Thursday, June 08, 2017

អនុប្រធាន IMF សន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការជួយកម្ពុជាបន្ថែមទៀត

លោក Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានថ្លែងថា IMF នឹងបន្តកិច្ចសហប្រតិបត្តិការ និងបន្តជួយកម្ពុជាថែមទៀត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ។

លោក Mitsuhiro Furusawa បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់កម្ពុជា។ ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ លោក Mitsuhiro Furusawa បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានអបអរសាទរចំពោះស្ថិរភាពនយោបាយនៅកម្ពុជា ដែលធ្វើឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលអនុវត្ត បាននូវកំណើនសេដ្ឋកិច្ចយ៉ាងល្អ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាកាយវិការរបស់ IMF ក្នុងការជួយដល់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចផង និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចផង។ លោក ក៏បានថ្លែងអំណរគុណចំពោះ IMF ដែលកន្លងមកធ្លាប់បានលុបចោលនូវបំណុលរបស់កម្ពុជាហើយបំណុលទាំងអស់នោះ ត្រូវបានបង្វែរទៅជួយដល់ប្រព័ន្ធស្រោចស្រប សម្រាប់វិស័យកសិកម្មកម្ពុជា។  នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនលោក Mitsuhiro Furusawa អំពីការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាគោលនយោបាយឧស្សាហកម្មកម្ពុជា រួមទាំងនយោបាយឆ្ពោះទៅខាងក្រៅរបស់កម្ពុជាដើម្បីពង្រឹងគ្រឹះសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើននិងរឹងមាំ៕







No comments:

Post a Comment