Thursday, December 09, 2021

វិភាគអន្តរជាតិ៖ ការបរិច្ចាគវ៉ាក់សាំងក្នុងតំបន់អាស៊ី នាំមកនូវ «សុច្ឆន្ទៈ» ចំពោះមុខការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Omicron

(ស៊ីដនី)៖ ការផ្ទុះឡើងនូវវីរុសបំប្លែងថ្មី Omicron បាន និងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីការងើបស្ទុះឡើងវិញនៃករណីឆ្លង COVID-19 ដែលជំរុញ ឱ្យប្រទេសជាច្រើននាំគ្នាដាក់ចេញវិធានការទប់ស្កាត់ជាបន្ទាន់ ក្នុងនោះមានការបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ឬដូសជំរុញ។ វ៉ាក់សាំង ត្រូវបានគេចាត់ទុកថាជាអាវុធភូមិសាស្រ្តនយោបាយដ៏សំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន អាចឱ្យបណ្ដាប្រទេសអ្នកមាន ឬប្រទេសមហាអំណាចប្រើជា មធ្យោបាយពង្រីកឥទ្ធិពលរបស់ខ្លួន នៅជុំវិញពិភពលោក ជាពិសេសគឺតំបន់អាស៊ី ដែលកំពុងប្រឹងប្រែងចាក់វ៉ាក់សាំងដូសជំរុញ។

ក្នុងន័យនេះ ក្រុមអ្នកជំនាញភាគច្រើនយល់ថាបណ្ដាប្រទេសអ្នកមានអាចបង្កើនឥទ្ធិពលរបស់ខ្លួន ឬរក្សាតុល្យភាពនៃអំណាចនៅក្នុងតំបន់អាស៊ី តាមរយៈ ការបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ដល់ប្រទេសដែលកំពុងត្រូវការវ៉ាក់សាំងជាចំាបាច់។

*ការបរិច្ចាគវ៉ាក់សាំងជាមធ្យោបាយពង្រីកឥទ្ធិពល

សម្ពាធនៃតម្រូវការវ៉ាក់សាំង ដើម្បីបង្រ្កាបវីរុសបំប្លែងថ្មី Delta បានប្រែក្លាយការបរិច្ចាគវ៉ាក់សាំងឱ្យទៅជាមធ្យោបាយមួយដ៏សំខាន់ក្នុងការពង្រីកឥទ្ធិពល កាលពីឆ្នាំ២០២០។ មកទល់នឹងបច្ចុប្បន្ន សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសនាំមុខគេក្នុងការបរិច្ចាគវ៉ាក់សាំងដល់តំបន់អាស៊ី ខណៈជប៉ុន និងឥណ្ឌា ជាដើមកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សាំងនេះដែរ។ បន្ថែមពីលើនេះ ការបរិច្ចាគម៉ាស និងបរិក្ខាប្រយុទ្ធប្រឆាំង COVID-19 ត្រូវបាន ទទួលស្គាល់ថាជាសុឆន្ទៈមួយដ៏ប្រសើរ ហើយអ្វីដែលសំខាន់ គឺប្រឈមមុខនឹងការកើនឡើងករណីឆ្លងវីរុសបំប្លែងថ្មី Omicron ប្រទេសជាច្រើនកាន់តែ

បង្កើនយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ បើទោះជាមិនទាន់មានទិន្នន័យបង្ហាញពីភាពកាចសាហាវនៃវីរុសបំប្លែងថ្មីនេះក៏ដោយ។

*សេដ្ឋកិច្ច និងការផ្លាស់ប្ដូរតុល្យភាពអំណាច

បណ្ដាប្រទេសភាគច្រើន កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសេដ្ឋកិច្ចដើរថយក្រោយ បង្កឡើងដោយវិបត្តិ COVID-19 ចាប់តាំងពីឆ្នាំ២០២០មក។ នៅក្នុង ឆ្នាំ២០២១នេះ សេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសអ្នកមានហាក់ដូចជាស្ទុះងើបឡើងវិញ ដែលត្រូវអរគុណដល់កំណើននៃអត្រាចាក់វ៉ាក់សាំងដែលបានជួយ ឱ្យប្រទេសទាំងនេះបើកសេដ្ឋកិច្ចឡើងវិញជាបណ្ដើរៗ។

ប៉ុន្តែ ប្រសិនជានិន្នាការបែបនេះនៅតែបន្តកើតមាន នោះកំណើនសេដ្ឋកិច្ចនឹងកើតមានតែនៅក្នុងប្រទេសអ្នកមានប៉ុណ្ណោះក៏ថាបាន ខណៈបណ្ដាប្រទេស កំពុងអភិវឌ្ឍ ឬក្រីក្រ នៅតែរត់តាមពីក្រោយគេខាងចាក់វ៉ាក់សាំង ហើយពួកគេក៏ពិបាកក្នុងការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញដែរ។ កំពូលមហាអំណាច ក្នុងតំបន់ ក្នុងនោះរួមមានចិនបានចាក់វ៉ាក់សាំងបង្ការជូនប្រជាជនរបស់ខ្លួន ច្រើនជាងអត្រាចាក់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិក ស្របពេលសិង្ហបុរី, កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី សុទ្ធតែជាប្រទេសកំពុងមើលឃើញអត្រាចាក់វ៉ាក់សាំងខ្ពស់។ ប៉ុន្តែ សម្រាប់បណ្ដាប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ មួយចំនួនធំ នៅតែរត់តាមពីក្រោយគេឆ្ងាយក្នុងការចាក់វ៉ាក់សាំងនៅឡើយ។

អង្គការសុខភាពពិភពលោក WHO ធ្លាប់បានព្រមានជារឿយៗថាពិភពលោកនឹងមិនបានសុខឡើយ ប្រសិនមនុស្សគ្រប់រូបមិនបានទទួលការចាក់វ៉ាក់សាំង តាមគោលដៅកំណត់ ហើយគ្មាននរណាម្នាក់អាចព្យាករបានថាតើវីរុស COVID-19 នឹងរលាយបាត់នៅពេលណានោះទេ។ តែការផ្ដល់ ឬការបរិច្ចាគ វ៉ាក់សាំងគឺជាមធ្យោបាយមួយដ៏ប្រសើរក្នុងការជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដោយសុឆ្ឆន្ទៈនៃសហគមន៍អន្តរជាតិអាចនឹងស្វែងរកការធានាមួយនូវ ការងើបឡើងវិញសេដ្ឋកិច្ច និងសុវត្ថិភាព៕

ប្រភព៖ CNA (ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១)

ដោយ៖ Fresh News



No comments:

Post a Comment