Thursday, January 21, 2016

បទយក​ការណ៍ ស្តីពី​ទិវា​ជ្រើស​រើស​កម្លាំង​ពល​កម្ម​នៅស្រុក​រំដូល ខេត្ត​ស្វារៀង (១៦៩)








រយៈពេលបីខែ រដ្ឋសភាអនុម័តច្បាប់ចំនួន១៣ អនុម័តសេចក្តីស្នើវិសោធកម្មចំនួន២ និងរៀបចំការបោះឆ្នោតចំនួន២លើក

ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះទៅ សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ត្រូវបានបិទ​តាមច្បាប់កំណត់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត និងសាធារណជន។

លិខិតចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ របស់អគ្គលេខាធិការរដ្ឋសភា បានលើកឡើងថា យោងតាមសេចក្តីប្រកាសរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ និង អនុលោមតាមមាត្រា៨៣ វាក្យខណ្ឌទី២ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ និងប្រការ១ វាក្យខណ្ឌទី២ នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ដែលចែងថា សម័យប្រជុំរដ្ឋសភានីមួយៗមានថិរ​វេលា​យ៉ាងតិច៣ខែ។ សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ចាប់ផ្តើមដំណើរការ នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥ មកដល់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៦នេះ មានរយៈពេល៣ខែគត់។ ដូច្នេះសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ ត្រូវបិទ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះតទៅ

អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានបញ្ជាក់ ពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាល​ទី៥ រយៈពេលបីខែមកនេះ បានអនុម័ត សេចក្តីព្រាងច្បាប់ចំនួន១២ អនុម័តសេចក្តីស្នើច្បាប់បាន ចំនួន១ ។ អនុម័តសេចក្តីស្នើវិសោធនកម្ម ប្រការ៣ថ្មី ប្រការ៧ថ្មី ប្រការ៨ ប្រការ១០ថ្មី(ពីរ) ប្រការ១៤ថ្មី ប្រការ១៨ ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ថ្មី(ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ៣៦ថ្មី ប្រការ ៣៨ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល​ស្នើឡើងដោយតំណាង ក្រុមតំណាងរាស្រ្ត ហត្ថលេខី និងអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីវិសោធនកម្មមាត្រា២១ នៃច្បាប់ស្តីពីលក្ខន្តិកៈសមា​ជិ​ក​ព្រឹទ្ធសភា ដែលស្នើឡើងដោយ សមាជិកព្រឹទ្ធសភា ផងដែរ។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ នេះ ក៏បានបោះឆ្នោតទុកចិត្ត ឯកឧត្តម អ៊ុក សារាវុធ ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ។ បោះឆ្នោតដកតំណែងជាអនុប្រធានទី១ នៃរដ្ឋសភា ពីឯកឧត្តម កឹម សុខា។

សូមជម្រាបថា នៅក្នុងឱកាសវិស្សមកាលនេះ តំណាងរាស្រ្ត តែងតែចុះបំពេញបេសកកម្មតាមមណ្ឌលខេត្ត នៅទូទំាងប្រទេស ដើម្បីស្វែងយល់ សុខទុក្ខប្រជាពលរដ្ឋ ក្នុងនាមជាតំណាងប្រជាពលរដ្ឋ ដែលទទួលបានការបោះឆ្នោតគំាទ្រពីប្រជាពលរដ្ឋ៕