Monday, January 11, 2021

លោក ព្រុំ សុខា ណែនាំដល់សិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រែងក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ និងគោរពឱ្យបានត្រឹមត្រូវលើវិធានការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

 ក្រចេះ៖ នៅព្រឹកថ្ងៃចន្ទទី១១ ខែមករា ឆ្នាំ២០២១ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ភឹម ភីរ៉ា អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមអធិបតីភាពលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នៅសាលាបឋមសិក្សា ត្រពាំង ទ្រាំង ភូមិ កសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានណែនាំដល់សិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រែងក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ និងគោរពឱ្យបានត្រឹមត្រូវលើវិធានការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើអនាម័យជាប្រចាំ រក្សាគម្លាតសង្គម និងពាក់ម៉ាសឱ្យបានខ្ជាប់ខ្ជួននិងត្រូវគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងអប់រំ យុវជន និងកីឡាព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល។

នៅចុងបញ្ចប់នៃកម្មវិធី លោករដ្ឋមន្រ្តី បានប្រគល់ជូនជាថវិកាសម្ភារសិក្សាមួយចំនួននិងកង់ចំនួន២២៩គ្រឿងដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។ ជាពិសេស លោកនឹងប្រគល់ជូនអគារសិក្សាថ្មីមួយខ្នងជូនដល់សាលាបឋមសិក្សាត្រពាំងទ្រាំងក្នុងពេលឆាប់ៗនេះផងដែរ៕





ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅកុមារពិការភ្នែកនិងកុមារគរ-ថ្លង់នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

 កំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ចំនួន០១ខ្នង កម្ពស់០៣ជាន់ ស្មើនឹង១២បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិ ហោ ណាំហុង-បូរី ហោ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ កម្មវិធីនេះប្រារព្ធធ្វើនៅមុខវិទ្យាល័យអប់រំពិសេសកំពង់ចាមដោយមានការអញ្ជើញចូលរួមពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងរាស្ត្រមណ្ឌលកំពង់ចាម អភិបាលរងខេត្ត ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ទាំង២៥ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើនរូប។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា វិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សានុសិស្សចំនួន ១៧២នាក់ ស្រី ៧៣នាក់ ក្នុងនោះមានសិស្សពិការភ្នែក សរុបចំនួន៥៥នាក់ ស្រី ២៥នាក់ សិស្សគថ្លង់ សរុប ១១៧នាក់ ស្រី ៤៩នាក់ ។

បើតាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចាក់ថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ មានសិស្សានុសិស្ស សរុបប្រមាណ ៣លាន ៥សែននាក់ ដោយក្នុងនោះ មានសិស្សស្រី ៤៩ភាគរយ។ ជាមួយនឹងការបើកបវេសនាកាលឆ្នាំថ្មី ក្នុងស្ថានភាពសង្គមនៅញ៉ាំញីដោយជម្ងឺកូវីដ១៩នៅឡើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំ និងផ្តល់អនុសាសន៍ចំនួន១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអនុវត្តន៍ដើម្បីធានាដល់ដំណើរការអប់រំប្រកបដោយភាពល្អប្រសើរ។

ថ្លែងឱកាសនោះ លោក ហោ ណាំហុង បានកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ចាមជាពិសេសថ្នាក់ដឹកនាំវិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមកនិងបានចូលរួមទប់ស្កាត់ មិនឱ្យមានការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ដល់សិស្សនិស្សិត ក្នុងឆ្នាំ ២០១៩-២០២០កន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ដោយការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានក្រសួងសុខាភិបាល ជាសេនាធិការ បានមានវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ ទទួលលទ្ធផលមានអ្នកឆ្លងជម្ងឺនេះ ចំនួនតិចតួចប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ ដូចបណ្ដាប្រទេសធំៗដែលមានបច្ចេកវិទ្យាទំនើបនោះឡើយ។ ជាមួយគ្នានោះដែរ ក្រសួងអប់រំយុវជន និងកីឡា ក៏បានចូលរួមចំណែកយ៉ាងសកម្មអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាការណែនាំ របស់ក្រសួងសុខាភិបាល នូវវិធានការ បង្ការ ដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ដោយមិនមានឲ្យឆ្លងរាលដាលដល់និស្សិតយើងឡើយ៕





គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកងកំលាំងពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់ក្នុងតំបន់ការពារធម្មជាតិ

កោះកុង៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងអភិបាលខេត្តកោះកុង បានដឹកនាំកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ មន្ទីរបរិស្ថាន អាជ្ញាធរឃុំពាក់ព័ន្ធ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះ និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

សូមជម្រាបថា ជាលទ្ធផលសម្រេចបាន ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុព័ទ្ធដោយខុសច្បាប់ជាច្រើនដើម៕





អភិបាលខេត្តព្រះសីហនុ ផ្តាំផ្ញើដល់សិស្សានុសិស្សខិតខំរៀនសូត្រ តាមរយៈកម្មវិធីសិក្សា គន្លងថ្មីដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅនៅតែបន្តអនុវត្ត

 ព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ជូនក្នុងអង្គពិធីថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។

លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀនខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះ មត្តេយ្យដាច់ដោយឡែកមាន ០១សាលា បឋមសិក្សាចំនួន៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ ០៩ សាលាគរុកោសល្យ និងវិក្រឹត្យការ ០១កន្លែង ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០- ២០២១ ព្រមទាំងបានអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសន កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០ កន្លងមក ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ ។

លោក គួច ចំរើន បន្តថាយើងត្រូវស្ថិតនៅក្នុងគន្លងថ្មីដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅនៅតែបន្តអនុវត្ត ថ្វីត្បិតតែការបើកបវេសនការឆ្នាំសិក្សាថ្មីនេះ មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយសម្រាប់ខេត្តព្រះសីហនុ បានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅគ្រប់គ្រឹះស្ថានសិក្សាចំនួន ៩៥កន្លែង ។ ហើយយើងមានបទពិសោធន៍ក្នុងការគ្រប់គ្រងការបង្រៀននៅ ក្នុងសហគមន៍នាឆ្នាំកន្លងមកដែលក្រសួងអប់រំបានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ ក៏ប៉ុន្តែមិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet ។

កន្លងមកលោកគ្រូ អ្នកគ្រូរបស់យើងបានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ម្យ៉ាងទៀតមានការចូលរួមពីមាតា បិតាជម្រុញកូនចៅចូលរួមសិក្សាតាមប្រពន្ធអនឡាញ យើងជំនះបានជាបន្តបន្ទាប់ ។ ថ្វីត្បិតតែយើងត្រូវរក្សាគម្លាតដែលតម្រូវសាលាមួយចំនួនត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រពន្ធអនឡាញ ឬតាមប្រពន្ធឌីជីធល ដើម្បីអភិវឌ្ឍន៍សមត្ថមភាពប្រកបដោយគុណវុធ ។ មន្ទីរអប់រំត្រូវរៀបចំផែនការ និងសកម្មភាពនៃការប្រែប្រួលដោយសារកូវីដ-១៩ ហើយថ្ងៃនេះជាការចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមបរិបទថ្មី ដោយបង្កើនសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់អនាគតប្រទេសជាតិ ។

លោក គួច ចំរើន បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រចែករំលែកផ្តល់អត្ថប្រយោជន៍ និងទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីយើងមានធនធានក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តរបស់យើង ម្យ៉ាងទៀតយើងក៏ត្រូវអភិវឌ្ឍន៍ក្រុងរបស់យើងប្រកបដោយផាសុខភាពនៃការរីកចម្រើន ។

ទន្ទឹមនោះលោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញការងារនាឆ្នាំកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ នៅទូទាំងខេត្តទទួលបានលទ្ធផលល្អ ៕






លោកស្រី ឱ វណ្ណឌីន៖ ៧ចំណុច ដែលមូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវអនុវត្ត ដើម្បីភាពរីកចម្រើនក្នុងវិស័យសុខភាពសាធារណៈនៅកម្ពុជា

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ការចូលរួមរបស់សេវាសុខាភិបាលឯកជន គឺពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការជួយបំពេញបន្ថែមនូវភាពអាចទទួលបាន និងងាយទៅទទួលសេវាសុខភាពនៅតាមតំបន់ ឬទីកន្លែងនីមួយៗ ទៅតាមការសម្រេចចិត្តរបស់អ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺផ្ទាល់ ក្នុងគោលបំណងរួមគ្នាធ្វើឱ្យមានភាពរីកចម្រើនក្នុងវិស័យសុខភាពសាធារណៈនៅកម្ពុជា។

លោកស្រីបានផ្ដល់ជូនអនុសាសន៍ចំនួន ៧ចំណុច សម្រាប់ការអនុវត្តន៍នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ដើម្បីភាពរីកច្រើនក្នុងវិស័យសុខភាពសាធារណៈនៅកម្ពុជា មានដូចជា៖
១៖ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក៏ដូចជា ជាមួយរាជរដ្ឋាភិបាល ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនអនុញ្ញាតឱ្យសេវាឯកជនពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ឡើយ និងតម្រូវឱ្យមានការចូលរួមពីសេវាសុខាភិបាលឯកជន ក្នុងការត្រួតពិនិត្យឆែករកករណីសង្ស័យកូវីដ-១៩ ដោយប្រើប្រាស់តាមនិយមន័យសង្ស័យករណីកូវីដ-១៩ នៅពេលដែលមានអតិថិជនមកប្រើប្រាស់សេវានៅកន្លែងរបស់ខ្លួន។
ដោយនេះ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងទៅកាន់ជនរួមជាតិនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយចាំបាច់ត្រូវបញ្ជូនអ្នកដែលសង្ស័យទៅមន្ទីរពេទ្យរដ្ឋ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លើវិធានការការពារការចម្លងរោគនៅក្នុងទីកន្លែងរបស់ខ្លួន តាមលិខិតណែនាំលេខ ១០៣ អបស.មព ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ និងលិខិតណែនាំលេខ ១០៤ អបស.មព ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
២៖ សូមលោក លោកស្រីដែលជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ កុំធ្វេសប្រហែសឱ្យសោះ នៅពេលផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងខិតខំផ្តល់សេវាសុខភាពជូនអតិថិជនឱ្យមានប្រសិទ្ធភាពខ្ពស់ គិតពីការជួយសង្រ្គោះជាមុនទៅតាមបច្ចេកទេសដែលមាន បើហួសពីសមត្ថភាពដែលមិនអាចជួយបាន ត្រូវតែបញ្ជូនអ្នកជំងឺភ្លាមៗទៅបន្តការព្យាបាលនៅកន្លែងដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ជាង និងចាំបាច់ត្រូវតែមានការដាក់បង្ហាញដល់អតិថិជន នូវតម្លៃសេវាដែលត្រូវបង់ ដើម្បីងាយស្រួលដល់អតិថិជនមានការសម្រេចចិត្តជាមុន។
៣៖ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជន ត្រូវចេះរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តជារៀងរាល់ឆ្នាំ ដោយខិតខំរក្សាឱ្យបាននូវតុល្យភាពរវាងបរិមាណ និងគុណភាពបច្ចេកទេស ដែលជាក្តីព្រួយបារម្ភរបស់យើងទាំងអស់គ្នា។
សូមឱ្យម្ចាស់ ឬអ្នកទទួលខុសត្រូវមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានការបង្កើននូវទំនុកចិត្តជូនដល់អតិថិជនរបស់ខ្លួន ហើយត្រូវចេះរៀបចំទីកន្លែងរបស់ខ្លួន ឱ្យបានសមស្របជាកន្លែងមានអនាម័យស្អាតល្អ មានការចាត់ចែងទទួលអ្នកជំងឺត្រឹមត្រូវ មានការរក្សាទុកដាក់ឯកសារអ្នកជំងឺ និងកាកសំណល់វេជ្ជសាស្ត្រតាមបច្ចេកទេសពេទ្យ ព្រមទាំងការចេញវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវតាមប្រព័ន្ធកុំព្យូទ័រ តាមលិខិតណែនាំរបស់ក្រសួងសុខាភិបាល លេខ ១០២ អបស.មព ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល លេខ ០៤១ អបស.មព ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។
៤៖ ត្រូវចេះអភិវឌ្ឍបច្ចេកវិទ្យាពេទ្យ ដោយប្រើប្រាស់កំព្យូទ័រ ឬ ប្រព័ន្ធអនឡាញ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការធ្វើការចុះបញ្ជិកាសុំអជ្ញាប័ណ្ណបើកសេវាសុខាភិបាលឯកជន តាមប្រព័ន្ធអេឡិចត្រូនិក នាពេលខាងមុខនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងតាមដានការអនុវត្តន៍ផង និងក៏អាចឆ្ពោះទៅរកការធ្វើការវាយតម្លៃគុណភាព (Accreditation) បានដែរនាពេលអនាគត។
៥៖ ចាំបាច់ ត្រូវមានតារាងតម្លៃសេវា ដាក់បង្ហាញអតិថិជនរបស់ខ្លួន ដោយដាក់នៅកន្លែងដែលងាយស្រួលមើលឃើញ ដើម្បីឲ្យអតិថិជនបានដឹងជាមុននូវតម្លៃសេវា មុននឹងសម្រេចប្រើប្រាស់សេវាណាមួយ ឬក៏សេវាណាដែលតម្រូវឲ្យធ្វើជាចាំបាច់នោះ ។ជាពិសេសក្នុងករណីធ្ងន់ធ្ងរ តម្រូវឲ្យមានការវះកាត់ ត្រវមានការពន្យល់អតិថិជនឲ្យបានច្បាស់លាស់នូវស្ថានភាពជំងឺ និងសេវាដែលត្រូវទទួល ព្រមទាំងតម្លៃដែលត្រូវបង់ ហើយត្រូវតែមានការព្រមព្រៀងទទួលយកសេវា ដោយមានជាកិច្ចសន្យា (ក្នុងករណីចាំបាច់) មុននឹងធ្វើការផ្តល់សេវាចាំបាច់ៗណាមួយនោះ ទោះជាការវះកាត់តូចតាចក៏ដោយ។
៦៖ សូមធ្វើការព្យាបាលអ្នកជំងឺដោយគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ មិនមានការរើសអើង ដោយមានការទទួលខុសត្រូវខ្ពស់ និងបន្តខិតខំពង្រឹងចំណេះដឹងបន្ថែមទៀត ធានាឱ្យទទួលបាននូវការពង្រឹងសមត្ថភាព ដើម្បីពង្រឹងបច្ចេកទេសក្នុងការព្យាបាលជំងឺបានល្អប្រសើរ ព្រមទាំងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាពេទ្យឱ្យ បានសមស្របទាន់សម័យផងដែរ។
៧៖ សូមធ្វើការអំពាវនាវដល់ម្ចាស់ ឬអ្នកទទួលខុសត្រូវមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ដែលមាននៅកម្ពុជា ដូចជាមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល មន្ទីរពិសោធន៍ មន្ទីរព្យាបាលមាត់ធ្មេញ មជ្ឈមណ្ឌលកែសម្ផស្ស និងបន្ទប់ពិគ្រោះព្យាបាលជំងឺ សូមមានសាមគ្គីភាពគ្នាល្អ ចូលរួមជាធ្លុងមួយ ស្ម័គ្រចិត្តចូលជាសមាជិកសមាគម អ្នកផ្តល់សេវាសុខាភិបាលឯកជន ឱ្យបានគ្រប់ៗគ្នា។
លើសពីនោះ ត្រូវសហការជាមួយសមាគមនេះ ដើម្បីបានជាកម្លាំងដ៏រឹងមាំសម្រាប់ជួយគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍ ក៍ដូចជាព័ត៌មាននានារបស់ក្រសួងសុខាភិបាល ជម្រុញដំណើការសមាគមនេះ ឱ្យមានសកម្មភាពសកម្ម សំដៅរួមគ្នាអភិវឌ្ឍវិស័យសុខាភិបាលឱ្យបានរីកចម្រើនបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពប្រជាជនទូទៅ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិបានរុងរឿង។
ការថ្លែងដូច្នេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ សមាគមអ្នកផ្តល់សេវាកម្មសុខាភិបាលឯកជននៅកម្ពុជា នៅសណ្ឋាគារសាន់វេ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ។
លោកស្រីបានបញ្ជាក់បន្ថែមថា «ក្នុងឱកាសសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះ ទើបតែបានរៀបចំនៅឆ្នាំ២០២០ ហើយដាក់ឱ្យដំណើរការនៅថ្ងៃនេះ សូមសមាគមចូលរួមលើកស្ទួយ ការគោរពក្រមសីលវិជ្ជាជីវៈសុខាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
ក្នុងឱកាសនោះ លោកស្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ស្ថាបនិកសមាគមនេះ ដែលបានចាត់ចែងរៀបចំ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា រហូតបានដាក់ចេញឱ្យប្រើប្រាស់នាពេលនេះ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្រសួងអប់រំ ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំដែលមានភាពទន់ភ្លន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសថ្លែងសារបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្រ្ត ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលនៃកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តជំរុញការអប់រំ ឌីជីថល ឱ្យទាន់សភាពការជាតិ តំបន់ និងសាកលលោក។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជាចម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅជាពិសេសមេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឱ្យមានភាពរស់រវើក និងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ និងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពនិងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្រ្តបង្រៀនតាមបែបការរិះរក និងការអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្រ្តតាមបែបចម្រុះ ដែលសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលជាពិសេសសិស្សមានបំនិនសតវត្សទី២១។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹត្យការ តាមគ្រប់រូបភាពដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ ក្រសួង ត្រូវបន្តកែលំអរ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្រ្តាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់សាលារៀនសម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩៕









អភិបាលខេត្តកែប ៖ គ្រូបង្រៀនជាអាណាព្យាបាលទី២ ត្រូវបន្តផ្តល់ចំណេះដឹង ពុទ្ធិថ្មីៗ ដល់សិស្សានុសិស្សដែលជាអ្នកបន្តវេនទៅថ្ងៃអនាគត

កែប៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំថ្មី ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស។ លោក អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ថ្ងៃបើកបវេសនកាលសិក្សា ឆ្នាំថ្មីនេះ គឺជាថ្ងៃដែលក្មួយៗ គ្រប់អាយុត្រូវចូលរៀន ដោយឡែកសម្រាប់សិស្សានុស្សិស ដែលបានសម្រាកក៏ត្រូវដល់ថ្ងៃដែលត្រូវចូលសាលាវិញដែរ បន្ទាប់ពីឆ្លងកាត់នូវបទពិសោធន៍ជាមួយសម័យកាលកូវីដ១៩ យ៉ាងណាក៏ដោយ។ 

ក្នុងដំណាក់កាលប្រទេសកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាទិភាពខ្ពស់ទៅលើវិស័យអប់រំ តាមរយៈយុទ្ធសាស្រ្តឈ្នះៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដែលដាក់ចេញក្នុងរយៈពេល២២ឆ្នាំមកហើយ ទើបការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនគួរជាទីមោទនៈ ស្របពេលដែលធនធានមនុស្សក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ។ 

ក្នុងឱកាសនោះដែរ លោក បានផ្តល់ជារង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់ល្អ នូវសម្ភារសិក្សា ដូចជាប៊ិច សៀវភៅសរសេរ ជាដើម ។ ដោយឡែសម្រាប់លោកគ្រូ អ្នកគ្រូ ទទួលបានសារុងមួយ និងថវិកាចំនួន ១ម៉ឺនរៀល សម្រាប់ម្នាក់ៗ ។

លោកអភិបាលខេត្ត បានលើកទឹកចិត្តសិស្សានុសិស្ស សូមបន្តខិតខំរៀនសូត្រ ស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជូន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុងការកសាងអំពើរល្អ ដើម្បីគ្រួសារ ប្រទេសជាតិ មានភាពរីកចម្រើន ម្យ៉ាងទៀត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ សម្រាប់លោកឪពុក អ្នកម្តាយ ឬអាណាព្យាបាល ត្រូវនាំកូនចៅដែលគ្រប់អាយុចូលរៀន ត្រូវជំរុញ និងនាំកូនៗ ចៅៗ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា ។ 

លោកអភិបាលខេត្ត ស្នើឱ្យគណៈគ្រប់គ្រង គ្រប់សាលាសិក្សា និងលោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវធ្វើខ្លួនជាឪពុក ម្តាយ និងអាណាព្យាបាលទី២ និងត្រូវបន្តផ្តល់ចំណេះដឹង ពុទ្ធិថ្មីៗ គរុកោសល្យ រួមទាំងបច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសមកបង្រៀនដល់សិស្សានុសិស្សដែលជាអ្នកបន្តវេននៅថ្ងៃអនាគត។ ជាពេសេសត្រូវអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឱ្យបានល្អបំផុង ចៀសវៀងការចម្លងក្នុងសហគមន៍ ក្នុងសាលាសិក្សា ដោយអនុវត្តតាមអភិក្រម «៣កុំ ៣ការពារ» រក្សាគម្លាត ១,៥ម៉ែត្រ និងសុវត្តិភាពចំនីអារហារ ឱ្យបានត្រឹមត្រូវ៕








អភិបាលខេត្តកោះកុង បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

 កោះកុង៖នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។

នាឱកាសនោះលោកស្រីអភិបាលខេត្ត បានអានសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមាន ប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅ ក្រោម ម្លប់ សន្តិភាពដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។

លោកស្រីបន្តទៀតថា កន្លងមកអត្រាកំណើនសិស្ស នៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើងហើយសង្ឃឹមថាថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើននឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អកូនល្អពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគត ប្រទេស ជាតិយើង។

លើសពីនេះទៀត លោកស្រីក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយ បន្ថែម ទៀត អំពីការរស់នៅបែបគន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សា អនាម័យ ឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាល់កុល ឬជែលលាងដៃ យកតាមខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩នេះ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេ គឺកើតមាននៅទូទាំងសាកលលោក ដោយពុំទាន់មានថ្នាំព្យាបាលនោះទេ៕






អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កងកម្លាំប្រដាប់អាវុធត្រូវអនុវត្តនូវរាល់បទបញ្ជានិងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុរក្សាសុខសន្តិភាព

 ព្រះវិហារ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធាដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះវិហារប្រចាំឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការភូមិភាគ៤ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយទាហាន ពលទាហាន ជាច្រើនរូបនទីបញ្ជាការវរៈសេនា តូចលេខ១ ស្ថិតក្នុងភូមិ មហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

មានប្រសាសន៍ក្នុងនោះដែរ លោក ប្រាក់សុវណ្ណ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែ គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងដោះស្រាយរាល់បញ្ហាលំបាករបស់បងប្អូនកងកម្លាំងរបស់យើងតាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផល។

ស្របនោះដែរ រដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ជូននូវទឹកសុទ្ធចំនួន ១.០០០ កេស និងមីកញ្ចប់ចំនួន ៥០០ កេស ដើម្បីឧបត្ថម្ភដល់ពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងធ្វើចត្តាឡីស័កតាម០៧ មណ្ឌលចត្តាឡីស័ក ក្នុងខេត្តព្រះវិហារ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជម្រាបជូននូវប្រសិទ្ធភាពនៃការគ្រប់គ្រងនៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺ កម្ពុជាយើងធ្វើបានល្អជាងគេគឺទទួលបានចំណាត់ថ្នាក់លេខ ១ ដែលទទួលស្គាល់ដោយអង្គការសុខភាព ពិភពលោក និងបានទទួលស្គាល់អំពីមនុស្សធម៌របស់កម្ពុជា ដែលអនុញ្ញាតឱ្យនាវាអាមស្ទរដាំ ចូលចតដែលធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ ហើយកិត្តិយសនេះក៏បានមកពីការចូលរួមមួយចំណែកពីសំណាក់កងទ័ពផងដែរក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដូចនេះក្នុងនាមជាកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកុលបុត្រ កុលធីតារបស់ប្រជាជនខ្មែរដាច់ខាតត្រូវតែប្ដេជ្ញាការពារថែរក្សានូវសុខសន្តិភាពនេះឱ្យបានទោះ ជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយពីព្រោះសន្តិភាពនិងការអភិវឌ្ឍដែលយើងមាន សព្វថ្ងៃនេះ គឺពិតជាកម្រ រកបានណាស់ ពិតជាលំបាកណាស់ ក្នុងប្រវត្តិសាស្ត្រ ជិត ១.០០០ ឆ្នាំ មកនេះ ចាប់តាំងពីសម័យអង្គរ ដ៏រុងរឿងមកយើងតែងតែបែកបាក់គ្នាធ្វើសង្គ្រាមតែគ្នាឯងធ្វើឱ្យយើងរួមតូចស្ទើរតែបាត់បង់ទឹកដីចេញពីផែនទីពិភពលោកទៀតផង ឯប្រវត្តិសាស្ត្រ ថ្មីៗនេះគឺ៤២ឆ្នាំមុនយើងទើបតែរួចផុតពីសម័យខ្មៅងងឹត៣ឆ្នាំ០៨ខែ និង ២០ថ្ងៃ ប៉ុន្តែចាប់តាំងពីបាតដៃទទេ រហូត មកដល់ពេលនេះយើងមានអ្វីៗ សព្វបែបយ៉ាង។

ក្នុងនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានយកចិត្តទុកដាក់ គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជានិងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការអនុវត្តភារកិច្ច ស្នូល ជាកម្លាំងត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់ អំពើអសន្តិសុខនិងអំពើភេរវកម្ម ដែលបង្កការគម្រាមកំហែង និងអស្ថិរភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ច ការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរជូនជាតិ មាតុភូមិ៕






ថវិកាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានផ្តល់ជូនបងប្អូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ និងឆ្មាំឆ្នេរ

 ព្រះសីហនុ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពជំនាញ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បងប្អូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្មាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ សរុបចំនួន១៣៥នាក់ ដែលបានចូលរួមក្នុងការងារសម្អាតឆ្នេរនាពេលកន្លងមក។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានរាយការណ៍ថា ការងារកាយសម្អាតគល់ឈើ និងកាត់ដើមឈើងាប់ ព្រមទាំងកាយសម្អាតថ្មនៅបណ្ដោយឆ្នេរអូរត្រេះ១ អូរត្រេះ២ និងឆ្នេរអូរឈើទាល២ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ សរុបការប្រមូលគល់ឈើ ដើមឈើងាប់ និងសម្អាតដុំថ្មនៅតាមឆ្នេរអូរត្រេះ១ អូត្រេះ២ និងឆ្នេរអូរឈើទាល២ បានចំនួន៤២ជើង (ឡាន) ស្មើនឹង ៥០២តោន ដោយប្រើកម្លាំងសរុបជាង១០០នាក់។

ក្នុងនោះ លោក គួច ចំរើន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងព្រះសីហនុ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច បងប្អូនប្រជាការពារ បុគ្គលិកសម្អាតឆ្នេរ ក្រុមហ៊ុន និងឆ្មាំឆ្នេរ ដែលបានចូលរួមសម្អាតឆ្នេររយៈពេល៥ថ្ងៃ ប្រមូលសំរាមដឹកចេញបាន ៥០២តោន ក្នុងស្មារតីទទួលខុសត្រូវជាអ្នកមើលថែទាំសំអាតឆ្នេរឱ្យមានភាពស្រស់ស្អាត។

លោកបានមានប្រសាសន៍បន្ថែមថាកាលពីមុននៅតំបន់នេះមានការលំបាកដោយសារមានសំរាម និងផលប៉ះពាល់ជាច្រើន ដោយសារមិនមានលំហសាធារណៈ ហើយយើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗរហូតក្លាយជាលំហសាធារណៈមានឆ្នេរ មានកន្លែងដើរកម្សាន្ត ទោះបីថ្ងៃនេះយើងបានដឹកសំរាមចេញ មានគល់ឈើ ដើមឈើងាប់ និងដុំថ្មជាង ៥០០តោនក៏ដោយ ក៏សំរាមនៅមិនទាន់អស់នៅឡើយទេ ម្យ៉ាងទៀតភាពស្អាតដែលយើងមើលឃើញថ្ងៃនេះគឺទទួលយកបាន ក៏ប៉ុន្តែនៅពេលខាងមុខយើងនឹងបន្តកែលម្អរឱ្យមានភាពស្រស់ស្អាតបន្ថែមទៀត ដើម្បីធានាថា អ្នកទេសចរទាំងឡាយមកកម្សាន្តនៅទីនេះមិនរំខានដោយសារដុំថ្ម កំទេចឈើ ឬសំរាម ហើយនៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវរួមគ្នាធ្វើបន្ត។

សំរាមកើតចេញមកដោយសារមនុស្ស ឬអ្នកទេសចរខ្លះដែលយកមកប្រើប្រាស់ ហើយមិនបានយកត្រឡប់ទៅវិញ ឬទុកដាក់អោយបានត្រឹមត្រូវ។ រដ្ឋបាលខេត្ត មានផែនការជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យឆ្នេររបស់យើងកាន់តែមានភាពស្រស់ស្អាត នឹងអាចទាក់ទាញភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជា “តារារះនាទិសនារតី” ដោយផ្អែកលើសក្តានុពលឆ្នេរសមុទ្រ ដូច្នេះយើងទាំងអស់គ្នាមានភារកិច្ចនៅទីនេះ ប្ដេជ្ញាចិត្តចូលរួមថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត។

លោកអភិបាលខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្ត បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ដុះកូនស្ងាវ ដើម្បីយកមកដាំនៅតាមបណ្តោយឆ្នេរសមុទ្រនាពេលខាងមុខ ព្រោះដើមស្ងាវវាសាកសមដុះនៅតាមឆ្នេរសមុទ្រ ដោយផ្តល់នូវសោភ័ណភាព ភាពមនោរម្យ និងផាសុខភាព
ដោយទាក់ទាញបានភ្ញៀវទេសចរជាតិ អន្តរជាតិ។

ក្នុងឱកាសនោះ លោក គួច ចំរើន បាននាំយកថវិកាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្មាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ សរុបចំនួន ១៣៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២០០,០០០រៀល៕






ពិធីផ្តល់អំណោយដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចែកជូនដល់បងប្អូនពលករធ្វើចត្តាឡីស័កប្រមាណ ៣៧៥៤នាក់

 បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុងចុះចែកអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចែកជូនដល់បងប្អូនពលករមកពីប្រទេសថៃដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត២ថ្នាក់ខេត្ត នៅកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៥៨២នាក់។ ចំពោះអំណោយដែលបានផ្តល់ការឧបត្ថម្ភដល់បងប្អូនពលករធ្វើចត្តាឡីស័ក ក្នុងមួយនាក់ៗអាហារ បីពេលក្នុងមួយថ្ងៃ ឃីត ១កញ្ចប់ ,មី ៦កញ្ចប់ និងទឹកបរិសុទ្ធវីតាល់ ១.៥លីត្រ ៦ដប ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុងខេត្តមានបងប្អូនពលករត្រឡប់មកប្រទេសថៃកំពុងធ្វើចត្តាឡីស័កចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយក្នុងនោះមាន វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ ស្រី៦នាក់ ។ នាឱកាសនោះ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកំពុងធ្វើចត្តាឡីស័ក ជិត៤០០០នាក់ សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល បានផ្តល់ការឧបត្ថម្ភថវិកាសម្រាប់អំណោយជាកញ្ចប់ឃីត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត តំណាងឲ្យប្រជាពលរដ្ឋទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ សូមគោរពជូនពរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




កម្ពុជា-វៀតណាម បើកកិច្ចប្រជុំ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យកាន់តែល្អប្រសើរ

 ពិធីបើកកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូខុនហ្រ្វ៊ែន (Video Conference) និងពិធីចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការឆ្នាំ ២០២០ – ២០២១ រវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ ក្នុងគោលបំណង “រួមគ្នាវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងពិនិត្យពិភាក្សាលើផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម”។

តាមរយៈកិច្ចប្រជុំទ្វេភាគីនោះ លោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានវាយតំលៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងសកម្មភាពដែលក្រសួងការពារជាតិវៀតណាមបានរៀបចំជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ២០២០ ជាពិសេស កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ លោកបានបញ្ជាក់ថា ការចូលរួមផ្លាស់ប្ដូរយោបល់ របស់នាយទាហានក្រសួងការពារជាតិកម្ពុជា ក្នុងពេលកន្លងមក ក៏ដូចជាសម្ដេចពិជ័យសេនាផ្ទាល់ បានរួមចំណែកយ៉ាងសំខាន់ ធ្វើអោយកិច្ចប្រជុំសំរេចបានជោគជ័យនៅវៀតណាមក្នុងឆ្នាំ២០២០ ក៏ដូចជាជោគជ័យរួមនៅក្នុងអាស៊ានទាំងមូល។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិការ រវាងកងទ័ពប្រទេសទាំងពីរ បើទោះបីជាក្នុងឆ្នាំ២០២០ ជួបវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែកងទ័ពទាំងពីរបានអនុវត្តទៅតាមពិធីសារកិច្ចសហការ រវាងក្រសួងការពារជាតិទាំងពីបានល្អ ក្នុងនោះមានវិស័យបណ្ដុះបណ្ដាល ការជួយឧបត្ថម្ភជួយគ្នាក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីត-១៩ កិច្ចសហប្រតិបត្តិការ រវាងកម្លាំងការពារព្រំដែន ការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបុព្វហេតុជួយដល់ប្រជាជនកម្ពុជា កាលពីសម័យសង្គ្រាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅវៀតណាមវិញ។

ថ្លែងក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ ខុនហ្រ្វ៊ែន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពិធីសារ ដែលបានរៀបចំផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១បានរួចរាល់ ដោយផ្តោតសំខាន់ទៅលើភារកិច្ចចំនួន៣ រួមមាន៖ -ការងារអប់រំចិត្តសាស្ត្រ -កិច្ចសហប្រតិបត្តិការគ្រប់គ្រងការពារព្រំដែនគោក និងព្រំដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការ ភស្តុភារ បច្ចេកទេស ឧស្សាហកម្ម ការពារជាតិ សម្រាប់ដាក់ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិ ប្រទេសទាំងពីរ ពិនិត្យសម្រេច។ ទាក់ទងទៅនឹងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២០
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ ប្រទេសយើងទាំងពីរជួបការលំបាក បណ្តាលមកពីការរាតត្បាតនៃជម្ងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ និងជម្ងឺផ្សេងៗ បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគី មានភាពរអាក់រអួល អនុវត្តមិនបានគ្រប់ជ្រុងជ្រោយតាមផែនការគ្រោងទុក ទៅតាមពិធីសារ ដែលបានឯកភាពគ្នាកន្លងមក។ ប៉ុន្តែប្រទេសយើងទាំងពីរ បានជម្នះគ្រប់ឧបសគ្គ បន្តយកចិត្តទុកដាក់អនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបាន ដូចជាការងារអប់រំចិត្តសាស្ត្រ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក កិច្ចសហប្រតិបត្តិការកងកម្លាំងព្រំដែន ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល និងហ្វឹកហាត់ ការរុករកវេចខ្ចប់ និងធ្វើមាតុភូមិនិវត្តអដិ្ឋធាតុយុទ្ធជនពលីវៀតណាម ការពិនិត្យ និងព្យាបាលជម្ងឺ និងជំនួយឧបត្ថម្ភផ្សេងៗ ទទួលលទ្ធផលជាផ្លែផ្កា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានវាយតំលៃចំពោះការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ គឺបានបង្ហាញឲ្យឃើញថា៖ កងទ័ពប្រទេសទាំងពីរ នៅតែបន្តសហការរួមគ្នាយ៉ាងស្និតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនងឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម វប្បធម៌ ដែលជាកត្តាគន្លឹះ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត បម្រើឲ្យកិច្ចការតំបន់ និងអន្តរជាតិ ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ទាក់ទងទៅនឹងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម សម្តេចពិជ័យសេនា បានជម្រុញអោយការអនុវត្តពិធីសារផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១នេះ ឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ពីព្រោះជាមូលដ្ឋានគ្រឹះ មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-វៀតណាម។

តាមរយៈការវាយតម្លៃអំពីលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ ២០២០ ក៏ដូចជាដាក់ទិសដៅទៅណែនាំឆ្នាំ ២០២១ នេះដែរ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ក៏បានលើកឡើងអំពីការរៀបចំអោយមានកិច្ចប្រជុំមិត្តភាពការពារជាតិព្រំដែន ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកទី១ ក្នុងឱកាសដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ តាមរយៈកិច្ចប្រជុំនេះដែល រដ្ឋមន្ត្រីទាំងពីរបានឯកភាពក្នុងការបង្កើនកិច្ចសហប្រត្តិការរវាងបណ្ដាយោធភូមិភាគ នៅតាមបន្ទាត់ព្រំដែន និងកម្លាំងគ្រប់គ្រងការពារព្រំដែនក្នុងការទប់ស្កាត់ ប្រឆាំងបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន បន្តជំរុញឲ្យមានការល្បាតរួមគ្នាត្រួតពិនិត្យអោយបានហ្មត់ចត់តាមខ្សែព្រំដែន តាមច្រករបៀង ដើម្បីទប់ស្កាត់បណ្ដាសកម្មភាព នាំចេញ នាំចូលខុសច្បាប់ និងរួមចំណែកទប់ស្កាត់ ប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសនីមួយៗ ៕





សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១