Wednesday, April 12, 2017

ឯកសារ «ប្រាប់ពីការពិត»៖ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល គឺដើម្បីបញ្ចប់ស្ថានភាពវឹកវរដែលបង្កើតឡើងដោយ សកម្មភាពរបស់ NGO

យោងតាមឯកសារមួយក្រោមចំណងជើងថា «ប្រាប់ពីការពិត» ចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល គឺដើម្បីបញ្ចប់ស្ថានភាពវឹកវរដែលបង្កើតឡើងដោយសកម្មភាពរបស់ NGO។
ក្រសួងការបរទេស បានបញ្ជាក់ថា ដោយសារតែបញ្ហាខ្វះខាតតម្លាភាព និងគណនេយ្យភាពនៅក្នុង NGO ទើបរដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់ស្តីពី NGO នៅឆ្នាំ២០១៦។ តាមប្រវត្តិ សេចក្តីព្រាងច្បាប់ជាលើកដំបូងត្រូវបានស្នើឡើងចំពោះសហគមន៍ NGO កាលពីឆ្នាំ១៩៩៦ ពោលគឺបន្ទាប់ពីមានការមកដល់នៃ NGO រាប់រយក្រោមពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង ប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឯកសារ «ប្រាប់ពីការពិត»របស់ក្រសួងការបរទេស ក៏បានបញ្ជាក់ថា ច្បាប់នេះត្រូវបានបង្កើត ឡើងយ៉ាងប្រុងប្រយ័ត្ន ដោយប្រមែប្រមូលបទពិសោធន៍ល្អៗនៅក្នុងច្បាប់ NGO របស់បណ្តា ប្រទេសប្រជាធិបតេយ្យដែលមានភាពចាស់ទុំផ្សេងទៀតដូចជា បារាំង អូស្រ្តាលី សឹង្ហបុរី ថៃ ជប៉ុន អាមេរិក (រដ្ឋញូវយ៉ក និងរដ្ឋកាលីហ្វ័រញ៉ា)។

នៅក្នុងឯកសារ «ប្រាប់ពីការពិត» ក៏បានបន្ថែមទៀតថា NGO ជាតិ និងអន្តរជាតិ ដែលប្រដាប់ ដោយរបៀបវារៈនយោបាយបង្កប់ បានប្រើប្រាស់ព្រមទាំងបន្តក្រឡៃបទប្បញ្ញត្តិជាក់លាក់មួយ ចំនួននៃច្បាប់នេះ និងធ្វើការប៉ាន់ស្មានដោយងងឹតងងុលគ្មានអង្គហេតុច្បាស់លាស់។ ជារឿង អកុសល ការពិតដ៏គួរឱ្យសោកស្តាយមួយនោះគឺអ្នកកាសែត និងមន្រ្តីការទូតបរទេសភាគច្រើនបំផុត តែងតែទទួលយកជាទូទៅនូវអ្វីក៏ដោយដែលមានប្រភពចេញមកពី NGO ដោយចាត់ទុកថាជាសេចក្តីពិតដាច់ខាត។ ទំនាក់ទំនងរវាង NGO ដែលលម្អៀង និងដែលទទួលបានពីមូលនិធិពីរដ្ឋាភិបាលបរទេស ជាមួយនឹងអ្នកកាសែត និងមន្រ្តីការទូតបស្ចិមប្រទេសមួយចំនួនដែលមានរបៀបវារៈស្រាប់ បានផ្តល់នូវតម្រុយយ៉ាងច្បាស់ចំពោះសំណួរថា ហេតុអ្វី បានជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងស៊ីចង្វាក់គ្នាបែបនេះ នៅក្នុងការធ្វើឱ្យអន្តរាយដល់អាជ្ញាធរកម្ពុជា៕


លោក សុខ ឥសាន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ ជាតិមាតុភូមិយើង

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បានលើកឡើងពី ពិធីអង្គរសង្ក្រាន្ត ព.ស ២៥៦១ គ.ស ២០១៧ ដើម្បីឱ្យសាធារណមតិ ជាតិនិងអន្តរជាតិបានយល់ដឹង ដោយបានបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញ​ពី​សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់ ជាតិមាតុភូមិយើង។

លោក សុខ ឥសាន បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រារព្វធ្វើជាច្រើនឆ្នាំមកហើយដើម្បី អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលមានពីយូរលង់ណាស់មក ហើយ និងក៏ដើម្បីបង្ហាញពីស្នាដៃសិល្បៈវប្បធម៌ក្បួនតម្រា កីឡា កាយសម្ព័ន្ធ ខ្មែរដែលជាកេរ្តិ៍តំណែលយូរលង់មកហើយដើម្បីរម្លឹកឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង និងចងចាំតរៀងទៅ។

លោក សុខ ឥសាន ក៏បានបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏បង្ហាញឱ្យជនបរទេសនៅគ្រប់ទិសទីបានឃើញផ្ទាល់និងកោតស្ញប់ស្ញែងដល់បុព្វបុរសខ្មែរតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន  និងបានផ្តល់ចំណេះដឹងនិងចំណេះធ្វើដល់កូនចៅខ្មែរជំនាន់ក្រោយ និងជនបរទេសឱ្យបានឃើញនិងរៀនសូត្រតៗគ្នាមិនចេះសាបសូន្យ។ ព្រឹត្តការណ៍នេះ ក៏ដើម្បីបង្ហាញឱ្យ​សាធារណ​​មតិបានឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លា ដែលអាចពុះពារការលំបាក ឧបសគ្គធំៗបានក្នុងបុព្វហេតុសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ដើម្បីបង្ហាញសាធារណជនទូទៅឱ្យបានឃើញនូវសមិទ្ធផលទាំងឡាយលើគ្រប់វិស័យ ដែលកើតឡើងដោយកម្លាំរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដ៏មានថាមពលនៃប្រជាជនកម្ពុជា បង្ហាញឱ្យសាធារណមតិ បានឃើញពីសក្តានុពលដ៏ខ្លាំងក្លានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម បម្រើផលប្រយោជន៍ប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យបានស្គាល់នូវភាពសុខុដុមរមនា សម្បូរសប្បាយ និងសុភមង្គលក្នុងក្រុមគ្រួ​សារ​យូរអង្វែងតរៀងទៅ។

ផ្អែកលើសក្តានុពលដ៏មហាសាល ធំធេង និងប្រកបដោយមហិទ្ធរិទ្ធខ្លាំងក្លាគ្មានគូរប្រៀបនេះហើយ ធ្វើឱ្យប្រជាជនកម្ពុជាបង្កើតបាននូវជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលបាននាំមកជូនជាតិមាតុភូមិនូវសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរហូត​មកដល់បច្ចុប្បន្ននេះ។

អបអរសាទរ អង្គរសង្ក្រាន្ត ឆ្នាំ ២០១៧ ព.ស ២៥៦១

ជយោ ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង


អនុ​ប្រធាន​ទី២រដ្ឋសភា​កម្ពុជាជួប​ពិភាក្សាការ​ងារ​ជាមួយ​អនុ​ប្រធាន​វិទ្យាស្ថាន​ដើម្បី​មិត្ត​ភាព​ជាមួយ​ប្រជាជន​សាធារណរ​ដ្ឋគុយបា

លោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី អាលីហ្សា កូរ៉េដេរ៉ា ម៉រ៉ាឡិស អនុប្រធានវិទ្យាស្ថានដើម្បីមិត្តភាពជាមួយប្រជាជននៃសាធារណរដ្ឋគុយបា នាវិមានរដ្ឋសភាកម្ពុជា។
ក្នុងជំនួបនេះ លោក ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការលើក ឡើងរបស់ អនុប្រធានវិទ្យាស្ថានដើម្បីមិត្តភាពជាមួយប្រជាជននៃសាធារណរដ្ឋគុយបា អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា។
លោក ងួន ញ៉ិល បានបង្ហាញនូវអបអរសាទរ ចំពោះជោគជ័យជាបន្តបន្ទាប់នៃបេសកកម្មជាប្រវត្តិសាស្រ្តរបស់ វិទ្យាស្ថានដើម្បីមិត្តភាពជាមួយប្រជាជននៃសាធារណរដ្ឋគុយបា ក្នុងបុព្វហេតុទាមទារសិទ្ធ សេរីភាព និងគោរពសិទ្ធិ របស់ប្រជាជនគុយបា ដែលបានតស៊ូដោយសន្តិវិធីអស់រយៈពេលជាង៥០ឆ្នាំមកនេះ។
លោកបន្តថា កម្ពុជាតែងតែមានទំនាក់ទំនងល្អជាមួយប្រទេសគុយបា ហើយគុយបា គឺ ជាមិត្តដ៏ល្អរបស់កម្ពុជា ។
លោក ងួន ញ៉ិល បានវាយតម្លៃខ្ពស់ចំពោះការរៀបចំដោយជោគជ័យចំនួន៨លើករួចហើយនូវសន្និសីទតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីសាមគ្គីភាពជាមួយប្រជាជនគុយបា ដែលបានរួមចំណែកនាំមក នូវការប្រែប្រួលជាវិជ្ជមាន ចំពោះគំនាបពាណិជ្ជកម្ម ហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិកប្រឆាំងសាធារណរដ្ឋគុយបា៕


ផេកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សួស្តីឆ្នាំថ្មី!

យោងតាមទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះផ្សាយនៅ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានលើកឡើងថា ឆ្នាំថ្មីនេះ ក្នុងថ្ងៃចូលឆ្នាំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ -១៦ ខែ មេសា ឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នឹងបានសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសគឺនៅលើទឹកដីអង្គរដ៏បវរ ដែលនឹងមានព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» ដ៏អស្ចារ្យដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។
ដូចនៅរៀងរាល់ឆ្នាំ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» នឹងនាំមកនូវទស្សនីយភាពវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់កម្ពុជា ដែលបានផ្ដល់ឱកាសដល់យុវជនក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានកម្សាន្តសប្បាយ។ ទន្ទឹមនឹងនេះ គឺជាឱកាសអោយភ្ញៀវទេសចរណ៍បរទេស និងយុវជនកម្ពុជាបានស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ជាតិ ដូចជាសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែលកម្ពុជាអោយបានគង់វង្សរីកចម្រើនល្បីល្បាញខ្លាំងឡើងថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៌អង្គរ សង្រ្កាន្តឆ្នាំ ២០១៧ នៅខេត្តសៀមរាបអង្គរ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយរីករាយទាំងអស់គ្នា!៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ឆ្នាំ២០១៧» នៅទីលាន Angkor Golf Resort ក្រុងសៀមរាប

កីឡាករ កីឡាការិនីវាយកូនហ្គោលជាតិ និងអន្តរជាតិសរុបចំនួន១៤០នាក់ បានមកចូលរួមការប្រកួតវាយកូនហ្គោលជលក្ខណៈមិត្តភាព «ពានរង្វាន់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ឆ្នាំ២០១៧» នៅទីលានវាយកូនហ្គោល Angkor Golf Resort ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ។

តាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្នុងនាមជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា បានឱ្យដឹងថា វត្តមានកីឡាករ កីឡាការនី ជាតិ និងអន្តរជាតិ សរុបចំនួន១៤០នាក់ ដែលបានចូលរួមប្រកួតវាយកូនហ្គោលនាពេលនេះ គឺមានកីឡាករកម្ពុជា និងកីឡាករមកពី២២ប្រទេស ដោយក្នុងមានធុរៈជនបរទេស និងអង្គទូតបរទេសប្រចាំកម្ពុជាចំនួន៦ចូលរួមផងដែរ មានដូចជា ទូតអាល្លឺម៉ង់ ប៊្រុយណេ ប៉ាគីស្ថាន ថៃ ឥណ្ឌា ។ នៅមុនការប្រកួតចាប់ផ្តើមនោះ លោក ហ៊ុន សែន និងកីឡាករ កីឡាការិនីទាំងអស់ ក៏បានដាំកូនឈើរួមគ្នា នៅក្នុងទីលានវាយកូនហ្គោល Angkor Golf Resort នេះផងដែរ ដើម្បីជំរុញឱ្យមានការស្រឡាញ់ និងចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នា។

ចំណែក លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា បានបញ្ជាក់ថា ការរៀបចំការប្រកួតនេះ គឺក្នុងគោលបំណងបង្កើនចំណងមិត្តភាពសាមគ្គីភាព រវាងកីឡាករ ជាតិ និងអន្តរជាតិមិនមែនអាជីព ដោយក្នុងនោះ ពានរង្វាន់សម្តេចតេជោសម្រាប់ការប្រកួតវាយកូនគោល ឆ្នាំ២០១៧នេះ មានចំនួន៨ពាន សម្រាប់ការប្រកួតជា២ប្រព័ន្ធ គឺការប្រកួតប្រព័ន្ធជាក្រុម និងការប្រកួតប្រព័ន្ធឯកត្តជន។ ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក៏កំពុងរៀបចំបច្ចេកទេស និងជម្រុញសមត្ថភាពកីឡាករវាយកូនគោលកម្ពុជាបន្ថែមទៀត ដោយមានគ្រូបង្វឹកជនជាតិបរទេសផងដែរ។ គួរបញ្ជាក់ថា ទីតាំងហ្វឹកហាត់ និងទីលានប្រកួតវាយកូនគោល ជាលក្ខណៈអន្តរជាតិ ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានចំនួន៧ ក្នុងនោះនៅខេត្តសៀមរាបមានចំនួន៣ និងនៅរាជធានីភ្នំពេញមានចំនួន៤ទីតាំង

កម្មវិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវប្រគល់ជូនដល់កីឡាករជ័យលាភី ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផ្ទាល់ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Angkor Palace Spar and Resort៕














រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះជួបថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាលើកដំបូង ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះជួបសំណេះសំណាលថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ នេះគឺជាជំនួបដំបូងបង្អស់របស់លោកស្រីក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអាជ្ញាធរជាតិអប្សរាត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រីឱ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រីរដ្ឋមន្ត្រី បានស្តាប់របាយការណ៍សង្ខេបអំពីស្ថានភាពទូទៅនៃអាជ្ញាធរជាតិអប្សរាដែលរាយការណ៍ជូនដោយលោក ស៊ុំ ម៉ាប់ អគ្គនា​យកអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី បានរំឭកឡើងវិញនូវស្នាដៃសំខាន់ៗនៃអតីតប្រធានអាជ្ញាធរជាតិអប្សរា គឺលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ជាអាទិ៍ គឺការការពារបាននូវរមណី​យ​ដ្ឋានអង្គរ និងកេរ្តិ៍ឈ្មោះនៃអង្គរលើឆាកអន្តរជាតិ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាអនុសាសន៍ណែនាំ លោកស្រី បានរំឭកឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់បន្តដំណើរទៅមុខទៀត ក្នុងបេសកកម្មបម្រើបេតិកភណ្ឌអង្គរ និងរួមគ្នាបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យស្របនឹងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណី​យដ្ឋានអង្គរប្រកបដោយចីរភាព៕



គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ ធ្វើការផ្សព្វផ្សាយ​កម្មវិធីសុវត្ថិភាព​ចរាចរណ៍ នៅតាមផ្លូវជាតិនានា

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភាគីពាក់ព័ន្ធ បានកំពុងធ្វើការការផ្សព្វផ្សាយកម្មវិធីសុវត្ថិភាពចរាចរណ៍ នៅតាមផ្លូវជាតិនានា ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់។

កម្មវិធីនេះ បានដំណើរការចាប់ពីថ្ងៃទី១០ ដល់ ១២ ខែមេសា ឆ្នាំ២០១៧ ដោយក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងស.ស.យ.ក.វិស័យសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធីសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ៣ ជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៥ក្រោមស្ពានព្រែកព្នៅ ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ក្នុងគោលបំណងពញ្ញាក់ស្មារតី និងបង្កើនការយកចិត្តទុកដាក់ពីសុវត្ថិភាពចរាចរណ៍ក្នុងឱកាសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

កម្មវិធីនេះត្រូវបានរៀបចំនៅតាមទីប្រជុំជន និងផ្លូវជាតិ។ ទន្ទឹមនឹងនេះ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ក៏កំពុងតែរៀបចំសកម្មភាព និងយុទ្ធនាការសុវត្ថិភាពចរាចរណ៍យ៉ាងសកម្មផងដែរ៕



(វីដេអូ)៖ នេះឬបិតាសិទ្ធិមនុស្ស? វីដេអូបង្ហាញពីបុគ្គលិកអាកាសចរណ៍អាមេរិក «ប្រើហិង្សាអូសអ្នកដំណើរចិនចុះពីលើយន្តហោះនាំឱ្យឈាមស្រោចមុខ» កំពុងរងការតិះដៀលពេញពិភពលោក!

(អាមេរិក)៖ ខ្សែវីដេអូបង្ហាញពីបុរសម្នាក់ត្រូវបានសន្តិសុខក្រុមហ៊ុនអាកាសចរណ៍ United Airline របស់សហរដ្ឋអាមេរិកវាយតប់ និងអូសចេញពីលើយន្តហោះយ៉ាងព្រៃផ្សៃជាទីបំផុត ជុំវិញបញ្ហាជើងហោះហើរទៅកាន់ទីក្រុង Louisville នៃរដ្ឋ Kentucky ដែលត្រូវបានកក់លើសចំណុះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Chicago O’Hare បាន និងកំពុងបង្កការខឹងសម្បារជាខ្លាំងដល់មហាជនទាំងនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០១៧។

ដើមចមនៃហេតុការណ៍នេះ គឺពីដំបូងឡើយក្រុមហ៊ុនអាកាសចរណ៍ United Airline បានស្នើឱ្យអ្នកដំណើរផ្តល់កន្លែងអង្គុយរបស់ពួកគេដោយស្ម័គ្រចិត្ត ជាថ្នូរនឹងការសងជំងឺចិត្ត ដោយសារតែសហសេវិកចំនួនបួននាក់ ត្រូវការឡើងជិះនៅលើជើងហោះនេះ ហើយនៅពេលដែលពុំមានអ្នកព្រមចុះចេញតាមសម្រួលសន្តិសុខរបស់ United Airline ក៏បានសម្រេចជ្រើសរើសបុរសម្នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាថាជាជនជាតិចិនឈ្មោះ David Dao ឱ្យចាកចេញពីលើយន្តហោះ ប៉ុន្តែនៅពេលលោក Dao បានបដិសេធក្រុមសន្តិសុខក៏បានអូស និងទាញរូបលោកចេញពីកន្លែងអង្គុយយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

គួរបញ្ជាក់ថាក្រោយពីមានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានសាធារណៈ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ United Airline ក៏បានចេញមុខសូមអភ័យទោសចំពោះហេតុការណ៍នេះ ថាមិនគួរឱ្យកើតមានឡើងនោះឡើយ ខណៈភ្នាក់ងារសន្តិសុខម្នាក់របស់អាកាសចរណ៍ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន។ មតិតាមបណ្តាញសង្គម ដែលបានទស្សនាវីដេអូ បានធ្វើរិះគន់យ៉ាងធ្ងន់ និងមានការចោទជាសំនួរថា «តើនេះឬជាទង្វើនៃប្រទេសដែលតាំងខ្លួន ជាអ្នកគោរពសិទ្ធិមនុស្ស?» ខណៈដែលនេះជាកំហុសរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះសុទ្ធសាធ ដែលបានដាក់អ្នកដំណើរលើសចំណុះដោយមិនប្រយ័ត្នប្រយែង ចំពោះតួនាទីខ្លួនឯង៕

រដ្ឋបាលរាជ​ធានីភ្នំពេញ​ នឹងរៀបចំកម្មវិធី​ «សង្ក្រាន្តវត្តភ្នំ»​ រយៈពេល០៣ថ្ងៃ​ នៅរមណីយ​ដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធី «សង្ក្រាន្តវត្តភ្នំ» រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧។
កម្មវិធីនេះ នឹងរៀបចំឡើងក្រោមអធីបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖


ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងខេត្តសៀមរាបនៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ បានបន្តចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងមន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនៃគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តសៀមរាបនៅក្នុងសណ្ឋាគារសុខា ខេត្តសៀមរាប។
ពិធីជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តសៀមរាប គឺជាខេត្តទី៣ហើយ បន្ទាប់ពីខេត្តក្រចេះ និងខេត្តកណ្តាល។ ចំណែកនៅរាជធានីភ្នំពេញ លោកក៏បានជួបសំណេះសំណាលរួចមកហើយដែរកាលពីខែមីនា កន្លងទៅ។
នៅក្នុងពិធីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវមោទនភាពទៅលើកិច្ចការដែលគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់មូលដ្ឋាន និងក្រុមការងារ បានធ្វើកន្លងមក ជាពិសេសការរៀបចំបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះតែម្តង។   ពិធីជួបជុំនៃសមាជិកគណបក្សប្រជាជនកម្ពុជានេះ គឺធ្វើឡើង ដើម្បីជម្រុញនិងពង្រឹងបន្ថែមទៀត សម្រាប់ការត្រៀមរៀបចំរបស់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងរកសម្លេងគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនាខែឧសភា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទូទាំងប្រទេស នឹងត្រូវធ្វើឡើងនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
តាមការបញ្ជាក់របស់ លោក ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា គណបក្សនយោបាយដែលឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ក្នុងខេត្តសៀមរាប មានចំនួន៧គណបក្ស គឺមាន គណបក្សប្រជាជនកម្ពុជា! គណបក្សសង្គ្រោះជាតិ! គណបក្សហ្វុនស៊ិនប៉ិច! គណបក្សខ្មែររួបរួមជាតិ! គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ! គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ! និងគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ។ ក្នុងនោះ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សរុបទាំង៧គណបក្សនេះ មានចំនួន សរុប១៥៣៦នាក់ នៅក្នុងឃុំសង្កាត់ទាំង១០០ ក្នុងខេត្តសៀមរាប។
ទន្ទឹមនេះគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត បានធ្វើការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជននៃគណបក្សនយោបាយដាក់លើសន្លឹកឆ្នោតរួចរាល់ហើយសម្រាប់ឃុំសង្កាត់នៅក្នុងស្រុកក្រុងទាំង១២នៃសៀមរាប រួមមាន ស្រុកអង្គរជុំ! ស្រុកអង្គរធំ! ស្រុកបន្ទាយស្រី! ស្រុកជីក្រែង! ស្រុកក្រឡាញ់! ស្រុកពួក! ស្រុកប្រាសាទបាគង! ស្រុកសូទ្រនិគម! ស្រុកស្រីស្នំ! ស្រុកស្វាយលើ! ស្រុកវ៉ារិន! និង ក្រុងសៀមរាប។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នេះគឺមានគណបក្សនយោបាយចុះឈ្មោះចូលរួមចំនួន១២ ដែលមានបេក្ខជនឈរឈ្មោះសរុបជាង ៩ពាន់នាក់ នៅក្នុងឃុំ-សង្កាត់សរុបចំនួន ១៦៤៦ នៅទូទាំងប្រទេស៕





លោក សុខ សង្វា និងក្រុមគ្រួសារ ថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ដែលបានផ្តល់ឈ្មោះតួអង្គនិមិត្តរូបឆ្នាំរកាថា “គជសីហ៍”

យោងតាមគណនីហ្វេសប៊ុករបស់ លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអក្សរា ដែលបានបង្ហោះផ្សាយកាលពីពេលថ្មីៗនេះបានលើកឡើងថា ក្រុមគ្រួសាររបស់លោក សូមដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិក សមាជិកាទាំងអស់ ដែលបានផ្តល់ឈ្មោះតួអង្គនិមិត្តរូបឆ្នាំរកានៃព្រឹតិ្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧ គឺ «បងគជសីហ៍» ជាឈ្មោះដែលលោកឪពុករបស់លោកមានការស្រលាញ់ពេញចិត្ត សម្រាប់ជាការចងចាំដល់លោកឪពុករបស់លោក គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលតែងបានគាំទ្រ ជម្រុញ លើកទឹកចិត្ត និងតាមដានយ៉ាងយកចិត្តទុកខ្ពស់សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក៕











អភិបាលខេត្តព្រះវិហារ​ ដឹកនាំមន្ត្រីរាជការ​ និមន្តព្រះសង្ឃ​សូត្រមន្ត​លើករាសី​

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធហត្ថ និងប្រជាពលរដ្ឋ បាននិមន្តព្រះសង្ឃសូត្រមន្ត​លើករាសី​ ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី និងមានរាំរបាំទ្រុដិ តាមបែបប្រពែណី និងបានជូនក្រណាត់ស ថវិកាដល់តាជី យាយជី ដែលចូលរួមក្នុងពិធីនោះ។

នាឱកាសនោះដែរ អភិបាលខេត្តព្រះវិហារ បានសំណេះសំណាលជាមួយមន្ត្រីរាជការ សាលាខេត្ត និងចែកថវិកាដល់មន្ត្រីសាលាខេត្ត ក្នុងឱកាសឆ្នាំថ្មី និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅលេងស្រុកកំណើត សូមជួបប្រទះតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកផងដែរ៕





តើ ហេម៉ូហ្វីលា ជាជំងឺអ្វី ?

បើគេនិយាយពីជំងឺហេម៉ូហ្វីលា សម្រាប់ប្រជាជនកម្ពុជា ហាក់បីដូចជាកម្របានឮ និងស្គាល់ប្រភេទជំងឺនេះណាស់ ជំងឺហេម៉ូហ្វីលា ឬអាចហៅថា ជំងឺឈាមកម្រកក គឺជាប្រភេទជំងឺមានពីកំណើត និងតំណរពូជប្រមាណ៧០% និង កើតឡើងដោយឯកឯងប្រមាណតែ៣០% ប៉ុណ្ណោះ និងមានភាពរ៉ាំរ៉ៃ។
ប្រភេទនិងអាការៈជំងឺនេះ គឺធ្វើឲ្យអ្នកជំងឺហើមជាំនៅលើសារពាង្គកាយ ឬបង្កឲ្យមានការហូរឈាមនៅតាមសន្លាក់ នឹងធ្វើឲ្យមានការឈឺចាប់ខ្លាំងបំផុត នៅពេលធ្វើឲ្យមានការប៉ះទង្គិចអ្វីមួយលើសិរីរាង្គរបស់អ្នកជំងឺ វាអាចឲ្យ អ្នកជំងឺក្លាយជាពិការ ឬរហូតដល់បាត់បង់ជីវិតយ៉ាងឆាប់រហ័សក៏មាន ប្រសិនមិនបានព្យាបាលទាន់ពេល វេលានោះទេ។ ទាក់ទងទៅនឹងជំងឺប្រភេទនេះលោក សែន សុបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជាដែលលោក គឺជាអ្នកកើតជំងឺនេះផ្ទាល់តាំងតែពីតូចមកបានឲ្យដឹងថា ជំងឺហេម៉ូហ្វីលា នៅកម្ពុជាត្រូវ បានរកឃើញដំបូងនាឆ្នាំ២០០២ ក្រោមការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងបច្ចេកទេសពីលោកស្រី រ៉ូប៊ីន ដេហ្វីននីស ប្រទេស អូស្ត្រា លី ដែលខណៈពេលនោះកម្ពុជាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលនៅឡើយ ហើយផលិតភាពក្នុងការព្យាបាលនាពេលនោះ គឺតាមរយៈការព្យាបាលដោយឈាមស្រស់នៅឡើយ។ នៅក្នុងឱកាស ប្រារព្ធទិវាជំងឺហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៧ ដែលបានប្រារព្ធធ្វើកាលពីពេលថ្មីៗនេះ តាមការប៉ាន់ប្រមាណ គឺមានជាង២ពាន់នាក់ទូទាំងប្រទេសកម្ពុជា ដែលបានកើតជំងឺនេះ ប៉ុន្តែអ្នកជំងឺមានត្រឹមតែ ១៣៧ នាក់ប៉ុណ្ណោះ ដែលបានដឹង និងបានមកទទួលសេវាព្យាបាល ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ គឺមាននៅតែមន្ទីរពេទ្យកុមារ ជាតិ រាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាមួយនឹងវេជ្ជបណ្ឌិត ជំនាញផ្នែកជំងឺនេះតែ ២រូបប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះការព្យាបាលមានការវិវត្តន៍រីកចម្រើន ដោយផ្លាស់ប្តូរពីការព្យាបាលប្រើ ប្រាស់ឈាមស្រស់ទៅជាផ្លាស់ស្មា ក្រាយអូរសូពីលីផែន និងថ្នាំកត្តាឈាមកក វិញ៕

អត្ថបទ៖ រ៉ា ធីរ៉ាត់


ចាប៉ី​ដងវែង​ខ្នាត​យក្ស ត្រូវ​បានដង្ហែ​ទៅតម្កល់​ទុកបង្ហាញ​មហាជន​ក្នុងកម្មវិធី​អង្គរសង្រ្កាន្ត​ ឆ្នាំ២០១៧

ភ្នំពេញ៖ ចាប៉ីដងវែងខ្នាតយក្សរបស់កម្ពុជា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានដង្ហែយកទៅតម្កល់នៅក្នុងបរិវេណភូមិខ្ញុំ ស្ថិតនៅខាងជើងប្រាសាទបាយ័ន ដើម្បីបង្ហាញប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស ដែលអញ្ជើញកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ពិធីដង្ហែចាប៉ីដងវែងខ្នាតយក្សនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីសំណាក់ក្រុមការងារ យុវជនស្ម័គ្រចិត្ត មន្ត្រី បុគ្គលិកអាជ្ញាធរអប្សរា និងសាធារណជនយ៉ាងច្រើនកុះករ។
សូមជម្រាបផងដែរថា ចាប៉ីដងវែងខ្នាតយក្សនេះ មានប្រវែងសរុប១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និង កម្រាស់ ៦០សង់ទីម៉ែត្រ។ ចាប៉ីដងវែងមិនធ្លាប់មានពីមុនមកនេះ ត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងអបអរសាទរ ដែលចាប៉ីដងវែងខ្មែរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបិយពិភពលោក ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់ សម្បត្តិបេតិកភណ្ឌអរូបិយ និងផ្សព្វផ្សាយឧបករណ៍ភ្លេងខ្មែរ ដែលមានវ័យចំណាស់មួយនេះឲ្យកាន់តែល្បីល្បាញថែមទៀត។
សូមរំលឹកថា ចាប៉ីដងវែងរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចាប៉ីដងវែង គឺជាឧបករណ៍បុរាណរបស់ខ្មែរ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ ២ទេ។ ចាប៉ីប្រើសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។

ចាប៉ីចែកចេញជា ដង ព្រលួត ប្រកៀន (ធរណី) ខ្ទង់ ស្នូក (ប្រអប់សំនៀង) ក្រាញ (គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និង ខ្សែនីឡុង៕





អ៊ី​រ៉ង់​ចុះហត្ថ​លេខា​ទិញ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ ២០​គ្រឿង​ពី​ក្រុម​ហ៊ុន ATR

អនុរដ្ឋមន្ត្រីក្រសួងផ្លូវថ្នល់និងអភិវឌ្ឍក្រុងអ៊ីរ៉ង់បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន ATR ដើម្បីទិញយន្តហោះដឹកអ្នកដំណើរចំនួន ២០គ្រឿង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួនៅថ្ងៃនេះ។

លោក Asqar Fakhriyeh Kashan បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់ (អ៊ីរ៉ង់អ៊ែរ) បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន ATR ដើម្បីទិញយន្តហោះប្រភេទ ATR 72-600 ចំនួន ២០គ្រឿង។
កាលពីខែកុម្ភៈ លោក Fakhriyeh Kashan បានប្រកាសពីកិច្ចពិភាក្សាជាមួយមន្ត្រី ATR ដោយនិយាយថា បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ATR ដែលមានតម្លៃ ៤០០លានដុល្លារសហរដ្ឋអាមេរិក យន្តហោះដឹកអ្នកដំណើរ ២០គ្រឿងនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់តាមពេលវេលាដែលបានកំណត់។
គួរបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០១៦ អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន Airbus ដើម្បីទិញយន្ដហោះ ១០០គ្រឿងដែលមានតម្លៃជាង ១៨ពាន់លានដុល្លារអាម៉េរិក។ នៅខែធ្នូ ដដែលនេះប្រទេសអ៊ីរ៉ង់បានសម្រេចកិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយក្រុមហ៊ុនប៊ូអ៊ីងអាម៉េរិក ដើម្បីទិញយន្តហោះពាណិជ្ជកម្មចំនួន ៨០គ្រឿង។ កិច្ចព្រមព្រៀងនេះមានការទិញយន្តហោះម៉ាស៊ីនភ្លោះ Boeing 737 ចំនួន ៥០គ្រឿង និងយន្តហោះប្រភេទ 777 រយៈចម្ងាយឆ្ងាយចំនួន ៣០គ្រឿង ដែលមានតម្លៃសរុប ១៦,៦ពាន់លានដុល្លារ៕

ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មគឺដើម្បីបង្ការការបំភ្លៃគោលការណ៍ លទ្ធិប្រជាធិបតេយ្យ

យោងតាមឯកសារមួយក្រោមចំណងជើងថា «ប្រាប់ពីការពិត» ចុះផ្សាយនៅថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៧របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា​ច្បាប់ស្តីពី​គណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្ម​គឺ​ដើម្បីបង្ការការបំភ្លៃគោលការណ៍ លទ្ធិ​ប្រជាធិបតេយ្យ។

ក្រសួងការបរទេស បានបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានអនុម័តឆ្នាំ ១៩៩៧ មិនធ្លាប់ត្រូវបានធ្វើវិសោធនកម្ម២០ឆ្នាំមកហើយ ដែលក្នុងអំឡុងពេលនេះ រដ្ឋធម្ម​នុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ ទន្ទឹមនឹង នេះ ក៏មានច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួនត្រូវបានអនុម័ត ដូចជាច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តី ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត។​ល។

ក្រសួងការបរទេស ក៏បានបញ្ជាក់នៅក្នុងឯកសារ «ប្រាប់ពីការពិត» ថា ច្បាប់ដែលត្រូវបានធ្វើ វិសោធនកម្មនេះត្រូវអនុវត្តដោយមិនរើសអើងចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ហើយមានលក្ខខណ្ឌមូលដ្ឋានគ្រប់យ៉ាងដែលសង្គមប្រជាធិបតេយ្យនានាត្រូវតែប្រកាន់ខ្ជាប់។ ច្បាប់នេះសំដៅការពារប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយមអាស្រ័យរដ្ឋធម្ម​នុញ្ញ និងអធិបតេយ្យភាពរបស់កម្ពុជាពីការលូកលាន់ដោយបរទេសនៅក្នុងការបោះឆ្នោត​របស់ខ្លួន។

ក្រសួងការបរទេស ក៏បានសង្កត់ធ្ងន់ថា​ ដោយរៀនសូត្រពីមេរៀនកន្លងមកពីរទសវត្សរ៍ ច្បាប់​នេះក៏សំដៅបង្ការការបំភ្លៃគោលការណ៍លទ្ធិប្រជាធិបតេយ្យក្រោមលេសលទ្ធិប្រជាធិបតេយ្យផងដែរ ដែលនេះ គឺជាកាតព្វកិច្ចដែលមិនអាចបំពានបានរបស់រាជរដ្ឋាភិបាលក្នុង​ការការពារ​ភាពថ្លៃថ្នូរនៃស្ថាប័នដែលកំពុងមានអត្ថិភាព៕