Wednesday, April 22, 2020

សន្និសីទសារព័ត៌មាន ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»

ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង​៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលមានវាគ្មិនអញ្ជើញចូលរួមគឺ ឯកឧត្ដម ជិន មាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិការ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយលោក អម សុភា ប្រធានគណៈកម្មាធិការសាខា លោកស្រី ប៊ុន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា រស់នៅភូមិគល់គប់ ឃុំស្រែថ្មី ០៩គ្រួសារ និងភូមិព្រៃមូល ឃុំព្រៃមូល ១០គ្រួសារ ក្នុងស្រុករលាប្អៀរ សរុបចំនួន ១៩គ្រួសារ។
នាឱកាសនោះ លោកប្រធានកិត្តិយស ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនដល់ពួកគាត់ផងដែរ។

ចំពោះអំណោយដែលបាននាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម, ត្រីខ ០១យួរ (១០កំប៉ុង), មី ០១កេស, ឃីត ០១កញ្ចប់ (មុង ០១ ភួយ ០១ សារុង ០១ និង ក្រមា ០១) និងថវិកា ៣០,០០០រៀល៕


កងទ័ពកម្ពុជា-ចិនទាំងអស់ដែលធ្វើលំហាត់សមយុទ្ធនាគមាស គ្មានអ្នកឆ្លងជំងឺកូវីដ១៩ទេ បន្ទាប់ពីត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃ

កងទ័ពរំដោះប្រជាជនចិន ដែលមកចូលរួមលំហាត់សមយុទ្ធនាគមាស បានធ្វើដំណើរដល់ប្រទេសចិនចំនួន២០ថ្ងៃហើយ និងបានប្រកាសថា កងទ័ពទាំងអស់ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ គឺពុំមានជំងឺខូវីដ-១៩នោះទេ។ ចំណែកភាគីកងទ័ពកម្ពុជាពិសេសកងកម្លាំងនៃកងពលតូចលេខ៧០ ក៏មិនមានអ្នកណាម្នាក់ឆ្លងវីរុសនេះដែរ ក្នុងពេលធ្វើសមយុទ្ធរួមគ្នា។ ការប្រកាសនេះគឺក្រោយពេលនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ និងធ្វើតេស្តចំនួន៦ថ្ងៃមកហើយ។
សូមជម្រាបថា ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នានោះ កងពលតូចលេខ៧០ បានចាត់វិធានការយ៉ាងតឹងរ៉ឹងក្នុងការចេញចូលបរិវេណទីតាំងទាំង២ គឺសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី របស់កងពលតូលលេខ៧០ និងបញ្ជាការដ្ឋានកងពលនៅភ្នំពេញ ពិសេសគឺការបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ដែលថ្នាំមួយចំនួនគឺទទួលបានពីខាងភាគីចិន និងបានអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ក្នុងការបង្ការជំងឺកូវីដ១៩ នេះ។
បើតាមភាគីមិត្តចិនបានបញ្ជាក់ថា លទ្ធផលដែលបង្ហាញអំពីការមិនឆ្លងជំងឺរវាងកង ទ័ពនៃប្រទេសទាំង២នេះ គឺជាជោគជ័យមួយដ៏ធំធេង ពោលគឺមិនត្រឹមតែជោគជ័យលើការហ្វឹកហាត់ជំនាញប្រឆាំងអំពើភេវរកម្មរួមគ្នានោះទេ ប៉ុន្តែក៏ជាជោគជ័យនៃការការពារ និងថែទាំសុខភាពជាមួយគ្នាបានយ៉ាងល្អ ក្នុងនាមជាមិត្តផងដែរ ដោយក្នុងនោះមានកងពលតូចលេខ៧០ ជាអ្នកទទួលធានាការពារការពារក្នុងទីលានសមយុទ្ធនៅសាលាតេជោសែនជុំគិរី និងនៅបញ្ជាការដ្ឋានកងពលនៅភ្នំពេញ។

គួរបញ្ជាក់ថា តាមការចង្អុលបង្ហាញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងអន្តរជាតិ កម្ពុជាបានប្រតិបត្តិយ៉ាងតឹងរ៉ឹងនូវវិធានការសុវត្ថិភាព ដើម្បីការពារសុខភាពកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវការមិនឆ្លងជំងឺរាតត្បាតកូវីដ១៩ នេះ ខណៈដែលប្រទេសកម្ពុជា និងចិន ក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕








កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩

នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ (COVID-19) ពាក់ព័ន្ធការងារអន្តរក្រសួង និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអង្គការសហប្រជាជាតិ តំណាងអង្គទូត ស្ថាប័ន អង្គការអន្តរជាតិនានា ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិគ.ជ.ប.ជ អង្គភាព ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ៕





ទស្សនៈមិត្តអ្នកអាន៖ វិទ្យុបរទេសប្រតិកិរិយាប្រើវោហាបែបឡប់ឆ្កួត!

កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅនេះមានវិទ្យុបរទេសមួយផ្សាយជាភាសាខ្មែរដែលប្រជាពលរដ្ឋតែងហៅរត់មាត់ថាជាវិទ្យុប្រតិកិរិយានោះ បានធ្វើអត្ថាធិប្បាយនូវបទវិភាគមួយដែលមានចរិតញុះញង់ អុជ អាល បំបែកបំបាក់ ក្នុងចេតនាទុច្ចរិតធ្វើឱ្យមានចលាចលក្នុងសង្គមកម្ពុជា នៅពេលដែលប្រទេសកំពុងជួបនូវបញ្ហារាលដាលនៃជំងឺកូវីដ19 នោះ។
អ្វីដែលវិទ្យុទំនើងមួយនេះលើកយកមកផ្សព្វផ្សាយបំផ្លើសនោះ គឺការលើកឡើងអំពីវិសាលភាពនៃការធ្វើច្បាប់សម្រាប់ដាក់ប្រទេសកម្ពុជាក្នុងភាពអាសន្នដែលកំពុងដំណើរការពិនិត្យ និងអនុម័តដោយស្ថាប័នធ្វើច្បាប់ធំៗជាបន្តបន្ទាប់នោះ ថាជារឿងគួរឱ្យបារម្ភលើការរឹតត្បិតសិទ្ធិសេរីភាព ឬជាការរៀបចំផ្លូវដើម្បីផ្ទេរតំណែងរបស់លោកនាយករដ្ឋមន្ត្រី ទៅឱ្យកូនទៅវិញ។ តាមការពិត ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះត្រូវបានប្រទេសជាច្រើននៅក្នុងពិភពលោក ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានបានយកមកអនុវត្តនៅក្នុងប្រទេសរបស់គេរួចទៅហើយ ចំណែកនៅកម្ពុជាការរៀបចំតាក់តែងច្បាប់នេះឡើងគឺអនុលោមទៅតាមមាត្រា22ថ្មី នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងបទដ្ឋានសិទ្ធិមនុស្សដទៃទៀតយ៉ាងឥតខ្ចោះ ខណៈពេលដែល មាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យមានការប្រកាសដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្ន ប៉ុន្តែច្បាប់ស្តីពីការប្រកាសភាពអាសន្ននេះនៅពុំទាន់មាននៅឡើយ ហើយនេះជាហេតុផលដែលនាំឲ្យមានសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ។ ទន្ទឹមនេះ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ ក៏ជាជំហានមួយក្នុងចំណោមជំហានដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ19 នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះផងដែរ។ ដូច្នេះ វាមិនទំនងទាល់តែសោះ ដែលវិទ្យុបរទេសទំនើងមួយនេះលើកយករឿងធ្វើច្បាប់ដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្ននេះមកធ្វើជាប្រធានបទដើម្បីចោទប្រកាន់ថា ជាការរៀបចំផ្លូវសម្រាប់បន្តវេនកូនបែបនេះ។
ជាការពិតរបបនយោបាយនៅកម្ពុជាបានតាក់តែង និងចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលអំពីការឡើងកាន់អំណាចដឹកនាំប្រទេស គឺត្រូវអនុវត្តតាមការបោះឆ្នោតជ្រើសរើសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះ ការធ្វើវិភាគរបស់វិទ្យុបរទេសប្រតិកិរិយាមួយនោះគឺពិតជាការវិភាគដោយល្ងិតល្ងង់បំផុត និងមាននិន្នាការលំអៀងខាងនយោបាយបំផុត ពីព្រោះថាវិទ្យុនេះធ្វើការវិភាគដោយមិនបានស្វែងយល់ពីច្បាប់នៅកម្ពុជា ឬក៏បានឃើញ និងយល់អំពីច្បាប់ដែរប៉ុន្តែធ្វើជាងងឹតភ្នែក និងធ្វើជាមិនយល់ ហេតុនេះគេពិបាកកែប្រែផ្នត់គំនិតលំអៀងខាងនយោបាយនេះខ្លាំងណាស់ ដូចពាក្យចាស់តែងពោលថា «ឆ្កែកន្ទុយខ្វៀន គឺនៅតែកន្ទុយខ្វៀនដដែល» ដូច្នោះដែរ។
ជាការកត់សម្គាល់ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១មក ព្រះរាជាណាចក្រកម្ពុជាទី២នៃយើង បានធ្វើការជ្រើសរើសមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទៀងទាត់រៀងរាល់៥ឆ្នាំម្តងចំនួន៦អាណត្តិរួចមកហើយ(ឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ ឆ្នាំ២០១៣ និងឆ្នាំ២០១៨) ហើយមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតដើម្បីសម្តែងមតិជ្រើសរើសមេដឹកនាំរបស់ខ្លួនលើសពីជាង៦០% ជារៀងរាល់លើក ដែលចំនួនភាគរយនៃប្រជាជនចេញទៅបោះឆ្នោតនេះគឺមានច្រើនជាងបណ្តាប្រទេសធំៗខ្លះ ដែលតាំងខ្លួនឯងថាជាបិតាប្រជាធិបតេយ្យទៀតផង។
សម្រាប់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនាំប្រទេស បានគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងផង និងគោលការណ៍ប្រជាធិបតេយ្យក្នុងការដឹកនាំរដ្ឋផង ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការបោះឆ្នោតគាំទ្រពីប្រជាជន ក្នុងចំនួនដ៏ច្រើនលើសលប់ ឱ្យដឹកនាំប្រទេសបានរាប់ទសវត្សរ៍ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាកន្លងមកបែបនេះ។ ម្យ៉ាងវិញទៀត គ្រប់ឥស្សរៈជនដែលត្រូវជ្រើសតាំងធ្វើជាបេក្ខជនប្រមុខដឹកនាំប្រទេសសុទ្ធតែត្រូវបានជ្រើសតាំងដោយមហាសន្និបាតនៃគណៈកម្មាធិការកណ្តាល តាមរយៈការបោះឆ្នោតដោយយកសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល ហេតុនេះគ្មានហេតុផលណាមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យមានការធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ក្នុងគោលដៅដើម្បីផ្ទេរអំណាចដូចការវិភាគល្ងង់ខ្លៅរបស់វិទ្យុបរទេសប្រតិកិរិយានោះទេ។ជារួម ផ្អែកតាមស្ថានភាពកាចសាហាវនៃជំងឺកូវីដ19 នាពេលនេះទើបតម្រូវឲ្យរាជរដ្ឋាភិបាលមានការរៀបចំតាក់តែងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពមានអាសន្ន ធ្វើជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ចាត់វិធានការណ៏សមស្របដើម្បីទប់ស្កាត់ជំងឺកូវីដ19 ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះ។ គោលបំណងសំខាន់នៃច្បាប់នេះគឺដើម្បីការពារជីវិត និងផលប្រយោជន៍របស់ប្រជាជនក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងរយៈពេលវែងតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះនឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនដើម្បីគ្រប់គ្រងស្ថានភាពបន្ទាន់ដែលមិនអាចមើលឃើញទុកជាមុន ដែលប្រទេសជាតិនឹងប្រឈមនៅពេលអនាគត និងអាចជួយសង្គ្រោះជីវិតប្រជាជនជាច្រើនទៅវិញទេ។ មួយវិញទៀត ច្បាប់នេះត្រូវបានប្រកាសឱ្យអនុវត្តតែនៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងក្នុងស្ថានភាពដែលធ្ងន់ធ្ងរប៉ុណ្ណោះ ហើយវានឹងត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នបំផុត ហើយច្បាប់នេះក៏នឹងមានដែនកំណត់ចំពោះអំណាចប្រតិបត្តិផងដែរ ហើយមន្ត្រីដែលរំលោភអំណាចក្នុងគ្រាមានអាសន្នក៏នឹងត្រូវទទួលទណ្ឌកម្មស្របតាមច្បាប់នេះកំណត់ផងដែរ។
ដូច្នេះ វាជារឿងដ៏អយុត្តិធម៌បំផុតដែលវិទ្យុបរទេសប្រតិកិរិយានោះបានបំផ្លើសក្នុងការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាយកច្បាប់នេះដើម្បីរឹតត្បិតសិទ្ធិសេរីភាព និងជាពិសេសគឺការវិភាគបែបញុះញង់ បំភ្លៃ និងបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានោះ។ ផ្ទុយទៅវិញ ច្បាប់នេះគឺមិនបានធ្វើឡើងដើម្បីរំលោភអំណាចពលរដ្ឋ ឬជាការរៀបចំផ្ទេរអំណាចនោះឡើយ ប៉ុន្តែវាជាលិខិតុបករណ៍ខាងផ្លូវច្បាប់សម្រាប់ការពារ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេស និងការការពារផលប្រយោជន៍រួមទាំងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់រូបទៅវិញទេ ពីព្រោះរដ្ឋាភិបាលនៅក្នុងប្រទេសលោកខាងលិចជាច្រើនក៏បានប្រើប្រាស់ច្បាប់ដូចគ្នានេះក្នុងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរួចទៅហើយផងដែរ។
ដូច្នេះ សូមវិទ្យុបរទេសប្រតិកិរិយាមួយនេះបញ្ឈប់ធ្វើការវិភាគបែបឡប់ឆ្កួតតទៅទៀតទៅ ពីព្រោះវានឹងធ្វើឱ្យសាធារណៈមតិកាន់តែយល់ច្បាស់ថាជាវិទ្យុរបស់អតីតបក្សប្រឆាំងទៅវិញ៕
ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)


សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ថ្ងៃនេះមិនមានករណីជាសះស្បើយបន្ថែមទៀត និងមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបានបញ្ជាក់ឱ្យដឹងថា មិនមានករណីជាសះស្បើយបន្ថែមទៀត និងក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ។
អ្នកជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយរហូតដល់១១០នាក់ ខណៈដែលក្នុងរយៈពេល១០ថ្ងៃជាប់គ្នានេះគ្មានករណីឆ្លងថ្មីទៀតទេ។ដូចនេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាគិតពីពេលចាប់ផ្តើមដំបូងមកដល់ពេលនេះមានចំនួន១២២នាក់ បន្ទាប់ពីបានព្យាបាលជាសះស្បើយសរុបកើនឡើងរហូតដល់១១០នាក់នោះ គឺអ្នកជំងឺដែលកំពុងនៅបន្តព្យាបាល បានថយចុះមកនៅត្រឹមតែ១២នាក់ទៀតប៉ុណ្ណោះ ហើ់យសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខតាមរយៈការប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យ អ្នកជំងឺដែលកំពុងបន្តព្យាបាល នឹងត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ទៀត។

បើទោះបីជាគ្មានករណីឆ្លងថ្មីរយៈពេល១០ថ្ងៃជាប់គ្នាយ៉ាងនេះក្តី ក៏ក្រសួងសុខាភិបាលនៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជងឺកូវីដ១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕