Monday, September 20, 2021

វិភាគអន្តរជាតិ៖ ពាណិជ្ជកម្ម Vs នាវាមុជទឹក, ការដោះដូរដ៏ប្រថុយប្រថានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក


(វ៉ាស៊ីនតោន)៖ ការប្រកាសពីការសន្យារបស់សហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បាន និងកំពុងបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងចំណោមក្រុមអ្នកជំនាញផ្នែកកិច្ចការយោធា និងអ្នកភូមិសាស្ត្រនយោបាយ។ សម្រាប់អ្នកជំនាញយោធា ការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាចជា «យុទ្ធសាស្ត្រដ៏ឆ្លាតវៃ» ដែលនឹងជួយឱ្យសហរដ្ឋអាមេរិករកបានសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលកងទ័ព ជើងទឹករបស់ចិន ដែលបច្ចុប្បន្នគឺជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោក។

ប៉ុន្តែ ផ្ទុយពីអ្នកជំនាញយោធា អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អាចនឹងបង្កភាពស្មុគស្មាញដល់ការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត និង ការដាក់ចេញនយោបាយការបទេសឱ្យមានប្រសិទ្ធភាព។ ជាក់ស្ដែង ការសន្យាជួយអូស្ត្រាលីផលិតនាវាមុជទឹកនុយក្លេអ៊ែរ នៅក្រោមសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយមានឈ្មោះ AUKUS (A-UK-US) បានបង្កឱ្យមានវិបត្តិទំនាក់ទំនងការទូតមិនធ្លាប់មានពីមុនមករវាងបារាំង និងសហរដ្ឋអាមេរិក។

បារាំងកាលពីថ្ងៃសុក្រ ទី១៧ ខែកញ្ញាកន្លងទៅនេះបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ត្រឡប់មកស្រុកវិញជាការបង្ហាញការជំទាស់ និងខឹងសម្បារទៅនឹងការបង្កើតសម្ព័ន្ធភាពថ្មីនេះដែលទីក្រុងប៉ារីសចាត់ទុកថា «ជាការលួចចាក់បារាំងពីក្រោយខ្នង» ដ្បិតតាមរយៈកិច្ចព្រមព្រៀងនេះ វាបានជំរុញឱ្យអូស្ត្រាលី លុបចោលការបញ្ជាទិញនាវាមុជទឹក ១២គ្រឿងមានតម្លៃ ៤០ពាន់លានដុល្លារដែលបានព្រមព្រៀងគ្នាជាមួយបារាំងកាលពីឆ្នាំ២០១៦។ នៅក្នុងពេលប្រកាសពីការង្កើតសម្ព័ន្ធភាពត្រីភាគីនេះ មេដឹកនាំអាមេរិក អង់គ្លេស និងអូស្ត្រាលីមិនបានលើកឡើងចំឈ្មោះចិននោះទេ តែគ្រប់គ្នាសុទ្ធតែដឹងថាគោលដៅចម្បង នោះគឺខ្ទប់ការកើនឡើង ឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី។

ចាប់តាំងពីអភិវឌ្ឍបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងទសវត្សរឆ្នាំ១៩៥០មក សហរដ្ឋអាមេរិកបានចែករំលែកបច្ចេកវិទ្យាផលិតនាវាប្រភេទនេះជាមួយសម្ព័ន្ធមិត្ត របស់ខ្លួនតែមួយគត់ នោះគឺចក្រភពអង់គ្លេស ហើយការសន្យាចែករំលែកបច្ចេកវិទ្យានេះជាមួយអូស្ត្រាលី វាបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមើលឃើញពីចាំបាច់ក្នុងការ ពង្រឹងសមត្ថភាពនៃសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំពុងស្ថិតនៅលើសមរភូមិមុខនៃជម្លោះជាមួយចិន។ តែនេះមិនមែនមានន័យថាគ្រប់សម្ព័ន្ធមិត្តសុទ្ធតែសំខាន់ចំពោះអាមេរិក នោះទេ ពោលគឺទាល់តែពួកគេបង្ហាញជំហរឈរនៅខាងអាមេរិកប្រឆាំងចិន ដូចជាអូស្រ្តាលី ទើបអាមេរិកយកភ្នែកមើល។ ពិតមែនទៅ ការសម្រេចចិត្តជួយអូស្ត្រាលីផលិត នាវាមុជទឹកក៏ប្រហែលជាសារមួយដែលលោក ចូ បៃដិន ចង់ផ្ញើជូនអឺរ៉ុប រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀតដែរថាអំណេះតទៅ ពួកគេត្រូវតែសម្រេចចិត្តឱ្យច្បាស់ថាចង់នៅខាង អាមេរិក ឬរើសយកចិន ដោយមិនអាចចេះតែសម្ងំទាញយកប្រយោជន៍ពីចិនផង ពីអាមេរិកផងក្នុងពេលតែមួយ ខណៈអាមេរិកកំពុងប្រឹងប្រែងខ្ទប់ឥទ្ធិពលចិនតែម្នាក់នោះទេ។

លើសពីនេះទៅទៀត អាមេរិកក៏ប្រហែលជាចង់យកកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ធ្វើតេស្ដមើលថាតើប្រទេសណាខ្លះគាំទ្រ និងជំទាស់នឹងយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។ កាលពីឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scot Morrison) បាននិយាយថាអូស្ត្រាលីត្រូវការសហរដ្ឋអាមេរិកដើម្បីសន្តិសុខ ហើយត្រូវការចិន ក្នុងនាមជាដៃគូពាណិជ្ជកម្មដោយរក្សាជំហរមិនរើសយកមួយណាឡើយរវាងមហាអំណាចទាំង២។ តែការសម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធភាពយោធាត្រីភាគី AUKUS វាបង្ហាញ រួចទៅហើយថាអូស្ត្រាលីរើសយកអាមេរិក ឬចិន? សម្រាប់បារាំងវាជាការខឹងសម្បារ តែចំពោះអូស្ត្រាលី កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយ សហរដ្ឋអាមេរិក មានផលចំណេញលើសលប់សម្រាប់ជាតិ ដោយវានឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកអូស្ត្រាលី ពីព្រោះនាវាមុជទឹកនុយក្លេអ៊ែរមានសមត្ថភាពខ្ពស់ ជាងនាវាមុជទឹកដែលអូស្ត្រាលីបញ្ជាទិញពីបារាំងដែលជាប្រភេទនាវាមុជទឹកធម្មតា មិនអាចមុជនៅក្រោមទឹកបានយូរដូចជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឡើយ។

បើតាមអ្នកជំនាញភូមិសាស្ត្រនយោបាយ នយោបាយការបរទេសអាមេរិកត្រូវបានគេមើលឃើញថាផ្តោតលើសន្តិសុខជាមុន ទើបសេដ្ឋកិច្ចដើរតាមក្រោយ ដែលផ្ទុយពីចិន ដែលយកប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិក។ នយោបាយផ្តោតលើសន្តិសុខនេះហាក់ដូចជាមិនសមស្របទៅនឹងកាលៈទេសៈ បច្ចុប្បន្នទាល់តែសោះ ពោលគឺខណៈប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងផ្ដោតលើការស្ដារសេដ្ឋកិច្ចជាតិឡើងវិញពីវិបត្តិ COVID-19 អាមេរិកបែរជាផ្ដោតលើសន្តិសុខ ផ្ទុយពីអ្វីដែលអ្នកជំនាញភាគច្រើនយល់ថាទីក្រុងវ៉ាស៊ីនតោនគួរតែផ្ដល់ជម្រើសសេដ្ឋកិច្ច ឬពាណិជ្ជកម្មដ៏ប្រសើរមួយដល់បណ្ដាប្រទេសដទៃ ដើម្បីកុំឱ្យពួកគេពឹងផ្អែកខ្លាំងពេក ទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន។

មួយថ្ងៃ ក្រោយសហរដ្ឋអាមេរិកប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី ចិនបានដាក់ពាក្យស្នើសុំជាផ្លូវការចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ ថា CPTPP ដោយវាបានបង្កឱ្យមានការចោទសួរនូវសំនួរមួយដ៏សំខាន់ទៅអនាគត នោះគឺថាតើរវាងកិច្ចព្រមព្រៀងយោធារបស់អាមេរិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ចិន មួយណានឹងមានប្រៀបជាង? CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រមូលផ្ដុំបណ្ដាប្រទេសនៅ ជុំវិញខ្សែក្រវាត់ប៉ាស៊ីហ្វិកដែលតំណាងឱ្យ ៤០ភាគរយនៃសេដ្ឋកិច្ចសកល។ គោលបំណងមួយនៃការបង្កើតកិច្ចព្រមព្រៀងនេះឡើង គឺដើម្បីកាត់បន្ថយកុំឱ្យបណ្ដាប្រទេស នានា ពឹងផ្អែកខ្លាំងពេកទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន ហើយលើកកម្ពស់មុខមាត់ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកចំនួន១២ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ក្រោមសម័យដឹកនាំរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។ ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP កាលពីឆ្នាំ២០១៧ ដោយសំអាងថាកិច្ចព្រមព្រៀងនេះសម្លាប់ការងាររបស់ប្រជាជនអាមេរិក។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ២០១៨ ទើបសមាជិកផ្សេងទៀតដែលនៅសល់បានរួមគ្នាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ដោយមិនមានអាមេរិកជាសមាជិក។ ប្រធានាធិបតីលោក ចូ បៃដិនធ្លាប់បានបញ្ជាក់ថាលោកនឹងគាំទ្រឱ្យសហរដ្ឋអាមេរិកចូលរួម ក្នុងកិច្ចព្រមព្រៀងនេះ លុះត្រាតែមានកិច្ចចរចាជាថ្មីឡើងវិញ។

ចិនក៏ធ្លាប់ជំទាស់នឹងការបង្កើតកិច្ចព្រមព្រៀង CPTPP នេះដែរ តែកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញាកន្លងទៅនេះ ប៉េកាំងបែរជាដាក់ពាក្យជាផ្លូវការស្នើសុំចូលជាសមាជិក CPTPP ទៅវិញ។ ចិនបានរៀបចំកិច្ចប្រជុំជាច្រើនលើកមកហើយជាមួយអូស្ត្រាលី, ម៉ាឡេស៊ី, នូវែលសេឡង់ រួមទាំងបណ្ដាប្រទេសជាសមាជិកដទៃពាក់ព័ន្ធនឹងការស្នើសុំចូល ជាសមាជិកកាលពីប៉ុន្មានខែកន្លងទៅនេះ។ បើតាមក្រុមអ្នកជំនាញ ក្នុងពេលភ្លាមៗបណ្ដាប្រទេសជាសមាជិក CPTPP ទំនងជានឹងមិនទទួលយកចិនឱ្យចូលជាសមាជិកទេ ប៉ុន្តែ ការពិតមួយដែលគេមិនអាចប្រកែកបាន នោះគឺចិនជាមហាអំណាចសេដ្ឋកិច្ចលេចធ្លោរជាងគេ នៅក្នុងតំបន់រួចស្រេចទៅហើយ រីឯសហរដ្ឋអាមេរិកនៅតែស្ទាក់ស្ទើរ ក្នុងការត្រឡប់ចូលជាសមាជិកវិញ។

ដូច្នេះប្រសិនបើ ចិនអាចចូលជាសមាជិក CPTPP បានមែន ខណៈសហរដ្ឋអាមេរិកនៅតែស្ថិតនៅក្រៅកិច្ចព្រមព្រៀងនេះ នោះមានន័យថាកិច្ចព្រមព្រៀងនាវាមុជទឹក នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនឹងក្លាយជា «យុទ្ធសាស្ត្រមួយដែលត្រូវបានប្រើប្រាស់មិនត្រូវកាលវេលា ឬកាលៈទេសៈ» ដែលនឹងអនុញ្ញាតឱ្យចិនប្រើប្រាស់អំណាចសេដ្ឋកិច្ច របស់ខ្លួនអូសទាញឱ្យបណ្ដាប្រទេសទាំងឡាយចូលមកក្នុងគន្លងសេដ្ឋកិច្ចរបស់ខ្លួន ដែលនេះនឹងធ្វើឱ្យពួកគេត្រូវគិតពិចារណាពីរ ទៅបីដងដែរ មុននឹងសម្រេចចិត្តចូលរួម ជាមួយសហរដ្ឋអាមេរិកប្រឆាំងចិន៕

ប្រភព៖ Council on Foreign Relations (ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh Nesw








ភ្លៀងធ្លាក់២ថ្ងៃ បណ្តាលឱ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ ហក់ឡើងគួរឱ្យបារម្មណ៍

 (បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលស្ថានភាពទឹកជំនន់តាមមាត់អូរព្រំដែនកម្ពុជា-ថៃ នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយភ្លៀងធ្លាក់២ថ្ងៃជាប់នេះ បានបណ្តាលឲ្យទឹកនៅតាមអូរព្រំដែនហក់ឡើងគួរឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

លោក គាត ហ៊ុល បានថ្លែងថា អាជ្ញាធរក្រុង បានសហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ លោក គាត ហ៊ុល សូមអំពាវនាវដល់ពុកម៉ែបងប្អូនដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

សូមបញ្ជាក់ថា ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅចាប់ពីថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២១ បណ្តាលឱ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរឱ្យបារម្មណ៍ ហើយអាជ្ញាធរត្រៀមអន្តរាគមន៍លក្ខណៈ ប្រុងប្រៀបរួចជាស្រេច ក្នុងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន៕




អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការសិក្សាថ្ងៃដំបូង របស់សិស្សវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះ

 (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការចូលរៀនថ្ងៃដំបូងរបស់សិស្សវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះ ក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះ លោកអភិបាលខេត្ត បានផ្ដល់នូវអនុសាសន៍ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» ជាពិសេស សិស្សម្នាក់ៗ ត្រូវចេះរក្សាការពារខ្លួនឯងរៀងៗខ្លួន។

ម្យ៉ាងវិញទៀត ប្រសិនបើមានអាការៈមិនស្រួល ត្រូវប្រញាប់រាយការណ៍ទៅលោកគ្រូ អ្នកគ្រូ ដើម្បីយកសំណាកធ្វើតេស្ត បានទាន់ពេលវេលា ដើម្បីរករោគសញ្ញាកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងរាលដាលទៅអ្នកដទៃទៀត។

សូមបញ្ជាក់ផងដែរថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលរដ្ឋបាលខេត្តកំពង់ចាម បានបើកឱ្យសិស្សចូលរៀនវិញចាប់ពីថ្នាក់អនុវិទ្យាល័យ-វិទ្យាល័យ និងសាលាពុទ្ធិកៈ។ ដោយឡែក ចំពោះសិស្សថ្នាក់បឋមសិក្សា រដ្ឋបាលខេត្តនឹងបើកឱ្យសិស្សចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕





ព្រឹទ្ធសភា សម្រេចទួលស្គាល់លោកស្រី ទេព្វ សំអូន ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦

 (ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹទ្ធសភា បានសម្រេចទទួលស្គាល់លោកស្រី ទេព្វ សំអូន ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦(ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួស លោក សុខ យាត ដែលបានទទួលមរណភាព។ 

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ព្រឹទ្ធសភា៖





សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ

ស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយ បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ស្តីពីករណីគ្រោះអគ្គីភ័យ នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ  ១ គ្រួសារ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៦ ល្ងាច របស់ឈ្មោះ យង់ ផល្លា ភេទប្រុស អាយុ ៤៨ ឆ្នាំ ប្រពន្ធឈ្មោះ អ៊ូ នាង អាយុ ៤៨ ឆ្នាំ នៅភូមិត្រពាំងតុំ ឃុំចន្ត្រី ស្រុករមាសហែក បណ្តាលឲ្យឆេះផ្ទះទំហំ ៩X៨ ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿងខូចខាតទាំងស្រុង រួមនឹងសម្ភារប្រើបាស់ និង ស្លាប់មនុស្ស ១ នាក់ ឈ្មោះ យង់ ផល្លា ត្រូវជាប្តី មូលហេតុដោយសារ គាត់មានជំងឺសរសៃប្រសាទ បានចាក់សោក្នុងផ្ទះដុតសម្លាប់ខ្លួន ។ 

អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥០០,០០០ រៀល និងថវិកាមូលនិធិឃុំ ៧៥០,០០០ រៀល  ៕



ពិធីបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាថ្ងៃទី១៨  ខែកញ្ញា  ឆ្នាំ២០២១  លោក ឌី រ៉ាដូ អភិបាលរងខេត្ត  តំណាង ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ  ដល់ក្រោម១២ឆ្នាំ  នៅក្នុងស្រុកត្រពាំងប្រាសាទ  ដែលត្រូវបានរៀបចំឡើងនៅបរិវេណសាលាឃុំផ្អាវ  ស្រុកត្រពាំងប្រាសាទ  ខេត្តឧត្តរមានជ័យ។ 

ការចាក់វ៉ាក់សាំងសម្រាប់កុមារនាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មកលើកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ រហូតដល់១២ឆ្នាំ ក្នុងគោលបំណងដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំទូលំទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់មួយទៀត ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅបឋមសិក្សាឡើងវិញបានចំពោះសាសារៀនដែលមានហានិភ័យទាប ដើម្បីធនាបានគុណភាពអប់រំកាន់តែប្រសើរឡើង។

លោក  ក៏បានផ្ដាំផ្ញើដល់បងប្អូនជាមាតាបិតា-អាណាព្យាបាលដែលត្រូវនាំបុត្រធីឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តវិធានការសុខាភិបាល និងវិធានការ "៣ការពារ ៣កុំ" ។

នៅក្នុងឱកាសនោះដែរ  លោកបានឧបត្ថម្ភ នៅគ្រឿងបរិភោគ បរិភោគជូនដល់គ្រូពេទ្យ  និងក្រមសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងរួមមាន៖  មី៦កេស  ត្រីខ៥យួរ  ម៉ាស់២ប្រអប់  រួមនឹងថវិកា១០ម៉ឺនរៀល៕





ក្រសួងសុខាភិបាល អនុញ្ញាតឲ្យសណ្ឋាគារ ឡូទុសប្លង្គ អូតែល អែន រីសត ជាសណ្ឋាគារដំបូងគេ នៅខេត្តសៀមរាប កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល

 (សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតឲ្យសណ្ឋាគារ ឡូទុសប្លង្គ អូតែល & រីសត (Lotus Blanc Hotel & Resort) ដែលជាសណ្ឋាគារដំបូងគេ ក្នុងខេត្តសៀមរាប ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល។ 

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា «អនុញ្ញាតឲ្យមានការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅសណ្ឋាគារ ឡូទុសប្លង្គ មានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ A សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានលោកស្រី គួយ ណាលីន ជាតំណាងឲ្យសណ្ឋាគារ និងលោកវេជ្ជបណ្ឌិត អ៉ិតឆប ឆរ័ត្ន ជាអ្នកទទួលខុសត្រូវផ្នែកបច្ចេកទេស»

តំណាងសណ្ឋាគារនេះបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលរួចហើយ សណ្ឋាគារឡូទុសប្លង្គ អូតែល & រីសត (Lotus Blanc Hotel & Resort) នឹងចាប់ផ្តើមបើកទទួលផ្តល់សេវាថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១តទៅ។ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលត្រូវការសេវានេះ អាចទាក់ទងមកលេខ ០១៥ ៤៧៣ ២២២ ឬ ០១៥ ២៦៧ ២២២៕ ប្រភព Fresh News







ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញពីការព្យាករណ៍កម្ពស់ទឹកទន្លេ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១


 

លោកស្រី ឱ វណ្ណឌីន ជំរុញដល់អាជ្ញាធរទាំង២៥ រាជធានី-ខេត្ដ បន្ដយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំ ពីវិធានការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ធ

 (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានជំរុញដល់អាជ្ញាធរ ទូទាំង២៤រាជធានី-ខេត្ដ បន្ដយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងចលនាផ្សព្វផ្សាយអប់រំ ពីវិធានការ ការពារ ទប់ស្កាត់ ការចម្លងមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋ។

ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដរតនគិរី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រីថ្លែងបន្ដថា «យើងបានជំរុញឱ្យអាជ្ញាធរខេត្ដ បន្ដជំរុញយុទ្ធនាការដែលបានដាក់ចេញកន្លងមក ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» សូមឱ្យបន្ដធ្វើបន្ថែមទៀត ហើយធ្វើឱ្យបានខ្លាំង គឺត្រូវជំរុញឱ្យភូមិឃុំ សង្កាត់របស់យើង ឱ្យមានចលនាផ្សព្វផ្សាយអប់រំ ដោយប្រើប្រាស់នូវសារអប់រំ ដែលយើងបានចែកចាយរួចទៅហើយ ។លើសពីនោះ យើងនឹងបន្ដធ្វើការងារនេះ ជាមួយនឹងថ្នាក់ខេត្ដ ដើម្បីរុញច្រាននៃការងារឱ្យបានកាន់តែប្រសើរ»។

លោកស្រី ឱ វណ្ណឌីន បានបន្ដថា «អ្វីដែលសំខាន់ គឺសូមឱ្យអាជ្ញាធរខេត្ដ បន្ដយកចិត្ដទុកដាក់បន្ថែមទៀត ទន្ទឹមនឹងការទប់ស្កាត់ និងដាក់ចេញនូវវិធាការផ្សេងៗ ហើយសូមកុំភ្លេច ពីការងារអប់រំនេះ ធ្វើរួមគ្នាឱ្យសស្រាក់សស្រាំ ដើម្បីដាស់តឿនដល់ប្រជាពលរដ្ឋ កុំអាងលើការចាក់វ៉ាក់សាំងរួចរាល់។ ត្បិតណាស់យើងចាក់វ៉ាក់សាំងហើយ គឺបានជួយខ្លួនយើងបានច្រើន តែលទ្ធភាពនៃការចម្លង គឺនៅតែមានដដែល ប្រសិនបើយើងមិនបន្ដអនុវត្ដវិធានការការពារ ចឹងហើយបានជាវិធានការការពារ ៣ការពារ និង៣កុំ នៅតែមានប្រសិទ្ធភាព ហើយបើយើងបានចាក់វ៉ាក់សាំងរួចទៀតនោះ នឹងមានភាពខ្លាំង ទប់ទល់បានយ៉ាងអតិបរិមា នូវការវាយលុយពីមេរោគកូវីដ១៩»