Thursday, June 08, 2017

រាជធានីភ្នំពេញ ជាបេះដូងនៃកម្ពុជា, គណបក្សប្រជាជន កើនសំឡេងឆ្នោតជាង៩​ម៉ឺនសំឡេងខណៈគណបក្សសង្គ្រោះជាតិ កើនត្រឹមជាង៣ម៉ឺនសំឡេង

(ភ្នំពេញ)៖ នៅខេត្តធំៗដូចជា៖ ខេត្តកំពង់ចាម ខេត្តកណ្ដាល និងខេត្តព្រៃវែង ដែលការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានចាញ់សំឡេងគាំទ្រ គណបក្សសង្គ្រោះជាតិនោះ ស្រាប់តែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅឆ្នាំ២០១៧នេះ សំឡេងគាំទ្រគណបក្សប្រជាជន បានកើនឡើងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលបក្សប្រឆាំងបានថយចុះយ៉ាងគំហុក។
មិនខុសពីតាមខេត្តធំៗទាំងនេះ សម្រាប់រាជធានីភ្នំពេញ ដែលជាមណ្ឌលពោពេញទៅដោយប្រជាជន នយោបាយ និងសេដ្ឋកិច្ច និងជាទីតាំងឈរជើង របស់លោកស្រី ម៉ែន សំអន ជាប្រធានក្រុមការងារអមដោយថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សមួយចំនួនទៀតនោះ សម្រាប់ការបោះឆ្នោតលើកនេះ​គណបក្ស ប្រជាជនកម្ពុជា បានកើនឡើងសំឡេងគាំទ្រយ៉ាងខ្លាំង រហូតជាង៩.៤ម៉ឺនសំឡេង បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ ហើយចំនួននេះ បានលើសសំឡេង គណបក្សសង្គ្រោះជាតិ រហូតជាង៦ម៉ឺនសំឡេងឯណោះ ដែលខុសគ្នាយ៉ាងឆ្ងាយ ដែលការពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជន បានចាញ់គណបក្សសង្គ្រោះជាតិ ​រហូតជាង១២ម៉ឺនសំឡេងឯណោះ។
បើទោះបីលទ្ធផលបឋមក្រៅផ្លូវការបង្ហាញថា នៅរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិ បានដំណែងជាចៅសង្កាត់ចំនួន៥៨សង្កាត់ រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាចៅសង្កាត់ចំនួន៤៧សង្កាត់នោះ ប៉ុន្ដែបើគិតជាសំឡេងឆ្នោតវិញ គណបក្សប្រជាជនកម្ពុជា គឺកើនឡើងលើសគណបក្សសង្គ្រោះជាតិ ជាង៦ម៉ឺនសំឡេងបើប្រៀបធៀបទៅនឹងការបោះឆ្នោត កាលពីឆ្នាំ២០១៣នោះ។
តាមលទ្ធផលបឋមក្រៅផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា
* សម្រាប់រាជធានីភ្នំពេញ ការបោះឆ្នោតឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ៣៥១,៣៩១សំឡេង ពោលមានការកើនឡើងរហូតទៅដល់៩៤,០៤០សំឡេង បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលបង្ហាញដោយ គ.ជ.ប មានចំនួន២៥៧,៣៥១សំឡេង ដែលមានការកើនឡើងសំឡេងប្រមាណ១ភាគ៣ បើគិតជាសំឡេងកើននៅទាំងប្រទេស។
* គណបក្សសង្គ្រោះជាតិវិញ សម្រាប់ការបោះឆ្នោតលើកនេះទទួលបាន ៤១៦,០៣២សំឡេង គឺកើនឡើងត្រឹមតែ៣៣,១៥២សំឡេងប៉ុណ្ណោះ បើប្រៀបធៀបការពីកាលបោះឆ្នោតឆ្នាំ២០១៣ ដែលបង្ហាញដោយ គ.ជ.ប មានចំនួន ៣៨២,៨៨០សំឡេង។
* លទ្ធផលដដែលនេះ ​បានបង្ហាញទៀតថា កាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ លើសសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ ១២៥,៥២៩សំឡេង ប៉ុន្ដែការបោះឆ្នោតលើកនេះ គណបក្សសង្គ្រោះជាតិ លើសគណបក្សប្រជាជនកម្ពុជាមកត្រឹមតែ ៦៤,៦៤១សំឡេង ដូច្នេះមានន័យថា សំឡេងគាំទ្ររបស់បក្សប្រឆាំងបានថយចុះជាងពាក់កណ្ដាល។
បើនិយាយពីចំនួនកើនឡើងវិញ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ប្រៀបធៀបនឹងឆ្នាំ២០១៣នោះ ឃើញថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងរហូតដល់៩៤,០៤០សំឡេង ខណៈដែលគណបក្សសង្គ្រោះជាតិបានកើនឡើងត្រឹមតែ៣៣,១៥២សំឡេងប៉ុណ្ណោះ។
សូមជំរាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួលស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញ ទៅបោះឆ្នោត៕





No comments:

Post a Comment