Wednesday, August 19, 2015

រដ្ឋមន្រ្តីក្រសួងអប់រំ បង្ហាញលក្ខខណ្ឌចំនួន៥ ដែលនាំឲ្យអ្នកប្រឡងបាក់ឌុប ធ្លាក់ដោយស្វ័យប្រវត្តិ

ការ​ឈាន​ចូល​មក​ដល់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប នៅថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយនេះ រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ឯកឧត្តម ហង់ ជួន​ណា​រ៉ុន បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់ និងតឹងរ៉ឹង​បំផុត មិ​នមាន​ការ​បន្ធូរ​បន្ថយ​អាណិត​អាសូរ​ណា​មួយ​សម្រា​ប់បេក្ខ​ជន​ឡើយ ពោល​ពួក​គេ​នឹង​ធ្លាក់​ដោយស្វ័យ​ប្រវត្តិ ប្រ​សិន​បើ​ធ្វើ​ខុស​ទៅ​នឹង​លក្ខ​ខណ្ឌ​ទាំង​៥ ដែល​ក្រសួង​បាន​ដាក់​ចេញ។

តាម​រយៈ​វីដេអូ​បង្ហោះ​លើ​ទំព័រ Facebook នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជា​សារ​ផ្ញើរទៅ​កាន់​បេក្ខ​ជន​ប្រឡង​ជិត ៩​ម៉ឺននាក់​នៅ​ឆ្នាំ​២០​១៥​នេះ ឯកឧត្តម ហង់ ជូន​ណា​រ៉ុន បាន​បញ្ជាក់​ថា លក្ខ​ខណ្ឌ​ទាំង ៥​ចំណុច ដែល​នាំ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​រួមមាន​៖ ១. លួច​យក​សៀវ​ភៅ សំណៅ​ឯកសារ លូច​ចម្លង ប្រើ​ទូរស័ព្ទ និង​ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេងៗនៅ​ក្នុង​មណ្ឌលប្រឡង។ ២. ការ​ពិនិត្យ​ឃើញ​ថា សន្លឹក​កិច្ច
ការ​របស់​បេក្ខ​ជន​អង្គុយ​ជិត​គ្នា មាន​ខ្លឹម​សារ​ដូច​គ្នា រក​ឃើញ​ថាលួច​ចម្លង​គ្នា ឬ​សន្លឹក កិច្ចការ​មាន​ខ្លឹម​សារ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​សំណៅឯ​កសារ ដែល​សរ​សេរទុក​មុន ឬ​ដូច​ទៅនឹ​ង​ឯក​សារ​បង្ហោះ​តាម​ហ្វេស​ប៊ុក​ជា​ដើម។ ៣. ផ្តល់​សន្លឹ​កកិច្ច​ការ​ទៅ​មិត្ត​ភក្តិ​ចម្លង បោះឯក​សារ​ទៅ​ក្រៅ​បន្ទប់​ប្រឡង ធ្វើជា​មេខ្លោង​ប្រមូល​លុយ​ឲ្យ​គ្រូ។ (ចំណុច​នេះ មិន​ត្រឹមតែ​ឲ្យធ្លាក់​ដោយស្វ័យ​ប្រវត្តិ​នោះ​ទេ ថែម​ទាំង​មិន​អនុ​ញ្ញាត​ឲ្យ​ប្រឡង​នៅ​ឆ្នាំ​បន្ទាប់​ថែម​ទៀត​)។ ៤. យក​អាវុធ​ជាតិ​ផ្ទុះចូ​លក្នុងបន្ទប់​ប្រឡង ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស ឬ ធ្វើ​ឲ្យខូ​ចខាត​ឧបករណ៍ សម្ភារៈ​ក្នុង​បន្ទប់​ប្រ​ឡង។ (ចំណុចនេះ ឲ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​រយៈ​ពេល​ពីរ​ឆ្នាំ​បន្ត​បន្ទាប់​គ្នា)។ ៥. ធ្វើ​ឲ្យ​ខូចសណ្តាប់​ធ្នាប់​របៀប​រៀប​រយ ឬ​ធ្វើជា​ក្លិប​រៀប​ចំ​ចម្លើយ និង​បង្ក​របួសស្នា​មទៅ​លើ​មន្រ្តីអនុ​រក្ស។ (ចំណុចនេះ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ត្រូវ​ប្រឈម​មុខ​និង​ច្បាប់​)។

ចំពោះលក្ខ​ខណ្ឌទាំងនេះ​មិន​មែន​ដាក់​រឹត​បន្តឹង​តែ​លើ​បេក្ខ​ជន​ប្រឡង​នោះ​ទេ បុគ្គ​លិក​សិក្សា​របស់​ក្រសួង​អប់​រំ ដែល​ទៅធ្វើ​ជា​អនុ​រក្ស​ក្នុង​ការ​ប្រឡង​ក៏មាន​លក្ខ​ខណ្ឌ​ដែរ ហើយ​បើ​ធ្វើខុស​នឹង​ប្រឈម​ការ​ពិន័យ និង​បញ្ឈប់​ពី​ការងារ​។ ឯកឧត្តម ហង់ ជួនណា​រ៉ុន បាន​អំពាវ​នាវ​ឲ្យ​បេក្ខ​ជន​ប្រឡង និង​លោក​គ្រូ អ្នក​គ្រូ​ជា​អនុ​រក្ស​ទាំង​អស់ ចូល​រួម​គោរព​នូវ លក្ខ​ខណ្ឌ ដែល​បាន​ដាក់​ចេញ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​នាំ​មក​នូវ​លទ្ធ​ផល​នៃ​ការ​ប្រឡងមួយ​ដ៏ល្អ​ប្រសើរ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០​១៥​នេះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៤​-២៥ ខែ​សីហា សប្តាហ៍ក្រោយ​នេះ ដោយ​មាន​បេក្ខ​ជន​ប្រមាណ ៨៨.៤៨៨នាក់៕

No comments:

Post a Comment