល់ធនាគាររួចទៅហើយចំនួន ៣៧ ពាន់លានរៀល។

ជាគោលការណ៍ មួយគ្រួសារមានប័ណ្ណក្រីក្រ និងធ្វើចត្តាឡីស័ក ទទួលបាន ២ ម៉ឺនរៀល/ថ្ងៃ

ខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់ ក្រសួងសុខាភិបាលផ្តល់នូវថវិកានេះជូនមកអភិបាលខេត្ត ដូចជា ខេត្តសៀមរាប ជាដើម ឬខេត្តណាដែលមានតម្រូវការធ្វើចត្តាឡីស័ក ដើម្បីឱ្យពួកគាត់មានលទ្ធភាពសម្រាប់យកប្រាក់នោះទៅជួយទៅដល់អ្នកដែលត្រូវធ្វើចត្តាឡីស័ក បើមិនដូច្នោះទេពួកគាត់ធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំង គឺវាមិនមែនជារឿងសមរម្យទេ។ យើងត្រូវខិតខំធ្វើ ហើយគ្មានអ្នកណាចង់ទៅធ្វើចត្តាឡីស័កទេ ប៉ុន្តែនៅពេលដែលមានការសង្ស័យត្រូវយកសំណាកហើយដាក់ខ្លួន អញ្ចឹងប្រហែលជាករណីបែបនេះ គឺមានតែករណីស្រុកខ្មែរទេ ដែលធ្វើចត្តាឡីស័កមានប្រាក់យកទៅដល់ផ្ទះនោះ ឬ អាចថាយកអង្ករ ឬយកស្អីទៅឱ្យពួកគាត់។ ប៉ុន្តែខ្ញុំគិតថា ក្នុងចន្លោះពី ១ ម៉ឺនរៀល ទៅ ២ ម៉ឺនរៀល ក្នុងមួយគ្រួសារដែលត្រូវធ្វើចត្តាឡីស័ក ដើម្បីឱ្យគាត់មានម្ហូបអាហារទទួលទាននៅក្នុងរយៈពេល ១៤ ថ្ងៃ។ អញ្ចឹងបើយើងគិតថា ២ ម៉ឺនរៀល ក្នុងមួយគ្រួសារ បើ ២ ម៉ឺនរៀល ១៤ ថ្ងៃ វាអស់ប៉ុន្មាន? ២៨ ម៉ឺនរៀល។ យើងថាអស់ ៣០ ម៉ឺនរៀល ទៅចុះ ក្នុងមួយគ្រួសារ។ អញ្ចឹងទេ នៅខេត្តសៀមរាបនេះប៉ុន្មាននាក់? សីហា ដូចធ្វើបាន ១៩៨ នាក់ ហើយ ១៩៨ នាក់ មិនមែនអ្នកក្រទាំងអស់ទេ ១៩៨ នាក់ យើងថាអ្នកក្រ ៥០ នាក់ទៅចុះ។ ដូច្នេះ ៥០ នាក់ ក្នុងមួយថ្ងៃ យើងប្រើអស់តែ ១ លានរៀលទេ ហើយយើងថា ១៥ ថ្ងៃ យើងប្រើអស់តែ ១៥ លានរៀលទេ។

កុំខ្លាចជាមួយការចំណាយបែបនេះ។ នេះក៏វាជាការឆ្លើយតបជាមួយនឹងសប្បុរសជន ដែលបានចូលរួមវិភាគទានជាមួយយើង ដែលដឹកនាំដោយព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលដឹកនាំដោយថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ដែលប្រមូលបានថវិកាពិតជាមានបំណងជួយទៅដល់ប្រជាពលរដ្ឋរបស់យើងពិតប្រាកដ ហើយយើងប្រើចំទិសដៅ។ អញ្ចឹង រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាចទាក់ទងជាមួយនឹងខេត្តដែលមានបញ្ហា បញ្ជូនថវិកានោះអាចថា សៀមរាបធ្ងន់ជាងគេបន្តិច។ អញ្ចឹងអាចឱ្យលើសពី ៥០លានរៀន។ ឯក្រៅពីនោះអាចជូនមួយខេត្ត ខ្ញុំគិតថាបើយើងជូនមួយខេត្ត ៥០ លានរៀល ខេត្តខ្លះមិនចាំបាច់ដល់ ៥០ លានរៀលទេ ក្រែងលោតិចតួចពេក ប៉ុន្តែប្រសិនបើយើងបញ្ជូនក៏វាមិនអាក្រក់ពេកដែរ។ ៥០ លានរៀល ២៥ ខេត្ត យើងថាមួយខេត្ត ៥០ លានរៀល ១០ ខេត្តអស់ ៥០០ លានរៀល ២០ ខេត្តអស់ ១០០០ លានរៀល ២៥ ខេត្ត អស់ ១២៥០ លានរៀល ប៉ុន្តែខេត្តខ្លះគឺជាខេត្តតូចទេដូចជា ខេត្តប៉ៃលិន ឬខេត្តកែប ខេត្តតូចទេ យើងអាចឱ្យតិចជាង ប៉ុន្តែដូចជាខេត្តសៀមរាប ដែលមានតំបន់ធ្វើចត្តាឡីស័ករហូតគឺអាចឱ្យច្រើនជាង។ បញ្ចេញថវិកានោះភ្លាមដើម្បីប្រើប្រាស់ ហើយធ្វើយ៉ាងនេះដើម្បីឱ្យអាជ្ញាធរខេត្តទទួលបាននូវការអនុវត្តដោយពេញលេញ នូវបទបញ្ជារបស់នាយករដ្ឋមន្រ្តី តម្រូវឱ្យប្រជាពលរដ្ឋអ្នកដែលមានការពាក់ព័ន្ធធ្វើចត្តាឡីស័ក ហើយអ្នកក្រីក្រមានលទ្ធភាពធ្វើចត្តាឡីស័កដោយមិនខ្វាយខ្វល់អំពីការខ្វះខាតស្បៀងអាហារ សម្រាប់ទទួលទានក្នុងក្រុមគ្រួសាររបស់គាត់។

អញ្ចឹងខ្ញុំកំណត់ជាគោលការណ៍តែម្តង អញ្ចឹងក្នុងមួយគ្រួសារទទួលបាន ២ ម៉ឺនរៀល ក្នុងមួយថ្ងៃ ប៉ុន្តែយើងត្រូវរាប់លំដាប់តែអ្នកក្រីក្របានហើយ ដែលយើងមានប័ណ្ណក្រីក្រនោះ ឯអ្នកធំៗ ទៅយកធ្វើអី អ្នករដ្ឋមន្ត្រីស្អីៗដែលជាប់ពាក់ព័ន្ធធ្វើចត្តាឡីស័កគាត់ទៅយកលុយហ្នឹងធ្វើអី តែយើងសំដៅទៅលើអ្នកក្រីក្រ។ នៅទីក្រុងភ្នំពេញក៏ដូចគ្នា មានអ្នកក្រីក្រខ្លះគាត់អត់បានចេញរកលុយទេ អញ្ចឹងទេគ្រួសាររបស់គាត់មានបញ្ហា ទោះបីគាត់ចេញទៅធ្វើចត្តាឡីស័កកន្លែងប្រមូលផ្តុំ រដ្ឋចិញ្ចឹមគាត់នៅកន្លែងនោះហើយ តែគ្រួសាររបស់គាត់អត់មានអីទទួលទានទេ អញ្ចឹងត្រូវបើកផ្តល់។ យើងហ៊ានបែបនេះតទៅទៀតដោយមិនខ្លាចទេ បើទោះបីជាអស់ថវិកានេះ យើងបញ្ចេញថវិកាជាតិបន្ថែម ព្រោះយើងកំពុងបញ្ចេញថវិកាជាតិចិញ្ចឹមទៅដល់ជួយទៅដល់ ៧៦ ម៉ឺនគ្រួសារឯណោះ ដែលមានមនុស្សប្រមាណ ៣ លាននាក់។

ផ្តល់សិទ្ធិអំណាចឱ្យរដ្ឋមន្រ្តី/អភិបាលខេត្ត បិទទីតាំងណាមួយក្រោមការគ្រប់គ្រងរបស់ខ្លួន

នេះជាការប្រយុទ្ធមួយដោយផ្តល់ទាំងគ្រាប់កាំភ្លើងទៅឱ្យធ្វើការប្រយុទ្ធ ឱ្យទាំងអាវុធ ឱ្យទាំងគ្រាប់កាំភ្លើង ឱ្យទាំងស្បៀងអាហារ ហើយឱ្យទាំងសិទ្ធិអំណាច ដែលយប់មិញនេះបានប្រកាសផ្តល់សិទ្ធិអំណាចឱ្យរដ្ឋមន្រ្តី និងអភិបាលខេត្ត រដ្ឋមន្ត្រីមានសិទ្ធិសម្រេចទៅលើការបិទទីតាំងរបស់ខ្លួន នៅក្នុងក្របខ័ណ្ឌក្រោមការគ្រប់គ្រងរបស់ខ្លួនគឺបិទតែម្តង។ ដូចជារដ្ឋមន្ត្រីការពារជាតិអាចបិទអគ្គនាយកដ្ឋានណាមួយ ឬអាចបិទបន្ទាយកងទ័ពណាមួយដោយបញ្ជាទៅអគ្គបញ្ជាការកងទ័ព ដើម្បីឱ្យបញ្ជាការកងទ័ពអាចបិទថាកងវីរៈសេនាតូចណាមួយមានបញ្ហា ដូច្នេះឱ្យស្ថិតនៅក្នុងទីតាំង ហើយប្រើប្រាស់កម្លាំងណាដែលអាចប្រើបានទៅជំនួសវិញ។ ដើម្បីចៀសវាងការនាំចេញនូវជំងឺបែបនេះ។ នេះជាចំណុចដែលខ្ញុំសូមគូសបញ្ជាក់។

សូមអំពាវនាវចំពោះបងប្អូន និយាយរួមអ្នកដែលសង្ស័យគឺស្ម័គ្រចិត្តទៅរកគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្តហើយដាក់ខ្លួនធ្វើចត្តាឡីស័ក។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មួយថ្ងៃ ២ ម៉ឺនរៀល វាច្រើនដែរ។ អ្នកខ្លះស្រាប់តែតាំងខ្លួនទៅជាខ្ញុំដូចជាមិនសូវស្រួលទៅធ្វើនឹងគេដែរ រួចហើយទៅធ្វើចត្តាឡីស័ក បង្កើតជារឿងមួយទៀត។ អញ្ចឹងគ្រូពេទ្យក៏ត្រូវមើលផងដែរ សួរប្រវត្តិពាក់ព័ន្ធពីកន្លែងណាទៅកន្លែងណា។ ប៉ុន្មានថ្ងៃនេះគឺថាដល់ហើយ ក្នុងតែមួយយប់ទេ សំខាន់គេមានសំណួរអញ្ចេះ សំណួរសួរទៅលើថាដូចជាលោកស្រីនេះលោកស្រីនោះ ទៅកន្លែងនេះទៅកន្លែងនោះ។ លោកស្រីនេះលោកស្រីនោះ ងាយស្រួលក្នុងការឆ្លើយទេ ខ្ញុំជួបជាមួយអ្នកនេះ ខ្ញុំទៅកន្លែងនេះ អាហ្នឹងផ្នែកនារីស្រួលឆ្លើយទេ ក៏ប៉ុន្តែគេដាក់ចេញនូវសំ​ណួរ​សម្រាប់បុរស តើ ឯកឧត្តម មានចិញ្ចឹមស្រីក្មេងប៉ុន្មាននាក់? ហើយស្រីក្មេងនោះនៅទីណាខ្លះ? អានេះជាសំណួរដែលមិនអាចរកឃើញនូវចម្លើយ ហើយបើសិនជាមិនរកឃើញនូវចម្លើយទេ បានសេចក្តីថាស្រ្តីនោះ និងកើតរោគឆ្លងរាលដាលតែម្តង។

រឿងហ្នឹងគេលើកទេ ក៏ប៉ុន្តែវាមានហេតុសមហេតុសមផល ព្រោះបុរសនេះដែលលួចលាក់មានស្រីនេះប្រាកដជាមិនហ៊ានឆ្លើយទេនូវសំណួរហ្នឹង។ អញ្ចឹងទេបើសិនជាអ្នកហ្នឹងកើត ប្រុសៗកើតអញ្ចឹងបញ្ហាហើយ បើស្រីៗកើតមិនមានបញ្ហាទេ ព្រោះស្រីៗគាត់ហ្នឹងប្រាប់ថាខ្ញុំទៅអ៊ុតសក់នៅកន្លែងនេះ ខ្ញុំទៅស៊ីការនៅកន្លែងនេះ ខ្ញុំទៅផ្សារនៅកន្លែងនេះ … ប៉ុន្តែសម្រាប់ប្រុស នរណាហ៊ានឆ្លើយ (បើ)សួរថាអ្នកឯងទាក់​ទង​ស្រីក្មេងប៉ុន្មាននាក់ ហើយនៅកន្លែងណាខ្លះ … បើអត់ហ៊ានឆ្លើយ បុរសដែលកើតនេះនឹងនាំទៅចម្លងស្រ្តីនោះ ហើយស្រ្តីនោះនឹងបន្ត។ ដូច្នេះខ្ញុំអំពាវនាវអញ្ចេះវិញ ស្ត្រីដែលដឹងថាបុរសដែលជាសង្សាររបស់ខ្លួនមានជំងឺ កូវីដ១៩ ស្ម័គ្រចិត្តរកគ្រូពេទ្យខ្លួនឯងវិញ ទើបដោះស្រាយបានបញ្ហា បើទុកឱ្យបុរសជាអ្នកឆ្លើយ គឺបុរសនេះមិនឆ្លើយទេ … ឆ្លើយខ្លាចប្រពន្ធវាយ ព្រោះឯងទៅរកស្រីក្មេងឯណាទៀត។

ក្នុងចំណុចនេះ ខ្ញុំសូមដាក់ចេញបទបញ្ជា ហើយខ្ញុំឱ្យសិទ្ធិអំណាចទៅបណ្តាស្ថាប័ន ពិនិត្យមើលក្រោមស្ថាប័នរបស់ខ្លួនកន្លែងណាត្រូវបិទ ដូចយប់មិញខ្ញុំពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង អាចបិទទីតាំងខ្លះនៅក្នុងក្រសួងមហាផ្ទៃ ដូចជា អគ្គនាយកដ្ឋានពន្ធនាគារជាដើម អាចមានមនុស្សចូលប្រចាំការខ្លះ ប៉ុន្តែទុកឱ្យមន្ត្រីធ្វើការពីផ្ទះ ក្រសួងនានាអាចនឹងធ្វើការពីផ្ទះ ដោយកាត់បន្ថយធ្វើការប្រមូលផ្តុំនៅនឹងតាមស្ថាប័ន។ អញ្ចឹង យើងធ្វើការពីផ្ទះបាននៅក្នុងរយៈពេលនេះ ហើយអាចផ្លាស់ប្តូរគ្នា ឬក៏ក្នុងករណីមានការសង្ស័យទុកឱ្យគ្នានៅផ្ទះទៅ ល្អជាងទៅនៅតាមស្ថាប័ន។ រាជធានី និងខេត្ត មានសិទ្ធិពិនិត្យមើលដើម្បីបិទនូវទីតាំងណា ដែលមានការសង្ស័យថា អ្នកដែលបានឆ្លងនេះចូលកន្លែងនោះ ក្នុងរយៈពេលមួយដើម្បីបាញ់ថ្នាំ ហើយឱ្យបុគ្គលិកនៅទីនោះ ធ្វើតេស្ត យកសំណាក និងដាក់ធ្វើចត្តាឡីស័ក។ នេះគឺជាវិធាន​ការដែលត្រូវប្រកាន់យកជាបន្ទាន់ សម្រាប់ឆ្លើយតបទៅនឹងករណីបាត់ដាន។ នេះខ្ញុំហៅថា ជាករណីបាត់ដាន។ ឥឡូវយើងអត់ដឹងថា ក្រុមគ្រួសាររបស់ឯកឧត្ដម ឆែម សាវុធ ឆ្លងពីអ្នកណាទេ រកអត់ទាន់ឃើញក្បាលកន្ទុយនៅកន្លែងហ្នឹង។ នោះហើយជាចំណុចដែលលំបាក ដែលយើងចាត់ទុកថា វាជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើង បើយើងទប់ស្កាត់មិនទាន់ពេលវេលា។

ការខិតខំត្រូវចំណុះទាំងរដ្ឋ និងប្រជាជន ទើបអាចគ្រប់គ្រងសភាពការណ៍បាន

ឥឡូវនេះ យើងអាចនិយាយបានថា យើងអាចគ្រប់គ្រងបាន ឬមិនបាន ស្ថិតនៅក្នុងរយៈពេល ១៥ ថ្ងៃ ខាងមុខ ហើយ ១៥ ថ្ងៃខាងមុខ វាចំណុះលើការខិតខំរបស់យើងទាំងរដ្ឋ និងប្រជាជន។ អញ្ចឹងខ្ញុំសូមអំពាវនាវ ១៥ ថ្ងៃខាងមុខនេះ ពីនេះទៅរយៈពេល ១៥ ថ្ងៃ យ៉ាងតិច ជាដំណាក់កាលសាកល្បងធំបំផុតរបស់កម្ពុជា ឆ្លងរួច ឬមិនរួច គឺនៅពេលហ្នឹងឯង។ បើប្រឹងតែរដ្ឋ ប្រជាពលរដ្ឋមិនប្រឹងទេ មិនចូលរួមទេ មិនជោគជ័យទេ។ ប៉ុន្តែ ខ្ញុំមានជំនឿដោយសារពីម្សិលមិញនេះ អ្នកដែលធ្លាប់ចូលផ្សារអ៊ីអន មកតម្រង់ជួរតែម្ដង មកដោយស្ម័គ្រចិត្ត។ ឥឡូវខ្ញុំអំពាវនាវបន្ថែមគ្រប់ខេត្ត ប្រហែលជាខេត្តខ្លះខ្វះការយកចិត្តទុកដាក់ ដូចជាខ្ញុំបានពិនិត្យឃើញថា នៅក្នុងខេត្តដែលធ្វើបានតិច ដោយសារមានខេត្តខ្លះប្រហែលជាមកពីខេត្តមិនបានរៀបចំទីកន្លែងសម្រាប់ការធ្វើនេះ។

ខេត្តសៀមរាបបាន ១៩២ នាក់ ធ្វើ ២ ដង។ ខេត្តត្បូងឃ្មុំធ្វើបានតែ ៤ នាក់ទេ ខេត្តស្ទឹងត្រែងគេធ្វើបានច្រើនរហូតដល់ ៧៨ នាក់ ដែលពាក់ព័ន្ធនឹងគ្រួសារឯកឧត្ដម ឡូយ សុផាត ខេត្តកំពង់ធំធ្វើបាន ១៤ (នាក់) ខេត្តបន្ទាយមានជ័យធ្វើបានដល់ ២៩៣ (នាក់) ដែលជាខេត្តធ្វើបានច្រើនជាងគេ ខេត្តបាត់ដំបងធ្វើបានតែ ៦ (នាក់)ទេ សណ្ឋាគារភ្នំពេញធ្វើបាន ២១ (នាក់) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតធ្វើបាន ១៤៩ (នាក់) សម្រាប់អ៊ីអន ១ ធ្វើបានដល់ ១១៦៩ (នាក់) ក្រសួងមហាផ្ទៃធ្វើបានដល់ទៅ ៨៧៩ នាក់ ពន្ធនាគារព្រៃសធ្វើបាន ៣៨២ នាក់ ផ្ទះសម្ដេចក្រឡាហោម ស ខេង ធ្វើបាន ៩៣ នាក់។ កងដឹកជញ្ជូនហោះហើរដែលខ្ញុំនិយាយពីម្សិល ១០ នាក់មកទីនេះ ហើយមានអ្នកបច្ចេកទេសមួយចំនួនទៀត ឱ្យត្រឡប់វិញ កងដឹកជញ្ជូននេះក៏ត្រូវធ្វើដល់ទៅ ៣៨ នាក់ ព្រោះអញ្ចេះ មេកងហោះហើរឧទ្ធម្ភាគចក្រសម្រាប់ខ្ញុំ បានទទួលទានអាហារជាមួយអ្នកដែលមានការពាក់ព័ន្ធ។ អញ្ចឹងទេម្សិលមិញនេះ ខ្ញុំបញ្ជាឱ្យយកឧទ្ធម្ភាគចក្រទាំង ៤ តូច ២ ធំ ២ ត្រឡប់ទៅទីក្រុងភ្នំពេញ ហើយបាញ់ថ្នាំសម្លាប់ ហើយមនុស្សទាំងអស់ត្រូវធ្វើតេស្តយកសំណាក រួចហើយដាក់ខ្លួនធ្វើចត្តាឡីស័ក។ អញ្ចឹង Pilot នៃការហោះហើរសម្រាប់ឥស្សរជនជាន់ខ្ពស់ មិនត្រូវបានប្រើប្រាស់ក្នុងរយៈពេល ១៤ ថ្ងៃ។

លុបចោលកម្មវិធីតភ្ជាប់តំណស្ពានស្ទឹងត្រង់ និងក្រូចឆ្មារសិន

អញ្ចឹងបានជាខ្ញុំស្នើឱ្យឯកឧត្ដម ស៊ុន ចាន់ថុល លុបចោលកម្មវិធីនៃការភ្ជាប់ស្ពានស្ទឹងត្រង់ និងក្រូចឆ្មារ នៃខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅថ្ងៃទី ៧ នេះ ព្រោះខ្ញុំត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ ខ្ញុំអត់ធ្វើដំណើរទៅបានទេ។ ពិតមែនហើយ យើងមានកងទ័ពអាកាសរបស់យើង ដែលអាចធ្វើដំណើរបាន ក៏ប៉ុន្តែ គឺវាមិនមានជាការចាំបាច់ពេកទេ គ្រាន់តែដំណើរការជានិមិត្តរូបនៃការតភ្ជាប់ស្ពាន ឱ្យគេធ្វើសិនទៅ ធ្វើហើយជួនកាលទៅតភ្ជាប់មុនសម្ពោធតែ ៥ ថ្ងៃក៏ទៅបានដែរ អត់ជាបញ្ហាទេ … គ្រាន់តែជាពិធីនិមិត្តរូបប៉ុណ្ណោះទេ។ អញ្ចឹងយើងត្រូវចាំឱ្យបានទាំងអស់គ្នាថា យើងគ្រប់គ្រងបាន ឬមិនបាន គឺស្ថិតនៅក្នុងរយៈពេល ១៥ ថ្ងៃ ខាងមុខនេះ ហើយវាចំណុះលើការខិតខំរបស់យើងទាំងស្រុង ទាំងរដ្ឋ និងប្រជាជន។ វាមិនចំណុះលើ កូវីដ១៩ ទេ តែវាចំណុះលើយើង។ នៅក្នុងសារថ្ងៃ ១៨ ខែ វិច្ឆិកា នៅពេលដែលខ្ញុំចេញពីចត្តាឡីស័ក ខ្ញុំបាននិយាយថា យើងទាំងអស់គ្នា មនុស្សនៅលើលោក និយាយរួម និយាយដោយឡែកគឺប្រជាជនកម្ពុជា ស្អប់ កូវីដ១៩ ខ្លាំងណាស់ ប៉ុន្តែ កូវីដ១៩ មិនត្រឹមតែមិនស្អប់យើងទេ វាថែមទាំងស្រឡាញ់យើងទៀតផង។ អញ្ចឹងទេ ការស្រឡាញ់របស់វា គឺការតាមប្រហារជីវិតរបស់យើង និងបំផ្លាញសុខភាពយើង។

ឥឡូវ យើងសន្មត់យ៉ាងដូច្នេះ វិធីយកឈ្នះលើ កូវីដ១៩ ត្រូវតាំងខ្លួនជាអ្នកចាញ់ ជាអ្នកខ្លាច តែមិនមែនតក់ស្លុត និងភ័យស្លន់ស្លោ។ នៅពេលដែលយើងចូលច្បាំងជាមួយសត្រូវ ជាទាហាន យើងត្រូវមានសេចក្ដីក្លាហានឆ្ពោះទៅមុខ។ នៅពេលដែលយើងចូលជួយសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ក្ដី ដោយបាក់រលំអគារក្ដី ដោយភ្លើងឆេះព្រៃក្ដី ដោយភ្លើងឆេះផ្ទះក្ដី ត្រូវមានសេចក្ដីក្លាហាន ដើម្បីចូលទៅជួយ ដូចជាកាលពីទឹកជំនន់កន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើសកម្មភាពព្រមៗគ្នា ក្នុងការជួយប្រជាជនចេញពីទឹក។ ពេលបាក់អគារ មានមនុស្សទៅលូនចូល ដើម្បីនឹងទាញយកមនុស្សចេញ ឬសាកសពចេញុ។ នៅពេលអគ្គិភ័យឆេះផ្ទះ មន្រ្តីនគរបាលយើងបានបាញ់ទឹកពន្លត់ នេះជាសេចក្ដីក្លាហាន។

យកឈ្នះកូវីដ១៩ ដោយធ្វើជាអ្នកខ្លាច/ចាញ់ តែមិនតក់ស្លុតនិងភ័យស្លន់ស្លោបាត់ម្ចាស់ការ

ប៉ុន្តែការប្រយុទ្ធជាមួយនឹងកូវីដ១៩ សូមធ្វើខ្លួនជាអ្នកខ្លាចហើយចុះចាញ់ ដោយសារតែយើងខ្លាចបានជាយើងត្រូវពាក់ម៉ាស ដោយសារតែយើងខ្លាចបានជាយើងត្រូវលាងដៃនឹងអាល់កុល។ ឥឡូវហ្នឹងខ្ញុំមិនមែនត្រឹមតែពាក់ម៉ាសទេ ពាក់ដល់ទៅស្រោមដៃទៀតនោះ ព្រោះក្រែងលោមកត្រង់ហ្នឹង នរណាមួយច្រឡំមករក selfie បើយើងមិនឱ្យគ្នាថតវាមិនកើត រុញគ្នាចេញវាមិនកើត ដល់រួចប៉ះដៃគ្នា មិនដឹងថាអ្នកនោះយ៉ាងម៉េចទៀត? អញ្ចឹងទេ(ពាក់)ស្រោមដៃ កុំថា ខ្ញុំខ្ពើមប្រជាជន មិនមែនទេ តែសុំឱ្យប្រជាពលរដ្ឋកុំទុកចិត្តខ្ញុំខ្លាំងពេកថាខ្ញុំគ្មានជំងឺនោះ។ អញ្ចឹងទេ នៅពេលដែលឃើញខ្ញុំពាក់ស្រោមដៃ ខ្ញុំមិនមែនខ្ពើមប្រជាពលរដ្ឋទេ ក៏ប៉ុន្តែខ្ញុំម្ខាងការពារខ្លួនខ្ញុំ ម្ខាងខ្ញុំការពារប្រជាជន ព្រោះខ្ញុំមិនច្បាស់ថាខ្លួនខ្ញុំមានដែរ ឬអត់ ព្រោះវាជាជំងឺមើលមិនឃើញ។ អញ្ចឹង ខ្ញុំបញ្ជាក់ឡើងវិញ វិធីយកឈ្នះលើ កូវីដ១៩ ត្រូវតាំងខ្លួនជាអ្នកចាញ់ និងជាអ្នកខ្លាច តែមិនមែនជាអ្នកតក់ស្លុត និងអ្នកភ័យស្លន់ស្លោ។ អាតក់ស្លុត និងភ័យស្លន់ស្លោគឺបាត់ម្ចាស់ការ ប៉ុន្តែយើងត្រឹមតែខ្លាច ហើយជាអ្នកចាញ់ ដោយមិនព្រមចូលប្រយុទ្ធដូចដែលយើងធ្លាប់ ចូលទៅជួយសង្រ្គោះគ្រោះមហន្តរាយនានា គឺអត់ហ៊ានចេញដំណើរ អត់ហ៊ានចេញពីផ្ទះ បានសេចក្ដីថា ចាញ់។ សុខចិត្តថាចាញ់ សុខចិត្តខ្លាច នេះជាវិធីដើម្បីយកឈ្នះលើ កូវីដ១៩ ខុសគ្នាជាមួយនឹងការទៅធ្វើប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនេះ/នោះ គឺខុសគ្នា។ ដើម្បីយកឈ្នះលើ កូវីដ១៩ យើងត្រូវតាំងខ្លួនជាអ្នកចាញ់ ជាអ្នកខ្លាច។ អញ្ចឹងត្រូវពាក់ម៉ាស ត្រូវលាងដៃ ត្រូវរក្សាគម្លាត ដូចជាយើងអង្គុយហ្នឹងឆ្ងាយ។

ពេលវេលាជម្នះការលំបាក មិនមែនជាពេលវេលាស្ដីបន្ទោស

ម្សិលមិញខ្ញុំថាឱ្យបញ្ចុះ(ចំនួន)មនុស្ស(ចូលរួម) ចុះពី ១៥០០ មកនៅត្រឹម ២០០ ខ្ញុំថា ឱ្យចុះថែមទៀត ត្រឹមតែ ១៥០ បានហើយ ព្រោះខ្ញុំនិយាយនៅទីនេះ អ្នកដែលមើលភាគច្រើន ឥឡូវទូទាំងប្រទេសរាប់លាននាក់កំពុងមើល ព្រោះយើងមិនមែនគ្រាន់តែផ្សាយផ្ទាល់ក្នុងស្រុកទេ ផ្សាយផ្ទាល់ច្រើនប៉ុស្តិ៍ណាស់ ចេញពីទីនេះ អាចមានទូរទស្សន៍ជាតិ BTV, CNC. Fresh News អាចផេចរបស់នាយករដ្ឋមន្រ្តីក៏មានការផ្សាយផ្ទាល់ដែរ។ អញ្ចឹងទេ យើងប្រើវិធីនេះល្អជាង ហើយខ្ញុំគិតថា យើងត្រូវតែជម្នះនូវការលំបាក ពេលវេលានេះមិនមែនជាពេលវេលាស្ដីបន្ទោសទេ។ ពិតហើយខ្ញុំបានស្ដាប់វិទ្យុមួយយប់មិញ គេបញ្ជូនមកឱ្យខ្ញុំ គេសម្ភាសអ្នកនេះអ្នកនោះថាគេអត់ឃើញអាជ្ញាធរចុះមកណែនាំផង។ អញ្ចឹងបានសេចក្ដីថា បើគាត់ដឹងថាអាជ្ញាធរមិនបានចុះមកណែនាំមានន័យថា គាត់បានដឹងរឿងហើយ។ អញ្ចឹងបានសេចក្ដីថា គាត់បានប្រើពាក្យថា «អាជ្ញាធរមិនបានចុះមកណែនាំទេ» បើដូច្នោះបានសេចក្ដីថា គាត់បានយល់រឿងហ្នឹងហើយ ទើបគាត់យល់ថា អត់ឃើញអាជ្ញាធរមិនបានចុះមកណែនាំ។ នេះជាការយល់ដឹងរបស់ខ្ញុំ បែបវិទ្យាសាស្រ្តយ៉ាងដូច្នេះ។ តែបើថា «ទេ! ខ្ញុំអត់បានដឹងរឿងអីទាំងអស់ អត់ដឹងថា កូវីដ១៩ ហ្នឹងយ៉ាងម៉េចផង» ប៉ុន្តែ គាត់ចេះនិយាយថា «អាជ្ញាធរអត់បានចុះមកណែនាំអំពីស្អីទេ» សម្ភាសន៍ពីក្រៅប្រទេសមកទៀត។ មានអ្នកខ្លះក៏បាននិយាយត្រឹមត្រូវថា ដោយសារតែវាអត់មានងាប់បានជាមនុស្សខ្លះមិនយកចិត្តទុកដាក់ទៅលើការការពារខ្លួន។ និយាយត្រឹមត្រូវ។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយ យកគុណសម្បត្តិតែខ្លួនឯង

ខ្ញុំសូមបញ្ជាក់ ពេលវេលានេះមិនមែនជាពេលវេលាទម្លាក់កំហុសឱ្យគ្នា បន្ទោសគ្នានោះទេ។ ថ្ងៃមុន រឿងដែលវាហួសចិត្ត វានៅកន្លែងនេះ នៅពេលដែលគេថា កម្ពុជាជាប់ចំណាត់ថា្នក់លេខ ៣ លើពិភពលោក និងចំណាត់ថ្នាក់ទី ១ នៅអាស៊ី ក្នុងការគ្រប់គ្រង កូវីដ១៩ បែរជាសារព័ត៌មានបរទេសមួយ លើកពីគុណសម្បត្តិខ្លួនឯងទាំងអស់ ដោយភ្លេចគិតពីការខិតខំប្រឹងប្រែងរបស់ពលរដ្ឋកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូពាក់ព័ន្ធ។ បើស្ថាប័នហិរញ្ញវត្ថុមួយនេះ គាត់មិនគិតពីតួនាទីរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ហីចុះ តែក៏ត្រូវគិតដល់ដៃគូអភិវឌ្ឍន៍ដទៃទៀត ស្ថាប័នហិរញ្ញវត្ថុ និងដៃគូដទៃទៀតផងដែរ ជាពិសេស ដៃគូរបស់យើង អង្គការសុខភាពពិភពលោក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដែលនៅរ៉ាំរ៉ៃជាមួយយើង បែរជាគេសរសេររំលឹក ហើយខ្ញុំបាញ់អាហ្នឹងទៅឱ្យក្នុង Group គណៈអចិន្ត្រៃយ៍មើលទៅ។ អញ្ចឹងបានជា ប្រាក់ សុខុន គាត់បាននិយាយត្រឡប់មកវិញថា ប្រសិនបើជោគជ័យ គឺមានឪពុកច្រើនណាស់ តែបើសិនជាបរាជ័យ វាជាកូនចោរ វាជាអ្នកឯកោ។ អញ្ចឹងរឿងហ្នឹងវាជារឿងពិត។ គ្រាន់តែព្រឹប គេផ្សាយថាកម្ពុជាជាប្រទេសមួយក្នុងចំណោមអ្នកដែលគ្រប់គ្រង កូវីដ១៩ បានល្អ មានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយផ្សាយភ្លាមព្រឹប គេផ្ដល់លុយ ១៤ លានដុល្លារ ធ្វើអញ្ចេះ/អញ្ចុះ ក្នុងពេលដែលយើងអត់ទាន់បានលុយគេមួយសេនផង។ ខ្ញុំមើលទៅក្នុងហ្នឹង វិធានការរបស់រាជរដ្ឋាភិបាលក៏មិនបាននិយាយ ការខិតខំរបស់គ្រូពេទ្យយើងក៏គេមិនបាននិយាយ ការចូលរួមចំណែកធំបំផុតរបស់ប្រជាជនកម្ពុជាក៏គេមិនបាននិយាយ អ្វីៗទាំងអស់ដែលយើងបានខិតខំធ្វើ គេក៏មិនបាននិយាយ ដៃគូដទៃទៀតជាស្ថាប័នហិរញ្ញវត្ថុក្ដី ជាដៃគូអភិវឌ្ឍន៍ក្ដី ក៏គេមិនបាននិយាយ តែគេនិយាយតែពីខ្លួនគេតែប៉ុណ្ណោះដណ្ដើមគុណសម្បតិ្ត​។ ឥឡូវចាំដល់ពេលហ្នឹង គេនឹងនាំគ្នាដាក់កំហុសឱ្យយើងហើយ … ខ្ញុំឯកភាពជាមួយនឹងឧបនា​យករដ្ឋមន្រ្តី ប្រាក់ សុខុន ជោគជ័យ គឺមានផ្លូវច្រើនណាស់ តែបរាជ័យគឺឯកោ។ ប៉ុន្តែខ្ញុំមិនទាន់ចាត់ទុកថា នេះជាការបរាជ័យទេ។

ប្រើថ្នាំកម្រិតខ្លាំងព្យាបាល, នឹងធ្វើតេស្ដ ៣ ដង ក្រោយអវិជ្ជមាន COVID-19

ខ្ញុំសង្ឃឹមថា អ្នកដែលបានឆ្លង អាចនឹងមិនឈានដល់ដំណាក់កាលនៃការស្លាប់ទេ។ ខ្ញុំបានទទួលនូវ(ការរាយការណ៍)ថា គឺដាក់ថ្នាំព្យាបាលខ្លាំងតែម្ដង ថ្នាំព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ ហើយដែលយើងមានត្រៀមបម្រុង គឺប្រើថ្នាំ(ខ្លាំង) ព្រោះដោយសារយើងរកឃើញមេរោគនៅក្នុងគ្រួសាររបស់ឯកឧត្តម ឆែម សាវុធ និងក្រុមគ្រួសារ គឺមានមេរោគ (ដំណាក់កាល)ធ្ងន់ធ្ងរ។ អញ្ចឹងត្រូវប្រើដោយកម្លាំងថ្នាំខ្លាំង ដើម្បីដោះស្រាយបញ្ហា។ នេះគឺបច្ចេកវិទ្យារបស់គ្រូពេទ្យទេ។ លើកមុន ដំណាក់កាលរបស់ខ្ញុំ តម្រូវការធ្វើតេស្ដ ៤ ដង។ តែលើកនេះ រដ្ឋមន្រ្តីសុខាភិបាលបានប្រកាសថា​ ធ្វើតេស្ដ ៣ ដង តែជាទំលាប់ធម្មតា យើងធ្វើតេស្ដតែ ២ ដងទេ។​ អញ្ចឹងសូមមេត្តាធ្វើទៅលើរឿងនេះ ហើយខ្ញុំសង្ឃឹមទៅលើប្រជាពលរដ្ឋរបស់យើង នឹងចូលរួមដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា”។

ដែលខ្ញុំសូមឱ្យហៅ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ជំនួសឱ្យ ឆែម សាវុធ ឬអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារទៅវិញ ដែលវានាំទៅដល់ការរើសអើង និងការភ័យខ្លាចចំពោះក្រុមគ្រួសារនេះ។ យើងហៅ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ព្រោះខ្ញុំប្រើពាក្យ “សហគមន៍” នេះ ជាលើកដំបូង ជាករណី(ឆ្លង)ក្នុងសហគមន៍ មិនមែនជាករណីនាំចូលទេ។ ករណីរដ្ឋមន្រ្តីការបរទេសហុងគ្រី ខ្ញុំប្រសិទ្ធនាមឱ្យថា ជា “ព្រឹត្តិការណ៍ ០៣ វិច្ឆិកា” ដើម្បីចៀសវាងនូវការប៉ះទង្គិចណាក្នុងផ្លូវនយោបាយ និងផ្នែកការទូតនាអនាគត សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង ២។

នេះក៏ជាការបញ្ចៀសការរើសអើងចំពោះក្រុមគ្រួសាររបស់ ឆែម សាវុធ ឬក៏អគ្គនាយកដ្ឋានពន្ធនាគារ ឬក៏ក្រសួងមហាផ្ទៃ ដែលមានអ្នកពាក់ព័ន្ធច្រើន រាប់ទាំងសម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋមន្រ្តីដទៃមួយចំនួន ដែលកំពុងដាក់ខ្លួន(ដាច់ដោយឡែក) ដែលចូលរួមប្រជុំជាមួយ។ ឱ្យតែមានការចូលរួមប្រជុំជាមួយ(នឹងឯកឧត្តម ឆែម សាវុធ) បែបនេះ គឺយើងឱ្យ(ពួកគាត់)ធ្វើចត្តាឡីស័ក និងធ្វើតេស្ដទាំងអស់។ ធ្វើតេស្ដទៅទាំងក្រុមគ្រួសារតែម្ដង អត់មានថា ប្ដីដោយឡែក ប្រពន្ធដោយឡែកទេ គឺឱ្យទៅទាំងគួ្រសារ។ ដូច្នេះហើយ បានជាគេមើលឃើញកាលពីព្រឹត្តិការណ៍ “០៣ វិច្ឆិកា” គឺមានមនុស្ស ១៨០២ នាក់ ហើយវិជ្ជមាន COVID-19 តែ ៤ នាក់ទេ។ ឯ(ព្រឹត្តិការណ៍ សហគមន៍ ២៨​ វិច្ឆិកា)នេះ យើងបានយកសំណាក ៣៣៣២ និងអាចនៅថ្ងៃនេះ ប្រហាក់ប្រហែលជុំវិញ ២០០០ សំណាក។ សុខចិត្តថាមាន ល្អជាងថាមិនមាន។ សុខចិត្តដាក់ខ្លួនចត្តាឡីស័ក, សុខចិត្តយកសំណាកទៅពិនិត្យ ប្រសើរជាងទុកបណ្ដោយឱ្យខ្លួនឈឺ នាំទៅដល់ការខូចខាតសុខភាពខ្លួនផង នាំទៅដល់ការឆ្លងទៅដល់ក្រុមគ្រួសារ និងអ្នកដទៃទៀតផង។

ថ្លែងការណ៍ចេញពីគេហដ្ឋាននាយករដ្ឋមន្រ្តី ប្រយុទ្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”

ខ្ញុំត្រូវដឹកនាំបញ្ជាផ្ទាល់ ហើយប្រហែលជាការតាមដានសភាពការណ៍លើកនេះ ខ្ញុំមិនចេញមកវិមានសន្ដិភាពទេ។ ខ្ញុំត្រូវតាមដានពីផ្ទះ ហើយអាចផ្សាយបន្ដផ្ទាល់ចេញពីគេហដ្ឋានរបស់ខ្ញុំ ដោយទូរទស្សន៍ជាតិតែម្ដង។ ប្រហែលជាតម្រូវឱ្យមានទូរទស្សន៍ជាតិទៅប្រចាំការ នៅពេលដែលខ្ញុំមានការចាំបាច់ថ្លែងការណ៍ គឺខ្ញុំត្រូវប្រើ (និងផ្សាយ)ចេញពីទូរទស្សន៍ជាតិ។ កន្លងទៅនេះ ដោយខ្ញុំជាប់ធ្វើចត្តាឡីស័ក ខ្ញុំថ្លែងការណ៍ បញ្ជូនសារតាមរយៈជាសារសំឡេង។ នៅខេត្តសៀមរាប យប់មិ្សល និងយប់មិញ ខ្ញុំបញ្ជូនសារដោយសំ​ឡេងតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលព្រឹត្តិការណ៍(សហគមន៍ ២៨ វិច្ឆិកា)នេះ នៅពេលមានការវិវឌ្ឍថ្មី ខ្ញុំនឹងធ្វើការផ្សាយផ្ទាល់ចេញពីគេហដ្ឋានរបស់ខ្ញុំតែម្ដង ព្រោះខ្ញុំមិនចេញក្រៅផ្ទះ ដើម្បីចៀសវាង ក្រែងលោ(ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា)ពាក់ព័ន្ធជាមួយនឹងអ្នកយកព័ត៌មានដទៃទៀត។ អញ្ចឹងអ្នកដែលទៅផ្ទះរបស់ខ្ញុំ ត្រូវតែបានពិនិត្យឱ្យបានរួចរាល់ទៅលើសំណាកនានា ហើយអាចស្នាក់នៅទីនោះតែម្ដង ដើម្បីប្រចាំការ ព្រោះរឿងនេះធំធេងជាងសង្រ្គាមទល់ដែន។ សង្រ្គាមទល់ដែន វាមានម៉ោង វាមានពេលរបស់វា ក៏ប៉ុន្តែសង្គ្រាមប្រឆាំង COVID-19 អត់មានពេលវេលាទេ។ ដូច្នេះហើយ ខ្ញុំត្រូវមានតែទំនាក់ទំនងជាប់ ហើយដោយសារខ្ញុំជាប្រធាន​​គណៈកម្មការប្រឆាំងនឹង COVID-19 និងដើរតួជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវធ្វើកិច្ចការងារនេះ ដោយមានសេនាធិការ រដ្ឋមន្រ្តី និងក្រសួងសុខាភិបាលជាអ្នកនាំមុខ និងមានផ្នែកពាក់ព័ន្ធដទៃទៀត។

មិនឱ្យមានអ្នកដាច់បាយ បើគ្មានប្រាក់បម្រុង យើងបញ្ចេញថវិកាជាតិ

ប៉ុន្តែ ការប្រកាសដោយបញ្ជារបស់នាយករដ្ឋមន្រ្តី មានសិទ្ធិអារកាត់។ ដូចជាថ្ងៃនេះ ត្រូវបញ្ចេញថវិកាទៅឱ្យតាមខេត្ត ហើយខេត្តត្រូវកំណត់ជារបបសម្រាប់អ្នកក្រីក្រ ដែលធ្វើចត្តាឡីស័កតាមផ្ទះ ឬមកតាមកន្លែងដែលយើងចាត់ទុកជាអ្នកក្រីក្រ ត្រូវប្រគល់ឱ្យមួយគ្រួសារ ២០០០០ រៀល។ ដូច្នេះ វាមិនអស់ច្រើនប៉ុន្មានទេ នៅក្នុងចំណោមជាង ៣០០០ សំណាកនេះ។ អ្នកក្រីក្រប្រហែលជាមានមិនដល់ ១០០ នាក់ផងទេ។ អញ្ចឹងទេ កុំខ្លាចប្រើប្រាស់ប្រាក់កាក់នោះ ម្ខាងជួយសុខភាព ជួយចិញ្ចឹម(គ្រួសារអ្នកក្រីក្រ កំពុងធ្វើចត្តាឡីស័ក) ពេលហ្នឹងគ្រួសារគាត់ទាំងមូលអត់បានចេញក្រៅ អញ្ចឹងគាត់បានអីទទួលទាន គឺវិធីតែមួយ គឺផ្ដល់លុយឱ្យគាត់ អញ្ចឹងទេគាត់អាចនឹងពឹងពាក់គេពីខាងក្រៅ ដើម្បីទិញស្អីៗយកទៅឱ្យគាត់ ឬតាមវិធីណាមួយ ដែលគាត់អាចទទួលបានអង្ករ ទទួលបាននូវអ្វីៗសម្រាប់ការដាំស្លរនៅក្នុងផ្ទះរបស់គាត់ ក្នុងពេលដែលពួកគាត់ធ្វើចត្តាឡីស័ក។ ធ្វើយ៉ាងនេះ យើងហ៊ានចាយលុយបែបនេះ ដើម្បីការពារអ្នកដទៃកុំឱ្យឆ្លងចេញពីគាត់ ហើយកុំឱ្យអ្នកដែលត្រូវធ្វើចត្តាឡីស័កនេះ រងគ្រោះដោយមិនបានចេញរកស៊ីហើយ ប្រពន្ធកូន ក្រុមគ្រួសារ ដាច់បាយ។ យើងមិនឱ្យមានអ្នកណាដាច់បាយដាច់ខាត បើទោះបីគ្មានប្រាក់បម្រុងដែលកំពុងមាននៅក្នុងធនាគារ ដែលរដ្ឋមន្រ្តីសុខាភិបាលត្រូវបញ្ចេញតាមបទបញ្ជារបស់ខ្ញុំ គឺយើងអាចនឹងបញ្ចេញថវិកាជាតិ។ វាអត់ច្រើនទេ បើប្រៀបធៀបយើងកំពុងជួយប្រជាជន ៣ លាននាក់ ដែលមាន ៧៦ ម៉ឺនគ្រួសារនោះ វាមិនធំទេ។

រដ្ឋចេញថ្លៃវិភាគសំណាក និងថ្លៃការព្យាបាល

អញ្ចឹងយើងធ្វើកិច្ចការងារនេះទៅ ដោះស្រាយបញ្ហានេះ វាមិនដួលរលំសេដ្ឋកិច្ចកម្ពុជាទេ ហើយយើងធ្វើដោយគ្មានការរើសអើងអ្វីទាំងអស់ នរណាក៏ដោយមាន COVID-19 យើងផ្គត់ផ្គង់ឱ្យទាំងអស់ ហើយយើងពិនិត្យព្យាបាលដោយមិនយកប្រាក់ទេ សូមបញ្ជាក់លើចំណុចនេះឱ្យបានច្បាស់ អ្នកដែលមកធ្វើតេស្ដក៏អត់ត្រូវបានបង់ថ្លៃ។ ប្រជាពលរដ្ឋរបស់យើងអត់ត្រូវបានបង់ថ្លៃទេ អ្នកណាក៏ដោយ ពេទ្យណាក៏ដោយ​ដែលទាមទារឱ្យមានការបង់ថ្លៃ គឺជាកំហុស។ ពេទ្យដែលត្រូវធ្វើកិច្ចការងារនេះ ក្នុងមួយថ្ងៃ ដូចជាទទួលបាន ៣០ ដុល្លារបន្ថែមលើបៀវត្សរ៍។ ដូច្នេះគេមានប្រាក់គ្រប់គ្រាន់ហើយ។ ពេលដែលយកចូលក្នុងមន្ទីរពិសោធន៍ រដ្ឋជាអ្នកចេញព្យាបាលទេ សម្រាប់ឱ្យវិទ្យាស្ថានប៉ាស្ទ័រ សម្រាប់ឱ្យវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ ដល់ពេលព្យាបាល រដ្ឋទេជាអ្នកចេញប្រាក់សម្រាប់ការព្យាបាល។ អគ្គរដ្ឋទូតហុងគ្រី គាត់បានសួរថា តម្លៃព្យាបាលប៉ុន្មាន សូមឱ្យគាត់បានដឹង ព្រោះគាត់ត្រូវការគិតគូរលុយពីប្រទេសហុងគ្រី? ខ្ញុំឱ្យឆ្លើយទៅវិញថា ព្យាបាលដោយមិនយកប្រាក់ ព្រោះខណៈប្រតិភូមកទស្សនកិច្ចនៅប្រទេសរបស់យើង បើយើងព្យាបាលគាត់យកប្រាក់ វាដូចជាយ៉ាប់ពេក។ ខ្មែរយើងមិនទាន់ដល់កម្រិតដល់ប៉ុណ្ណឹងទេ។

ករណី ៣ វិច្ឆិកា និងករណីសហគមន៍ ២៨ វិច្ឆិកា ចត្តាឡីស័កនៅសណ្ឋាគារសុខា រដ្ឋចេញលុយ

ពិតហើយអ្នកដែលមកត្រូវធ្វើចត្តាឡីស័កតាមសណ្ឋាគារស្អីៗហ្នឹង ចេញលុយខ្លួនឯងទៅ សម្រាប់អ្នកមកពីក្រៅប្រទេស។ ធ្វើចត្តាឡីស័កនៅកន្លែងដែលរាជរដ្ឋាភិបាលរៀបចំ ដូចជានិស្សិតរបស់យើងមកពីអ៊ីស្រាអែល ដូចជា ១២៨ កំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលកងរក្សាសន្ដិភាពពីរកន្លែង រដ្ឋត្រូវចិញ្ចឹមបាយទឹកឲ្យគេ។ ចំពោះជនបរទេស ឬជនជាតិខ្មែរយើងដែលមកពីក្រៅប្រទេសត្រូវការស្នាក់នៅសណ្ឋាគារ ត្រូវចេញលុយខ្លួនឯងហើយ បាយទឹកខ្លួនឯង។ ប៉ុន្ដែសម្រាប់ ករណី ៣ វិច្ឆិកា និងករណីសហគមន៍ ២៨ វិច្ឆិកា យកសណ្ឋាគារផ្កាយប្រាំ ៥០០ បន្ទប់នៅសណ្ឋាគារសុខា រដ្ឋចេញលុយឱ្យទាំងអស់។ បងប្អូនមួយចំនួនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារផ្កាយប្រាំហ្នឹងទៅ ហើយយប់ឡើងគយគន់មើលភ្នំពេញផង ប៉ុន្ដែមើលផងបើមានអ្នកក្រីក្រទៅ យើងក៏ផ្គត់ផ្គង់ឱ្យលុយទៅអ្នកនោះដើម្បីគាត់ផ្ញើមកគ្រួសារគាត់។ ដោយសារគាត់ជាអ្នករកស៊ី(តូចតាច)ដូចជាអ្នករត់ម៉ូតូឌុប អ្នកបើកកង់បី ស្រាប់តែមានការពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក គាត់ខានរត់ឌុបហ្នឹងហើយ។ ដូចនេះយើងផ្គត់ផ្គង់គាត់ ៥ ដុល្លារមួយថ្ងៃ គ្រាន់បើជាងអត់។ វិ​ធានការនេះ​ប្រើសម្រាប់ប្រទេសរបស់យើង ប្រទេសគេធ្វើយ៉ាងណាជារឿងរបស់គេទេ រឿងយើងផ្សេង។ ខ្ញុំនិយាយរឿងផ្លូវគឺតិចណាស់ តែនិយាយរឿងកូវីដគឺច្រើន តែខ្ញុំនឹងនិយាយច្រើនទៀតនៅពេលខាងមុខ នៅពេលចាំបាច់ជួនកាលខ្ញុំផ្ញើសារជាសម្លេង ដើម្បីឲ្យវិទ្យុ ទូរទស្សន៍ ធ្វើការផ្សព្វផ្សាយ។ ប៉ុន្ដែខ្ញុំនឹងរៀបចំឱ្យមានការផ្សាយបន្ដផ្ទាល់ពីគេហដ្ឋានរបស់ខ្ញុំតែម្ដង នៅពេលដែលមានការចំាបាច់ក្នុងការអំពាវនាវចំពោះប្រជាពលរដ្ឋ។ ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់បុគ្គលិក និងកម្មករចំនួន ១ ៦២៣ នាក់ ក្នុងម្នាក់ៗ ជូន ១០ ម៉ឺនរៀល ក្នុងម្នាក់។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ២ លាន រៀល។ ជូនសាលាក្រុងសៀមរាបចំនួន ២ លាន រៀល។

សូមវត្ថុស័ក្ដិសិទ្ធិនៅខេត្តសៀមរាប ជួយតាមថែរក្សាប្រជាជននៅសៀមរាប ក៏ដូចនៅទូទាំងប្រទេស

ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនៅខេត្តដែលគ្រោងសៀមរាបមានការយោគយល់ រាប់ទាំងជនជាតិអាមេរិកម្នាក់ឈ្មោះលោក ប៊ីល ដោយសារកូវីតយើងក៏ស្នើសុំ(ផ្អាកការចូលរួម) ដើម្បីចៀសវាងការឆ្លងណាមួយ ដែលអាចបណ្ដាលមកពីកន្លែងហ្នឹងក៏ថាបាន។ ប៉ុន្ដែ ខ្ញុំសង្ឃឹមថា នៅទីនេះមានព្រះអង្គចេកព្រះអង្គចម តាមជួយថែរក្សាការពារយើង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គនៅអង្គរនេះក្ដី នៅគ្រប់ទីកន្លែងក្ដី ក៏ដូចជាអ្នកតាព្រៃភ្នំក្រោមថ្ម  បារមីរក្សាប្រាសាទអង្គរ និងប្រាសាទដទៃទៀតនៅក្នុងតំបន់របស់យើង រាប់ទាំងភ្នំគូលេន នឹងជួយថែរក្សាប្រជាជននៅសៀមរាបក៏ដូចនៅទូទាំងប្រទេស ក៏ប៉ុន្ដែបើទោះបីយើងមានបារមីព្រះអង្គចេកព្រះអង្គចម ព្រះមហាក្សត្រ និងមហាក្សត្រយានីគ្រប់ព្រះអង្គគ្រប់ជំនាន់ បារមីភ្នំគូលេន និងកន្លែងដទៃទៀត ដែលខ្ញុំរៀបរាប់មិនអស់ តាមជួយយើងក៏ដោយ តែបើយើងមិនជួយខ្លួនឯងទេ យើងច្បាស់ជាបរាជ័យ។

ដូច្នេះហើយបានជាខ្ញុំសូមបញ្ជាក់ជោគជ័យ គ្រប់គ្រងបានឬមិនបានគឺក្នុងរង្វង់ ១៥ ថ្ងៃទៀត។ ពីម្សិលមិញ ថ្ងៃនេះ នឹងបន្ដទៅ ១៥ ថ្ងៃ ហើយដើម្បីជោគជ័យត្រូវតាំងខ្លួនជាអ្នកចាញ់ តាំងខ្លួនជាអ្នកខ្លាច តែមិនមែនជាអ្នកភ័យស្លន់ស្លោ បាត់ម្ចាស់ការនោះទេ នេះជាបណ្ដាំរបស់ខ្ញុំ ដើម្បីយកឈ្នះលើ កូវីដ១៩ នេះ។ ជាមួយនឹងការប្រកាសបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និងកែលម្អដងស្ទឹងសៀមរាប ដែលត្រូវចំនាយថវិកាប្រមាណជា ១៥០ លាន ដុល្លារ និងថេរវេលា ១៣ ខែ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិទូរទាំងប្រទេសសូមឲ្យឈ្នះអស់មារសត្រូវ ជាពិសេសសត្រូវដ៏កាចសាហាវគឺ កូវីដ ១៩ នេះ។ សូមឲ្យ កូវីដ១៩ ជៀសឆ្ងាយពីយើង ដោយយើងខិតខំគេចវេសរបស់យើងពីវា និងសូមជូនពរបងប្អូនទាំងអស់ឲ្យជួបប្រទះពុទ្ធពរទាំង៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលំ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នេះជាពេលវេលាដែលយើងត្រូវរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនមែនជាពេលដែលត្រូវទម្លាក់កំហុសលើគ្នានោះទេ

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពេលនេះជាពេលវេលាដែលប្រជាជនកម្ពុជាយើងត្រូវរួបរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនមែនជាពេលដែលត្រូវទម្លាក់កំហុសលើគ្នានិងស្តីបន្ទោសគ្នានោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅពេលនេះ ជាការឆ្លងធ្ងន់ធ្ងរសម្រាប់កម្ពុជា ព្រោះជាការឆ្លងចូលសហគមន៍លើកដំបូង ដែលត្រូវបានលោកដាក់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ហើយលោកស្នើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ និងថែរក្សាសុខភាពរបស់ខ្លួនផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានមនុស្ស១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រកាសពីទឹកដីខេត្តសៀមរាប ថា មានមនុស្ស១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងគូសបញ្ជាក់បន្ថែមថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគម​ន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន៣,៣៣២សំណាក មកពី៧ខេត្ត។ លោក បានថ្លែងថា ប្រតិបត្តិការទប់ស្កាត់កូវីដ-១៩ បានធ្វើលឿន ហើយក្នុងទ្រង់ទ្រាយធំ តែកន្លែងខ្លះមិនទាន់លឿននៅឡើយទេ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិធីយកឈ្នះជំងឺកូវីដ១៩ គឺយើងត្រូវតាំងខ្លួនជាអ្នកចាញ់ និងខ្លាចជំងឺកូវីដ១៩ តែកុំតក់ស្លុត

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សូមមកធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានរៀបចំរួចជាស្រេច។ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍លើកដំបូងនៅកម្ពុជា។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះគឺជាពេលវេលាដ៏លំបាកមួយដែលអាចចាត់ទុកជាការសាកល្បងទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យចម្លងចូលក្នុងសហគមន៍មានទ្រង់ទ្រាយធំ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នេះជាដំណាក់កាលដ៏លំបាកមួយដែលប្រជាពលរដ្ឋត្រូវភ្ញាក់រលឹក ក្នុងការបង្ការការពារកុំឲ្យជំងឺកូវីដ១៩។ លោកថា កម្ពុជាឆ្លងកាត់ដំណាក់កាលនេះបាន ឬមិនបាន គឺអាស្រ័យលើប្រជាពលរដ្ឋយើងទាំងអស់គ្នា។

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា វិធីយកឈ្នះជំងឺកូវីដ១៩ គឺយើងត្រូវតាំងខ្លួនជាអ្នកចាញ់ និងខ្លាចជំងឺកូវីដ១៩ តែកុំតក់ស្លុត ដោយត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះទាំងអស់គ្នា។ លោកថា យើងខ្លាច គឺត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយទឹកអាកុល និងសាប៊ូ និងរក្សាគម្លាតសុវត្ថិភាពសង្គមជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅមុខ គឺមានរយៈពេល ១៥ថ្ងៃ ដែលយើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលលោកចាត់ទុកថា ប្រសិនបើយើងមិនអាចទប់ស្កាត់បានទេ នោះកម្ពុជានឹងជួបមហន្តរាយមួយ។ តែទោះយ៉ាងលោកបានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាយើង នឹងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ៕





Friday, November 27, 2020

គ្រឿងឧបភោគបរិភោគនិងបច្ច័យដែលជាទឹកព្រះទ័យរបស់ព្រះចៅអធិការទាំង៣២វត្ត ប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ

 កំពង់ឆ្នាំង៖ អនុសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យ ទទួលសម្ភារ ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យពីព្រះចៅអធិការវត្តទាំង ៣២វត្ត នារសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោក វន ស៊ីផា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក និងលោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមស្រុកសាមគ្គីមានជ័យ ពីព្រះតេជគុណ អ៊ុត ស៊ីថា ព្រះវិន័យធរស្រុក តំណាងព្រះអនុគណស្រុក ដែលជាការរួមចំណែករបស់ព្រះចៅអធិការវត្តទាំង ៣២ ដើម្បីចូលរួមការងារមនុស្សធម៌។

សម្ភារ និងបច្ច័យដែលអនុសាខាទទួលពីព្រះចៅអធិការវត្តទាំង ៣២ រួមមាន៖ អង្ករ ១៥០០គីឡូក្រាម, មី ៤២កេស, ទឹកត្រី ៣៥យួរ, ទឹកស៊ីអ៊ីវ ៣៧យួរ, ស្ករស ០៨គីឡូក្រាម, អំបិល ០២គីឡូក្រាម, ត្រីខ ១០យួរ, ទឹកបរិសុទ្ធ ០២កេស និង ០១យួរ, ទឹកដោះគោ ០៥កំប៉ុង, ប្រឡុង ០២ និងបច្ច័យ ៣,៤០០,០០០រៀល៕





ពិធីចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៩៥៤គ្រួសារ

 ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រីបានអញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៩៥៤គ្រួសារ នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីសាខា អនុសាខាកាកបាទក្រហម លោកស្រីក្រុមប្រឹក្សាខេត្ត លោកស្រីជាអភិបាលរងខេត្ត លោកឧកញ៉ា ប្រធាន មន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ និងសប្បុរសជន។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានធ្វើរបាយការណ៍ស្តីពីប្រជាពលរដ្ឋទីទ័លក្រដែលមកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ​ មានចំនួន ៩៥៤ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរស់តាមថ្នល់ និងតាមការដ្ឋានមានចំនួន ៤៨០គ្រួសារ គ្រួសារទីទ័លក្រមកពីសង្កាត់លេខ៤ មានចំនួន ២៥៦ គ្រួសារ គ្រួសារផ្ទុកមេរោគអេដស៍ ១៥០គ្រួសារ និងសិស្សសាលាដុនបូស្កូចំនួន៦៨នាក់។

ក្នុងពិធីនោះ លោក គួច ចំរើន បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រដោយពាំនាំសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋទីទ័លក្រនៅក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋទីទ័លក្រជួបគ្រោះធម្មជាតិនានានៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោក គួច ចំរើន បានថ្លែងអំណរគុណសប្បុរសជនដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់សាខាមានលទ្ធភាពក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងខេត្តព្រះសីហនុ ពិសេសអង្គការម្លប់តាប៉ាងដែលបានធ្វើសកម្មភាពជួយដល់កុមារក្នុងក្រុងព្រះសីហនុ ក៏ដូចជាគ្រួសារក្រីក្រនូវកម្មវិធីជាច្រើនដូចជា ប្រមូលកុមារឱ្យស្នាក់នៅរៀនសូត្រក្នុងមណ្ឌល និងជួយកុមារនៅតាមចិញ្ចើមផ្លូវបានចូលរៀនសូត្រនៅសាលារដ្ឋ គ្រួសារផ្ទុកមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តព្រះសីហនុ។ អង្គការបានធ្វើសកម្មភាពចំគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងស្ថានភាពបែបនេះ សាខាកាកបាទក្រហមខេត្ត បានខិតខំកៀរគថវិកាចែកជូនប្រជាពលរដ្ឋរជាបន្តបន្ទាប់ ។ សាខាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រក្នុងខេត្តព្រះសីហនុ ដោយអនុវត្តនូវគោលការគ្រឹះរបស់កាកបាទក្រហមកម្ពុជា។

ប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានបញ្ជាក់ថា ខែកន្លងមកខេត្ត បានជួបព្រឹត្តិការណ៍ពីរ គឺគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ បណ្តាលឱ្យបាត់បង់អាយុជីវិតប្តីប្រពន្ធពីរគ្រួសារបន្សល់ទុកកូនកំព្រា។ ទោះបីរាជរដ្ឋាភិបាល បានខិតខំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ធ្វើឱ្យជីវភាពកាន់តែល្អប្រសើរកាត់បន្ថយភាពក្រីក្រហើយរដ្ឋបាលខេត្ត ក្រុងបានរៀបចំសណ្តាប់ធ្នាប់សាធារណ: ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងអំពាវនាវប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ចូលរួមអនុវត្តវិធានសុខាភិបាលដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុល ឱ្យបានញឹកញាប់ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទីទ័លក្រក្នុងក្រុងព្រះសីហនុ ចំនួន ៩៥៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ ០១យួ ប្រេងឆា ០១ដប និងថវិកា ៥០,០០០រៀល៕







យុវជននិងគ្រូបង្រៀនចំនួន១៥០នាក់នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញស្វែងយល់អំពីការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ

 សៀមរាប៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំនួន១៥០នាក់ មកស្តាប់បទបង្ហាញអំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។

លោក ង៉ែត សុខចាន់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនៃខេត្តសៀមរាបក្នុងបំណងលើកកម្ពស់ការយល់ដឹងបំណិនជីវិត បណ្តុះស្មារតី សាមគ្គីភាព និងគោរពស្រឡាញ់ចំពោះបេតិកភណ្ឌ។ ពិសេសគឺការទទួលបាននូវចំណេះដឹងថ្មីៗតាមរយៈបទបង្ហាញការងារពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា ទាក់ទងនឹងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ។ ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូយុវជនទាំង១៥០នាក់នេះ លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើបទបង្ហាញអំពីកិច្ចការអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ បញ្ហាប្រឈម កិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ។

លោក សុខ សង្វារ អគ្គនាយករង ក៏បានធ្វើបទបង្ហាញអំពីការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ និងលោក ម៉ុក គន្ធី ប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ បានបង្ហាញអំពីស្ថាប័នអាជ្ញាធរជាតិអប្សរាដល់យុវជនដើម្បីទទួលបានចំណេះដឹងថ្មី។

ក្រៅពីការស្តាប់បទបង្ហាញពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា គណៈប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូនៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បន្តទទួលបានចំណេះដឹងបន្ថែមទៀត នៅតាមការដ្ឋានផ្ទាល់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាទៀតផង៕








សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ របស់អាជ្ញាធរជាតិអប្សរាបង្ហាញថាមានភាពល្អប្រសើរលើសឆ្នាំកន្លងមក

 រយៈពេល៣ថ្ងៃ ក្រោយពីចុះពិនិត្យឯកសារ និងលទ្ធផលការងារនៅតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា រួមទាំងបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងតំបន់រមណីយដ្ឋានអង្គរ សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរត្រូវ បានបិទបញ្ចប់នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងពិធីបិទសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO-14001:2015 លោក អ៊ុន មុន្នីនីតា ប្រធានសវនករបានបង្ហាញថា សវនកម្មនៅឆ្នាំ២០២០នេះ មានភាពល្អប្រសើរគួរជាទីមោទនភាពជាងឆ្នាំកន្លងមក ហើយភាពល្អប្រសើរឡើង គឺក្នុងនោះមិនមានចំណុចមិនអនុលោមឡើយ ចំណុចតាមអង្កេត២ ចំណុចប្រសើរ១៦ និងអនុសាសន៍១០។

ក្នុងនោះលោកបានកោតសរសើរចំពោះលទ្ធផលនៃសវនកម្មនៅឆ្នាំនេះ និងសូមឱ្យគ្រប់នាយកដ្ឋាន និងអង្គភាពទាំង១៦ យកចិត្តទុកដាក់កែលម្អបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត។

លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានសាទរចំពោះលទ្ធផលដ៏ល្អដែលទទួលបាននៅពេលនេះ និងបញ្ជាក់ថា ភាពជោគជ័យល្អប្រសើរនេះ បានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តី-បុគ្គលិកទាំងអស់។ លោកបានផ្ដាំផ្ញើដល់គ្រប់នាយកដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើយ៉ាងណា ឱ្យលទ្ធផលកាន់តែប្រសើរជាងនេះជាបន្តបន្ទាប់។

គួរបញ្ជាក់ថា សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ធ្វើឡើងដើម្បីប្រសិទ្ធភាព ផ្តោតលើលទ្ធផលសម្រេចបានតាមគោលនយោបាយ និងគោលបំណងបរិស្ថាន។ ស្ថានភាពនៃការគោរពច្បាប់បញ្ញត្តិទាក់ទងនឹងបរិស្ថាន ឆ្លើយតបទៅនឹងការប្រាស្រ័យទាក់ទងជាមួយភាគីផ្ទៃក្រៅ ស្ថានភាពនៃការកែតម្រូវ និងការបង្ការភាពមិនអនុលោម កែលម្អការសម្តែងបរិស្ថានទាំងមូល៕





រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី២ នៅស្រុកស្នួល

 ក្រចេះ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកស្នួលមានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ ឆ្នាំទី២ ក្រោមអធិបតីភាពលោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ គឹមនី អភិបាលរងខេត្ត នៅបរិវេណសាលាឃុំ២ធ្នូ ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះនា។

លោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសំបូរ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំណួរ សំណូមពរ មតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍន៍ភូមិ ឃុំ ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។ ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរចំនួន១០ ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយនឹងសំណួរ ហើយដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះដូចជា សុំជួសជុលផ្លូវថ្នល់ សុំបន្តអគ្គិសនីសម្រាប់ប្រើប្រាស់ សុំចុះបញ្ជីដីធ្លី សុំឲ្យមានការបង្ក្រាបជនល្មើសឆក់ត្រីតាមដងអូរ និងព្រែកឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទិននឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបានក្រុមការងារថ្នាក់ខេត្ត ពិសេសតាមមន្ទីរ/អង្គភាពជំនាញបានធ្វើការឆ្លើយបំភ្លឺផងដែរ។

ក្នុងឱកាសនោះលោក គង់ គឹមនី អភិបាលរងខេត្ត និងលោក ធុនគ្រី តំណាងប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក បន្តថារាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួច ហើយចំពោះបញ្ហានៅសល់មួយចំនួនទៀតនិងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត ។

លោក ក៏បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះបញ្ហាដែលបានកើតឡើង ព្រោះរដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងឲ្យ អស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីឆ្លើយតបនិងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធិភាព និងរួមចំណែកក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ទាំងមូលកាន់តែប្រសើឡើង។ លោក ក៏បានស្នើរឱ្យមន្ត្រីនៅទូទាំងខេត្តទំាងអស់ ត្រូវយកចិត្តទុកដាក់លើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៍ទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត ការដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ (វីដេអូ)

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសុន្ទរកថាគន្លឹះមួយតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ នៅឆ្នាំ២០២០នេះ ធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» ដោយផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅរវាងចិន និងអាស៊ាន។


ក្នុងសុន្ទរកថាគន្លឹះនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្របទៅនឹងកាលៈទេសៈប្រក្រតីភាពថី្ម លើកកម្ពស់ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងសម្រេចបានវឌ្ឍនភាពបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍អំពីការខិតខំរបស់កម្ពុជា សំដៅជំរុញការធ្វើឌីជីថលូបនីយកម្មលើផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន ជាវេទិកាសំខាន់មួយសម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត។ ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០។ ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៤មក នៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន។

កម្ពុជា បានគាំទ្រពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះចំនួន ១១លើកកន្លងមកហើយ ដែលចំនួននេះច្រើនជាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀត។

តែសម្រាប់ឆ្នាំ២០២០នេះ ព្រោះតែបញ្ហាជំងឺកូវីដ១៩ លោកនាយករដ្ឋមន្រ្ដី មិនអាចអញ្ជើញចូលរួមដោយផ្ទាល់នោះឡើយ គឺបានត្រឹមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយប៉ុណ្ណោះ។

វេទិកានេះ បានផ្តល់នូវកាលានុវត្តភាពធំធេងដល់កម្ពុជា ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ដែលចូលរួមពិព័រណ៍។ មិនតែប៉ុណ្ណោះ ទំនិញកម្ពុជា បានជ្រៀតចូលទីផ្សារចិនកាន់តែច្រើន ហើយកម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មបានចំនួន៤ទីតាំង ក្នុងខេត្តចំនួន ៤ផ្សេងគ្នានៅក្នុងប្រទេសចិន ៕




លោកស្រី អោង សាន ស៊ូជី ផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការផ្តល់ជំនួយឧបត្ថម្ភម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀតដល់មីយ៉ាន់ម៉ា

 លោកស្រី អោង សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ បានផ្ញើលិខិតមួយច្បាប់ជូនលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយថ្លែងអំណរគុណចំពោះការផ្តល់ជំនួយម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ជូនដល់ប្រទេសមីយ៉ាម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ តាមលិខិតរបស់ លោកស្រី អោង សាន ស៊ូជី បានបញ្ជាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ការផ្ដល់ជំនួយដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជាដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែ​លកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រា​កដដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំបាកនេះ»។

លោកស្រី បានបន្តថា៖ «បើទោះជាកំពុងជួបប្រទះការកើនឡើងករណីកូវីដ១៩ នៅក្នុងប្រទេ​សមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ដោយមានកម្លាំងរួ​មសាមគ្គីរបស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រដ៏ខ្លាំងក្លាពីដៃគូជាមិត្ត ដូចជា កម្ពុជា យើ​ងខ្ញុំនឹងអាចជម្នះលើបញ្ហាប្រឈម និងងើបឡើងកាន់តែរឹងមាំនិងខ្លាំងក្លាថែមទៀត»។ លោកស្រី បានឆ្លៀតឱកាសនេះ ចូលរួមអបអរសាទរចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អំណោយម៉ាស២លាន១សែន និងបរិក្ខាពេទ្យរប ស់កម្ពុជាសរុប១២មុខ ត្រូវបាន លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំយកទៅប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែ​ក​ជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។ ការផ្តល់ជំនួយម៉ាស់ និងបរិក្ខារប្រ​យុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មិនមែនជាលើកទី១ឡើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានផ្តល់ជំនួយបែបនេះទៅកាន់ប្រទេសឡា​វផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជាការចូលរួមចំណែកនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅតាមលទ្ធភាពរបស់កម្ពុជា៕

ខាងក្រោមនេះជាលិខិតរបស់លោកស្រី អោង សាន ស៊ូជី ផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖










ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

 នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសព័ត៌មានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយករណីព្យាបាលជាសះស្បើយក៏គ្មានដែរ ដោយអ្នកជំងឺកំពុងសម្រាក នៅមន្ទីរពេទ្យចំនួន៩នាក់ដដែល។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣០៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់ ៕



Thursday, November 26, 2020

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នាសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាន សមាជិកលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង ជំនួយការគជបខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីអភិបាលរង ក្រុងស្រុកទាំង៨ លោកវរៈសេនីយ៍ស្នងការរងនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងគណបក្សនយោបយ និងតំណាងអង្គការសង្គមស៊ីវិល សរុបអ្នកចូលរួម ២៦នាក់ ស្រី ០៣នាក់។


ក្នុងកិច្ចប្រជុំនេះដែរ លោក បានដាក់ចេញនូវសំណូមពរមួយចំនួនដល់ភាគីពាក់ព័ន្ធអនុវត្ត ដូចខាងក្រោម៖ 

១- អភិបាលក្រុង ស្រុក ត្រូវពិនិត្យតាមដាន និងជំរុញក្រុមប្រឹក្សាឃុំ សង្កាត់នៅក្រោមឱវាទរបស់ខ្លួនឱ្យអនុវត្ត ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប។ 


២- អភិបាលក្រុង ស្រុក ត្រូវជំរុញ និងណែនាំឱ្យក្រុមប្រឹក្សាឃុំ សង្កាត់អនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងការទទួល និងដោះស្រាយបណ្ដឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ដោយប្រកាន់គោលជំហរក្រមសីលធម៌ វិជ្ជាជីវៈ អព្យាក្រឹត្យ សមភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ ។ 


៣- អភិបាលក្រុង ស្រុកត្រូវជំរុញ និងណែនាំក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្ដីណែនាំលេខ ០៥៤ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ គ.ជ.ប។

៤- ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោត ដំបូងឱ្យបានល្អប្រសើរ។ 


៥- គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមជួយផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានឃុំ សង្កាត់។ 


៦- គ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរៀងៗខ្លួន ឱ្យបានត្រឹមត្រូវដោយឈរលើមូលដ្ឋាន ច្បាប់ បទបញ្ជា និងនិតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំនានារបស់ គ.ជ.ប ។


លោកតូច ប៉ូលីវ៉ា ក៏បានស្នើសូមអាជ្ញាធរក្រុងស្រុកសូមធ្វើការណែនាំដល់ក្រុមប្រឹក្សាឃុំ មេឃុំ ត្រូវពង្រឹងវិធានការណ៍ ណែនាំ និងចូលរួមអនុវត្តតាមវិធានការណ៍ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅលើពិភពលោកផងដែរ៕




កម្ពុជា-វៀតណាម បង្កើតក្រុមការងារចំពោះកិច្ចលើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ដើម្បីប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហប្រធានជាមួយភាគីវៀតណាម បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ កម្ពុជា- វៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ច ទៅតាមវិស័យទាំងការ ដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរ ត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែ ជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។ លោក បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ក្នុងឱកាសអញ្ជើញនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យ ប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជាទៅកាន់ច្រកទ្វារព្រំដែនតួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ៕