Thursday, December 09, 2021

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។


នៅក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជិត២ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងមិនមែនជារឿងលេងសើចទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់អាកាសយានដ្ឋាន ដែលមានសមត្ថភាពខ្ពស់ គឺសំខាន់ណាស់ សម្រាប់ទទួលយន្តហោះធំៗ និងឆ្លើយតបនឹងកំណើននៃការធ្វើដំណើរ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបថតសម្រាប់ពិធីសំណេះសំណាលនៅអាកាសយានដ្ឋានអន្តរជាតិថ្ងៃនេះ នឹងមានតម្លៃរាប់សិបឆ្នាំទៅមុខទៀត។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណងប្រមូលទុនក្នុងស្រុកសម្រាប់សាងសង់សំណង់នានា។ ដោយសម្តេចចង់ឱ្យសំណង់នោះ ជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម គឺកើតចេញពីខ្មែរទាំងអស់។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ពង្រឹងអ្នកមានស្រុកខ្មែរ។ បើពឹងអ្នកមានស្រុកគេ ពេលមានបញ្ហាគេមិននៅជាមួយនោះឡើយ។


* សម្តេចតេជោ ហ៊ុន សែន សរសើរដល់ទឹកចិត្តសប្បុរសជនដែលបានចូលរួមជាមួយសម្តេចក្នុងការជួយដល់ប្រទេសឡាវ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនព្រីនស៍ ជាក្រុមហ៊ុនរបស់ខ្មែរ មិនមែនរបស់ចិនឡើយ។ ថៅកែជាជនជាតិចិន តែបានចូលសញ្ជាតិខ្មែរ ហើយប្រើលិខិតឆ្លងដែនជាខ្មែរ។


* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងក្រុមហ៊ុននានា ចូលរួមទិញសញ្ញាប័ណ្ណ ដែលបោះផ្សាយដោយក្រុមហ៊ុន OCIC។


* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ចំណាត់ការអន្តរជាតិ ដែលមិនឱ្យពលរដ្ឋខ្មែររូបណាយកលុយទៅដាក់នៅក្រៅប្រទេស។ សម្រាប់សម្តេចតេជោ វិធានការនេះ បានធ្វើឱ្យអ្នកមានធនធានរបស់ខ្មែរបង្វែលុយមកវិនិយោគនៅក្នុងប្រទេស។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសដាក់ទណ្ឌកម្មរបស់ប្រទេសមួយចំនួនលើពលរដ្ឋកម្ពុជាមួយចំនួន គឺគ្មានន័យឡើយ ព្រោះអ្នកជាប់ទណ្ឌកម្មនោះមិនមានលុយនៅក្រៅប្រទេសទេ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នឹងអមសម្តេចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានសមាជិក៩ប្រទេស មិនមែនជាកុងសង់ស៊ីសទេ គឺត្រូវតែ១០ប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតម្រុយល្អក្នុងសម្របសម្រួលលើបញ្ហារបស់មីយ៉ាន់ម៉ា។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាស៊ីត ភិរម្យយ៉ា អតីតរដ្ឋមន្ត្រីការបរទេសថៃ ធ្លាប់បានសូមទោសសម្តេច ព្រោះសម្តីឆ្គាំឆ្គងរបស់គេ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលថៃ បានបញ្ជូនរដ្ឋមន្ត្រីការបរទេសថៃ ទៅមីយ៉ាន់ម៉ា ដើម្បីផ្តល់ជំនួយជួយមីយ៉ាន់ម៉ា។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលជំហររបស់ កាស៊ីត ភិរម្យយ៉ា ជាជំហរផ្ទុយរដ្ឋាភិបាលថៃ។


* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអ្នកវិភាគអន្តរជាតិនានាថា តើការធ្វើឱ្យអាស៊ានពីសមាជិក ៩ប្រទេស ទៅ១០ប្រទេសវិញ ជារឿងខុសឆ្គងដែរឬទេ?


* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទិញសញ្ញាប័ណ្ណរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចកំណត់អាកាសយានដ្ឋានអន្តរជាតិថ្មីថា «តេជោក្រុងតាខ្មៅ» ព្រោះតំបន់នេះជាតំបន់តេជោ ធ្វើសកម្មភាពទាំងជំនាន់មុន និងបច្ចុប្បន្ន។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យ «តេជោ» ដែលបានដាក់នៅអាកាសយានដ្ឋានថ្មីនេះ មិនមែនសម្តៅដល់សម្តេចម្នាក់ឯងនោះឡើយ គឺបានសម្តៅដល់តេជោជាច្រើនរូបទៀត ជាពិសេសតេជោមាស តេជោយ៉ត។


* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា ការប្រើពាក្យ «តេជោ» ក៏ជាដើម្បីបញ្ជាក់ពីរបបនេះ ជារបបរាជានិយមផងដែរ។


* សម្តេចតេជោ ហ៊ុន សែន គោរមងាររបស់សម្តេច សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ដែលមានពាក្យ «អគ្គ» នៅខាងដើម គឺជាការប្រោសប្រទានដាក់ផ្ទាល់ដោយសម្តេច នរោត្តម សីហនុ។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុងសម្រាប់នាពេលអនាគត បានរៀបចំរួចហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នឹងរៀបចំធ្វើសន្និបាតរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈរដ្ឋមន្ត្រីថ្មីបម្រុង ដែលសម្តេចបានរើសនោះ ពាក់កណ្តាលជាថ្នាក់បណ្ឌិត ក្រៅពីនោះអនុបណ្ឌិត អាយុភាគច្រើនក្រោម៦០ឆ្នាំ


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីម្សិលមិញ សម្តេច សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច សាយ ឈុំ និងលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជជែកគ្នាកំណត់បេក្ខភាពគណៈរដ្ឋមន្ត្រីរួចហើយ


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សនៅបក្សប្រឆាំងខ្លះ មានដើមកំណើតវៀតណាមសោះ បែរមកលាភពណ៌រឿងវៀតណាមនៅកម្ពុជា។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលចិត្តអ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ ព្រោះសម្តេចចង់យល់ដឹងពីប្រវត្តិសាស្ត្រ។


* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃរឿងស្តេចកន ហើយហៅស្តេចកន ជាអ្នកធ្វើបដិវត្តន៍ប្រជាធិបតេយ្យប្រជាជន តាំងពីឆ្នាំ១៥០៦។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះនៅភ្នំពេញ និងនៅខេត្តសៀមរាប មិនអាចឆ្លើយតបនឹងកំណើនជើងហោះហើរ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបតម្រូវសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងសៀមរាប ហើយពង្រីកព្រលាននៅព្រះសីហនុ។


* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យចៅរៀនបានបណ្ឌិត ឬបេក្ខភាពបណ្ឌិត ទើបអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៨ ខែធ្នូ ម្សិលមិញនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនហាក់ភ័យហួសហេតុចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង»។


* សម្តេចតេជោ ហ៊ុន សែន បានណែងនាំអភិបាលរាជធានីភ្នំពេញ ពន្លឿនការសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការ «៣ការពារ និង៣កុំ» អមជាមួយការចាក់វ៉ាក់សាំងដូសជំរុញ គឺត្រូវតែបន្តអនុវត្ត។


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកស្រោចវ៉ាក់សាំង គឺជាយុទ្ធសាស្ត្រការពារជីវិតពលរដ្ឋ និងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។


* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៥៨នាទី.ដោយ៖ Fresh News















































សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជានៅតែមានសាមគ្គីភាពនិងភាពរឹងមាំជានិច្ចមិនអាចមានអ្នកណាបំបែកបានទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីអ្នកណានិយាយចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏មិនអាចទៅរួចដែរ ពោលគឺគណបក្សប្រជាជនកម្ពុជានៅតែមានសាមគ្គីភាពនិងភាពរឹងមាំជានិច្ចមិនអាចមានអ្នកណាបំបែកបានទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីមានការលើកឡើងពីបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីបន្តពីសម្តេចក៏ដោយ ក៏ត្រូវឆ្លងកាត់សេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ។


សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងដែលថ្មី កាលពីថ្មីៗនេះ សម្តេចក៏បានបើកការប្រជុំរួចហើយដែរពីការសម្រេចរៀបចំគណៈរដ្ឋមន្រ្តីថ្មីបម្រុងសម្រាប់អ្នកជំនាន់ក្រោយដែលបេក្ខភាពទាំងនោះភាគច្រើនគឺសុទ្ធតែបណ្ឌិត និងអនុបណ្ឌិត៕








ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ 

   

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំណើរអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាដំណើរលើកទីពីរហើយ។ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ព្រលានយន្តអន្តរជាតិនេះរួចម្តងមកហើយ។ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវអាកាសក៏ស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មទេសចរណ៍។
ដើម្បីឆ្លើយតបនឹងមហិច្ឆតាដ៏មហិមានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដែលជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាអ្នកទទួលបានសិទ្ធិសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ធ្លាប់បានបង្ហាញមហិច្ឆតារបស់ខ្លួន សាងសង់អាចនឹងរួចរាល់នៅឆ្នាំ២០២៣។ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នេះ ដំណើរការសាងសង់សម្រេចបានប្រមាណ ២៧ភាគរយហើយ នៃគម្រោងទាំងមូល។
អគ្គនាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនបានចូលរួមកសាងសមិទ្ធផលជាច្រើននៅកម្ពុជានេះ បានឱ្យដឹងថា សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ, ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។ គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា។
បើតាមអ្នកឧកញ៉ា ពង់ ឃាវសែ បច្ចុប្បន្នការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប ៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកប្រមាណ ៣,១២៥នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីចំនួន ៦១៥នាក់។
អ្នកឧកញ៉ា ពង់ ឃាវសែ បានអះអាងថា គម្រោងសាងសង់បានចំណាយថវិកាប្រមាណ ៣៧៥លានដុល្លារហើយមកដល់ពេលបច្ចុប្បន្ននេះ។ ឆ្នាំ២០២២ខាងមុខ គ្រោងចំណាយថវិកាបន្ថែមប្រមាណ ៤៧៦លានដុល្លារអាមេរិកទៀត ហើយគិតជាមធ្យមចំណាយប្រមាណ ១.២៨លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា ដើម្បីជំរុញដល់ការតភ្ជាប់ផ្លូវអាកាស សម្តេចតេជោ ហ៊ុន សែន បានជំរុញការកសាងអាកាសយានដ្ឋានជាច្រើនកន្លែងទៀត បន្ថែមពីលើអាកាសយានដ្ឋានដែលកំពុងមាននាពេលបច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ។
ក្រៅតែពីអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តកណ្តាលហើយនោះ រាជរដ្ឋាភិបាល ក៏បានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប គ្រោងបញ្ចប់នៅឆ្នាំ២០២៣, អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដែលគ្រោងដាក់ដំណើរការនៅដំណាច់ឆ្នាំ២០២១នេះ។
ក្រៅតែពីព្រលានទាំងនេះ រាជរដ្ឋាភិបាល ក៏មានផែនការសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរី, នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, នៅខេត្តកោះកុង និងបាត់ដំបង៕

វិភាគអន្តរជាតិ៖ ការបរិច្ចាគវ៉ាក់សាំងក្នុងតំបន់អាស៊ី នាំមកនូវ «សុច្ឆន្ទៈ» ចំពោះមុខការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Omicron

(ស៊ីដនី)៖ ការផ្ទុះឡើងនូវវីរុសបំប្លែងថ្មី Omicron បាន និងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីការងើបស្ទុះឡើងវិញនៃករណីឆ្លង COVID-19 ដែលជំរុញ ឱ្យប្រទេសជាច្រើននាំគ្នាដាក់ចេញវិធានការទប់ស្កាត់ជាបន្ទាន់ ក្នុងនោះមានការបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ឬដូសជំរុញ។ វ៉ាក់សាំង ត្រូវបានគេចាត់ទុកថាជាអាវុធភូមិសាស្រ្តនយោបាយដ៏សំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន អាចឱ្យបណ្ដាប្រទេសអ្នកមាន ឬប្រទេសមហាអំណាចប្រើជា មធ្យោបាយពង្រីកឥទ្ធិពលរបស់ខ្លួន នៅជុំវិញពិភពលោក ជាពិសេសគឺតំបន់អាស៊ី ដែលកំពុងប្រឹងប្រែងចាក់វ៉ាក់សាំងដូសជំរុញ។

ក្នុងន័យនេះ ក្រុមអ្នកជំនាញភាគច្រើនយល់ថាបណ្ដាប្រទេសអ្នកមានអាចបង្កើនឥទ្ធិពលរបស់ខ្លួន ឬរក្សាតុល្យភាពនៃអំណាចនៅក្នុងតំបន់អាស៊ី តាមរយៈ ការបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ដល់ប្រទេសដែលកំពុងត្រូវការវ៉ាក់សាំងជាចំាបាច់។

*ការបរិច្ចាគវ៉ាក់សាំងជាមធ្យោបាយពង្រីកឥទ្ធិពល

សម្ពាធនៃតម្រូវការវ៉ាក់សាំង ដើម្បីបង្រ្កាបវីរុសបំប្លែងថ្មី Delta បានប្រែក្លាយការបរិច្ចាគវ៉ាក់សាំងឱ្យទៅជាមធ្យោបាយមួយដ៏សំខាន់ក្នុងការពង្រីកឥទ្ធិពល កាលពីឆ្នាំ២០២០។ មកទល់នឹងបច្ចុប្បន្ន សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសនាំមុខគេក្នុងការបរិច្ចាគវ៉ាក់សាំងដល់តំបន់អាស៊ី ខណៈជប៉ុន និងឥណ្ឌា ជាដើមកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សាំងនេះដែរ។ បន្ថែមពីលើនេះ ការបរិច្ចាគម៉ាស និងបរិក្ខាប្រយុទ្ធប្រឆាំង COVID-19 ត្រូវបាន ទទួលស្គាល់ថាជាសុឆន្ទៈមួយដ៏ប្រសើរ ហើយអ្វីដែលសំខាន់ គឺប្រឈមមុខនឹងការកើនឡើងករណីឆ្លងវីរុសបំប្លែងថ្មី Omicron ប្រទេសជាច្រើនកាន់តែ

បង្កើនយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ បើទោះជាមិនទាន់មានទិន្នន័យបង្ហាញពីភាពកាចសាហាវនៃវីរុសបំប្លែងថ្មីនេះក៏ដោយ។

*សេដ្ឋកិច្ច និងការផ្លាស់ប្ដូរតុល្យភាពអំណាច

បណ្ដាប្រទេសភាគច្រើន កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសេដ្ឋកិច្ចដើរថយក្រោយ បង្កឡើងដោយវិបត្តិ COVID-19 ចាប់តាំងពីឆ្នាំ២០២០មក។ នៅក្នុង ឆ្នាំ២០២១នេះ សេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសអ្នកមានហាក់ដូចជាស្ទុះងើបឡើងវិញ ដែលត្រូវអរគុណដល់កំណើននៃអត្រាចាក់វ៉ាក់សាំងដែលបានជួយ ឱ្យប្រទេសទាំងនេះបើកសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗ។

ប៉ុន្តែ ប្រសិនជានិន្នាការបែបនេះនៅតែបន្តកើតមាន នោះកំណើនសេដ្ឋកិច្ចនឹងកើតមានតែនៅក្នុងប្រទេសអ្នកមានប៉ុណ្ណោះក៏ថាបាន ខណៈបណ្ដាប្រទេស កំពុងអភិវឌ្ឍ ឬក្រីក្រ នៅតែរត់តាមពីក្រោយគេខាងចាក់វ៉ាក់សាំង ហើយពួកគេក៏ពិបាកក្នុងការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញដែរ។ កំពូលមហាអំណាច ក្នុងតំបន់ ក្នុងនោះរួមមានចិនបានចាក់វ៉ាក់សាំងបង្ការជូនប្រជាជនរបស់ខ្លួន ច្រើនជាងអត្រាចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិក ស្របពេលសិង្ហបុរី, កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី សុទ្ធតែជាប្រទេសកំពុងមើលឃើញអត្រាចាក់វ៉ាក់សាំងខ្ពស់។ ប៉ុន្តែ សម្រាប់បណ្ដាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ មួយចំនួនធំ នៅតែរត់តាមពីក្រោយគេឆ្ងាយក្នុងការចាក់វ៉ាក់សាំងនៅឡើយ។

អង្គការសុខភាពពិភពលោក WHO ធ្លាប់បានព្រមានជារឿយៗថាពិភពលោកនឹងមិនបានសុខឡើយ ប្រសិនមនុស្សគ្រប់រូបមិនបានទទួលការចាក់វ៉ាក់សាំង តាមគោលដៅកំណត់ ហើយគ្មាននរណាម្នាក់អាចព្យាករបានថាតើវីរុស COVID-19 នឹងរលាយបាត់នៅពេលណានោះទេ។ តែការផ្ដល់ ឬការបរិច្ចាគ វ៉ាក់សាំងគឺជាមធ្យោបាយមួយដ៏ប្រសើរក្នុងការជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដោយសុឆ្ឆន្ទៈនៃសហគមន៍អន្តរជាតិអាចនឹងស្វែងរកការធានាមួយនូវ ការងើបឡើងវិញសេដ្ឋកិច្ច និងសុវត្ថិភាព៕

ប្រភព៖ CNA (ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១)

ដោយ៖ Fresh News