Thursday, June 08, 2017

រាជរដ្ឋាភិបាល​បានរៀបចំសេចក្តីព្រាង​គោលនយោ​បាយជាតិ​សម្រាប់គាំ​ពារ​មនុស្សវ័យចាស់​

រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសម្រាប់គាំពារមនុស្ស វ័យចាស់នៅកម្ពុជាដើម្បីត្រៀមលក្ខណៈក្នុងការដោះស្រាយបញ្ហាទាំងឡាយរបស់មនុស្សវ័យចំណាស់ដែលកំពុងជួបប្រទះ។

ក្រសួងផែនការសហការជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានរៀបចំ«សេចក្តីព្រាងឯកសារគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០»សម្រាប់គាំពារមនុស្សវ័យចាស់នៅកម្ពុជាដើម្បីដោះស្រាយស្ថានភាពរស់នៅក៏ដូចជាសុខុមាលភាពប្រចាំថ្ងៃខណៈពេលដែលចំនួនមនុស្សចាស់នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។
ចក្ខុវិស័យរបស់ គោលនយោបាយនេះ ផ្តោតទៅលើការធានាផ្នែក សន្តិសុខហិរញ្ញវត្ថុ សុខភាព និងសុខមាលភាព គាំទ្រឱ្យមានការបង្កើតសមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ទប់ស្កាត់ការរំលោភបំពាន ការមិនអើពើ និងអំពើហិង្សាលើមនុស្សចាស់និង ការជួយក្នុងស្ថានភាពមានអាសន្ន។
សូមជម្រាបផងដែរថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០នេះ ធ្វើឡើងដើម្បីលើកកម្ពស់ នូវសិទ្ធិ និងឱកាសស្នើគ្មា ចូលរួមយ៉ាងពេញលេញដោយសេរី និងដោយសេចក្តីថ្លៃថ្នូរ នៅក្នុងសកម្មភាពគ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និងនយោបាយ ស្របពេលមានការកើនឡើងនៃអត្រាប្រជាជនវ័យចាស់។

របាយការណ៍របស់ក្រសួងផែនការបានឲ្យដឹងថាចំនួនមនុស្សចាស់នៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ពី៣៥២៩១នាក់ស្មើនឹង១៦ភាគរយចាប់ពី២០១០ដល់២០១៥ហើយនឹងបន្តកើនឡើងដល់៧០០០៨នាក់ស្មើនឹង៤០,២ភាគរយនៃប្រជាជនសរុបចាប់ពីឆ្នាំ២០២៥ដល់២០៣០ខាងមុខ៕


No comments:

Post a Comment