Monday, January 11, 2021

អភិបាលខេត្តព្រះវិហារ អំពាវនាវដល់កងកម្លាំប្រដាប់អាវុធត្រូវអនុវត្តនូវរាល់បទបញ្ជានិងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុរក្សាសុខសន្តិភាព

 ព្រះវិហារ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធាដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះវិហារប្រចាំឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការភូមិភាគ៤ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយទាហាន ពលទាហាន ជាច្រើនរូបនទីបញ្ជាការវរៈសេនា តូចលេខ១ ស្ថិតក្នុងភូមិ មហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

មានប្រសាសន៍ក្នុងនោះដែរ លោក ប្រាក់សុវណ្ណ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែ គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងដោះស្រាយរាល់បញ្ហាលំបាករបស់បងប្អូនកងកម្លាំងរបស់យើងតាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផល។

ស្របនោះដែរ រដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ជូននូវទឹកសុទ្ធចំនួន ១.០០០ កេស និងមីកញ្ចប់ចំនួន ៥០០ កេស ដើម្បីឧបត្ថម្ភដល់ពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងធ្វើចត្តាឡីស័កតាម០៧ មណ្ឌលចត្តាឡីស័ក ក្នុងខេត្តព្រះវិហារ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជម្រាបជូននូវប្រសិទ្ធភាពនៃការគ្រប់គ្រងនៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺ កម្ពុជាយើងធ្វើបានល្អជាងគេគឺទទួលបានចំណាត់ថ្នាក់លេខ ១ ដែលទទួលស្គាល់ដោយអង្គការសុខភាព ពិភពលោក និងបានទទួលស្គាល់អំពីមនុស្សធម៌របស់កម្ពុជា ដែលអនុញ្ញាតឱ្យនាវាអាមស្ទរដាំ ចូលចតដែលធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ ហើយកិត្តិយសនេះក៏បានមកពីការចូលរួមមួយចំណែកពីសំណាក់កងទ័ពផងដែរក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដូចនេះក្នុងនាមជាកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកុលបុត្រ កុលធីតារបស់ប្រជាជនខ្មែរដាច់ខាតត្រូវតែប្ដេជ្ញាការពារថែរក្សានូវសុខសន្តិភាពនេះឱ្យបានទោះ ជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយពីព្រោះសន្តិភាពនិងការអភិវឌ្ឍដែលយើងមាន សព្វថ្ងៃនេះ គឺពិតជាកម្រ រកបានណាស់ ពិតជាលំបាកណាស់ ក្នុងប្រវត្តិសាស្ត្រ ជិត ១.០០០ ឆ្នាំ មកនេះ ចាប់តាំងពីសម័យអង្គរ ដ៏រុងរឿងមកយើងតែងតែបែកបាក់គ្នាធ្វើសង្គ្រាមតែគ្នាឯងធ្វើឱ្យយើងរួមតូចស្ទើរតែបាត់បង់ទឹកដីចេញពីផែនទីពិភពលោកទៀតផង ឯប្រវត្តិសាស្ត្រ ថ្មីៗនេះគឺ៤២ឆ្នាំមុនយើងទើបតែរួចផុតពីសម័យខ្មៅងងឹត៣ឆ្នាំ០៨ខែ និង ២០ថ្ងៃ ប៉ុន្តែចាប់តាំងពីបាតដៃទទេ រហូត មកដល់ពេលនេះយើងមានអ្វីៗ សព្វបែបយ៉ាង។

ក្នុងនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានយកចិត្តទុកដាក់ គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជានិងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការអនុវត្តភារកិច្ច ស្នូល ជាកម្លាំងត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់ អំពើអសន្តិសុខនិងអំពើភេរវកម្ម ដែលបង្កការគម្រាមកំហែង និងអស្ថិរភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ច ការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរជូនជាតិ មាតុភូមិ៕






No comments:

Post a Comment