Thursday, August 20, 2015

ឯកឧត្តម​ អ៊ូ​ ច័ន្ទឬទ្ធិ​ ចាត់ទុក​សម្តីរបស់តំ​ណាងរាស្ត្របក្ស​ខ្លួន​ ដែលចោទ​ថារាជរដ្ឋា​ភិបាលប្រើផែន​ទីក្លែង​ក្លាយ​ ថាជារឿង​របស់បុគ្គលនោះ

បន្ទាប់ពីបញ្ចប់ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ដែលកម្ពុជាបានខ្ចីច្បាប់ដើម គឺផែនទីUTM ខ្នាត ១/១០០.០០០ ទាំង១៨ផ្ទាំង​ នៅវិមានមិត្តភាព ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម អ៊ូ ច័ន្ទឬទ្ធិ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ដែលមានចូលរួមក្នុងពីធីនេះ បានមានប្រសាសន៍ទាត់ចោលនូវការលើកឡើងរបស់សមាជិកគណបក្សសង្គ្រោះជាតិដែលថា ផែនទីដែលរាជរដ្ឋាភិបាលបានប្រើជាផែនទីក្លែងក្លាយ ដោយឯកឧត្តមបានចាត់ទុកថា ការលើឡើងទាំងនោះ គឺជារឿងបុគ្គលសុទ្ធសាធមិនជាប់ទាក់ទងនិងគណបក្សទេ។
ការប្រើវិធីបកស្រាយរបៀបដូចសាចទឹកក្តៅដាក់លើអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន និងអ្នកមួយចំនួនទៀត ដែលធ្លាប់ចោទមកលើរាជរដ្ឋាភិបាល ថាបានប្រើប្រាស់ផែនទីក្លែងក្លាយនៅថ្ងៃនេះ ឯកឧត្តម អ៊ូ ច័ន្ទឬទ្ធិ បានបញ្ជាក់ហើយបញ្ជាក់ទៀតនៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា «ការលើកឡើងរបស់សមាជិកម្នាក់ យើងមិនអាចយកជំហរជាគណបក្សទេ គណបក្សសង្គ្រោះជាតិ សូមបញ្ជាក់សារជាថ្មីថា យើងមិនដែលបានចោទដល់រដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយទេ គ្រាន់តែបុគ្គលប៉ុណ្ណោះ។ ដូច្នេះសូមបញ្ជាក់អ្នកសារព័ត៌មានឲ្យច្បាស់ថា គណបក្សសង្គ្រោះជាតិ មិនដែលបានចោទរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយទេ»។
ដោយឡែកចំពោះ ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយនោះ ឯកឧត្តម អ៊ូ ច័ន្ទឬទ្ធិ យល់ថា «វាជារឿងបុគ្គលម្នាក់ៗ ក្នុងការលើកឡើងជាសិទ្ធិសេរីភាព។ បើសិនណាគាត់ (រាជរដ្ឋាភិបាល) បញ្ជាក់ថាផែនទីមិនក្លែងក្លាយ ហើយផែនទីត្រឹមត្រូវ និងផ្ទៀងផ្ទាត់ទៅគ្រប់ប្រភពអាចប្រើប្រាស់បាន គឺអ្នកដែលចោទហ្នឹងជារឿងមិនត្រឹមត្រូវ»។  សម្តីនេះអាចថាជាការចេញមុខការពារគណបក្ស សង្គ្រោះជាតិនិងមានចេតនាទម្លាក់កំហុសទៅអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលនាពេលកន្លងមក។
ឯកឧត្តម អ៊ូ ច័ន្ទឬទ្ធិ បន្តថាជាគោលការណ៍ គណបក្សសង្គ្រោះជាតិ បើកសិទ្ធិសេរីភាពអោយតំណាងរាស្ត្រម្នាក់ៗក៏ដូចជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងការបញ្ចេញមតិ ប៉ុន្តែកុំយល់ច្រឡំ រវាងជំហររបស់គណបក្ស  និងជំហររបស់បុគ្គលម្នាក់ៗ វាខុសពីគ្នា។
ជាមួយគ្នាដែរ ឯកឧត្តម អ៊ូ ច័ន្ទឬទ្ធិ ក៏បានថ្លែងអំណរគុណចំពោះ អង្គការសហប្រជាជាតិដែលបានផ្តល់ផែនទីដើម្បីធ្វើការផ្ទៀងផ្ទាត់ក្នុងរយះពេលខ្លីមួយនេះ។ ឯកឧត្តមយល់ថាវាជារឿងមួយដ៏ល្អដែលកម្ពុជាអាចផ្ទៀងផ្ទាត់ផែនទី ពីប្រភពទាំងអស់ដើម្បីបញ្ជាក់ពីភាពស្របច្បាប់រឺក៏ភាពត្រឹមត្រូវដែលរដ្ឋាភិបាលបច្ចុប្បន្នប្រើផែនទី។
ទោះជាយ៉ាងណា ការបញ្ជាក់ពីសមាជិកសភាគណបក្សសង្រ្គោះជាតិរូបនេះ នៅតែមិនទាន់អាចឲ្យគេជឿបានពីគោលជំហរពិតរបស់គណបក្សមួយនេះទេ ពីព្រោះកន្លងមក គណបក្សសង្រ្គោះជាតិ មិនដែលបានបកស្រាយថា ការចោទប្រកាន់រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយគឺជារឿងបុគ្គលទេ ប៉ុន្តែទើបតែពេលឃើញការផ្ទៀងផ្ទាត់ផែនទី នៅនឹងភ្នែកស្តែងៗទើបមន្ត្រីគណបក្សនេះ លើកឡើងថា វាជារឿងបុគ្គលមិនទាក់ទងនឹងបក្សទៅវិញ។ ការលើកឡើងយករួចខ្លួនបែបនេះ ហាក់បានធ្វើឲ្យមហាជននៅមានមន្ទិលសង្ស័យ និងមិនច្បាស់លាស់ពីគោលនយោបាយ, របៀបរបបដឹកនាំនៃគណបក្សប្រឆាំងមួយនេះ និងហាក់បីដូចជាទាត់ចោលទាំងស្រុងនូវសំដីរបស់សមាជិកគណបក្សខ្លួនកន្លងមក៕


No comments:

Post a Comment