Wednesday, April 12, 2017

ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងខេត្តសៀមរាបនៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ បានបន្តចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងមន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនៃគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តសៀមរាបនៅក្នុងសណ្ឋាគារសុខា ខេត្តសៀមរាប។
ពិធីជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តសៀមរាប គឺជាខេត្តទី៣ហើយ បន្ទាប់ពីខេត្តក្រចេះ និងខេត្តកណ្តាល។ ចំណែកនៅរាជធានីភ្នំពេញ លោកក៏បានជួបសំណេះសំណាលរួចមកហើយដែរកាលពីខែមីនា កន្លងទៅ។
នៅក្នុងពិធីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវមោទនភាពទៅលើកិច្ចការដែលគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់មូលដ្ឋាន និងក្រុមការងារ បានធ្វើកន្លងមក ជាពិសេសការរៀបចំបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះតែម្តង។   ពិធីជួបជុំនៃសមាជិកគណបក្សប្រជាជនកម្ពុជានេះ គឺធ្វើឡើង ដើម្បីជម្រុញនិងពង្រឹងបន្ថែមទៀត សម្រាប់ការត្រៀមរៀបចំរបស់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងរកសម្លេងគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនាខែឧសភា និងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទូទាំងប្រទេស នឹងត្រូវធ្វើឡើងនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
តាមការបញ្ជាក់របស់ លោក ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា គណបក្សនយោបាយដែលឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ក្នុងខេត្តសៀមរាប មានចំនួន៧គណបក្ស គឺមាន គណបក្សប្រជាជនកម្ពុជា! គណបក្សសង្គ្រោះជាតិ! គណបក្សហ្វុនស៊ិនប៉ិច! គណបក្សខ្មែររួបរួមជាតិ! គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ! គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ! និងគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ។ ក្នុងនោះ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សរុបទាំង៧គណបក្សនេះ មានចំនួន សរុប១៥៣៦នាក់ នៅក្នុងឃុំសង្កាត់ទាំង១០០ ក្នុងខេត្តសៀមរាប។
ទន្ទឹមនេះគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត បានធ្វើការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជននៃគណបក្សនយោបាយដាក់លើសន្លឹកឆ្នោតរួចរាល់ហើយសម្រាប់ឃុំសង្កាត់នៅក្នុងស្រុកក្រុងទាំង១២នៃសៀមរាប រួមមាន ស្រុកអង្គរជុំ! ស្រុកអង្គរធំ! ស្រុកបន្ទាយស្រី! ស្រុកជីក្រែង! ស្រុកក្រឡាញ់! ស្រុកពួក! ស្រុកប្រាសាទបាគង! ស្រុកសូទ្រនិគម! ស្រុកស្រីស្នំ! ស្រុកស្វាយលើ! ស្រុកវ៉ារិន! និង ក្រុងសៀមរាប។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នេះគឺមានគណបក្សនយោបាយចុះឈ្មោះចូលរួមចំនួន១២ ដែលមានបេក្ខជនឈរឈ្មោះសរុបជាង ៩ពាន់នាក់ នៅក្នុងឃុំ-សង្កាត់សរុបចំនួន ១៦៤៦ នៅទូទាំងប្រទេស៕





No comments:

Post a Comment