Wednesday, August 19, 2015

រដ្ឋមន្រ្តីក្រសួងអប់រំ បង្ហាញលក្ខខណ្ឌចំនួន៥ ដែលនាំឲ្យអ្នកប្រឡងបាក់ឌុប ធ្លាក់ដោយស្វ័យប្រវត្តិ

ការ​ឈាន​ចូល​មក​ដល់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប នៅថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយនេះ រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ឯកឧត្តម ហង់ ជួន​ណា​រ៉ុន បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់ និងតឹងរ៉ឹង​បំផុត មិ​នមាន​ការ​បន្ធូរ​បន្ថយ​អាណិត​អាសូរ​ណា​មួយ​សម្រា​ប់បេក្ខ​ជន​ឡើយ ពោល​ពួក​គេ​នឹង​ធ្លាក់​ដោយស្វ័យ​ប្រវត្តិ ប្រ​សិន​បើ​ធ្វើ​ខុស​ទៅ​នឹង​លក្ខ​ខណ្ឌ​ទាំង​៥ ដែល​ក្រសួង​បាន​ដាក់​ចេញ។

តាម​រយៈ​វីដេអូ​បង្ហោះ​លើ​ទំព័រ Facebook នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជា​សារ​ផ្ញើរទៅ​កាន់​បេក្ខ​ជន​ប្រឡង​ជិត ៩​ម៉ឺននាក់​នៅ​ឆ្នាំ​២០​១៥​នេះ ឯកឧត្តម ហង់ ជូន​ណា​រ៉ុន បាន​បញ្ជាក់​ថា លក្ខ​ខណ្ឌ​ទាំង ៥​ចំណុច ដែល​នាំ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​រួមមាន​៖ ១. លួច​យក​សៀវ​ភៅ សំណៅ​ឯកសារ លូច​ចម្លង ប្រើ​ទូរស័ព្ទ និង​ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេងៗនៅ​ក្នុង​មណ្ឌលប្រឡង។ ២. ការ​ពិនិត្យ​ឃើញ​ថា សន្លឹក​កិច្ច
ការ​របស់​បេក្ខ​ជន​អង្គុយ​ជិត​គ្នា មាន​ខ្លឹម​សារ​ដូច​គ្នា រក​ឃើញ​ថាលួច​ចម្លង​គ្នា ឬ​សន្លឹក កិច្ចការ​មាន​ខ្លឹម​សារ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​សំណៅឯ​កសារ ដែល​សរ​សេរទុក​មុន ឬ​ដូច​ទៅនឹ​ង​ឯក​សារ​បង្ហោះ​តាម​ហ្វេស​ប៊ុក​ជា​ដើម។ ៣. ផ្តល់​សន្លឹ​កកិច្ច​ការ​ទៅ​មិត្ត​ភក្តិ​ចម្លង បោះឯក​សារ​ទៅ​ក្រៅ​បន្ទប់​ប្រឡង ធ្វើជា​មេខ្លោង​ប្រមូល​លុយ​ឲ្យ​គ្រូ។ (ចំណុច​នេះ មិន​ត្រឹមតែ​ឲ្យធ្លាក់​ដោយស្វ័យ​ប្រវត្តិ​នោះ​ទេ ថែម​ទាំង​មិន​អនុ​ញ្ញាត​ឲ្យ​ប្រឡង​នៅ​ឆ្នាំ​បន្ទាប់​ថែម​ទៀត​)។ ៤. យក​អាវុធ​ជាតិ​ផ្ទុះចូ​លក្នុងបន្ទប់​ប្រឡង ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស ឬ ធ្វើ​ឲ្យខូ​ចខាត​ឧបករណ៍ សម្ភារៈ​ក្នុង​បន្ទប់​ប្រ​ឡង។ (ចំណុចនេះ ឲ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​រយៈ​ពេល​ពីរ​ឆ្នាំ​បន្ត​បន្ទាប់​គ្នា)។ ៥. ធ្វើ​ឲ្យ​ខូចសណ្តាប់​ធ្នាប់​របៀប​រៀប​រយ ឬ​ធ្វើជា​ក្លិប​រៀប​ចំ​ចម្លើយ និង​បង្ក​របួសស្នា​មទៅ​លើ​មន្រ្តីអនុ​រក្ស។ (ចំណុចនេះ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ត្រូវ​ប្រឈម​មុខ​និង​ច្បាប់​)។

ចំពោះលក្ខ​ខណ្ឌទាំងនេះ​មិន​មែន​ដាក់​រឹត​បន្តឹង​តែ​លើ​បេក្ខ​ជន​ប្រឡង​នោះ​ទេ បុគ្គ​លិក​សិក្សា​របស់​ក្រសួង​អប់​រំ ដែល​ទៅធ្វើ​ជា​អនុ​រក្ស​ក្នុង​ការ​ប្រឡង​ក៏មាន​លក្ខ​ខណ្ឌ​ដែរ ហើយ​បើ​ធ្វើខុស​នឹង​ប្រឈម​ការ​ពិន័យ និង​បញ្ឈប់​ពី​ការងារ​។ ឯកឧត្តម ហង់ ជួនណា​រ៉ុន បាន​អំពាវ​នាវ​ឲ្យ​បេក្ខ​ជន​ប្រឡង និង​លោក​គ្រូ អ្នក​គ្រូ​ជា​អនុ​រក្ស​ទាំង​អស់ ចូល​រួម​គោរព​នូវ លក្ខ​ខណ្ឌ ដែល​បាន​ដាក់​ចេញ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​នាំ​មក​នូវ​លទ្ធ​ផល​នៃ​ការ​ប្រឡងមួយ​ដ៏ល្អ​ប្រសើរ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០​១៥​នេះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៤​-២៥ ខែ​សីហា សប្តាហ៍ក្រោយ​នេះ ដោយ​មាន​បេក្ខ​ជន​ប្រមាណ ៨៨.៤៨៨នាក់៕

ឯកឧត្តម ផៃ ស៊ីផាន លាតត្រដាងធាតុពិតរបស់ក្រុមប្រឆាំង ជុំវិញការបំភ្លៃរឿងព្រំដែន

ឯកឧត្តម​ ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និងជាអ្នក​នាំពាក្យទី​ស្តីការគណៈ​រដ្ឋមន្ត្រី​បានមានប្រសាសន៍​នៅក្នុង​សន្និសីទសារ​ព័ត៌មាន​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ​នៅថ្ងៃទី ​១៩ ខែសីហា ឆ្នាំ២០១៥​នេះថា ទិសដៅ​របស់ក្រុម​ប្រឆាំង​ដែលក្លែង​បន្លំឯកសារ​ស្តីពីព្រំដែន ​គឺឆ្លើយតបនិងចលនា​ដែលពួក​គេបានរៀ​បចំឲ្យដូច​ភ្លៀងរលឹម ​គឺធ្វើការតវ៉ា​ប្រឆាំងរាជ​រដ្ឋាភិបាល ​ដូចជាទៅមើល​ព្រំដែន ​ដោយគ្មាន​អ្នកបច្ចេក​ទេសជំនាញព្រំ​ដែនទៅជាមួយ ​និងបង្កអំពើហិ​ង្សានៅតាមព្រំដែន​ គឺជានយោបា​យបោកប្រាស់ ​យកប្រជាប្រិ​យភាព។​

ឯកឧត្តម​ ផៃ ​ស៊ីផាន ​បានលើក​ឡើងថា ​ការក្លែងបន្លំឯក​សាររបស់ ​សមាជិកព្រឹទ្ធ​សភា គណបក្ស​សង្គ្រោះជាតិ ​លោក ​ហុង ​សុខហួរ ​គឺជាធ្វើឲ្យប៉ះពា​ល់ដល់ឯក​ភាពជាតិ ​គឺមានទោសក្បត់​ជាតិ។ «ពួកគេ​ទៅបង្ករឿងឲ្យ​ប្រជាជនមើលឃើ​ញថា ពួក​គេជាអ្នកស្នេហា​ជាតិ ជាវីរៈបុ​រស។ ​ទង្វើបង្កបញ្ហានៅ​តាមព្រំដែនរ​បស់ពួកគេ ​គឺបានធ្វើឲ្យប៉ះពា​ល់ដល់ទំនាក់​ទំនងរវាងប្រទេស​កម្ពុជា ​និងវៀតណាម ​ដែលកំពុង​ចរចារបោះប​ង្គោលព្រំដែន​ ដោយសន្តិវិ​ធី តម្លាភាព​ និងឈាន​ទៅសម្រេច​បាននូវព្រំដែន​ដ៏រឹងមាំមួយរ​វាងប្រទេសទាំ​ងពីរ»​។

ឯកឧត្តម ​ផៃ ​ស៊ីផាន ​បញ្ជាក់ថា ​«ការក្លែងប​ន្លំឯកសារសាធា​រណៈរបស់រដ្ឋនេះ​ ធ្វើឲ្យប៉ះពាល់ដល់សន្តិ​សុខជាតិ ​គឺធ្វើឲ្យប្រជាពលរ​ដ្ឋបះបោរ ​បង្កើតចលនាម​ហាជន និងចោទ​រាជរដ្ឋាភិបា​លថា បានចុះហ​ត្ថលេខារំលាយព្រំ​ដែន មានចេ​តនាប្រគល់​ដីឲ្យវៀតណាម។​ គោលបំណងមួ​យទៀតរបស់ក្រុមប្រ​ឆាំង ក្នុងការ​ក្លែងបន្លំឯក​សារនេះគឺគេបង្កើតពា​ក្យរសើប ​ឲ្យប្រជាពលរដ្ឋប្រឆាំង​ និងរាជរដ្ឋាភិ​បាល ដូចជាចោ​ទថាសម្តេច​តេជោកាត់ដី​ឲ្យយួន រឺជាអាយ៉​ងយួនជាដើ​ម។ ការពិតពួ​កនោះគ្រាន់​តែជាពួករត់​ចោលស្រុក​ប៉ុណ្ណោះ គឺពួក​គេគ្មានអ្វីច្បាស់លា​ស់ និងពិតប្រាកដទេ»។​

តាមប្រសាសន៍​របស់ឯក​ឧត្តម​ ផៃ ​ស៊ីផាន​ គឺនៅក្នុងលោក​យើងនេះគ្មានប្រ​ទេសណាធ្វើ​កិច្ចការព្រំដែន​ជាមួយអង្គកា​រសង្គមស៊ីវិល ​និងគណបក្សក្រៅ​រាជរដ្ឋាភិបាលទេ។​ រាជរដ្ឋាភិបាលដែលកើត​ចេញពីការបោះឆ្នោ​តគឺជាស្ថាប័ន​តែមួយគត់ ​ដែលតំណាងឲ្យជា​តិទាំងមូល។​ «បច្ចុប្បន្នរាជ​រដ្ឋាភិបាល​ បានខិតខំ​ដើម្បីធានាសុខ​សន្តិភាព​ និងសុវត្ថិភាព​ពិសេសដល់យុ​វជនជំនាន់ក្រោយ​របស់កម្ពុជា។​ យើងធ្លាប់ឆ្លង​កាត់ភ្លើងស​ង្គ្រាមច្រើនសតវត្សម​កហើយ ​ទំរំាបានសន្តិភាព​ដូចសព្វថ្ងៃ​ យើងបាត់បង់​មនុស្សច្រើន​ណាស់ ដូច្នេះ​ខ្ញុំមិនយល់ថា​ហេតុអ្វីបានជាបក្ស​ប្រឆាំងនៅតែចង់ឲ្យ​មានភាព​ប្រទូសរាយ​ ការចលាចល​ ដើម្បីតែដណ្តើមអំ​ណាចគេប្រើគ្រប់ល្បិ​ចនយោបាយ»​។


ឯកឧត្តម​បន្តថា ​រាជរដ្ឋាភិបាល​ស្វាគមន៍ការ​តិទៀនដើម្បី​កែលំអរ​ ប៉ុន្តែទង្វើ​តិទៀនរបស់គណបក្សប្រ​ឆាំងបច្ចុប្បន្ន​ គឺតិទៀនតាម​ចិញ្ចើមថ្នល់ ​តិទៀនដើម្បីបំផ្លាញ ​គឺរាជរដ្ឋាភិ​បាលមិនអាចទទួល​យកបានទេ៕​


ផែនទីចំនួន១៨ផ្ទាំងពីអង្គការសហប្រជាជាតិត្រូវបានបញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ!

មន្ត្រីអង្គការ​សហប្រជា​ជាតិបាន​នាំយក​ផែនទីដើម១៨​ផ្ទាំង ដែល​តម្កល់ទុក​នៅអង្គការ​សហប្រជាជា​តិនោះ ​ដឹកតាម​យន្តហោះ ​មកដល់​ព្រលានយន្ត​ហោះអន្តរ​ជាតិភ្នំពេញ​ហើយ នៅវេ​លាម៉ោង​ ១០ និង​១២នាទីយប់​ ថ្ងៃអង្គា​រទី១៨​ ខែសីហា ​ឆ្នាំ២០១៥​ ដើម្បីប្រគល់​ផែនទី​ជូនកម្ពុជាជា​ផ្លូវការ​ ក្នុងការ​ផ្ទៀងផ្ទាត់​ ដែលនឹង​ត្រូវធ្វើឡើង​នៅថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៥ ​វេលាម៉ោង​៩ព្រឹក​នៅវិមាន​សន្តិភាព។​

មន្រ្តីរដ្ឋាភិ​បាលកម្ពុជាចំ​នួន៣រូប​តំណាង​ឲ្យក្រុមការ​ងារគណៈ​កម្មការ​ចំពោះកិច្ច​ បានទៅរង់ចាំ​ទទួល​ស្វាគមន៍​មន្រ្តីអង្គការ​សហប្រជា​ជាតិនាឱកាស​នោះ រួមមាន ​ឯកឧត្តម ឡុង​ វិសាលោ ​រដ្ឋមន្រ្តីលេខា​ធិការ​ ក្រសួងការ​បរទេស​, ឯកឧត្តម​ ស្វាយ ​ស៊ីថា រដ្ឋលេខា​ធិការទី​ស្តីការគណៈ​រដ្ឋមន្រ្តី​ និងលោក​ជំទាវបណ្ឌិត ​កុយ ពិសី ​អនុប្រធានគ​ណៈកម្មា​ធិការកិច្ចការ​ព្រំដែនកម្ពុជា ​។

មន្ត្រីទាំងពីរ​រូបតំណាង​របស់ ​អ.ស.ប ​ដែលនាំយក​ផែនទីមក​ឱ្យកម្ពុជា ​រួមមានលោកស្រី​ Mereani Keleti Vakasisikakala ​ប្រធានស្តីទី​នៃបណ្ណាល័យអ​ង្គការ​សហប្រជា​ជាតិ និងលោក​ Keiichiro Okimoto មន្រ្តីផ្នែក​ច្បាប់នៃអង្គ​ការសហប្រ​ជាជាតិ។ ​មន្ត្រីទាំង​ពីររូបនេះ ​ត្រូវបាន​ការពារសុវ​ត្ថិភាព ​សន្តិសុខយ៉ាង​តឹងរឹង ​ទាំងការធ្វើ​ដំណើរ ​និងពេលយូរ​ផែនទីទាំង​នោះ យកទៅស​ម្រាកនៅស​ណ្ឋាគារ​ អ៊ីនធើកុងទី​ណាងតាល់ ​ក្នុងរាជ​ធានីភ្នំពេញ។​

ឯកឧត្តម ​ឡុង ​វិសាលោ ​រដ្ឋលេខាធិការ​ក្រសួងការបរ​ទេស ​និងសហប្រតិ​បត្តិការ​អន្តរជាតិ បានមាន​ប្រសាសន៍ប្រា​ប់អ្នកសារ​ព័ត៌មាននៅ​ឯព្រលាន​យន្តហោះអន្តរ​ជាតិភ្នំពេញ ​បន្ទាប់ពីផែ​នទីម​កដល់ថា ​ផែនទីទាំ​ង១៨ផ្ទាំងនេះ ​ត្រូវបាន​តម្កល់ទុកក្នុ​ងបណ្ណាល័យ​ ដាក់ ហាំម៉ាស្ក៍​ហ្សូល ​របស់ ​អ.ស.ប ។​ ឯកឧត្តម ​បានបញ្ជាក់​ផែនទីដែលអង្គការ​សហប្រជា​ជាតិនាំមកនេះ​ជាផែនទីដែល​កម្ពុជាយើង​បានប្តឹងទៅអង្គការ​សហប្រជាជាតិ​អំពីការ​ឈ្លានពានរបស់​កងទ័ពអា​មេរិក​ និងវៀតណាម​ខាងត្បូងម​កលើទឹក​ដីកម្ពុជា ​ហើយផែន​ទីនេះមិនមែ​នជាផែន​ទីដែលយើង​តម្តល់ទុក​សំរាប់ទទួល​ស្គាល់នូវខ្សែ​ព្រំដែន​កម្ពុជាទេ​។ តែទោះជាយ៉ាងណាផែនទីនេះក៏មានខ្សែផែនទី ដែលយើងអាចធ្វើការផ្ទៀងផ្ទាត់បាន។

ឆ្លើយទៅនឹងសំនួរអ្នកកាសែតអំពីការចាកចេញទៅក្រៅប្រទេសរបស់មេដឹកនាំគណបក្សប្រ​ឆាំង ​ថានឹងមាន​ផលប៉ះពាល់​យ៉ាងណាដល់​ដំណើរពិនិត្យ ​ផ្ទៀងផ្ទាត់​ផែនទីដែរឬទេ ​?ឯកឧត្តម ​បានមានប្រ​សាសន៍ថា ​ខាងគណបក្សនោះ​ ត្រូវបានទទួល​ការអញ្ជើញ​រួចហើយ និងដឹងថា ​គេចាត់អ្នក​តំណាងឲ្យ​ចូលរួម​ ដូច្នេះ ​ការផ្ទៀង​ផ្ទាត់ផែនទី​ និងប្រព្រឹត្តិ​ទៅជាធម្មតា។​

ផែនទី១៨​ផ្ទាំង ​ដែលបានមកពី​អង្គការស​ហប្រជាជាតិនេះ ​ នឹងរៀប​ចំពិធីប្រគល់ ​និងទទួល​ ផ្ទៀងផ្ទាត់​ នៅវិមាន​សន្តិភាព​ នាវេលាម៉ោង៩:​ ០០ព្រឹក ​ថ្ងៃទី២០​ ខែសីហា ​ឆ្នាំ២០១៥ ក្រោមអធិប​តីភាពរបស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ​ហោ ណាំ​ហុង រ​ដ្ឋមន្រ្តីក្រសួង​ការបរទេស​ និងសហ​ប្រតិបត្តិការ​អន្តរជាតិ។
យោងតាម​សេចក្តីជូន​ព័ត៌មាន​របស់លេខា​ធិការដ្ឋានគណៈ​កម្មការចំពោះ​កិច្ចរបស់រាជ​រដ្ឋាភិបាល ​ក្នុងការសម្របស​ម្រួលទទួល ​ ប្រគល់ ពិ​និត្យផ្ទៀងផ្ទាត់​ផែនទី ​បានឲ្យដឹងថា នៅក្នុង​ឱកាស ​ទទួល ​ប្រគល់ ​ផ្ទៀងផ្ទាត់ផែននោះ ​ ភាគីពាក់ព័​ន្ធមួយចំនួន ​ត្រូវបាន​អញ្ជើញឲ្យ​ចូលរួមសង្កេត​ការណ៍ ​ ក្នុងនោះរួមមាន​ តំណាងគណបក្សនយោ​បាយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន៥រូប ​គណបក្សសង្គ្រោះ​ជាតិ៥រូប​ និងគណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន៥រូប​, តំណាង​រដ្ឋសភា ​គឺសមាជិករ​ដ្ឋសភាគណ​បក្សដែលមាន​សំឡេងភាគ​ច្រើនចំនួន៣រូប​ សមាជិក​រដ្ឋសភាសំ​ឡេងភាគតិ​ច៣រូប។​ តំណាង​ស្ថាប័នព្រឹទ្ធ​សភា៖ សមាជិ​កព្រឹទ្ធសភាគ​ណបក្សប្រជា​ជនកម្ពុជា ​ចំនួន៣រូប ​សមាជិក​ព្រឹទ្ធសភាគណ​បក្សសមរង្ស៊ី​ចំនួន៣រូប។ ​បន្ថែមលើនេះ ​នឹងអញ្ជើញ​ឱ្យចូល​រូមផងដែរ​ ឧត្តមក្រុម​ប្រឹក្សានៃអង្គ​ចៅក្រមចំនួន​រូប២ ​លោកបណ្ឌិត ​សុខ ​ទូច និ​ងសហកា​រីនៃរាជ​បណ្ឌិតសភា​
ចំនួន៣រូប​ ហើយនិង​ទីប្រឹក្សារាជ​រដ្ឋាភិបាល​ដែលជាជន​ជាតិបរទេសមួ​យចំនួន។​


បន្ទាប់ពី​បានជូនព័ត៌មាន ​តាមការ​រំពឹងទុក ​នឹងមានអ្នក​សារព័ត៌មាន​ជាតិ និងអន្តរ​ជាតិប្រមាណ​ជាង២០០នាក់ ម​កពីប្រមាណ​៧០អង្គភាព ​ស្ថាប័ន​ នឹងចូលរួមយក​ព័ត៌មាន ដើម្បីការ​ផ្សព្វផ្សាយនូ​វព្រឹត្តិការណ៍ជា​ប្រវត្តិសាស្ត្រ​ដ៏មានសារៈសំ​ខាន់នេះ៕​

ប្រទេសនូវែល​​សេឡង់ នឹងក្លាយ​ជា​ប្រទេស​ទី២៤ ដែលបាន​​ចុះហត្ថ​លេខាកិច្ច​ព្រម​ព្រៀង​​សេវាកម្ម​ដឹក​ជញ្ជូន​​តាមផ្លូវ​​អាកាស​​ជាលក្ខណៈ​ទ្វេភាគី ជាមួយ​កម្ពុជា

នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នេះ កម្ពុជា បានចុះ​ហត្ថលេខាកិច្ច​ព្រមព្រៀង​សេវា​កម្មដឹកជញ្ជូន​តាមផ្លូវ​អាកាស ជាមួយ​នឹងរដ្ឋាភិបាល​នូវែល​សេឡង់ ក្រោមអធិបតី​ភាព ឯក​ឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជាមួយ ​ឯកឧត្តម Murray McCully រដ្ឋមន្ត្រី ក្រសួង​ការបរទេស នៃប្រទេស​នូវែល​សេឡង់។
ឯកឧត្តម​បណ្ឌិតស​ភាចារ្យ សុខ អាន បានមាន​ប្រសាសន៍ថា តាមរយៈ​កិច្ចព្រមព្រៀង​សេវាកម្មដឹក​ជញ្ជូន​តាមផ្លូវអាកាស​នេះ នឹងដើរតួនា​ទីយ៉ាង​សំខាន់ ក្នុង​ការផ្តល់​លទ្ធភាព​ជូនក្រុមហ៊ុន​អាកាសចរនៃ​ប្រទេសទាំងពីរ ធ្វើការគិត​គូរពិចារ​ណា និងចាប់ផ្តើម​កសាង​ផែន​ការអាជីវកម្ម លើការ​តភា្ជប់​ជើងហោះ​ហើរ រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ប្រទេស​នូវែល​សេឡង់។
ឯកឧត្តម​បានបន្តថា បន្ទាប់​ពីការចុះ​ហត្ថលេខាកិច្ច​ព្រមព្រៀង​នេះ នា​ពេលឆាប់​ៗខាង​មុខ អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស ក៏ដូច​ជាភ្ញៀវទេស​ចរណ៍ នឹងមានភាព​ងាយស្រួល​ក្នុងការរង់​ចំាតជើងហោះ​ហើរ ដោយ​ប្រើរយៈពេលខ្លី​បំផុត និងទិញ​សំបុត្រយន្តហោះ​យ៉ាងងាយ​ស្រួល រវាងកម្ពុជា និងនូ​វែលសេ​ឡង់ ព្រោះថា ក្រុមហ៊ុន​អាកាសចរនៃ​ប្រទេស​ទាំងពីរ និង​ក្រុមហ៊ុនអាកាសចរអន្តរ​ជាតិផ្សេង​ទៀត នឹងរៀប​ចំផែនការតភ្ជាប់​ជើង​ហោះហើរជា​មួយគ្នា និងដាក់​ប្រព័ន្ធលក់សំបុត្រយន្តហោះ​ដំណើរការជា​មួយគ្នា។ លើស​ពីនេះទៀត សម្រាប់​ចក្ខុវិស័យ​នៅរយៈពេល​វែង យើងជឿ​ជាក់​ថា នឹងអាច​មានការហោះ​ហើរត្រង់​រវាងកម្ពុជា និងនូវែសេ​ឡង់។ កិច្ច​ព្រមព្រៀង​នេះ ក៏នឹង​ចូលរួមចំណែក​ជួយជម្រុញ​ដល់ការអភិវឌ្ឍន៍​វិស័យទេសច​រណ៍ សេដ្ឋកិច្ច និងវប្ប​ធម៌ រវាងប្រទេស​ទាំងពី​រផងដែរ។
យោងតាម​កិច្ចព្រម​ព្រៀង ដែល​បានចុះ​ហត្ថ​លេខានេះ អាជ្ញាធរ​អាកាសចរ​ស៊ីវិល​នៃប្រទេសទាំងពីរ បាន​ព្រមព្រៀងលើខ្លឹម​សារសំខាន់​ៗ ដែលផ្តល់​អត្ថប្រយោជន៍​ទៅវិញ​ទៅ​មក ដូច​ជា បែបបទ​អនុញ្ញាត​ផ្តល់សិទ្ធិ​ហោះហើរ និងកិច្ចសហការ​ជើងហោះ​ហើរ របស់​ក្រុមហ៊ុន​អាកាសចរនៃ​ប្រទេសទាំង​ពីរ ការសហការរួម​គ្នារបស់​អាជ្ញាធរអាកាស​ចរស៊ីវិល​ដើម្បីធានា​សន្តិសុខ និង​សុវត្ថិភាព​អ្នកដំណើរ​តាមផ្លូវ​អាកាស និងការធានា​ឱ្យមាននូវត​ម្លាភាពនៃ​ការប្រកួត​ប្រជែង។
បច្ចុប្បន្ន ព្រះរាជា​ណាចក្រ​កម្ពុជា បានចុះ​ហត្ថលេខាកិច្ច​ព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាសជា​លក្ខណៈទ្វេភាគី​ចំនួន ២៣ ប្រទេស និងកិច្ច​ព្រមព្រៀង​ពហុភាគី​ក្រោម​ក្របខ័ណ្ឌអនុតំបន់ CLMV និង​អាស៊ាន​ផងដែរ។ ប្រទេស​នូវែល​សេឡង់ នឹងក្លាយជា​ប្រទេស​ទី២៤ ដែលបាន​ចុះហត្ថលេខា​កិច្ចព្រម​ព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាស​ជាលក្ខណៈ​ទ្វេភាគី ជា​មួយព្រះរាជាណា​ចក្រកម្ពុជា ហើយ​នឹងត្រៀម​ចុះហត្ថ​លេខាជា​បន្តបន្ទាប់ ជាទ្វេភាគី​ចំនួន ១០ ប្រទេស​ទៀត ដោយ​បានឯកភាពគ្នា​រួចហើយលើក​ម្រិតថ្នាក់​បច្ចេកទេស។
នាពេល​បច្ចុប្បន្ន​នេះជើងហោះ​ហើរ និងចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវអា​កាស បានកើន​ឡើង​គួរឱ្យកត់​សម្គាល់ ដែល​ចំនួនជើង​ហោះហើរ​កើនឡើង​ចំនួន ៩ ភាគរយ ប្រៀបធៀប​រវាងឆ្នាំ២០១៤នឹង២០១៣ ហើយចំនួន​អ្នកដំណើរតាម​ផ្លូវអាកាសកើន​ឡើងចំ​នួន ១៣ ភាគរយ ប្រៀប​ធៀបរវាង​ឆ្នាំ២០១៤នឹង​២០១៣ (កាលពីឆ្នាំ២០១៤ មានអ្នក​ដំណើ​រតាមផ្លូវ​អាកាសសរុប ៥,៤ លាន)។ លើស​ពីនេះទៀត ​សម្រាប់​ដើមឆ្នាំ២០១៥ ចំនួន​អ្នកដំណើរ​តាមផ្លូវអា​កាសបានកើន​ឡើង​ប្រមាណ ១១ ភាគរយ។
ក្រុមហ៊ុន​អាកាសច​រសរុបចំនួន ៣១ ក្រុមហ៊ុន ដែលកំ​ពុងផ្តល់​សេវាកម្មហោះ​ហើរដឹក​ជញ្ជូនជាប្រក្រតី (Schedule Flights) ចេញ-ចូល ព្រះរាជា​ណាចក្រកម្ពុជា ក្នុងចំ​ណោម​នោះ មានក្រុមហ៊ុនអាកាស​ចរក្នុង​ស្រុក​ចំនួន ០៤ ក្រុម​ហ៊ុន និងក្រុមហ៊ុន​អាកាស​ចរបរទេស​ចំនួន ២៧ ក្រុមហ៊ុន។
កាលពីឆ្នាំ២០១៤ កន្លងទៅ ចំនួន​ភ្ញៀវទេសចរណ៍​ជនជាតិនូវែល​សេឡង់ បានមក​ទស្សនាព្រះ​រាជាណា​ចក្រកម្ពុជា ចំនួន ២១,២៥៩ នាក់ និងមក​ពីតំបន់​អូសេអានី (នូវែល​សេឡង់ អូស្រ្តាលី និងហ្វីជី) ចំនួន ១៥៥,៥៧៨ នាក់៕