Thursday, June 08, 2017

នាយឧត្តមសេនីយ៍ ប៉ុល សារឿន​ អញ្ជើញ​ក្នុងពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីអប់រំ​ លោកគ្រូ​ អ្នកគ្រូ ​នៃខេត្តព្រះ​សីហនុ​

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ នៃខេត្តព្រះសីហនុ នៅមន្ទីរអប់រំខេត្តព្រះសីហនុ ដោយលោកបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ អស់លោក លោកស្រី ក្រុមការងារ និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានសហការខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំ ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឲ្យដឹងថា ពិធីសំណេះសំណាលនេះមានគោលបំណងពីរ៖ ទី១.លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្ហាត់បង្រៀនសិស្ស ឱ្យយល់ច្បាស់ពីតម្លៃនៃកត្តារួមសាមគ្គីគ្នា ពីព្រោះថា កត្តាសាមគ្គីនាំមកនូវកម្លាំងដ៏ខ្លាំងក្លាក្នុងការដណ្តើមយកជ័យជម្នះ។ ក្នុងប្រវត្តិសាស្ត្រខ្មែរ នៅសម័យអង្គរ បានបញ្ជាក់ច្បាស់ថា ដោយសារយើងមានមហាកម្លាំងសាមគ្គី ទើបយើងកសាងអង្គរវត្តដ៏ល្អវិចិត្របាន។ ទី២.មន្ទីរអប់រំខេត្ត ត្រូវសហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការរិះរក និងប្រើប្រាស់វិធីសាស្ត្រថ្មីៗ ក្នុងការជំរុញបំប៉នបង្ហាត់បង្រៀនដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីឆ្ពោះទៅការប្រឡងយកសញ្ញាបត្រទុតិយភូមិ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរក្នុងកម្រិតនិទ្ទេសA ឱ្យកើនលើសឆ្នាំសិក្សា២០១៥-២០១៦ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែសម្បូរបែប និងយូរអង្វែង។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវសហការបន្តការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនបំប៉នសិស្សថ្នាក់ទី១២ តាមមុខវិជ្ជាដែលបានកំណត់។ ត្រូវសហការជំរុញការរៀបចំឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ បានមកប្រឡងសញ្ញាបត្រទុតិយភូមិ ឱ្យគ្រប់ៗគ្នា។

ជាចុងបញ្ជប់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានអរគុណដល់អាជ្ញាធរខេត្ត និងលោកស្រ៊ុន សារឿន ដែលបានឧបត្ថម្ភថវិកាសម្រាប់លោកគ្រូ អ្នកគ្រូ បង្រៀនបំប៉នសិស្សថ្នាក់ទី១២ នៅវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុប្រចាំឆ្នាំសិក្សា ២០១៦-២០១៧។ វិធីសាស្រ្តដែលបានប្រើប្រាស់សម្រាប់ការអនុវត្តផែនការនេះ ត្រូវបានទទួលការគាំទ្រ និងលើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា៕


No comments:

Post a Comment