Friday, December 23, 2022

វិភាគអន្តរជាតិ៖ តើរុស្ស៉ី នឹងវាយលុកលើរដ្ឋធានីកៀវ ជាថ្មី ចេញពីទឹកដីបេឡារុស ឬ?


(វ៉ាស៊ីនតោន)៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការព្រួយបារម្ភថាបេឡារុសអាចនឹងត្រូវបានបង្ខំឱ្យចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែន និងការបើកប្រតិបត្តិការ វាយលុកសាជាថ្មីលើរដ្ឋធានីកៀវ ដោយចេញពីទឹកដីបេឡារុសបានកើនឡើងជាលំដាប់ និងជាពិសេសក្រោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមីនស្កិ៍ ដើម្បីជួបពិភាក្សាការងារជាមួយសមភាគី លោក អាឡិចសាន់ដឺ លូកាសិនកូ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។

នៅក្រោយជំនួបរវាងលោក ពូទីន និងលោក លូកាសិនកូ រដ្ឋាភិបាលបេឡារុស នៅថ្ងៃពុធ ទី២១ ខែធ្នូនេះបានប្រកាសដាក់កំហិតលើការចូលមកក្នុង ឬដំណើរការទៅកាន់ ផ្នែកខ្លះនៃតំបន់ហ្គូមែល (Gomel) ភាគអាគ្នេយ៍ប្រទេសខ្លួនជាប់ព្រំដែនជាមួយអ៊ុយក្រែន និងរុស្ស៊ី។ រដ្ឋាភិបាលបេឡារុសបានឲ្យដឹងតាមរយគេហទំព័រផ្លូវការថានឹងមាន ការរឹតត្បិតលើការចូលមកក្នុងប្រទេស ការស្នាក់នៅបណ្តោះអាសន្ន និងការធ្វើដំណើរនៅក្នុងតំបន់ព្រំដែននៃស្រុកឡូអីវស្គី (Loevsky) ប្រាហ្គីនស្គី (Braginsky) និងខយនីគី (Khoiniki) នៃតំបន់ហ្គូមែល។ បេឡារុសមិនបាន​បញ្ជាក់​ថាតើ​ការ​រឹត​បន្តឹង​នឹង​មាន​រយៈពេល​ប៉ុន្មានថ្ងៃនោះទេ ដោយគ្រាន់តែនិយាយ​ថា​មិន​អនុវត្ត​ចំពោះ​មន្ត្រី​ ​កម្មករ និង​អ្នក​រស់​នៅ​ក្នុង​តំបន់​ទាំង​នោះឡើយ។

នេះជាការវិវត្តថ្មីចុងក្រោយមួយ នៃបរិបទសង្រ្គាមនៅអ៊ុយក្រែន ស្របពេលកងទ័ពរុស្ស៉ីរាប់ពាន់នាក់ ដែលកំពុងឈរជើងនៅបេឡារុស ត្រូវបានក្រុមមន្ត្រីយោធាជាន់ខ្ពស់ អ៊ុយក្រែនស​ន្និដ្ឋានថាអាចនឹងបើកការវាយលុកសាជាថ្មីលើរដ្ឋធានីកៀវ ក្នុងពេលអនាគតដ៏ខ្លី បើទោះជាសហរដ្ឋអាមេរិកអះអាងថាមិនទាន់មានភស្ដុតាង ឬសញ្ញា ជាក់លាក់ណាមួយបង្ហាញថារុស្ស៉ីកំពុងត្រៀមបើកការវាយលុកជាថ្មីក៏ដោយ។ ជាការពិតណាស់ ខណៈប្រកាន់ជំហរមិនចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមក៏ពិតមែន តែតាមពិតទៅបេឡារុសបានជួយសម្រួល និងបើកដៃកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈមកម្ល៉េះ។

មិនតែប៉ុណ្ណោះ ក្នុងសង្រ្គាមជាច្រើនខែមកនេះ បេឡារុស បានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីរាប់ពាន់នាក់ឈរជើង ដាក់ពង្រាយរថក្រោះ និងសព្វាវុធជាច្រើនផ្សេងទៀត ក៏ដូចជាផ្ដល់ឱ្យយន្ដហោះចម្បាំងរុស្ស៉ីប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន បើកការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន ព្រមទាំងជាមូលដ្ឋានមួយដែលរុស្ស៉ ប្រើ យន្ដហោះដ្រូនអត្ដឃាតវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងរដ្ឋធានីកៀវ និងទីក្រុងជាច្រើនរបស់អ៊ុយក្រែនផងដែរ។

បើតាមក្រុមអ្នកជំនាញ រដ្ឋាភិបាលលោក លូកាសិនកូ នឹងព្យាយាមជួយរុស្ស៉ីដោយប្រយោលជាជាងលូកដៃចូលរួមក្នុងសង្រ្គាមដោយផ្ទាល់ ដ្បិតការស្ទង់មតិបានបង្ហាញថា ប្រជាជនបេឡារុសភាគច្រើនមិនគាំទ្រសង្រ្គាម ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់លោក ឬផ្ដល់លេសឱ្យក្រុមអ្នកប្រឆាំងដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹង រូបលោក។ តែទោះជាបែបនេះក្ដី ដោយសារតែការពឹងផ្អែកខ្លាំង និងស្ថិតនៅក្រោមគំនាបពីលោក ពូទីន ដែលធ្លាប់ជួយសង្រ្គោះជីវិតនយោបាយ និងអំណាចរបស់ លោក លូកាសិនកូ ចេញពីបាតុកម្មតវ៉ាដ៏សម្បើមមួយកាលពីឆ្នាំ២០២១ គ្មាននរណាម្នាក់ដឹងឱ្យប្រាកដនោះទេថាតើបេឡារុស អាចនឹងបន្តរក្សាជំហរមិនចូលរួមដោយផ្ទាល់ ក្នុងសង្រ្គាមបានយូរប៉ុនណានោះទេ?

ប៉ុន្តែ វាអាចមានសេណារីយ៉ូសំខាន់ ២ ប្រសិនបើបេឡារុសសម្រេចចិត្តចូលជួយរុស្ស៉ីមែន។ សេណារីយ៉ូទី១៖ នោះគឺការវាយប្រហារលើរដ្ឋធានកៀវ តែគោលដៅ មិនមែនគ្រប់គ្រងរដ្ឋធានីមួយនេះទាំងស្រុងឡើយ។ តាមរយៈជ័យជម្នះរបស់អ៊ុយក្រែន ក្នុងការបណ្ដេញកងទ័ពរុស្ស៉ីចេញពីរដ្ឋធានីកៀវ បានបង្ហាញថាកងទ័ពបេឡារុស មិនមែនជាដៃគូរបស់កងទ័ពអ៊ុយក្រែន ដែលកំពុងប្រើប្រាសអាវុធផ្គត់ផ្គង់ ដោយលោកខាងលិចឡើយ។

ការវាយប្រហារជាថ្មីលើរដ្ឋធានីកៀវ អាចជាបង្វែរការចាប់អារម្មណ៍កងទ័ពអ៊ុយក្រែននៅឯសមរភូមិមុខ ក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។ បានន័យថា ការវាយប្រហារបែបនេះគឺមានចេតនាបង្ខំឱ្យអ៊ុយក្រែន ដកកងទ័ព ឬសព្វាវុធមកការពាររដ្ឋធានីកៀវ ដើម្បីទុកឱកាសឱ្យរុស្ស៉ីបើកប្រតិបត្តិការវាយលុកសាជាថ្មីសំដៅ ធ្វើយ៉ាងដណ្ដើម ឬគ្រប់គ្រងទឹកដីឱ្យបានច្រើន ឬក៏ទាំងស្រុងក្នុងតំបន់ចំនួន៤ ដែលលោក ពូទីន កាត់បញ្ចូលជាឧបសម្ព័ន្ធរុស្ស៉ី។

សេណារីយ៉ូទី២៖ នោះគឺការវាយប្រហារពីសំណាក់កងទ័ពបេឡារុស លើតំបន់មួយចំនួននៃភាគខាងលិចប្រទេសអ៊ុយក្រែនជាប់ព្រំដែនជាមួយប៉ូឡូញ ជាទីដែលបាន ស្ងប់ស្ងាត់ពីសង្រ្គាមអស់រយៈពេលជាង១០ខែមកនេះ និងជាផ្លូវផ្គត់ផ្គង់មួយដ៏សំខាន់ប្រើប្រាស់ដោយអ៊ុយក្រែនក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ និងសព្វាវុធមកពី បណ្ដាប្រទេសលោកខាងលិច។ នៅក្នុងសេណារីយ៉ូនេះ ទោះជាមិនជោគជ័យធំដុំ ក៏យ៉ាងហោចណាស់វាអាចបង្កបញ្ហាស្មុគស្មាញមិនចេះចប់នៅតំបន់ព្រំដែន អ៊ុយក្រែនដែរ។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បច្ចុប្បន្ន កំពុងផ្ដោតលើតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសអ៊ុយក្រែន តែគេក៏មិនអាចមើលស្រាលបានដែរពីតំបន់ព្រំដែន ជាប់បេឡារុស ដែលត្រូវបានក្រុមអ្នកជំនាញយល់ថាអាចនឹងក្លាយជាចំណុចក្ដៅបន្ទាប់នៃសង្រ្គាមអ៊ុយក្រែន នៅឆ្នាំ២០២៣៕ Fresh News