Monday, January 11, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្រសួងអប់រំ ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំដែលមានភាពទន់ភ្លន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសថ្លែងសារបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនៈទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំអាស្រ័យទៅតាមទីតាំងភូមិសាស្រ្ត ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលនៃកូវីដ-១៩ និងស្ថានភាពអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តជំរុញការអប់រំ ឌីជីថល ឱ្យទាន់សភាពការជាតិ តំបន់ និងសាកលលោក។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំនិងអនុវត្តកម្មវិធីសិក្សាបំព្រួញដោយកំណត់ជាមុខវិជ្ជាកាតព្វកិច្ច និងមុខវិជ្ជាជាចម្រើសមេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅជាពិសេសមេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗដែលតម្រូវឱ្យមានភាពរស់រវើក និងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ និងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពនិងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្រ្តបង្រៀនតាមបែបការរិះរក និងការអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្រ្តតាមបែបចម្រុះ ដែលសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលជាពិសេសសិស្សមានបំនិនសតវត្សទី២១។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹត្យការ តាមគ្រប់រូបភាពដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ ក្រសួង ត្រូវបន្តកែលំអរ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្រ្តាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់សាលារៀនសម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩៕









No comments:

Post a Comment