Wednesday, April 12, 2017

(វីដេអូ)៖ នេះឬបិតាសិទ្ធិមនុស្ស? វីដេអូបង្ហាញពីបុគ្គលិកអាកាសចរណ៍អាមេរិក «ប្រើហិង្សាអូសអ្នកដំណើរចិនចុះពីលើយន្តហោះនាំឱ្យឈាមស្រោចមុខ» កំពុងរងការតិះដៀលពេញពិភពលោក!

(អាមេរិក)៖ ខ្សែវីដេអូបង្ហាញពីបុរសម្នាក់ត្រូវបានសន្តិសុខក្រុមហ៊ុនអាកាសចរណ៍ United Airline របស់សហរដ្ឋអាមេរិកវាយតប់ និងអូសចេញពីលើយន្តហោះយ៉ាងព្រៃផ្សៃជាទីបំផុត ជុំវិញបញ្ហាជើងហោះហើរទៅកាន់ទីក្រុង Louisville នៃរដ្ឋ Kentucky ដែលត្រូវបានកក់លើសចំណុះ នៅឯអាកាសយានដ្ឋានអន្តរជាតិ Chicago O’Hare បាន និងកំពុងបង្កការខឹងសម្បារជាខ្លាំងដល់មហាជនទាំងនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០១៧។

ដើមចមនៃហេតុការណ៍នេះ គឺពីដំបូងឡើយក្រុមហ៊ុនអាកាសចរណ៍ United Airline បានស្នើឱ្យអ្នកដំណើរផ្តល់កន្លែងអង្គុយរបស់ពួកគេដោយស្ម័គ្រចិត្ត ជាថ្នូរនឹងការសងជំងឺចិត្ត ដោយសារតែសហសេវិកចំនួនបួននាក់ ត្រូវការឡើងជិះនៅលើជើងហោះនេះ ហើយនៅពេលដែលពុំមានអ្នកព្រមចុះចេញតាមសម្រួលសន្តិសុខរបស់ United Airline ក៏បានសម្រេចជ្រើសរើសបុរសម្នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាថាជាជនជាតិចិនឈ្មោះ David Dao ឱ្យចាកចេញពីលើយន្តហោះ ប៉ុន្តែនៅពេលលោក Dao បានបដិសេធក្រុមសន្តិសុខក៏បានអូស និងទាញរូបលោកចេញពីកន្លែងអង្គុយយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

គួរបញ្ជាក់ថាក្រោយពីមានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានសាធារណៈ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ United Airline ក៏បានចេញមុខសូមអភ័យទោសចំពោះហេតុការណ៍នេះ ថាមិនគួរឱ្យកើតមានឡើងនោះឡើយ ខណៈភ្នាក់ងារសន្តិសុខម្នាក់របស់អាកាសចរណ៍ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន។ មតិតាមបណ្តាញសង្គម ដែលបានទស្សនាវីដេអូ បានធ្វើរិះគន់យ៉ាងធ្ងន់ និងមានការចោទជាសំនួរថា «តើនេះឬជាទង្វើនៃប្រទេសដែលតាំងខ្លួន ជាអ្នកគោរពសិទ្ធិមនុស្ស?» ខណៈដែលនេះជាកំហុសរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះសុទ្ធសាធ ដែលបានដាក់អ្នកដំណើរលើសចំណុះដោយមិនប្រយ័ត្នប្រយែង ចំពោះតួនាទីខ្លួនឯង៕

No comments:

Post a Comment