Wednesday, April 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកការប្រកួតកីឡាវាយកូនហ្គោល «ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ឆ្នាំ២០១៧» នៅទីលាន Angkor Golf Resort ក្រុងសៀមរាប

កីឡាករ កីឡាការិនីវាយកូនហ្គោលជាតិ និងអន្តរជាតិសរុបចំនួន១៤០នាក់ បានមកចូលរួមការប្រកួតវាយកូនហ្គោលជលក្ខណៈមិត្តភាព «ពានរង្វាន់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ឆ្នាំ២០១៧» នៅទីលានវាយកូនហ្គោល Angkor Golf Resort ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ។

តាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្នុងនាមជាប្រធានសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា បានឱ្យដឹងថា វត្តមានកីឡាករ កីឡាការនី ជាតិ និងអន្តរជាតិ សរុបចំនួន១៤០នាក់ ដែលបានចូលរួមប្រកួតវាយកូនហ្គោលនាពេលនេះ គឺមានកីឡាករកម្ពុជា និងកីឡាករមកពី២២ប្រទេស ដោយក្នុងមានធុរៈជនបរទេស និងអង្គទូតបរទេសប្រចាំកម្ពុជាចំនួន៦ចូលរួមផងដែរ មានដូចជា ទូតអាល្លឺម៉ង់ ប៊្រុយណេ ប៉ាគីស្ថាន ថៃ ឥណ្ឌា ។ នៅមុនការប្រកួតចាប់ផ្តើមនោះ លោក ហ៊ុន សែន និងកីឡាករ កីឡាការិនីទាំងអស់ ក៏បានដាំកូនឈើរួមគ្នា នៅក្នុងទីលានវាយកូនហ្គោល Angkor Golf Resort នេះផងដែរ ដើម្បីជំរុញឱ្យមានការស្រឡាញ់ និងចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នា។

ចំណែក លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា បានបញ្ជាក់ថា ការរៀបចំការប្រកួតនេះ គឺក្នុងគោលបំណងបង្កើនចំណងមិត្តភាពសាមគ្គីភាព រវាងកីឡាករ ជាតិ និងអន្តរជាតិមិនមែនអាជីព ដោយក្នុងនោះ ពានរង្វាន់សម្តេចតេជោសម្រាប់ការប្រកួតវាយកូនគោល ឆ្នាំ២០១៧នេះ មានចំនួន៨ពាន សម្រាប់ការប្រកួតជា២ប្រព័ន្ធ គឺការប្រកួតប្រព័ន្ធជាក្រុម និងការប្រកួតប្រព័ន្ធឯកត្តជន។ ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក៏កំពុងរៀបចំបច្ចេកទេស និងជម្រុញសមត្ថភាពកីឡាករវាយកូនគោលកម្ពុជាបន្ថែមទៀត ដោយមានគ្រូបង្វឹកជនជាតិបរទេសផងដែរ។ គួរបញ្ជាក់ថា ទីតាំងហ្វឹកហាត់ និងទីលានប្រកួតវាយកូនគោល ជាលក្ខណៈអន្តរជាតិ ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានចំនួន៧ ក្នុងនោះនៅខេត្តសៀមរាបមានចំនួន៣ និងនៅរាជធានីភ្នំពេញមានចំនួន៤ទីតាំង

កម្មវិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវប្រគល់ជូនដល់កីឡាករជ័យលាភី ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផ្ទាល់ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Angkor Palace Spar and Resort៕














No comments:

Post a Comment