Friday, May 19, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនពរនគរបាលនៅទូទាំងប្រទេស ក្នុងឱកាសប្រារព្ធខួប ៧២ឆ្នាំថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូនពរកងកម្លាំង នគរបាលជាតិនៅទូទាំងប្រទេស នៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧២ឆ្នាំ នៃថ្ងៃបដិសន្ធិរបស់កម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងសារជូនពរថា «
ជួសមុខឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ សូមផ្ញើនូវការសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីនគរបាលជាតិនៅទូទាំងប្រទេស ដែលបាននឹងកំពុងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋពីដំណាក់កាលមួយទៅដំណាក់កាលមួយ ព្រមទាំងសម្រេចបាននូវស្នាដៃ និងសមិទ្ធផល ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន»។
សូមភ្ជាប់មកជាមួយនូវសារជូនពររបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលនៅទូទាំងប្រទេស៖



ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័តមានរួម រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដោយបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសចិន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗកន្លងមកនេះ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចតទៅ៖




តើប្រ​ជា​ជន​ចិន​គិត​ដូចម្តេច​​ពី​វេ​ទិ​កាផ្លូវ​មួយ ខ្សែ​មួយ?​​

កាល​ពី​សប្តាហ៍​មុន​ ប្រ​ធានា​ធិប​តី​ចិន​ លោក Xi Jinping បាន​រៀប​ចំ​ទទួល​គណៈ​ប្រ​តិ​ភូ​រាប់​រយ​នាក់​នៅ​ឯវេ​ទិ​កា​​ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ាត់​មួយ​ក្នុង​ទី​ក្រុង​ប៉េ​កាំង។ មាន​ការ​សរសេរ​ជាច្រើន​នៅ​ក្នុង​សារ​ព័ត៌មាន​ជា​ភាសាអង់​គ្លេស​អំពី​ផលប៉ះ​ពាល់ផ្នែក​​ភូមិ​សាស្រ្ត​នយោ​បាយ​ និង​ភូមិ​សាស្រ្ត​សេដ្ឋ​កិច្ច​សកល និង​ការ​អភិ​វឌ្ឍ​ដ៏​ទូ​លំទូ​លាយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​លោក Xi អ្វី​ដែល​ជា​បញ្ហា​សំខាន់​បំផុត​នោះ ថាតើ​ប្រ​ជា​ជន​ចិន​គិត​ដូចម្តេច​។ ការ​បន្ត​ភាពស្រប​របស់​គាត់ និង​គណបក្ស​កុម្មុយនិស្ត​ចិន​ គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ជំនឿ​របស់​ប្រ​ជា​ជន​ ដែល​ថា​ការ​ដឹក​នាំ​កំពុង​តែ​ធ្វើ​បាន​ល្អ​ទៅ​តាម​កាតព្វ​កិច្ច​ស្នូល​របស់​ខ្លួន​ក្រោម​កិច្ច​សន្យាសង្គម​ដ៏​សុក្រិត​ក្រោយ​ឆ្នាំ​១៩៨៩។
ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយរបស់​​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃចុង​ក្រោយ​​នេះ​បាន​រាយ​ការ​ណ៍​ជាច្រើន​ពី​កិច្ច​ប្រ​ជុំ​កំពូល។ តាម​ពិត​ទៅ វា​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​ ខណៈ​ដែល​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ និង​ឯក​ជន​បាន​ផ្សព្វ​ផ្សាយ​រឿង​នេះ។ ជាឧ​ទាហរណ៍​ សេចក្តី​រាយ​ការ​ណ៍​នៃ​សារ​ព័ត៌​មាន​ដែលគ្រប់​គ្រង​ដោយ​រដ្ឋ People’s Daily និង​ Xinhua បាន​សង្កត់​ធ្ងន់ទៅ​លើ​តែ​សុន្ទ​រ​កថា​របស់​លោក Xi នៅ​ឯ​ពិ​ធី​បើក​កិច្ច​ប្រ​ជុំ​កំពូល ដោយ​អំពាវ​នាវ​ឱ្យ​មាន​ការ​បន្ត​ជា​ថ្មីនៃ​ «​គំនិត​ផ្តួច​ផ្តើម​​​ផ្លូវ​សូត្រ» ដែល​បម្រើ​ការ​អភិ​វឌ្ឍ​រួម និង​ចែក​រំលែក​នៃ​ក្តី​សុបិន្តដល់​ប្រជាជាតិ​ទាំង​អស់​សម្រាប់​អនាគត​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង។
ការ​ឆ្លើយ​តប​របស់​ប្រ​ជា​ជន​ចិន​ចំពោះ​សេចក្តី​រាយ​ការ​ណ៍​ទាំង​អស់​នេះ តាម​ការ​ដែល​ខ្លួន​អាច​មើល​ឃើញតាម​រយៈប្រ​ព័ន្ធ​​ផ្សព្វ​ផ្សាយ​សង្គម គឺ​មាន​លក្ខណៈ​វិជ្ជ​មាន​ខ្លាំង​ណាស់។ ដូចគ្នា​ខ្លាំង​ណាស់​ទៅ​នឹង​អូឡាំពិក​ឆ្នាំ​២០០៨ កិច្ច​ប្រ​ជុំ​កំពូល​ស្តី​ពី​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ាត់​មួយ ត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​និមិត្ត​សញ្ញានៃ​ការ​មក​ដល់​ជា​ថ្មី​របស់​ចិន​នៅ​លើ​ឆាក​អន្តរ​ជាតិ។ ទោះ​បី​ជាយ៉ាង​ណាក៏ដោយ ទោះបី​ជា​ផល​ប្រ​យោជន៍​សម​ហេតុ​ផល​ និង​កិច្ច​សន្យាសង្គម​ត្រូវ​បាន​ប្រ​កាន់​យកក៏​ដោយ ក៏ការ​ពិ​ភាក្សា​របស់​​ប្រ​ជា​ពល​រដ្ឋ​ចិនបាន​ផ្តោត​លើ​របៀប​នៃ​ការ​ធ្វើ​ការ​ងារជា​ជាង​បញ្ហាជាក់​ស្តែង៕​​

ប្រភព: The Diplomat ចុះថ្ងៃទី១៨ ខែ​​​​​ឧ​សភា​​​ ឆ្នាំ២០១៧

សមាជិកបក្សសង្គ្រោះជាតិ, បក្សហ្វុនស៊ិនប៊ិច និងបក្សខ្មែររួបរួមជាតិ ប្រមាណ​២២៥នាក់ ​បានដើរចេញ​ពីគណបក្សខ្លួន​ មកចូលរួមជា​មួយគណបក្ស​ប្រជាជនកម្ពុជា​

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកអូជ្រៅ ក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សនយោបាយផ្សេង ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានមានប្រសាសន៍ថា
ពេលនេះគ្មានការគិតគូររើសអើងចំពោះបងប្អូនជានរណាមកពីគណបក្សនយោបាយណានោះទេ គឺជាប្រជាពលរដ្ឋខ្មែរ ស្រលាញ់សុខសន្តិភាព និងសាទរចំពោះសមិទ្ធផលស្នាដៃជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា ក៏រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងរក្សាការពារ និងបង្កើតឡើង ដើម្បីបម្រើអោយការរស់នៅប្រកបដោយភាព សុខសាន្ត របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រជាពលរដ្ឋយើងដែលបានភ្ញាក់រលឹក និងស្ម័គ្រចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាចំណែកមួយ ក៏ដូចជាកម្លាំងសាមគ្គី បន្ថែមទៀត សម្រាប់បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ~សង្កាត់ និងបោះឆ្នោតជាតិ ដើម្បីបន្តដឹកនាំកសាងអភិវឌ្ឍមូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងថែមទៀត។
កម្មវិធីបញ្ជូនសមាជិក សមាជិកបក្សដែលចាកចេញពីគណបក្សផ្សេងៗ មករួបរួមជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺមានចំនួន២២៥នាក់ មកពី៤ឃុំ ក្នុងស្រុកអូរជ្រៅ ។
គួរបញ្ជាក់ថា សមាជិកសង្គ្រោះជាតិ គណបក្សហ្វុនស៊ិនប៊ិច និងគណបក្សខ្មែររួបរួមជាតិ ប្រមាណ២២៥នាក់ បានដើរចេញពីគណបក្សខ្លួន មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មកពី៥ឃុំក្នុងស្រុកអូរជ្រៅ ,១.ឃុំ កូបចំនួន ៤៤នាក់ ស្រី២៥នាក់ ,២.ឃុំអូរបីជាន់ ៣១នាក់ ស្រី១៤ នាក់,៣.ឃុំសិង្ហ ចំនួន២២នាក់ ស្រី៩នាក់ ,៤.ឃុំគុត្តសត ស្រីចំនួន២ នាក់, និង៥.ឃុំសំរោង ចំនួន១២៨នាក់ ស្រី៧៨ នាក់៕





លោក ហ៊ុន ម៉ាណែត៖ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្យរ៍មុនផែនការកំណត់លើគោលដៅចំនួន៤

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់ខ្លួនគួរឲ្យកត់សំគាល់ និងមុនផែនការកំណត់លើគោលដៅ ចំនួន ០៤ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺឆ្លង, និងការបង្កើនភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍ។
ការសិក្សាវាយតម្លៃរបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៥ បង្ហាញថាប្រជាជនខ្មែរប្រហែល ១% ប៉ុណ្ណោះ ដែលស្វែងរកការផ្តល់សេវាសុខភាពនៅក្រៅប្រទេស, ក៏មិនមែនជារឿងចម្លែកទេ នៅជប៉ុន អាមេរិក សូវៀតជាដើម ក៏ប្រជាជនគេស្វែងរកសេវាសុខភាពនៅក្រៅប្រទេសដូចគ្នា។ កម្ពុជាសម្រេចបានស្ទើរតែទាំងស្រុងនូវការកាត់បន្ថយអត្រាមរណៈដោយជំងឺគ្រុនចាញ់ ៩៨% ដែលបាន ធ្លាក់ចុះពីចំនួន ៩៣នាក់ ក្នុងឆ្នាំ២០១១ មកនៅត្រឹម ០១នាក់ក្នុងឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែត បន្តថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងកំពុងឲ្យតម្លៃទៅលេីសុខភាព និងចាប់ផ្តេីមគិតគូរទទួលយកអាហារសេរីរាង្គ ដើម្បីបង្ការពីជំងឺផ្សេងៗ។ នៅក្នុងសម័យសង្គ្រាម និងក្រោយសង្គ្រាម យើងហូបដើម្បីរស់ ឥឡូវក៏យើងហូបដើម្បីរស់ដូចគ្នា ប៉ុន្តែដើម្បីរស់បានយូរ។ រាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ក្នុងគោលដៅបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើសេវាសុខាភិបាលជាតិ តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងសមត្ថភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការលើកកម្ពស់ការយល់ដឹងរបស់គ្រូពេទ្យ មន្ត្រីបុគ្គលិកសុខាភិបាល និងអ្នកប្រើប្រាស់សេវា ព្រមទាំង លើកកម្ពស់ភាពជាដៃគូជាមួយ វិស័យឯកជនក្នុងការផ្តល់សេវាសុខភាព។
លោក ហ៊ុន ម៉ាណែត ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកការលើកស្ទួយស្ថានភាពសុភាពប្រជាពលរដ្ឋគ្រប់រូប គឺជាអទិភាពខ្ពស់មួយក្នុងការវិនិយោគធនធាន ក្នុងវិស័យសង្គមកិច្ច។ វិស័យសុខាភិបាលមានទំហំចំណាយថវិកាច្រើនណាស់ក្នុងមួយឆ្នាំៗ ដោយក្នុងនោះឆ្នាំចំណាយចរន្តនៃថវិកាជាតិឆ្នាំ២០១៤ មានទឹកប្រាក់ប្រមាណ ៨២៥លានរៀល ស្មើនឹង ១៤.៣% នៃថវិកាជាតិ; ឆ្នាំ២០១៥ ប្រមាណ ៩៥៩លានរៀល ស្មើនឹង ៥.៦% នៃថវិកាជាតិ និងឆ្នាំ២០១៦ កេីនដល់ ១.០២៧លានរៀល ស្មើនឹង ៨.៦% នៃថវិកាជាតិ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍធនធានមនុស្សុក្នុងវិស័យសុខាភិបាល សំដៅឆ្លើយតបនឹងតម្រូវការ ជាអទិភាពនានាជូនប្រជាជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាត់បន្ថយថ្លៃដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលពី ៦០ម៉ឺនរៀល មកនៅត្រឹមតែ ១០ម៉ឺនរៀល ដើម្បីផ្តល់លទ្ធភាពថែមទៀតឲ្យនិស្សិតក្រីក្រ។  លោកនាយករដ្ឋមន្ត្រី ក៏បានកែសម្រួលអាយុកំណត់ប្រឡង ចូលក្របខណ្ឌពីអាយុ ៣០ឆ្នាំ ទៅអាយុ ៣៥ឆ្នាំ សម្រាប់វេជ្ជបណ្ឌិតឯកទេស ដើម្បីផ្តល់ឱកាសឲ្យពួកគាត់ និងបានរៀបចំបញ្ចូលក្របខណ្ឌវេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលមិនទាន់បានបញ្ចូលទាំងអស់។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានផ្តល់ឱកាសតែងតាំងគ្រូពេទ្យឯកទេសមួយចំនួនដែលបានចូលនិវត្តន៍ហើយ ឲ្យមានមុខងារនយោបាយ ដោយអនុញ្ញាតឲ្យពួកគាត់ទៅបម្រើការនៅមន្ទីរពេទ្យណាមួយ។
លោក ហ៊ុន ម៉ាណែត បន្តថា យើងបង្កើន និងពង្រីកប្រសិទ្ធភាព គុណភាពលើជំនាញវិជ្ជាជីវៈសុខាភិបាលរបស់យើង ខណៈយើងនៅតែបន្តរក្សាធនធានវេជ្ជបណ្ឌិតឯកទេសរបស់យេីងទោះដល់អាយុចូលនិវត្តន៍ទៅហើយក្តី ដេីម្បីទាញយកការចែករំលែកចំណេះដឹង និងបទពិសោធន៍។
លោកបញ្ជាក់ថា គ្រូពេទ្យក៏មិនសូវខុសគ្នាប៉ុន្មាន នឹងយោធិននៃកងយោធពលខេមរភូមិន្ទ ឬ កងរាជអាវុធហត្ថ ឬក៏  នគរបាលជាតិទេ, ទោះបីជាមានបុណ្យទានដែលគេជួបជុំគ្រួសារ គឺគ្រូពេទ្យយើងបែរជាប្រចាំការ; គេកាន់តែសប្បាយ យើងកាន់តែប្រចាំការ។ កន្លងទៅមានការចោទប្រកាន់ផ្សេងៗ ប៉ុន្តែក៏ទទួលស្គាល់ចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនទៅលើឥរិយាបទរបស់គ្រូពេទ្យខ្លះនៅមានចំណុចអវិជ្ជមាន ប៉ុន្តែយើងនៅមានគ្រូពេទ្យល្អៗជាច្រើន ដែលបានសង្គ្រោះជីវិតមនុស្ស។
លោក ហ៊ុន ម៉ាណែត ផ្តាំផ្ញើថា សូមនិស្សិតយើងទាំងអស់ដាក់កំណត់ខ្លួនឯងក្នុងការសិក្សា និងការចាប់យកជំនាញ (អាជីពទេវតា) នេះ ឲ្យបានខ្លាំង ឲ្យបានពូកែ; និស្សិតពូកែ គ្រូពេទ្យពូកែ ហើយប្រជាពលរដ្ឋយើងច្បាស់ជាមានសុខមាលភាពកាន់តែប្រសើរ។ ដរាបណាសម្តេចតេជោ នៅតែជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស សម្តេចនៅតែបន្តផ្តល់អាហារូបករណ៍ដល់និស្សិតដែលប្រឡងជាប់ចំណាត់ថ្នាក់លេខ១។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណជានិច្ច ចំពោះកិច្ចខិតខំនានារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងវិស័យនេះ និងសូមកោតសរសើរជានិច្ចចំពោះ តម្លៃនៃការលះបង់របស់ក្រុមគ្រូពេទ្យទាំងអស់ និងសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានព្រមព្រៀងចុះអនុសារណៈជាមួយសមាគម TYDA សំដៅសហការល្អក្នុងការផ្តល់សេវាសុខភាពជូនប្រជាជន និងការផ្តល់ឱកាសឲ្យនិស្សិតយើងបានចូលរួមជួយសង្គម និងការដកបទពិសោធន៍ការងារបានចូលរួមស្ម័គ្រជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដូចជាសមាគមនានា ក្នុងការចូលរួមជួយដល់សង្គមជាតិ និងប្រជាជនតាមរយៈរូបភាព និងសកម្មភាពមនុស្សធម៌ផ្សេងៗ៕

លោក គឹម សន្តិភាព ប្រាប់គណបក្ស​នយោបាយ​ កុំឱ្យអនុវត្តផ្ទុយ​ពីច្បាប់​ស្តីពីការបោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់​

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា «អំពើណាមួយ ដែលបានអនុវត្តផ្ទុយ ពីច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នោះ ទោសប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់នេះ នឹងត្រូវអនុវត្ត ហើយអំពើនោះ ក៏នឹងត្រូវទទួលការផ្តន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនបើអំពើនោះជាបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌ»។
សូមរំលឹកថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ហើយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយថ្ងៃទី២ ខែមិថុនា យុទ្ធនាការឃោសនានឹងត្រូវបិទបញ្ចប់៕

មតិយុវជន៖ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងផ្តល់ជូនប្រជាជន ក្នុងឃុំ/សង្កាត់នីមួយៗ ជាមធ្យមក្នុងមួយឆ្នាំលើស ៥០ម៉ឺនដុល្លារទៀត

ថ្មីៗនេះដោយមានការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកមន្ត្រី គណបក្សប្រឆាំង អំពីរថយន្ត ដែលមានបិតលេខ ៥០ម៉ឺនដុល្លារ ដោយដាក់អក្សរបញ្ជាក់ថា គណបក្សនេះ នឹងចំណាយប្រាក់ ៥០ម៉ឺនដុល្លា ក្នុងមួយឆ្នាំសម្រាប់អភិវឌ្ឍឃុំ -សង្កាត់នីមួយៗ ធ្វើឱ្យយើងខ្ញុំជាយុវជន មិនអស់ចិត្តនូវ ផែនការនយោបាយប្រជាភិថុតរបស់បក្សប្រឆាំង ដោយខ្ញុំសូមធ្វើការគូសបញ្ជាក់ថា ឡានដែលបើកឃោសនានេះ គឺបានមកពីសន្តិភាព និងការអភិវឌ្ឍកសាងឡើងដោយបាតដៃគណបក្សប្រជាជនកម្ពុជា ហើយឡាននេះកំពុងបើកបរលើផ្លូវដែលមានតំលៃលើសពី ៥០ ម៉ឺនដុល្លារទៀត ដែលបានកសាងឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
បក្សប្រឆាំងកំពុងប្រើនយោបាយពីរក្នុងពេលតែមួយ គឺទី១-នយោបាយប្រជាភិថុត (មានន័យថា សារលួងលោមបោកប្រាស់ និងភូតកុហកប្រជាជន តាមរយៈការសន្យាខ្យល់ រាងរាល់រដូវបោះឆ្នោត និងការបោកប្រាស់ភូតកុហកតាមទិសស្លោក បំភ្លៃ បំភាន់ បំប៉ោង បំផ្លើស) និងទី២-នយោបាយប្រជោបាយនិយម (ញុះញង់ប្រជាជនអោយមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹង នេះ ដែលនេះជាសញ្ញាប្រកាសអាសន្នមួយ ដែលធ្វើអោយគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន ព្រោះនយោបាយប្រជោបាយនិយមនេះ នឹងនាំអោយមានការបែកបាក់ជាតិ និងបង្កភាពវឹកវរចលាចលសង្គម និងឈានទៅរកសង្រ្គាមស៊ីវិលជាថ្មី)!  អ្នកស្រឡាញ់សន្តិភាព ត្រូវតែធ្វើសកម្មភាពប្រកបដោយថាមវន្ត ហើយក្រោកឈរឡើងជ្រោងទង់សន្តិភាព ដើម្បីសេចក្តីសុខ និងបន្តការអភិវឌ្ឍ តកូនតចៅជំនាន់ក្រោយ!។
គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងផ្ដល់ជូនប្រជាជន ក្នុងឃុំ/សង្កាត់នីមួយៗ ជាមធ្យមក្នុងមួយឆ្នាំ លើស ៥០ម៉ឺនដុល្លាទៅទៀត! សូមមើលផ្លូវ, ស្ពាន, ធារាសាស្ដ្រ, សាលារៀន, មន្ទីរពេទ្យ, មណ្ឌលសុខភាព, វត្តអារាម….។ល។ នៅក្នុងឃុំ/សង្កាត់, ក្រុង/ស្រុក និង រាជធានី/ខេត្តនីមួយៗ។ លើសពីនេះ រាជរដ្ឋាភិបាលបានលុបពន្ធ និង កំរៃសេវាជាច្រើនជាប្រយោជន៍ដល់ប្រជាជនទូទៅ ដែលរស់នៅតាមឃុំ/សង្កាត់។ ទាំងអស់នេះ សុទ្ធតែជាថវិកាដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បាន នឹង កំពុងផ្ដល់ជូនដើម្បីបម្រើប្រជាជននៅគ្រប់ឃុំ/សង្កាត់។ ជាមួយនឹងកំណើនសេដ្ឋកិច្ច និងចំណូលថវិការដ្ឋ ការបែងចែកថវិកា និងការកសាងសមិទ្ធផល ជូនប្រជាជននៅគ្រប់ឃុំ/សង្កាត់ នឹងកើនឡើងកាន់តែច្រើនថែមទៀត។
ជាការកត់សម្គាល់បន្ថែម  រថយន្តបិទបដាឃោសនា ៥០ ម៉ឺនដុល្លានេះ កំពុងចតលើផ្លូវកសាងដោយគណបក្សប្រជាជន នៅក្នុងឃុំណាមួយ ដែលផ្លូវនេះអាចថ្លៃលើស ៥០ ម៉ឺនដុល្លាទៀត៕


ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលឃុំប្រាសាទ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១០០០ ម៉ែត្រ

នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំប្រាសាទ  បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលឃុំប្រាសាទ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១០០០ ម៉ែត្រ នៅក្នុងភូមិលេខ១ និងភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងពិធីនោះលោក ម៉ៅ ភិរុណ បានផ្តាំផ្ញើដល់អជ្ញាធរ និងប្រជាពលរដ្ឋដោយបញ្ជាក់ពីវត្តមានរបស់លោកមកកាន់ឃុំប្រាសាទនៅពេលនេះ គឺជាលើកទី២ ដែលក្នុងនោះលើកទី១ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មកចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលឃុំប្រាសាទ និងចូលរួមវេទិកាជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន ១ ៤៥២ នាក់។  ដោយឡែក វត្តមាននៅថ្ងៃនេះគឺដើម្បីចូលរួមពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលឃុំប្រាសាទ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១០០០ ម៉ែត្រ។

លោកក៏បានអំពាវនាវប្រជាពលរដ្ឋសូមបោះឆ្នោតជូនគណបក្សណាដែលជួយប្រជាពលរដ្ឋ និងស្ថិតនៅក្បែរប្រជាពលរដ្ឋជាប្រចាំពេលបងប្អូនជួបការលំបាក
និងអំពាវនាវប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ  និងណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹង ការអនុវត្តវិធានការអប់រំ រដ្ឋបាល និងវិធានការច្បាប់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរួមគ្នាទប់ស្កាត់គ្រឿងញៀននៅមូលដ្ឋានរបស់យើង។ លោកដ៏បាន អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ស្តីពីជលផល ចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ និងមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។

លោកអភិបាលក៏បានប្រកាសនឹងបន្តជួយឃុំប្រាសាទនូវសមិទ្ធផលជាបន្តបន្ទាប់ទៀត ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនក្នុងឃុំនេះ

ក្នុងពិធីនោះផងដែរ លោកបានផ្តល់បន្ទប់ទឹក និងបង្គន់១ បន្ថែមពីលើអគារសាលាឃុំ ដល់ក្រុមប្រឹក្សាឃុំប្រាសាទ និងផ្តល់ តុធ្វើការចំនួន ៣ ទូដែកដាក់ឯកសារចំនួន ២ និងកៅអីមួយចំនួនដល់ក្រុមប្រឹក្សាឃុំប្រាសាទប្រើប្រាស់ក្នុងការបំពេញការងារ, ផ្តល់ម៉ាស៊ីនថតចម្លង១ និងព្រីនធ័រ១  ដល់អនុវិទ្យាល័យប្រាសាទ, ផ្តល់ថវិកា ១០៥ លានរៀលសម្រាប់ធ្វើផ្លូវលំមួយខ្សែប្រវែង៧១៥ ម៉ែត្រដល់ភូមិជ្រោយឫស្សី (ភូមិលេខ៤), ផ្តល់ថវិកា ១២ លានរៀល សម្រាប់ចាក់ដីទីធ្លា ចូលអនុវទ្យាល័យប្រាសាទ និងផ្តល់ការតភ្ជាប់ចរន្តអគ្គីសនី ចូលសាលារៀន, ផ្តល់រទះជនពិការ ០១ គ្រឿង ដល់ជនពិការភូមិលេខ២, ឧបត្ថម្ភដល់ប្រជាពលរដ្កចូលរួមចំនួន ១៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ ម៉ឺនរៀល៕






លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក​សមាជិកា ​គណបក្ស​ប្រជាជនកម្ពុជា​ចំនួន៦០០០នាក់​ មកពីឃុំចំនួន៣ ​នៃ ស្រុកថ្មពួក​

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៦០០០នាក់ មកពីឃុំចំនួន៣ ​មានឃុំភូមិថ្មី​ ឃុំគំរូ​ ឃុំថ្មពួក​ នៃស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ក្នុងដំណើររួមគ្នាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន លោក ស ខេង លោក សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជារបស់យើង។
នាយឧត្តមសេនីយ៍​ ​បានថ្លែងរំលឹកពីអនុស្សាវរីយ៍ពីអតីតកាល ដែលតំបន់នេះជាសមរភូមិសង្រ្គាមច្បាំងគ្នារវាងខ្មែរ​ និងខ្មែរគ្នាឯង​។ ប៉ុន្តែក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះ​ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ​សង្រ្គាមលើទឹកដីខ្មែរទាំងមូល ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨​ សន្តិភាព​ សន្តិសុខ​នេះបានបន្តមកដល់សព្វថ្ងៃ​ ធ្វើឲ្យប្រទេសកម្ពុជា មានឱកាសធ្វើការអភិវឌ្ឍប្រទេស ដែលខ្ទេចខ្ទាំមួយនេះឲ្យមានការរីកចម្រើនលើគ្រប់វិស័យ​។
ថ្លែងក្នុងឱកាសនោះដែរ​ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យអង្គពិធីយើងទាំងមូលក្រោកឈរស្មឹងស្មាធចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីជីវិតក្នុងបេសកម្មអង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាលនាពេលថ្មីៗនេះ។ ឆ្លៀតក្នុងពេលនោះ ឧបនាយករដ្ឋមន្ត្រី បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ចាប់ពីអាយុ១៨ឡើងទៅត្រូវទៅបោះឆ្នោត អាណត្តិទី៤ ជ្រើសរើស ឃុំ-សង្កាត់ឲ្យបានគ្រប់គ្នា ហើយបោះឲ្យត្រូវចំគណបក្យណាដែលតែងតែរួមសុខទុក្ខ និងជួយបងប្អូនពេលជួបការលំបាក​ដើម្បីបន្តការអភិវឌ្ឍជាមួយគ្នាតទៅទៀត។​
ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ បានផ្តល់នូវអំណោយឧបត្ថម្ភជូនសមាជិក~សមាជិកា ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ គណបក្សទាំង៣ឃុំ ក្នុងមួយឃុំៗទទួលបានថវិកា១លានរៀល ប្រគេនបច្ច័យវត្តពោធិរាមថ្មពួកចំនួន១លានរៀល  យុវជនស្រុកថ្មពួក១លានរៀល និងមន្ទីរពេទ្យបង្អែកស្រុកថ្មពួកថវិកា៥០ម៉ឺរៀលផងដែរ៕



ថ្មីបំផុត! ប្រជាជនកម្ពុជានឹងអាចធ្វើដំណើរតាមផ្លូវដែក ទៅកាន់២៧ប្រទេស

ឆាប់ៗ ខាងមុខនេះកម្ពុជានឹងមានផ្លូវដែកតភ្ជាប់ទៅកាន់ ២៧ប្រទេស ហើយប្រជាពលរដ្ឋខ្មែរនឹងអាចជិះរថភ្លើងទៅកាន់ប្រទេសទាំងនោះទៀតផង។ នេះបើតាមការឱ្យដឹងពី លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្នែកផ្លូវដែក បានផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយ Sabay កាលពីថ្មីៗកន្លងទៅនេះ។
នៅក្នុងកិច្ចសម្ភាសន៍ពិសេសនោះ លោក លី បូរិន បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងដំណើរការគម្រោងថ្មី ដែលហៅថា SKRL(Singapore Kunming Rail Link) គឺនឹងមានផ្លូវដែកចេញពី សិង្ហបុរី មកកម្ពុជា ក្នុងនោះត្រូវឆ្លងកាត់ប្រទេសម៉ាឡេស៊ី ភ្ជាប់ទៅកាន់ប្រទេសថៃ បន្ទាប់មកទៀត នឹងភ្ជាប់មកកាន់កម្ពុជា ហើយបន្តភ្ជាប់ទៅវៀតណាម និងភ្ជាប់ទៅប្រទេសចិន ហើយបច្ចុប្បន្ននេះវៀតណាម បានភ្ជាប់ទៅកាន់ប្រទេសចិនរួចរាល់ហើយ។
អនុរដ្ឋលេខាធិការក្រសួង សាធារណការ បានបន្តទៀតថា ចំពោះគម្រោងតភ្ជាប់ផ្លូវដែកក្នុងតំបន់អាស៊ាននេះ ប្រទេសវៀតណាមត្រូវសាងសង់ ១៣០គីឡូម៉ែត្រទៀត។ ចំណែកកម្ពុជាត្រូវសាងសង់ប្រវែង ២៥៧គីឡូម៉ែត្រ។ ប្រសិនកម្ពុជា និងវៀតណាម សាងសង់រួចរាល់នោះ រទេះភ្លើងអាចរត់ទៅដល់គុនមីង នៃប្រទេសចិនតែម្ដង។
មកដល់ចំណុចនេះលោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖ ” កាលបើបានភ្ជាប់ចិនហើយ ចិននឹងភ្ជាប់ទៅអឺរ៉ុប បច្ចុប្បន្ននេះភ្ជាប់បានមួយចំនួនហើយ ហើយនឹងត្រូវភ្ជាប់ទៅដល់ប្រទេសទួរគី។ ឥឡូវនេះនៅសល់តែកម្ពុជា និងវៀតណាមប៉ុណ្ណោះ ប្រសិនបើពីរប្រទេសនេះ ភ្ជាប់គ្នាបាន នោះមានន័យថាផ្លូវដែកអាចរត់បានចំនួន២៧ប្រទេសហើយ”។ បើសិនជាតភ្ជាប់បានគ្រប់ប្រទេសផ្លូវនេះមានប្រវែងសរុបរហូតទៅដល់ជាង ៥០០០គីឡូម៉ែត្រ។
លោក លី បូរិន បានឱ្យដឹងទៀតថា កម្ពុជាត្រូវសាងសង់ផ្លូវដែកប្រវែង ២៥៧គីឡូម៉ែត្រ ហើយគម្រោងនេះ ក៏បានសិក្សា ចំនួន ៤ដងរួចមកហើយ ក្នុងនោះលើកទី១ ដោយជំនួយឥតសំណងរបស់ចិន និងបន្ទាប់មកទៀតគឺក្រុមហ៊ុន KOICA ប្រទេសកូរ៉េ ។ ចំពោះឯកសារគឺមានគ្រប់គ្រាន់អស់ហើយ គឺនៅតែរង់ចាំថវិកាតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ផ្លូវនេះចាប់ផ្ដើមចេញពីបាត់ដឹង ចន្លោះខេត្តកណ្ដាល និងកំពង់ស្ពឺ កាត់ទៅកំពង់ឆ្នាំង ឆ្លងចូលខេត្តកំពង់ចាម កាត់ខេត្តត្បូងឃ្មុំ បន្តទៅខេត្តក្រចេះ ទើបទៅជួបគ្នាជាមួយព្រំប្រទល់វៀតណាម។
អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ ទទួលបន្ទុកផ្នែក ផ្លូវដែកកម្ពុជារូបនេះ លើកឡើងទៀតថា ផ្លូវដែកដ៏វែងនេះនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន ព្រោះអាចដឹកបានច្រើន បានធ្ងន់ ហើយតម្លៃថោក មានផលប្រយោជន៍ដល់ប្រជាជន កាលណាបើទំនិញដឹកតម្លៃថោក លក់ចេញក៏ថោកដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនអាចឆ្លងពីប្រទេសមួយទៅប្រទេសមួយ ប្រកបដោយសុវត្ថិភាពខ្ពស់ បើធៀបជាមួយយន្តហោះ។ ជាពិសេសនោះ មិនត្រូវការវីសានោះទេ ត្រូវការតែលិខិតឆ្លងដែនប៉ុណ្ណោះ លើកលែងតែចូលទៅប្រទេសចិន និងអឺរ៉ុប នោះនឹងត្រូវការវីសា ៕