Thursday, June 08, 2017

អ្នកនាំពាក្យគណបក្សប្រជាជន ព្រមានដល់មន្រ្តី គណបក្សប្រឆាំង ចំពោះការប៉ុនប៉ងកាន់កាប់​ស្ថាប័នព្រឹទ្ធសភា​ ខណៈដែល​គណបក្សនេះ​ បានទទួល​សំឡេង​ភាគតិច​នៅឡើយ​

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានព្រមានដល់មន្រ្តី គណបក្សប្រឆាំង ចំពោះការប៉ុនប៉ងកាន់កាប់ស្ថាប័នព្រឹទ្ធសភាទាំងមូល ខណៈដែលគណបក្សនេះ បានទទួលសំឡេងភាគតិចនៅឡើយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ ដែលទទួលបានមិនដល់ ៥០០ឃុំ/សង្កាត់ផងនោះ ក្នុងចំណោមឃុំ/សង្កាត់ ចំនួន១៦៤៦ នៅទូទាំងប្រទេស។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រឆាំង កំពុងតែមានមោទនភាព និងក្រអឺតក្រទមខ្លាំងណាស់ ដែលអួតថា បក្សខ្លួនឈ្នះឆ្នោត។ យើងយល់ អ្នកមិនដែលបានមាន កៅអីច្រើនបន្តិចបន្ទួច ដល់បានគ្រាន់បើតែងតែលើសឈាម បែបនេះហើយ។ ឥឡូវកំពុងតែឡើងអឿពីការចង់ទន្ទ្រាន យកស្ថាប័នព្រឹទ្ធសភា ក្រុមប្រឹក្សាស្រុក/ខណ្ឌទៀត។

លោកបានបន្ថែមថា «សូមកុំយល់ច្រឡំឲ្យសោះ បានឈ្នះប៉ុណ្ណេះ កុំអាលជ្រួលច្របល់ កុំអាលប្រកាច់ធ្វើអី គិតមើលមើល តើក្នុងស្ថាប័នព្រឹទ្ធសភា បានប៉ុន្មាន? មិនទាន់បានពាក់កណ្តាលផងទេ។ ចំណែកគណបក្សប្រជាជន បានជាងពាក់កណ្តាល ហើយបើបូកនឹង២កូតាពីព្រះរាជវាំង និង២កូតាមកពី រដ្ឋសភាទៀត ឃើញថាមានសំឡេងជាងពាក់កណ្តាលទៅហើយ។ ដូច្នេះកុំសង្ឃឹមថា អាចរារាំងដំណើរទៅមុខរបស់ជាតិបានឲ្យសោះ។ ចំណែកឯ ក្រុមប្រឹក្សាស្រុក ខណ្ឌ ក៏យ៉ាងដូច្នេះដែរ មិនអាចទន្ទ្រានយកបាន ដោយងាយៗនោះទេ»។

លទ្ធផលបឋម និងក្រៅផ្លូវការ ដែលទទួលបានពីភាគីពាក់ព័ន្ធ បានឱ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តទី៤នេះ គណបក្សប្រជាជនកម្ពុជា នៅតែបន្តនាំមុខដាច់ គណបក្សដទៃទៀត ដោយទទួលបាន ឃុំ/សង្កាត់ចំនួន១១៦៣ ចំណែកឯគណបក្ស ប្រឆាំងទទួលបាន ៤៨២ឃុំ/សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន១ឃុំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តបោះឆ្នោត គាំទ្រដល់គណបក្ស ប្រជាជនកម្ពុជាឱ្យឈ្នះនៅក្នុងការបោះឆ្នោតលើកនេះ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងការបោះឆ្នោតលើកនេះគណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៣។

ចំណែកប្រធានគណបក្សប្រឆាំង លោក កឹម សុខា ក៏បានទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតនេះផងដែរ។ លោក កឹម សុខា បានផ្ញើសារលិខិតជូន ប្រជាពលរដ្ឋ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺមួយថ្ងៃ ក្រោយការបោះឆ្នោតឃុំ/សង្កាត់ ដោយប្រកាសថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិទទួលបានតំណែងមេឃុំ-ចៅសង្កាត់ មិនដល់៥០០ឃុំ-សង្កាត់ទេ ក្នុងចំណោម ១៦៤៦ឃុំ-សង្កាត់ ទូទាំងប្រទេស ខណៈ គ.ជ.ប មិនទាន់ប្រកាសផ្លូវការនៅឡើយ។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា ការទទួលបានជាង ៤០០ឃុំ/សង្កាត់ របស់គណបក្សប្រឆាំងនាពេលនេះ គឺគណបក្សប្រឆាំង ត្រូវប្រើពេល អស់ជាង១៥ឆ្នាំ ឯណោះហើយមិនទាន់បាន៥០ភាគរយផង។ ដូច្នេះ បក្សប្រឆាំង ត្រូវប្រើពេល១៥-២០ឆ្នាំទៀត ទើបមាន សញ្ញាថា អាចរត់តាមទាន់ គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ខ្ពស់ក្នុងការដឹកនាំប្រទេសជាច្រើនអាណត្តិមកនេះ គឺបានត្រៀមរួចហើយ នូវយុវជនសម្រាប់បន្តវេនដឹកនាំរបស់ខ្លួនតទៅទៀត ហើយលោកស្នើឱ្យយុវជនគណបក្សសង្គ្រោះជាតិ មេត្តារង់ចាំ ប្រកួតប្រជែងជាមួយ យុវជនគណបក្សប្រជាជននៅពេលក្រោយចុះ៕



No comments:

Post a Comment