Monday, January 11, 2021

ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅកុមារពិការភ្នែកនិងកុមារគរ-ថ្លង់នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

 កំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ចំនួន០១ខ្នង កម្ពស់០៣ជាន់ ស្មើនឹង១២បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិ ហោ ណាំហុង-បូរី ហោ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ កម្មវិធីនេះប្រារព្ធធ្វើនៅមុខវិទ្យាល័យអប់រំពិសេសកំពង់ចាមដោយមានការអញ្ជើញចូលរួមពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងរាស្ត្រមណ្ឌលកំពង់ចាម អភិបាលរងខេត្ត ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ទាំង២៥ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើនរូប។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា វិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សានុសិស្សចំនួន ១៧២នាក់ ស្រី ៧៣នាក់ ក្នុងនោះមានសិស្សពិការភ្នែក សរុបចំនួន៥៥នាក់ ស្រី ២៥នាក់ សិស្សគថ្លង់ សរុប ១១៧នាក់ ស្រី ៤៩នាក់ ។

បើតាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចាក់ថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ មានសិស្សានុសិស្ស សរុបប្រមាណ ៣លាន ៥សែននាក់ ដោយក្នុងនោះ មានសិស្សស្រី ៤៩ភាគរយ។ ជាមួយនឹងការបើកបវេសនាកាលឆ្នាំថ្មី ក្នុងស្ថានភាពសង្គមនៅញ៉ាំញីដោយជម្ងឺកូវីដ១៩នៅឡើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំ និងផ្តល់អនុសាសន៍ចំនួន១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាអនុវត្តន៍ដើម្បីធានាដល់ដំណើរការអប់រំប្រកបដោយភាពល្អប្រសើរ។

ថ្លែងឱកាសនោះ លោក ហោ ណាំហុង បានកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ចាមជាពិសេសថ្នាក់ដឹកនាំវិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមកនិងបានចូលរួមទប់ស្កាត់ មិនឱ្យមានការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ដល់សិស្សនិស្សិត ក្នុងឆ្នាំ ២០១៩-២០២០កន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ដោយការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានក្រសួងសុខាភិបាល ជាសេនាធិការ បានមានវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ ទទួលលទ្ធផលមានអ្នកឆ្លងជម្ងឺនេះ ចំនួនតិចតួចប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ ដូចបណ្ដាប្រទេសធំៗដែលមានបច្ចេកវិទ្យាទំនើបនោះឡើយ។ ជាមួយគ្នានោះដែរ ក្រសួងអប់រំយុវជន និងកីឡា ក៏បានចូលរួមចំណែកយ៉ាងសកម្មអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាការណែនាំ របស់ក្រសួងសុខាភិបាល នូវវិធានការ បង្ការ ដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ដោយមិនមានឲ្យឆ្លងរាលដាលដល់និស្សិតយើងឡើយ៕





No comments:

Post a Comment