Monday, January 11, 2021

អភិបាលខេត្តកែប ៖ គ្រូបង្រៀនជាអាណាព្យាបាលទី២ ត្រូវបន្តផ្តល់ចំណេះដឹង ពុទ្ធិថ្មីៗ ដល់សិស្សានុសិស្សដែលជាអ្នកបន្តវេនទៅថ្ងៃអនាគត

កែប៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំថ្មី ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស។ លោក អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ថ្ងៃបើកបវេសនកាលសិក្សា ឆ្នាំថ្មីនេះ គឺជាថ្ងៃដែលក្មួយៗ គ្រប់អាយុត្រូវចូលរៀន ដោយឡែកសម្រាប់សិស្សានុស្សិស ដែលបានសម្រាកក៏ត្រូវដល់ថ្ងៃដែលត្រូវចូលសាលាវិញដែរ បន្ទាប់ពីឆ្លងកាត់នូវបទពិសោធន៍ជាមួយសម័យកាលកូវីដ១៩ យ៉ាងណាក៏ដោយ។ 

ក្នុងដំណាក់កាលប្រទេសកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាទិភាពខ្ពស់ទៅលើវិស័យអប់រំ តាមរយៈយុទ្ធសាស្រ្តឈ្នះៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដែលដាក់ចេញក្នុងរយៈពេល២២ឆ្នាំមកហើយ ទើបការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនគួរជាទីមោទនៈ ស្របពេលដែលធនធានមនុស្សក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ។ 

ក្នុងឱកាសនោះដែរ លោក បានផ្តល់ជារង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់ល្អ នូវសម្ភារសិក្សា ដូចជាប៊ិច សៀវភៅសរសេរ ជាដើម ។ ដោយឡែសម្រាប់លោកគ្រូ អ្នកគ្រូ ទទួលបានសារុងមួយ និងថវិកាចំនួន ១ម៉ឺនរៀល សម្រាប់ម្នាក់ៗ ។

លោកអភិបាលខេត្ត បានលើកទឹកចិត្តសិស្សានុសិស្ស សូមបន្តខិតខំរៀនសូត្រ ស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជូន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុងការកសាងអំពើរល្អ ដើម្បីគ្រួសារ ប្រទេសជាតិ មានភាពរីកចម្រើន ម្យ៉ាងទៀត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ សម្រាប់លោកឪពុក អ្នកម្តាយ ឬអាណាព្យាបាល ត្រូវនាំកូនចៅដែលគ្រប់អាយុចូលរៀន ត្រូវជំរុញ និងនាំកូនៗ ចៅៗ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា ។ 

លោកអភិបាលខេត្ត ស្នើឱ្យគណៈគ្រប់គ្រង គ្រប់សាលាសិក្សា និងលោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវធ្វើខ្លួនជាឪពុក ម្តាយ និងអាណាព្យាបាលទី២ និងត្រូវបន្តផ្តល់ចំណេះដឹង ពុទ្ធិថ្មីៗ គរុកោសល្យ រួមទាំងបច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសមកបង្រៀនដល់សិស្សានុសិស្សដែលជាអ្នកបន្តវេននៅថ្ងៃអនាគត។ ជាពេសេសត្រូវអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឱ្យបានល្អបំផុង ចៀសវៀងការចម្លងក្នុងសហគមន៍ ក្នុងសាលាសិក្សា ដោយអនុវត្តតាមអភិក្រម «៣កុំ ៣ការពារ» រក្សាគម្លាត ១,៥ម៉ែត្រ និងសុវត្តិភាពចំនីអារហារ ឱ្យបានត្រឹមត្រូវ៕








No comments:

Post a Comment