Monday, January 11, 2021

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកងកំលាំងពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់ក្នុងតំបន់ការពារធម្មជាតិ

កោះកុង៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងអភិបាលខេត្តកោះកុង បានដឹកនាំកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ មន្ទីរបរិស្ថាន អាជ្ញាធរឃុំពាក់ព័ន្ធ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះ និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

សូមជម្រាបថា ជាលទ្ធផលសម្រេចបាន ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុព័ទ្ធដោយខុសច្បាប់ជាច្រើនដើម៕





No comments:

Post a Comment