Tuesday, March 01, 2016

ប្រាក់បៀ​វត្សរ៍មន្រ្តីរាជការ​និងកងកម្លាំង​អាវុធនឹង​ត្រូវបាន​​រាជរដ្ឋាភិបាល​កម្ពុជា ពិនិត្យនិង​ដំឡើង​​បន្ថែមទៀត

នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន​​គោក​​លេខ​១០៥ ឯកឧត្តមបណ្ឌិត អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា នៅក្នុងខែ​មេសាខាង​មុខនេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹងពិនិត្យ​ពិចារណា​លទ្ធភាព​ដើម្បី​ដំឡើង​​ប្រាក់បៀវត្សរ៍​មន្រ្តី រាជការ កងកម្លាំងប្រដាប់អាវុធបន្ថែមទៀត ដែលយ៉ាងហោចណាស់ ប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលស្ថិតក្នុងកម្រឹតទាបបំផុត ត្រូវទទួល​បានជាង៧០ម៉ឺនរៀល។

ឯកឧត្តមបានថ្លែងឱ្យដឹងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយ រួមមាន​សម្ភារសំណង់ ស្បៀងអាហារ និងថវិកា មួយចំនួនទៀត ឧបត្ថម្ភដល់កងកម្លាំង​នគរបាល​ការពារព្រំដែនគោកវរសេនាតូចលេខ១០៥ និងកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ដែលកំពុងឈរជើង បំពេញភារកិច្ចនៅតំបន់មុម៣ ព្រំដែន៣ប្រទេស ( កម្ពុជា ឡាវ ថៃ ) ដែន​ភូមិសាស្រ្តសមរភូមិមុខទិសទី១ យោធភូមិភាគទី៤។ អង្គភាពប្រដាប់អាវុធទាំង២នេះ ជាអង្គភាព​សម្ព័ន្ធមេត្រីភាពជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អស់រយៈកាលជាច្រើនឆ្នាំមក ហើយដែល​បានបង្កើតឡើង ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋា​ភិបាលកម្ពុជា ដើម្បីបម្រើឱ្យចលនាពង្រឹងខឿនការពារជាតិរបស់ប្រជាជន ក្នុងពាក្យស្លោកដែលថា សមរភូមិក្រោយឧបត្ថម្ភសមរភូមិមុខ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការ​នគរបាល​ជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ រាយការណ៍ថា សភាពការណ៍ព្រំដែននា​ពេល​បច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយកំពុងតែឈានឆ្ពោះទៅរកការអភិវឌ្ឍ ទាំងក្នុង​ដែនគ្រប់គ្រងរដ្ឋបាល និងការកសាងអង្គភាពប្រដាប់អាវុធ។ កងកម្លាំងនគរបាលជាតិ បានសម្រេចភារកិច្ច ដោយមានកិច្ចសហការជាមួយកងយោធពលខេមរភូមិន្ទ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែន មានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព រក្សាសន្តិសុខ​ក្នុងមូលដ្ឋានបានល្អ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា កងកម្លាំប្រប្រដាប់អាវុធ ដែលកំពុងឈរ​ជើង​ការពារបូរណភាពដែនដីនៃមានមាតុភូមិ បានទទួលហើយការយកចិត្តទុកដាក់ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុងការដំឡើ ងប្រាក់បៀវត្សរ៍កន្លងមក។ គ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកប្រាក់បៀវត្សយ៉ាងទៀងទាត់ នាអំឡុងសប្តាហ៍ទី៤ ជារៀងរាល់ខែ ។

ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព បានសម្តែងនូវក្តី​សោមនស្សរីករាយ​ជាមួយលទ្ធផល​នៃការអភិវឌ្ឍតំបន់ព្រំដែន ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងភាពរីកចម្រើន​រឹងមាំនាំការកសាងអង្គភាពប្រដាប់អាវុធជួរមុខ ជាមួយនឹងការពាំនាំនូវក្តីនឹករលឹករបស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផងដែរ ចំពោះ​កម្លាំងជួរមុខទាំងអស់។

ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានខិតខំប្រើប្រាស់​គ្រប់កម្លាំងជំនាញ អនុវត្តន៍បទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្​តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងប្រភពថវិកាចំណូលសេដ្ឋកិច្ចជាតិ ដើម្បីបំពេញ​មហិច្ឆតានៃការលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តាមរយៈ​នៃផែនការដំឡើងប្រាក់បៀវត្សរ៍ ហើយក៏ជាមធ្យោបាយពង្រឹងប្រព័ន្ធការងារផងដែរ។

ឯកឧត្តមបានឱ្យដឹងទៀតថា តម្រូវការក្នុងការផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ជូនបុគ្គលិក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺរាជរដ្ឋាភិបាលត្រូវបានចំណាយថវិកាជាតិ ក្នុង១ខែ ២៦០ពាន់លានរៀល ហើយនឹងត្រូវបានចំណាយប្រហែលជាជិតទ្វេរដង នៅពេល ដែលមាន​ការដំឡើងប្រាក់បៀវត្សរ៍នៅពេលខាងមុខ ។

ពាក់ព័ន្ធទៅនឹងអំណោយឧបត្ថម្ភសម្រាប់អង្គភាពសម័្ពន្ធមេត្រីភាពជួរមុខនេះ ឯកឧត្តម​បានបញ្ជាក់ថា អំណោយទាំងអស់នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានប្រើប្រាស់​ថវិកា​របស់ជាតិនោះទេ ព្រោះវាជាមនសិការស័្មគ្រចិត្តរបស់សមរភូមិក្រោយ ដើម្បីសមរភូមិមុខ។ ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ បុគ្គលិកមន្រ្តីរាជការ​ក្រោមឱវាទក្រសួង​សេដ្ឋកិច្ចទាំងអស់ រួមទាំងនៅបណ្តាខេត្ត-រាជធានីទូទាំងប្រទេសផងដែរ ដែលបានរួបរួមគ្នា​បរិច្ចាគវិភាគទាន ដើម្បីពង្រឹងខឿនការពារជាតិ ឧបត្ថម្ភសមរភូមិ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អំណោយទាំងនោះ រួមមានសម្ភារសំណង់ ស្បៀងអាហារសរុបប្រមាណជិត៣០មុខ ។ ដោយឡែកថវិកាត្រូវបានឧបត្ថម្ភជូននាយនិងពលនគរបាល នាយនិងពល​ទាហានក្នុង​អង្គភាពទាំង២ម្នាក់ៗ៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់អង្គភាពនគរបាល ៥លាន ៥សែនរៀល ឧបត្ថម្ភសម្រាប់អង្គភាពយោធា ៧លានរៀល៕

កម្លាំងបញ្ជូនកងទ័ពមួកខៀវធ្វើសន្និបាត

គណៈ​កម្មា​ធិការ​ជាតិ​ដែល​បញ្ជូន​កម្លាំង​កង​ទ័ព​មួក​ខៀវ​កម្ពុជា ​បម្រើ​ការងារ​អង្គការ​សហ​ប្រជា​ជាតិ នឹង​ធ្វើ​សន្និ​បាត មួយ​បង្ហាញ​លទ្ធ​ផល​រយៈ​ពេល​ ១០​ឆ្នាំ ​នៃ​កម្ពុជា ​ដែល​ចូល​រួម​រក​សន្តិភាព​ជា​មួយ​នឹង​ពិភព​លោក​ ។

     ប្រវត្តិ​សាស្ត្រ​បាន​បង្ហាញ​ថា កម្ពុជា​ទើប​តែ​ក្នុង​សម័យ​ដឹក​នាំ​របស់​តេជោ​សែន​នេះ​ទេ ​ដែល​មាន​កម្លាំង​កង​ទ័ព​ខ្មែរ​លើក​ដំបូង​បង្អស់​ ដែល​បាន​ចេញ​ទៅ​​បម្រើ​បេសក​កម្ម​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្រៅ​ប្រទេស​ ។ សន្និ​បាត​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែ​មីនា ឆ្នាំ​ ២០១៦ នឹង​ស្តាប់​ប្រសាសន៍​ចូល​រួម​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ពី​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ ។

     យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន សន្និ​បាត​នឹង​មាន​ការ​ចូល​រូម​ពី​សមាជិក​រាជ​រដ្ឋាភិបាល ភ្ញៀវ​កិត្តិយស​ជាតិ អន្តរ​ជាតិ មន្ត្រី​សម្រប​សម្រួល​អង្គ​ការ​សហ​ប្រជា​ជាតិ មន្ត្រី​ទូត​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង ៧០០​នាក់​ ចូល​រួម​ផង​ដែរ​ ។

     យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល កម្ពុជា​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​មក​នេះ បាន​បញ្ជូន​កម្លាំង​ចំនួន ​៣​ពាន់ ៥៥៧​នាក់ ចូល​រួម​ក្នុង​បេស​កម្ម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ នៅ​ក្នុង​ប្រ​ទេស​ចំនួន​៨ រួម​មាន​ស៊ូដង់​… ស៊ូដង់​ខាង​ត្បូង​… ឆាដ និង​សាធារណ​រដ្ឋ​អាហ្វ្រិច​កណ្តាល លីបង់ ស៊ី​ព្រ ស៊ីរី និង​ប្រទេស​ម៉ាលី ដោយ​ផ្តោត​លើ​ជំនាញ​បោស​សំអាត​មីន​… តម្រួត​យោធា​… ពេទ្យ​កំរិត​២​… ការ​កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ…​ វិស្វកម្ម​សំណង់​បញ្ឈរ និង​សំណង់​ផ្តេក ព្រម​ទាំង​ជំនាញ​សេនា​ធិការ និង​ការ​សង្កេត​ការណ៍​យោធា​ផង​ដែរ​ ។

     ក្នុង​ឆ្នាំ​ ២០១៦​នេះ កម្លាំង​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ ដែល​កំពុង​បំពេញ​បេស​កម្ម​ក្រៅ​ប្រទេស​មាន​ចំនួន​៨៨៨​នាក់ ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាង​ត្បូង លីបង់ ម៉ាលី និង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ ។