Monday, January 11, 2021

អភិបាលខេត្តកោះកុង បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

 កោះកុង៖នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។

នាឱកាសនោះលោកស្រីអភិបាលខេត្ត បានអានសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមាន ប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅ ក្រោម ម្លប់ សន្តិភាពដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។

លោកស្រីបន្តទៀតថា កន្លងមកអត្រាកំណើនសិស្ស នៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើងហើយសង្ឃឹមថាថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើននឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អកូនល្អពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគត ប្រទេស ជាតិយើង។

លើសពីនេះទៀត លោកស្រីក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយ បន្ថែម ទៀត អំពីការរស់នៅបែបគន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សា អនាម័យ ឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាល់កុល ឬជែលលាងដៃ យកតាមខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩នេះ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេ គឺកើតមាននៅទូទាំងសាកលលោក ដោយពុំទាន់មានថ្នាំព្យាបាលនោះទេ៕






No comments:

Post a Comment