Friday, May 19, 2017

លោក ហ៊ុន ម៉ាណែត៖ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្យរ៍មុនផែនការកំណត់លើគោលដៅចំនួន៤

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា បានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់ខ្លួនគួរឲ្យកត់សំគាល់ និងមុនផែនការកំណត់លើគោលដៅ ចំនួន ០៤ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺឆ្លង, និងការបង្កើនភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍ។
ការសិក្សាវាយតម្លៃរបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៥ បង្ហាញថាប្រជាជនខ្មែរប្រហែល ១% ប៉ុណ្ណោះ ដែលស្វែងរកការផ្តល់សេវាសុខភាពនៅក្រៅប្រទេស, ក៏មិនមែនជារឿងចម្លែកទេ នៅជប៉ុន អាមេរិក សូវៀតជាដើម ក៏ប្រជាជនគេស្វែងរកសេវាសុខភាពនៅក្រៅប្រទេសដូចគ្នា។ កម្ពុជាសម្រេចបានស្ទើរតែទាំងស្រុងនូវការកាត់បន្ថយអត្រាមរណៈដោយជំងឺគ្រុនចាញ់ ៩៨% ដែលបាន ធ្លាក់ចុះពីចំនួន ៩៣នាក់ ក្នុងឆ្នាំ២០១១ មកនៅត្រឹម ០១នាក់ក្នុងឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែត បន្តថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងកំពុងឲ្យតម្លៃទៅលេីសុខភាព និងចាប់ផ្តេីមគិតគូរទទួលយកអាហារសេរីរាង្គ ដើម្បីបង្ការពីជំងឺផ្សេងៗ។ នៅក្នុងសម័យសង្គ្រាម និងក្រោយសង្គ្រាម យើងហូបដើម្បីរស់ ឥឡូវក៏យើងហូបដើម្បីរស់ដូចគ្នា ប៉ុន្តែដើម្បីរស់បានយូរ។ រាជរដ្ឋាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ក្នុងគោលដៅបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើសេវាសុខាភិបាលជាតិ តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងសមត្ថភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការលើកកម្ពស់ការយល់ដឹងរបស់គ្រូពេទ្យ មន្ត្រីបុគ្គលិកសុខាភិបាល និងអ្នកប្រើប្រាស់សេវា ព្រមទាំង លើកកម្ពស់ភាពជាដៃគូជាមួយ វិស័យឯកជនក្នុងការផ្តល់សេវាសុខភាព។
លោក ហ៊ុន ម៉ាណែត ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកការលើកស្ទួយស្ថានភាពសុភាពប្រជាពលរដ្ឋគ្រប់រូប គឺជាអទិភាពខ្ពស់មួយក្នុងការវិនិយោគធនធាន ក្នុងវិស័យសង្គមកិច្ច។ វិស័យសុខាភិបាលមានទំហំចំណាយថវិកាច្រើនណាស់ក្នុងមួយឆ្នាំៗ ដោយក្នុងនោះឆ្នាំចំណាយចរន្តនៃថវិកាជាតិឆ្នាំ២០១៤ មានទឹកប្រាក់ប្រមាណ ៨២៥លានរៀល ស្មើនឹង ១៤.៣% នៃថវិកាជាតិ; ឆ្នាំ២០១៥ ប្រមាណ ៩៥៩លានរៀល ស្មើនឹង ៥.៦% នៃថវិកាជាតិ និងឆ្នាំ២០១៦ កេីនដល់ ១.០២៧លានរៀល ស្មើនឹង ៨.៦% នៃថវិកាជាតិ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍធនធានមនុស្សុក្នុងវិស័យសុខាភិបាល សំដៅឆ្លើយតបនឹងតម្រូវការ ជាអទិភាពនានាជូនប្រជាជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាត់បន្ថយថ្លៃដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលពី ៦០ម៉ឺនរៀល មកនៅត្រឹមតែ ១០ម៉ឺនរៀល ដើម្បីផ្តល់លទ្ធភាពថែមទៀតឲ្យនិស្សិតក្រីក្រ។  លោកនាយករដ្ឋមន្ត្រី ក៏បានកែសម្រួលអាយុកំណត់ប្រឡង ចូលក្របខណ្ឌពីអាយុ ៣០ឆ្នាំ ទៅអាយុ ៣៥ឆ្នាំ សម្រាប់វេជ្ជបណ្ឌិតឯកទេស ដើម្បីផ្តល់ឱកាសឲ្យពួកគាត់ និងបានរៀបចំបញ្ចូលក្របខណ្ឌវេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលមិនទាន់បានបញ្ចូលទាំងអស់។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានផ្តល់ឱកាសតែងតាំងគ្រូពេទ្យឯកទេសមួយចំនួនដែលបានចូលនិវត្តន៍ហើយ ឲ្យមានមុខងារនយោបាយ ដោយអនុញ្ញាតឲ្យពួកគាត់ទៅបម្រើការនៅមន្ទីរពេទ្យណាមួយ។
លោក ហ៊ុន ម៉ាណែត បន្តថា យើងបង្កើន និងពង្រីកប្រសិទ្ធភាព គុណភាពលើជំនាញវិជ្ជាជីវៈសុខាភិបាលរបស់យើង ខណៈយើងនៅតែបន្តរក្សាធនធានវេជ្ជបណ្ឌិតឯកទេសរបស់យេីងទោះដល់អាយុចូលនិវត្តន៍ទៅហើយក្តី ដេីម្បីទាញយកការចែករំលែកចំណេះដឹង និងបទពិសោធន៍។
លោកបញ្ជាក់ថា គ្រូពេទ្យក៏មិនសូវខុសគ្នាប៉ុន្មាន នឹងយោធិននៃកងយោធពលខេមរភូមិន្ទ ឬ កងរាជអាវុធហត្ថ ឬក៏  នគរបាលជាតិទេ, ទោះបីជាមានបុណ្យទានដែលគេជួបជុំគ្រួសារ គឺគ្រូពេទ្យយើងបែរជាប្រចាំការ; គេកាន់តែសប្បាយ យើងកាន់តែប្រចាំការ។ កន្លងទៅមានការចោទប្រកាន់ផ្សេងៗ ប៉ុន្តែក៏ទទួលស្គាល់ចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនទៅលើឥរិយាបទរបស់គ្រូពេទ្យខ្លះនៅមានចំណុចអវិជ្ជមាន ប៉ុន្តែយើងនៅមានគ្រូពេទ្យល្អៗជាច្រើន ដែលបានសង្គ្រោះជីវិតមនុស្ស។
លោក ហ៊ុន ម៉ាណែត ផ្តាំផ្ញើថា សូមនិស្សិតយើងទាំងអស់ដាក់កំណត់ខ្លួនឯងក្នុងការសិក្សា និងការចាប់យកជំនាញ (អាជីពទេវតា) នេះ ឲ្យបានខ្លាំង ឲ្យបានពូកែ; និស្សិតពូកែ គ្រូពេទ្យពូកែ ហើយប្រជាពលរដ្ឋយើងច្បាស់ជាមានសុខមាលភាពកាន់តែប្រសើរ។ ដរាបណាសម្តេចតេជោ នៅតែជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស សម្តេចនៅតែបន្តផ្តល់អាហារូបករណ៍ដល់និស្សិតដែលប្រឡងជាប់ចំណាត់ថ្នាក់លេខ១។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណជានិច្ច ចំពោះកិច្ចខិតខំនានារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងវិស័យនេះ និងសូមកោតសរសើរជានិច្ចចំពោះ តម្លៃនៃការលះបង់របស់ក្រុមគ្រូពេទ្យទាំងអស់ និងសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានព្រមព្រៀងចុះអនុសារណៈជាមួយសមាគម TYDA សំដៅសហការល្អក្នុងការផ្តល់សេវាសុខភាពជូនប្រជាជន និងការផ្តល់ឱកាសឲ្យនិស្សិតយើងបានចូលរួមជួយសង្គម និងការដកបទពិសោធន៍ការងារបានចូលរួមស្ម័គ្រជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដូចជាសមាគមនានា ក្នុងការចូលរួមជួយដល់សង្គមជាតិ និងប្រជាជនតាមរយៈរូបភាព និងសកម្មភាពមនុស្សធម៌ផ្សេងៗ៕

No comments:

Post a Comment