Thursday, June 08, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ប្រជាពលរដ្ឋច្រើនលើសលប់បំផុតនៅតែគាំទ្រសន្តិភាព និងការអភិវឌ្ឍ បើផ្អែកតាមលទ្ធផលបឋមនៃការបោះឆ្នោតថ្មីៗនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងជាង ១ពាន់ឃុំ សង្កាត់នោះ ជាការបង្ហាញថា ប្រជាជនកម្ពុជាច្រើនលើសលប់បំផុតគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់លោក។
តាមរយៈទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហោះថា «លទ្ធផល បឋមនៃការបោះឆ្នោតគឺបានបញ្ជាក់ច្បាស់ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជារយៈពេលជាង ៣០ឆ្នាំចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃ និងសមិទ្ធិផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដឹកនាំរបស់លោក ដែលបានផ្តល់នូវទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនលើសលប់បំផុតពីប្រជាពលរដ្ឋ ដែលធានាបាននូវជ័យជម្នះទាំងសម្រាប់អាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត។
លោកបានសង្កត់ធ្ងន់ថា «កម្ពុជាត្រូវតែបោះជំហានទៅមុខដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល»។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអរគុណសារជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីអា ណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះគ្រប់គ្រងឃុំ សង្កាត់ជាង ១ពាន់ឃុំ សង្កាត់ ខណៈគណបក្សសង្រ្គោះជាតិគ្រប់គ្រងជាង ៤០០ឃុំ សង្កាត់ទូទាំងប្រទេស។ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការពេញចិត្ត និងទុកចិត្តយ៉ាងច្រើនពីប្រជាពលរដ្ឋដដែល៕


No comments:

Post a Comment