Friday, February 12, 2021

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូថ្មីមួយបង្ហាញថា «វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា»

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា»។ 

វីដេអូនេះ មានរយៈពេលប្រមាណជិត១៦នាទី បានរំលេចជូនសាធារណៈជនជាតិ និងអន្តរជាតិអោយបានឃើញនូវជោគជ័យដ៍ធំធេងថ្មី ដែលទទួលបានក្រោមការដឹកនាំ ចាត់ចែងដ៍ម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង និងទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពខ្ពស់នូវជំងឺរាតត្បាតកូវីដ-១៩ផង និងការធានាបាននូវដំណើរការអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនថែមទៀតផង។

ខ្លឹមសារនៃវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានបណ្តាប្រទេសយ៉ាងតិចចំនួន១៦ហើយនៅជុំវិញពិភពលោកដែលបានសម្រេចអនុញ្ញាតជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ គឺ Sinopharm និង Sinovax ។ បណ្តាប្រទេសជាច្រើនទៀត រាប់ទាំងប្រទេសអភិវឌ្ឍជឿនលឿនមួយចំនួនផងដែរក៏កំពុងពិចារណាប្រើប្រាស់វ៉ាក់សាំងរបស់ចិនដែរ។ ប្រមុខដឹកនាំកម្ពុជាក៏បានប្រកាសឲ្យដឹងពីផែនការនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីស្វែងរកវ៉ាកសាំងពីប្រភពផ្សេងៗទៀតដូចជាពីប្រទេសឥណ្ឌា  រុស្ស៊ី ជាដើម ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរថែមទៀត។

ប្រជាពលរដ្ឋខ្មែរដែលធុញទ្រាន់នឹងជំងឺកូវីដ-១៩  បានសម្តែងនូវការអបអរសាទរចំពោះវត្តមានវ៉ាក់សាំងនៅលើទឹកដីកម្ពុជា ហើយពួកគេពិតជាប្រាថ្នាចង់ចាក់វ៉ាក់សាំងឲ្យបានឆាប់ដើម្បីការពារខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ។ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺប្រៀបដូចជាមានអាវក្រោះការពារខ្លួនដ៏មានប្រសិទ្ធភាព ដែលអាចកម្ចាត់រោគរាតត្បាតដ៏សាហាវនេះមិនឲ្យយាយីជីវិតពួកគេបានឡើយ។  មានជីវិតមានក្តីសង្ឃឹម មានការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចជាតិ និងគ្រួសារ៕


សូមទស្សនាវីដេអូ ដូចតទៅ៖