Monday, January 11, 2021

កម្ពុជា-វៀតណាម បើកកិច្ចប្រជុំ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ឱ្យកាន់តែល្អប្រសើរ

 ពិធីបើកកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូខុនហ្រ្វ៊ែន (Video Conference) និងពិធីចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការឆ្នាំ ២០២០ – ២០២១ រវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ ក្នុងគោលបំណង “រួមគ្នាវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងពិនិត្យពិភាក្សាលើផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម”។

តាមរយៈកិច្ចប្រជុំទ្វេភាគីនោះ លោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានវាយតំលៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងសកម្មភាពដែលក្រសួងការពារជាតិវៀតណាមបានរៀបចំជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ២០២០ ជាពិសេស កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ លោកបានបញ្ជាក់ថា ការចូលរួមផ្លាស់ប្ដូរយោបល់ របស់នាយទាហានក្រសួងការពារជាតិកម្ពុជា ក្នុងពេលកន្លងមក ក៏ដូចជាសម្ដេចពិជ័យសេនាផ្ទាល់ បានរួមចំណែកយ៉ាងសំខាន់ ធ្វើអោយកិច្ចប្រជុំសំរេចបានជោគជ័យនៅវៀតណាមក្នុងឆ្នាំ២០២០ ក៏ដូចជាជោគជ័យរួមនៅក្នុងអាស៊ានទាំងមូល។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិការ រវាងកងទ័ពប្រទេសទាំងពីរ បើទោះបីជាក្នុងឆ្នាំ២០២០ ជួបវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែកងទ័ពទាំងពីរបានអនុវត្តទៅតាមពិធីសារកិច្ចសហការ រវាងក្រសួងការពារជាតិទាំងពីបានល្អ ក្នុងនោះមានវិស័យបណ្ដុះបណ្ដាល ការជួយឧបត្ថម្ភជួយគ្នាក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីត-១៩ កិច្ចសហប្រតិបត្តិការ រវាងកម្លាំងការពារព្រំដែន ការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបុព្វហេតុជួយដល់ប្រជាជនកម្ពុជា កាលពីសម័យសង្គ្រាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅវៀតណាមវិញ។

ថ្លែងក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ ខុនហ្រ្វ៊ែន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពិធីសារ ដែលបានរៀបចំផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១បានរួចរាល់ ដោយផ្តោតសំខាន់ទៅលើភារកិច្ចចំនួន៣ រួមមាន៖ -ការងារអប់រំចិត្តសាស្ត្រ -កិច្ចសហប្រតិបត្តិការគ្រប់គ្រងការពារព្រំដែនគោក និងព្រំដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការ ភស្តុភារ បច្ចេកទេស ឧស្សាហកម្ម ការពារជាតិ សម្រាប់ដាក់ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិ ប្រទេសទាំងពីរ ពិនិត្យសម្រេច។ ទាក់ទងទៅនឹងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២០
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ ប្រទេសយើងទាំងពីរជួបការលំបាក បណ្តាលមកពីការរាតត្បាតនៃជម្ងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ និងជម្ងឺផ្សេងៗ បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគី មានភាពរអាក់រអួល អនុវត្តមិនបានគ្រប់ជ្រុងជ្រោយតាមផែនការគ្រោងទុក ទៅតាមពិធីសារ ដែលបានឯកភាពគ្នាកន្លងមក។ ប៉ុន្តែប្រទេសយើងទាំងពីរ បានជម្នះគ្រប់ឧបសគ្គ បន្តយកចិត្តទុកដាក់អនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបាន ដូចជាការងារអប់រំចិត្តសាស្ត្រ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក កិច្ចសហប្រតិបត្តិការកងកម្លាំងព្រំដែន ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល និងហ្វឹកហាត់ ការរុករកវេចខ្ចប់ និងធ្វើមាតុភូមិនិវត្តអដិ្ឋធាតុយុទ្ធជនពលីវៀតណាម ការពិនិត្យ និងព្យាបាលជម្ងឺ និងជំនួយឧបត្ថម្ភផ្សេងៗ ទទួលលទ្ធផលជាផ្លែផ្កា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានវាយតំលៃចំពោះការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ គឺបានបង្ហាញឲ្យឃើញថា៖ កងទ័ពប្រទេសទាំងពីរ នៅតែបន្តសហការរួមគ្នាយ៉ាងស្និតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនងឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម វប្បធម៌ ដែលជាកត្តាគន្លឹះ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត បម្រើឲ្យកិច្ចការតំបន់ និងអន្តរជាតិ ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ទាក់ទងទៅនឹងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម សម្តេចពិជ័យសេនា បានជម្រុញអោយការអនុវត្តពិធីសារផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១នេះ ឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ពីព្រោះជាមូលដ្ឋានគ្រឹះ មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-វៀតណាម។

តាមរយៈការវាយតម្លៃអំពីលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ ២០២០ ក៏ដូចជាដាក់ទិសដៅទៅណែនាំឆ្នាំ ២០២១ នេះដែរ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ក៏បានលើកឡើងអំពីការរៀបចំអោយមានកិច្ចប្រជុំមិត្តភាពការពារជាតិព្រំដែន ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកទី១ ក្នុងឱកាសដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ តាមរយៈកិច្ចប្រជុំនេះដែល រដ្ឋមន្ត្រីទាំងពីរបានឯកភាពក្នុងការបង្កើនកិច្ចសហប្រត្តិការរវាងបណ្ដាយោធភូមិភាគ នៅតាមបន្ទាត់ព្រំដែន និងកម្លាំងគ្រប់គ្រងការពារព្រំដែនក្នុងការទប់ស្កាត់ ប្រឆាំងបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន បន្តជំរុញឲ្យមានការល្បាតរួមគ្នាត្រួតពិនិត្យអោយបានហ្មត់ចត់តាមខ្សែព្រំដែន តាមច្រករបៀង ដើម្បីទប់ស្កាត់បណ្ដាសកម្មភាព នាំចេញ នាំចូលខុសច្បាប់ និងរួមចំណែកទប់ស្កាត់ ប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសនីមួយៗ ៕





No comments:

Post a Comment