Thursday, June 08, 2017

ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា៣១,៩២០ដុល្លារ ដើម្បីខួងអណ្តូងចំនួន១៩ ជូនប្រជាពលរដ្ឋ នៅខេត្តកំពត



លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣១,៩២០ដុល្លារ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៧ ជាជំហានទី១ ដើម្បីខួងអណ្តូងទឹកស្អាតចំនួន១៩ ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២៣គ្រួសារ ស្មើនឹងមនុស្ស ១,៦១៥នាក់ រស់នៅតំបន់ថ្មបាយក្រៀម ស្ថិតក្នុងភូមិចំនួន៩ ឃុំចំនួន៥ ក្នុងស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកដងទង់ នៃខេត្តកំពត។  សូមបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ នៅទូទាំងប្រទេសកម្ពុជា កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងចំនួន២៣៦ និងស្រះទឹកចំនួន៤ រួចមកហើយ។ ដោយឡែក សម្រាប់ខេត្តកំពត ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ទទួលបានអណ្តូងចំនួន៦៦ និងឆ្នាំ២០១៦ កន្លងទៅនេះ ទទួលបានចំនួន១អណ្តូង រួចមកហើយ៕




ស្ពានអាកាសស្ដុបផ្សារដីហុយ សម្រេចបានប្រមាណ៧០ភាគរយ

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយសម្រេចបានប្រមាណ៧០ភាគរយហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់អ្នកព័ត៌មាននៅពេលថ្មីៗនេះថា ការអនុវត្ដការងារនៅក្នុងការដ្ឋានទាំងមូល គឺអ្នកជំនាញកំពុងតែចាក់ភ្ជាប់តួស្ពានពីម្ខាងទៅម្ខាង ដើម្បីឲ្យស្ពាននេះ អាចបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខនេះ។
លោកបន្តថា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី និងផ្លូវហាណូយ ឬផ្លូវលេខ១០១៩ ដែលមានការកកស្ទះខ្លាំងចំពោះការធ្វើដំណើរចូលក្រុង។ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរកាត់តាមការដ្ឋានសាងសង់ស្ពានផ្សារដីហុយ បានឱ្យដឹងថា នៅពេលដែលស្ពានបានសាងសង់រួចរាល់ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន កាន់តែងាយស្រួល និងកាត់បន្ថយការកកស្ទះចរាចរដូចបច្ចុប្បន្ននេះទេ។
សូមរំលឹកផងដែរថា ស្ពានអាកាសស្តុបផ្សាដីហ៊ុយបានបើកការដ្ឋាន កាលពីចុងខែសីហាឆ្នាំ២០១៦កន្លងមក។ ស្ពានអាកាសស្តុបផ្សារដីហុយ នេះគឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេក ទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕


រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំ​ជាមួយ​ប្រធាន​មន្ទីរបរិស្ថាន​ទាំង២៥​ រាជធានី-ខេត្ត​ ដើម្បីត្រួត​ពិនិត្យការ​អនុវត្ត​ការងារ​

នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំជាមួយប្រធានមន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តការងារ ក៏ដូចជាការខិតខំកន្លងមក របស់មន្ទីរបរិស្ថាន និងអង្គភាពពាក់ព័ន្ធនានា ក្នុងបុព្វហេតុបរិស្ថាន។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់គ្រប់មន្ទីរទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តពង្រឹង និងអនុវត្តនូវកិច្ចការងារឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីអនុវត្តឱ្យបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព៕



នាយឧត្តមសេនីយ៍ ប៉ុល សារឿន​ អញ្ជើញ​ក្នុងពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីអប់រំ​ លោកគ្រូ​ អ្នកគ្រូ ​នៃខេត្តព្រះ​សីហនុ​

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ នៃខេត្តព្រះសីហនុ នៅមន្ទីរអប់រំខេត្តព្រះសីហនុ ដោយលោកបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ អស់លោក លោកស្រី ក្រុមការងារ និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានសហការខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំ ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឲ្យដឹងថា ពិធីសំណេះសំណាលនេះមានគោលបំណងពីរ៖ ទី១.លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្ហាត់បង្រៀនសិស្ស ឱ្យយល់ច្បាស់ពីតម្លៃនៃកត្តារួមសាមគ្គីគ្នា ពីព្រោះថា កត្តាសាមគ្គីនាំមកនូវកម្លាំងដ៏ខ្លាំងក្លាក្នុងការដណ្តើមយកជ័យជម្នះ។ ក្នុងប្រវត្តិសាស្ត្រខ្មែរ នៅសម័យអង្គរ បានបញ្ជាក់ច្បាស់ថា ដោយសារយើងមានមហាកម្លាំងសាមគ្គី ទើបយើងកសាងអង្គរវត្តដ៏ល្អវិចិត្របាន។ ទី២.មន្ទីរអប់រំខេត្ត ត្រូវសហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការរិះរក និងប្រើប្រាស់វិធីសាស្ត្រថ្មីៗ ក្នុងការជំរុញបំប៉នបង្ហាត់បង្រៀនដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីឆ្ពោះទៅការប្រឡងយកសញ្ញាបត្រទុតិយភូមិ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរក្នុងកម្រិតនិទ្ទេសA ឱ្យកើនលើសឆ្នាំសិក្សា២០១៥-២០១៦ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែសម្បូរបែប និងយូរអង្វែង។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវសហការបន្តការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនបំប៉នសិស្សថ្នាក់ទី១២ តាមមុខវិជ្ជាដែលបានកំណត់។ ត្រូវសហការជំរុញការរៀបចំឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ បានមកប្រឡងសញ្ញាបត្រទុតិយភូមិ ឱ្យគ្រប់ៗគ្នា។

ជាចុងបញ្ជប់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានអរគុណដល់អាជ្ញាធរខេត្ត និងលោកស្រ៊ុន សារឿន ដែលបានឧបត្ថម្ភថវិកាសម្រាប់លោកគ្រូ អ្នកគ្រូ បង្រៀនបំប៉នសិស្សថ្នាក់ទី១២ នៅវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុប្រចាំឆ្នាំសិក្សា ២០១៦-២០១៧។ វិធីសាស្រ្តដែលបានប្រើប្រាស់សម្រាប់ការអនុវត្តផែនការនេះ ត្រូវបានទទួលការគាំទ្រ និងលើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា៕


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ប្រជាពលរដ្ឋច្រើនលើសលប់បំផុតនៅតែគាំទ្រសន្តិភាព និងការអភិវឌ្ឍ បើផ្អែកតាមលទ្ធផលបឋមនៃការបោះឆ្នោតថ្មីៗនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងជាង ១ពាន់ឃុំ សង្កាត់នោះ ជាការបង្ហាញថា ប្រជាជនកម្ពុជាច្រើនលើសលប់បំផុតគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់លោក។
តាមរយៈទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហោះថា «លទ្ធផល បឋមនៃការបោះឆ្នោតគឺបានបញ្ជាក់ច្បាស់ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជារយៈពេលជាង ៣០ឆ្នាំចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃ និងសមិទ្ធិផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដឹកនាំរបស់លោក ដែលបានផ្តល់នូវទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនលើសលប់បំផុតពីប្រជាពលរដ្ឋ ដែលធានាបាននូវជ័យជម្នះទាំងសម្រាប់អាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត។
លោកបានសង្កត់ធ្ងន់ថា «កម្ពុជាត្រូវតែបោះជំហានទៅមុខដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល»។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីអា ណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះគ្រប់គ្រងឃុំ សង្កាត់ជាង ១ពាន់ឃុំ សង្កាត់ ខណៈគណបក្សសង្រ្គោះជាតិគ្រប់គ្រងជាង ៤០០ឃុំ សង្កាត់ទូទាំងប្រទេស។ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការពេញចិត្ត និងទុកចិត្តយ៉ាងច្រើនពីប្រជាពលរដ្ឋដដែល៕


អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែមិថុនា!

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី បណ្ដោះអាសន្ន នៅតំបន់មួយចំនួននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ទាំងនោះ។
តំបន់ដែលត្រូវបិទភ្លើងបណ្ដោះអាសន្នទាំងនោះ រួមមាន៖
១៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៥:០០នាទីល្ងាច ផ្អាកនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
២៖ ថ្ងៃទី០៩ ខែមិថុនា ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៥:០០នាទីល្ងាច ផ្អាកនៅស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ឃុំលំហាច ឃុំដំណាក់អំពិល ឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
៣៖ ថ្ងៃទី១០ ខែមិថុនា ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៥:០០នាទីល្ងាច ផ្អាកនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ សង្កាត់កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
៤៖ ថ្ងៃទី១១ ខែមិថុនា ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៥:០០នាទីល្ងាច ផ្អាកនៅសង្កាត់ស្រះចក សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ឃុំលំហាច ឃុំដំណាក់អំពិល ឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ហេតុដូចនេះ សូមប្រជាពលរដ្ឋដែលរស់នៅតាមតំបន់គោលដៅខាងលើ សូមត្រៀមលក្ខណៈទុកជាមុនឱ្យបានត្រឹមត្រូវ។



រាជរដ្ឋាភិបាល​បានរៀបចំសេចក្តីព្រាង​គោលនយោ​បាយជាតិ​សម្រាប់គាំ​ពារ​មនុស្សវ័យចាស់​

រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសម្រាប់គាំពារមនុស្ស វ័យចាស់នៅកម្ពុជាដើម្បីត្រៀមលក្ខណៈក្នុងការដោះស្រាយបញ្ហាទាំងឡាយរបស់មនុស្សវ័យចំណាស់ដែលកំពុងជួបប្រទះ។

ក្រសួងផែនការសហការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានរៀបចំ«សេចក្តីព្រាងឯកសារគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០»សម្រាប់គាំពារមនុស្សវ័យចាស់នៅកម្ពុជាដើម្បីដោះស្រាយស្ថានភាពរស់នៅក៏ដូចជាសុខុមាលភាពប្រចាំថ្ងៃខណៈពេលដែលចំនួនមនុស្សចាស់នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។
ចក្ខុវិស័យរបស់ គោលនយោបាយនេះ ផ្តោតទៅលើការធានាផ្នែក សន្តិសុខហិរញ្ញវត្ថុ សុខភាព និងសុខមាលភាព គាំទ្រឱ្យមានការបង្កើតសមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ទប់ស្កាត់ការរំលោភបំពាន ការមិនអើពើ និងអំពើហិង្សាលើមនុស្សចាស់និង ការជួយក្នុងស្ថានភាពមានអាសន្ន។
សូមជម្រាបផងដែរថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០នេះ ធ្វើឡើងដើម្បីលើកកម្ពស់ នូវសិទ្ធិ និងឱកាសស្នើគ្មា ចូលរួមយ៉ាងពេញលេញដោយសេរី និងដោយសេចក្តីថ្លៃថ្នូរ នៅក្នុងសកម្មភាពគ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និងនយោបាយ ស្របពេលមានការកើនឡើងនៃអត្រាប្រជាជនវ័យចាស់។

របាយការណ៍របស់ក្រសួងផែនការបានឲ្យដឹងថាចំនួនមនុស្សចាស់នៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ពី៣៥២៩១នាក់ស្មើនឹង១៦ភាគរយចាប់ពី២០១០ដល់២០១៥ហើយនឹងបន្តកើនឡើងដល់៧០០០៨នាក់ស្មើនឹង៤០,២ភាគរយនៃប្រជាជនសរុបចាប់ពីឆ្នាំ២០២៥ដល់២០៣០ខាងមុខ៕


អនុប្រធាន IMF សន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការជួយកម្ពុជាបន្ថែមទៀត

លោក Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានថ្លែងថា IMF នឹងបន្តកិច្ចសហប្រតិបត្តិការ និងបន្តជួយកម្ពុជាថែមទៀត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ។

លោក Mitsuhiro Furusawa បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់កម្ពុជា។ ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ លោក Mitsuhiro Furusawa បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានអបអរសាទរចំពោះស្ថិរភាពនយោបាយនៅកម្ពុជា ដែលធ្វើឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលអនុវត្ត បាននូវកំណើនសេដ្ឋកិច្ចយ៉ាងល្អ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាកាយវិការរបស់ IMF ក្នុងការជួយដល់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចផង និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចផង។ លោក ក៏បានថ្លែងអំណរគុណចំពោះ IMF ដែលកន្លងមកធ្លាប់បានលុបចោលនូវបំណុលរបស់កម្ពុជាហើយបំណុលទាំងអស់នោះ ត្រូវបានបង្វែរទៅជួយដល់ប្រព័ន្ធស្រោចស្រប សម្រាប់វិស័យកសិកម្មកម្ពុជា។  នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនលោក Mitsuhiro Furusawa អំពីការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាគោលនយោបាយឧស្សាហកម្មកម្ពុជា រួមទាំងនយោបាយឆ្ពោះទៅខាងក្រៅរបស់កម្ពុជាដើម្បីពង្រឹងគ្រឹះសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើននិងរឹងមាំ៕







រាជធានីភ្នំពេញ ជាបេះដូងនៃកម្ពុជា, គណបក្សប្រជាជន កើនសំឡេងឆ្នោតជាង៩​ម៉ឺនសំឡេងខណៈគណបក្សសង្គ្រោះជាតិ កើនត្រឹមជាង៣ម៉ឺនសំឡេង

(ភ្នំពេញ)៖ នៅខេត្តធំៗដូចជា៖ ខេត្តកំពង់ចាម ខេត្តកណ្ដាល និងខេត្តព្រៃវែង ដែលការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានចាញ់សំឡេងគាំទ្រ គណបក្សសង្គ្រោះជាតិនោះ ស្រាប់តែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅឆ្នាំ២០១៧នេះ សំឡេងគាំទ្រគណបក្សប្រជាជន បានកើនឡើងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលបក្សប្រឆាំងបានថយចុះយ៉ាងគំហុក។
មិនខុសពីតាមខេត្តធំៗទាំងនេះ សម្រាប់រាជធានីភ្នំពេញ ដែលជាមណ្ឌលពោពេញទៅដោយប្រជាជន នយោបាយ និងសេដ្ឋកិច្ច និងជាទីតាំងឈរជើង របស់លោកស្រី ម៉ែន សំអន ជាប្រធានក្រុមការងារអមដោយថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សមួយចំនួនទៀតនោះ សម្រាប់ការបោះឆ្នោតលើកនេះ​គណបក្ស ប្រជាជនកម្ពុជា បានកើនឡើងសំឡេងគាំទ្រយ៉ាងខ្លាំង រហូតជាង៩.៤ម៉ឺនសំឡេង បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ ហើយចំនួននេះ បានលើសសំឡេង គណបក្សសង្គ្រោះជាតិ រហូតជាង៦ម៉ឺនសំឡេងឯណោះ ដែលខុសគ្នាយ៉ាងឆ្ងាយ ដែលការពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជន បានចាញ់គណបក្សសង្គ្រោះជាតិ ​រហូតជាង១២ម៉ឺនសំឡេងឯណោះ។
បើទោះបីលទ្ធផលបឋមក្រៅផ្លូវការបង្ហាញថា នៅរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិ បានដំណែងជាចៅសង្កាត់ចំនួន៥៨សង្កាត់ រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាចៅសង្កាត់ចំនួន៤៧សង្កាត់នោះ ប៉ុន្ដែបើគិតជាសំឡេងឆ្នោតវិញ គណបក្សប្រជាជនកម្ពុជា គឺកើនឡើងលើសគណបក្សសង្គ្រោះជាតិ ជាង៦ម៉ឺនសំឡេងបើប្រៀបធៀបទៅនឹងការបោះឆ្នោត កាលពីឆ្នាំ២០១៣នោះ។
តាមលទ្ធផលបឋមក្រៅផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា
* សម្រាប់រាជធានីភ្នំពេញ ការបោះឆ្នោតឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ៣៥១,៣៩១សំឡេង ពោលមានការកើនឡើងរហូតទៅដល់៩៤,០៤០សំឡេង បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលបង្ហាញដោយ គ.ជ.ប មានចំនួន២៥៧,៣៥១សំឡេង ដែលមានការកើនឡើងសំឡេងប្រមាណ១ភាគ៣ បើគិតជាសំឡេងកើននៅទាំងប្រទេស។
* គណបក្សសង្គ្រោះជាតិវិញ សម្រាប់ការបោះឆ្នោតលើកនេះទទួលបាន ៤១៦,០៣២សំឡេង គឺកើនឡើងត្រឹមតែ៣៣,១៥២សំឡេងប៉ុណ្ណោះ បើប្រៀបធៀបការពីកាលបោះឆ្នោតឆ្នាំ២០១៣ ដែលបង្ហាញដោយ គ.ជ.ប មានចំនួន ៣៨២,៨៨០សំឡេង។
* លទ្ធផលដដែលនេះ ​បានបង្ហាញទៀតថា កាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ លើសសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ ១២៥,៥២៩សំឡេង ប៉ុន្ដែការបោះឆ្នោតលើកនេះ គណបក្សសង្គ្រោះជាតិ លើសគណបក្សប្រជាជនកម្ពុជាមកត្រឹមតែ ៦៤,៦៤១សំឡេង ដូច្នេះមានន័យថា សំឡេងគាំទ្ររបស់បក្សប្រឆាំងបានថយចុះជាងពាក់កណ្ដាល។
បើនិយាយពីចំនួនកើនឡើងវិញ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ប្រៀបធៀបនឹងឆ្នាំ២០១៣នោះ ឃើញថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងរហូតដល់៩៤,០៤០សំឡេង ខណៈដែលគណបក្សសង្គ្រោះជាតិបានកើនឡើងត្រឹមតែ៣៣,១៥២សំឡេងប៉ុណ្ណោះ។
សូមជំរាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួលស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញ ទៅបោះឆ្នោត៕





អ្នកនាំពាក្យគណបក្សប្រជាជន ព្រមានដល់មន្រ្តី គណបក្សប្រឆាំង ចំពោះការប៉ុនប៉ងកាន់កាប់​ស្ថាប័នព្រឹទ្ធសភា​ ខណៈដែល​គណបក្សនេះ​ បានទទួល​សំឡេង​ភាគតិច​នៅឡើយ​

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានព្រមានដល់មន្រ្តី គណបក្សប្រឆាំង ចំពោះការប៉ុនប៉ងកាន់កាប់ស្ថាប័នព្រឹទ្ធសភាទាំងមូល ខណៈដែលគណបក្សនេះ បានទទួលសំឡេងភាគតិចនៅឡើយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ ដែលទទួលបានមិនដល់ ៥០០ឃុំ/សង្កាត់ផងនោះ ក្នុងចំណោមឃុំ/សង្កាត់ ចំនួន១៦៤៦ នៅទូទាំងប្រទេស។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រឆាំង កំពុងតែមានមោទនភាព និងក្រអឺតក្រទមខ្លាំងណាស់ ដែលអួតថា បក្សខ្លួនឈ្នះឆ្នោត។ យើងយល់ អ្នកមិនដែលបានមាន កៅអីច្រើនបន្តិចបន្ទួច ដល់បានគ្រាន់បើតែងតែលើសឈាម បែបនេះហើយ។ ឥឡូវកំពុងតែឡើងអឿពីការចង់ទន្ទ្រាន យកស្ថាប័នព្រឹទ្ធសភា ក្រុមប្រឹក្សាស្រុក/ខណ្ឌទៀត។

លោកបានបន្ថែមថា «សូមកុំយល់ច្រឡំឲ្យសោះ បានឈ្នះប៉ុណ្ណេះ កុំអាលជ្រួលច្របល់ កុំអាលប្រកាច់ធ្វើអី គិតមើលមើល តើក្នុងស្ថាប័នព្រឹទ្ធសភា បានប៉ុន្មាន? មិនទាន់បានពាក់កណ្តាលផងទេ។ ចំណែកគណបក្សប្រជាជន បានជាងពាក់កណ្តាល ហើយបើបូកនឹង២កូតាពីព្រះរាជវាំង និង២កូតាមកពី រដ្ឋសភាទៀត ឃើញថាមានសំឡេងជាងពាក់កណ្តាលទៅហើយ។ ដូច្នេះកុំសង្ឃឹមថា អាចរារាំងដំណើរទៅមុខរបស់ជាតិបានឲ្យសោះ។ ចំណែកឯ ក្រុមប្រឹក្សាស្រុក ខណ្ឌ ក៏យ៉ាងដូច្នេះដែរ មិនអាចទន្ទ្រានយកបាន ដោយងាយៗនោះទេ»។

លទ្ធផលបឋម និងក្រៅផ្លូវការ ដែលទទួលបានពីភាគីពាក់ព័ន្ធ បានឱ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តទី៤នេះ គណបក្សប្រជាជនកម្ពុជា នៅតែបន្តនាំមុខដាច់ គណបក្សដទៃទៀត ដោយទទួលបាន ឃុំ/សង្កាត់ចំនួន១១៦៣ ចំណែកឯគណបក្ស ប្រឆាំងទទួលបាន ៤៨២ឃុំ/សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន១ឃុំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តបោះឆ្នោត គាំទ្រដល់គណបក្ស ប្រជាជនកម្ពុជាឱ្យឈ្នះនៅក្នុងការបោះឆ្នោតលើកនេះ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងការបោះឆ្នោតលើកនេះគណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៣។

ចំណែកប្រធានគណបក្សប្រឆាំង លោក កឹម សុខា ក៏បានទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតនេះផងដែរ។ លោក កឹម សុខា បានផ្ញើសារលិខិតជូន ប្រជាពលរដ្ឋ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺមួយថ្ងៃ ក្រោយការបោះឆ្នោតឃុំ/សង្កាត់ ដោយប្រកាសថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិទទួលបានតំណែងមេឃុំ-ចៅសង្កាត់ មិនដល់៥០០ឃុំ-សង្កាត់ទេ ក្នុងចំណោម ១៦៤៦ឃុំ-សង្កាត់ ទូទាំងប្រទេស ខណៈ គ.ជ.ប មិនទាន់ប្រកាសផ្លូវការនៅឡើយ។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា ការទទួលបានជាង ៤០០ឃុំ/សង្កាត់ របស់គណបក្សប្រឆាំងនាពេលនេះ គឺគណបក្សប្រឆាំង ត្រូវប្រើពេល អស់ជាង១៥ឆ្នាំ ឯណោះហើយមិនទាន់បាន៥០ភាគរយផង។ ដូច្នេះ បក្សប្រឆាំង ត្រូវប្រើពេល១៥-២០ឆ្នាំទៀត ទើបមាន សញ្ញាថា អាចរត់តាមទាន់ គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំប្រទេសជាច្រើនអាណត្តិមកនេះ គឺបានត្រៀមរួចហើយ នូវយុវជនសម្រាប់បន្តវេនដឹកនាំរបស់ខ្លួនតទៅទៀត ហើយលោកស្នើឱ្យយុវជនគណបក្សសង្គ្រោះជាតិ មេត្តារង់ចាំ ប្រកួតប្រជែងជាមួយ យុវជនគណបក្សប្រជាជននៅពេលក្រោយចុះ៕