Monday, January 11, 2021

អភិបាលខេត្តព្រះសីហនុ ផ្តាំផ្ញើដល់សិស្សានុសិស្សខិតខំរៀនសូត្រ តាមរយៈកម្មវិធីសិក្សា គន្លងថ្មីដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅនៅតែបន្តអនុវត្ត

 ព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ជូនក្នុងអង្គពិធីថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។

លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀនខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះ មត្តេយ្យដាច់ដោយឡែកមាន ០១សាលា បឋមសិក្សាចំនួន៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ ០៩ សាលាគរុកោសល្យ និងវិក្រឹត្យការ ០១កន្លែង ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០- ២០២១ ព្រមទាំងបានអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសន កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០ កន្លងមក ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ ។

លោក គួច ចំរើន បន្តថាយើងត្រូវស្ថិតនៅក្នុងគន្លងថ្មីដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅនៅតែបន្តអនុវត្ត ថ្វីត្បិតតែការបើកបវេសនការឆ្នាំសិក្សាថ្មីនេះ មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយសម្រាប់ខេត្តព្រះសីហនុ បានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅគ្រប់គ្រឹះស្ថានសិក្សាចំនួន ៩៥កន្លែង ។ ហើយយើងមានបទពិសោធន៍ក្នុងការគ្រប់គ្រងការបង្រៀននៅ ក្នុងសហគមន៍នាឆ្នាំកន្លងមកដែលក្រសួងអប់រំបានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ ក៏ប៉ុន្តែមិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet ។

កន្លងមកលោកគ្រូ អ្នកគ្រូរបស់យើងបានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ម្យ៉ាងទៀតមានការចូលរួមពីមាតា បិតាជម្រុញកូនចៅចូលរួមសិក្សាតាមប្រពន្ធអនឡាញ យើងជំនះបានជាបន្តបន្ទាប់ ។ ថ្វីត្បិតតែយើងត្រូវរក្សាគម្លាតដែលតម្រូវសាលាមួយចំនួនត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រពន្ធអនឡាញ ឬតាមប្រពន្ធឌីជីធល ដើម្បីអភិវឌ្ឍន៍សមត្ថមភាពប្រកបដោយគុណវុធ ។ មន្ទីរអប់រំត្រូវរៀបចំផែនការ និងសកម្មភាពនៃការប្រែប្រួលដោយសារកូវីដ-១៩ ហើយថ្ងៃនេះជាការចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមបរិបទថ្មី ដោយបង្កើនសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់អនាគតប្រទេសជាតិ ។

លោក គួច ចំរើន បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រចែករំលែកផ្តល់អត្ថប្រយោជន៍ និងទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីយើងមានធនធានក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តរបស់យើង ម្យ៉ាងទៀតយើងក៏ត្រូវអភិវឌ្ឍន៍ក្រុងរបស់យើងប្រកបដោយផាសុខភាពនៃការរីកចម្រើន ។

ទន្ទឹមនោះលោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញការងារនាឆ្នាំកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ នៅទូទាំងខេត្តទទួលបានលទ្ធផលល្អ ៕






No comments:

Post a Comment