Wednesday, April 22, 2020

ទស្សនៈមិត្តអ្នកអាន៖ វិទ្យុបរទេសប្រតិកិរិយាប្រើវោហាបែបឡប់ឆ្កួត!

កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅនេះមានវិទ្យុបរទេសមួយផ្សាយជាភាសាខ្មែរដែលប្រជាពលរដ្ឋតែងហៅរត់មាត់ថាជាវិទ្យុប្រតិកិរិយានោះ បានធ្វើអត្ថាធិប្បាយនូវបទវិភាគមួយដែលមានចរិតញុះញង់ អុជ អាល បំបែកបំបាក់ ក្នុងចេតនាទុច្ចរិតធ្វើឱ្យមានចលាចលក្នុងសង្គមកម្ពុជា នៅពេលដែលប្រទេសកំពុងជួបនូវបញ្ហារាលដាលនៃជំងឺកូវីដ19 នោះ។
អ្វីដែលវិទ្យុទំនើងមួយនេះលើកយកមកផ្សព្វផ្សាយបំផ្លើសនោះ គឺការលើកឡើងអំពីវិសាលភាពនៃការធ្វើច្បាប់សម្រាប់ដាក់ប្រទេសកម្ពុជាក្នុងភាពអាសន្នដែលកំពុងដំណើរការពិនិត្យ និងអនុម័តដោយស្ថាប័នធ្វើច្បាប់ធំៗជាបន្តបន្ទាប់នោះ ថាជារឿងគួរឱ្យបារម្ភលើការរឹតត្បិតសិទ្ធិសេរីភាព ឬជាការរៀបចំផ្លូវដើម្បីផ្ទេរតំណែងរបស់លោកនាយករដ្ឋមន្ត្រី ទៅឱ្យកូនទៅវិញ។ តាមការពិត ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះត្រូវបានប្រទេសជាច្រើននៅក្នុងពិភពលោក ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានបានយកមកអនុវត្តនៅក្នុងប្រទេសរបស់គេរួចទៅហើយ ចំណែកនៅកម្ពុជាការរៀបចំតាក់តែងច្បាប់នេះឡើងគឺអនុលោមទៅតាមមាត្រា22ថ្មី នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងបទដ្ឋានសិទ្ធិមនុស្សដទៃទៀតយ៉ាងឥតខ្ចោះ ខណៈពេលដែល មាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យមានការប្រកាសដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្ន ប៉ុន្តែច្បាប់ស្តីពីការប្រកាសភាពអាសន្ននេះនៅពុំទាន់មាននៅឡើយ ហើយនេះជាហេតុផលដែលនាំឲ្យមានសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ។ ទន្ទឹមនេះ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ ក៏ជាជំហានមួយក្នុងចំណោមជំហានដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ19 នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះផងដែរ។ ដូច្នេះ វាមិនទំនងទាល់តែសោះ ដែលវិទ្យុបរទេសទំនើងមួយនេះលើកយករឿងធ្វើច្បាប់ដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្ននេះមកធ្វើជាប្រធានបទដើម្បីចោទប្រកាន់ថា ជាការរៀបចំផ្លូវសម្រាប់បន្តវេនកូនបែបនេះ។
ជាការពិតរបបនយោបាយនៅកម្ពុជាបានតាក់តែង និងចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលអំពីការឡើងកាន់អំណាចដឹកនាំប្រទេស គឺត្រូវអនុវត្តតាមការបោះឆ្នោតជ្រើសរើសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះ ការធ្វើវិភាគរបស់វិទ្យុបរទេសប្រតិកិរិយាមួយនោះគឺពិតជាការវិភាគដោយល្ងិតល្ងង់បំផុត និងមាននិន្នាការលំអៀងខាងនយោបាយបំផុត ពីព្រោះថាវិទ្យុនេះធ្វើការវិភាគដោយមិនបានស្វែងយល់ពីច្បាប់នៅកម្ពុជា ឬក៏បានឃើញ និងយល់អំពីច្បាប់ដែរប៉ុន្តែធ្វើជាងងឹតភ្នែក និងធ្វើជាមិនយល់ ហេតុនេះគេពិបាកកែប្រែផ្នត់គំនិតលំអៀងខាងនយោបាយនេះខ្លាំងណាស់ ដូចពាក្យចាស់តែងពោលថា «ឆ្កែកន្ទុយខ្វៀន គឺនៅតែកន្ទុយខ្វៀនដដែល» ដូច្នោះដែរ។
ជាការកត់សម្គាល់ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១មក ព្រះរាជាណាចក្រកម្ពុជាទី២នៃយើង បានធ្វើការជ្រើសរើសមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទៀងទាត់រៀងរាល់៥ឆ្នាំម្តងចំនួន៦អាណត្តិរួចមកហើយ(ឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ ឆ្នាំ២០១៣ និងឆ្នាំ២០១៨) ហើយមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតដើម្បីសម្តែងមតិជ្រើសរើសមេដឹកនាំរបស់ខ្លួនលើសពីជាង៦០% ជារៀងរាល់លើក ដែលចំនួនភាគរយនៃប្រជាជនចេញទៅបោះឆ្នោតនេះគឺមានច្រើនជាងបណ្តាប្រទេសធំៗខ្លះ ដែលតាំងខ្លួនឯងថាជាបិតាប្រជាធិបតេយ្យទៀតផង។
សម្រាប់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនាំប្រទេស បានគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងផង និងគោលការណ៍ប្រជាធិបតេយ្យក្នុងការដឹកនាំរដ្ឋផង ដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការបោះឆ្នោតគាំទ្រពីប្រជាជន ក្នុងចំនួនដ៏ច្រើនលើសលប់ ឱ្យដឹកនាំប្រទេសបានរាប់ទសវត្សរ៍ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាកន្លងមកបែបនេះ។ ម្យ៉ាងវិញទៀត គ្រប់ឥស្សរៈជនដែលត្រូវជ្រើសតាំងធ្វើជាបេក្ខជនប្រមុខដឹកនាំប្រទេសសុទ្ធតែត្រូវបានជ្រើសតាំងដោយមហាសន្និបាតនៃគណៈកម្មាធិការកណ្តាល តាមរយៈការបោះឆ្នោតដោយយកសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល ហេតុនេះគ្មានហេតុផលណាមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យមានការធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ក្នុងគោលដៅដើម្បីផ្ទេរអំណាចដូចការវិភាគល្ងង់ខ្លៅរបស់វិទ្យុបរទេសប្រតិកិរិយានោះទេ។ជារួម ផ្អែកតាមស្ថានភាពកាចសាហាវនៃជំងឺកូវីដ19 នាពេលនេះទើបតម្រូវឲ្យរាជរដ្ឋាភិបាលមានការរៀបចំតាក់តែងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពមានអាសន្ន ធ្វើជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ចាត់វិធានការណ៏សមស្របដើម្បីទប់ស្កាត់ជំងឺកូវីដ19 ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះ។ គោលបំណងសំខាន់នៃច្បាប់នេះគឺដើម្បីការពារជីវិត និងផលប្រយោជន៍របស់ប្រជាជនក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងរយៈពេលវែងតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះនឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនដើម្បីគ្រប់គ្រងស្ថានភាពបន្ទាន់ដែលមិនអាចមើលឃើញទុកជាមុន ដែលប្រទេសជាតិនឹងប្រឈមនៅពេលអនាគត និងអាចជួយសង្គ្រោះជីវិតប្រជាជនជាច្រើនទៅវិញទេ។ មួយវិញទៀត ច្បាប់នេះត្រូវបានប្រកាសឱ្យអនុវត្តតែនៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងក្នុងស្ថានភាពដែលធ្ងន់ធ្ងរប៉ុណ្ណោះ ហើយវានឹងត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នបំផុត ហើយច្បាប់នេះក៏នឹងមានដែនកំណត់ចំពោះអំណាចប្រតិបត្តិផងដែរ ហើយមន្ត្រីដែលរំលោភអំណាចក្នុងគ្រាមានអាសន្នក៏នឹងត្រូវទទួលទណ្ឌកម្មស្របតាមច្បាប់នេះកំណត់ផងដែរ។
ដូច្នេះ វាជារឿងដ៏អយុត្តិធម៌បំផុតដែលវិទ្យុបរទេសប្រតិកិរិយានោះបានបំផ្លើសក្នុងការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាយកច្បាប់នេះដើម្បីរឹតត្បិតសិទ្ធិសេរីភាព និងជាពិសេសគឺការវិភាគបែបញុះញង់ បំភ្លៃ និងបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានោះ។ ផ្ទុយទៅវិញ ច្បាប់នេះគឺមិនបានធ្វើឡើងដើម្បីរំលោភអំណាចពលរដ្ឋ ឬជាការរៀបចំផ្ទេរអំណាចនោះឡើយ ប៉ុន្តែវាជាលិខិតុបករណ៍ខាងផ្លូវច្បាប់សម្រាប់ការពារ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេស និងការការពារផលប្រយោជន៍រួមទាំងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់រូបទៅវិញទេ ពីព្រោះរដ្ឋាភិបាលនៅក្នុងប្រទេសលោកខាងលិចជាច្រើនក៏បានប្រើប្រាស់ច្បាប់ដូចគ្នានេះក្នុងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរួចទៅហើយផងដែរ។
ដូច្នេះ សូមវិទ្យុបរទេសប្រតិកិរិយាមួយនេះបញ្ឈប់ធ្វើការវិភាគបែបឡប់ឆ្កួតតទៅទៀតទៅ ពីព្រោះវានឹងធ្វើឱ្យសាធារណៈមតិកាន់តែយល់ច្បាស់ថាជាវិទ្យុរបស់អតីតបក្សប្រឆាំងទៅវិញ៕
ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)


No comments:

Post a Comment