Wednesday, April 22, 2020

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិការ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយលោក អម សុភា ប្រធានគណៈកម្មាធិការសាខា លោកស្រី ប៊ុន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា រស់នៅភូមិគល់គប់ ឃុំស្រែថ្មី ០៩គ្រួសារ និងភូមិព្រៃមូល ឃុំព្រៃមូល ១០គ្រួសារ ក្នុងស្រុករលាប្អៀរ សរុបចំនួន ១៩គ្រួសារ។
នាឱកាសនោះ លោកប្រធានកិត្តិយស ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនដល់ពួកគាត់ផងដែរ។

ចំពោះអំណោយដែលបាននាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម, ត្រីខ ០១យួរ (១០កំប៉ុង), មី ០១កេស, ឃីត ០១កញ្ចប់ (មុង ០១ ភួយ ០១ សារុង ០១ និង ក្រមា ០១) និងថវិកា ៣០,០០០រៀល៕


No comments:

Post a Comment