Thursday, August 20, 2015

ផែន​ទីពី​អង្គការ​សហប្រជា​ជាតិក្រោយ​ការផ្ទៀង​ផ្ទាត់​ជា​មួយផែនទី​របស់រាជរដ្ឋា​ភិបាល បង្ហាញយ៉ាង​ច្បាស់ថា​ ពិតជាមានខ្សែ​ព្រំដែន​ដូចគ្នា​បេះបិទ!

 រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់នូវមន្ទឹលស័ង្សយ និងបានបញ្ជាក់យ៉ាងច្បាស់អំពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការប្រើប្រាស់ផែនទីបោនខ្នាត១/១០០.០០០ ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម គឺក្រោយពីការផ្ទៀងផ្ទាត់ជាមួយផែនទីច្បាប់ដើម UTMខ្នាត១/១០០.០០០ ចំនួន១៨ផ្ទាំងរបស់អង្គការសហប្រជាជាតិ ជាលទ្ធផលបានបញ្ជាក់យ៉ាងច្បាស់ថា ផែនទីទាំងពីរប្រភេទនេះ មានខ្សែព្រំដែនដូចគ្នាបេះបិទ គឺក្នុងន័យថា ផែនទីដែលរាជរដ្ឋាភិបាលបាននិងកំពុងប្រើ ជាផែនទីត្រឹមត្រូវ មិនមែនជាផែនទី
ក្លែងក្លាយ ដូចការចោទប្រកាន់របស់គណបក្សប្រឆាំងនោះឡើយ។

តម្លៃដ៏បរិសុទ្ធ ជាភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើការប្រើប្រាស់ផែនទីក្នុងការងារបោះបង្គោលព្រុំដែនជាមួយប្រទេសវៀតណាម ត្រូវបានបង្ហាញជូនសាធារណជន ជាតិ និងអន្តរជាតិ តាមរយៈការធ្វើពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយនានាទាំងគណបក្សក្រៅរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច សមាជិករដ្ឋសភា នៃគណបក្សសម្លេងភាគច្រើន សមាជិករដ្ឋសភាគណបក្សនៃសម្លេងភាគតិច សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា      និងគណបក្សសមរង្ស៊ី តំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តំណាងនៃរាជបណ្ឌិតសភាកម្ពុជា និងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួន ក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង២០០នាក់។

ក្នុងពីធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីពី អ.ស.ប កាលពីព្រឹកមិញនេះ គេបានសង្កេតឃើញលោកស្រី Mereani Keleti Vakasisikakala ប្រធានស្តីទីនៃបណ្ណាល័យអង្គការសហប្រជាជាតិ យូរផែនទីក្នុងវ៉ាលីខ្មៅមួយចងខ្សែ និងបិទជិត មកប្រគល់ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងបានថ្លែងសន្ទរកថាខ្លី ថា លោកស្រីបាននាំយកផែនទីច្បាប់ដើមទាំងនេះមកពី អង្គការសហប្រជាជាតិប្រគល់ជូនកម្ពុជា តាមការស្នើសុំរបស់រាជរដ្ឋាភិបាល ដើម្បីការផ្ទៀតផ្ទាត់។
បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រធានគណៈកម្មការចំពោះកិច្ចសម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី បានឡើងថ្លែងសុន្ទរកថា ជាមួយនឹងការថ្លែងអំណរគុណ ដ៏ស្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះ ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានចាត់តាំងមន្ត្រីពីររូបរបស់ខ្លួន មានលោកស្រី Mereani Keleti Vakasisikakala និងលោក Keiichiro Okimoto នាំយកផែនទីច្បាប់ដើមមកកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា « ខ្ញុំសូមផ្ញើនូវសេចក្តីអរគុណចំពោះ សហប្រជាជាតិ ដែលបានអនុញ្ញាតឱ្យកម្ពុជាខ្ចីផែនទីច្បាប់ដើម UTM ខ្នាត 1 / 100.000 ទាំង ១៨ ផ្ទាំង និងបានបន្ថែមថា កម្ពុជាទទួលស្គាល់ថា អង្គការសហប្រជាជាតិបានខិតខំប្រឹងប្រែងស្រាវជ្រាវរក ទាំងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក ទាំងនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ តាមការណែនាំរបស់ ឯកឧត្តម បាន គីមូន រួចហើយ ប៉ុន្តែមិនបានរកឃើញផែនទីដែលបោះពុម្ភដោយវិទ្យាស្ថានភូមិសាស្រ្តឥណ្ឌូចិន ហើយដែលត្រូវបានជឿថា អតីតព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ បានយកទៅតំកល់នៅអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ១៩៦៤  ប៉ុន្តែបានរកឃើញផែនទី UTM ខ្នាត 1 / 100.000 នៅក្នុងបណ្ណាល័យ ឌែក ហាម៉ាស្កស្កូល (Dag Mammarskjöld Library) នៅអង្គការសហប្រជាជាតិ។ 

ក៏ប៉ុន្តែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ទោះជាផែនទី UTM ទាំង ១៨ ផ្ទាំង ដែលនឹងត្រូវប្រគល់នៅពេលនេះ មិនមែនជាផែនទីដែលស្នើដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងលិខិតចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៥ ផ្ញើជូនឯកឧត្តម បាន គីមូន ដើម្បីស្នើខ្ចីផែនទី Bonne ខ្នាត 1/100.000 បោះពុម្ភដោយវិទ្យាស្ថានភូមិសាស្រ្តឥណ្ឌូចិន ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់បានដឹងគ្រប់ៗគ្នាថា ត្រូវបានយកទៅតំកល់នៅអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ ១៩៦៤ ដោយអតីតព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្តី ក៏ប៉ុន្តែឯកឧត្តម បានបន្តថា ផែនទី UTM ខ្នាត 1 / 100.000 ទាំង ១៨ ផ្ទាំងនេះ ដែលត្រូវបានតំកល់ទុកដោយរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៦៤ នឹងអនុញ្ញាតិអោយយើងផ្ទៀងផ្ទាត់ជាមួយផែនទី Bonne ខ្នាត 1 / 100.000 ទាំង ១៨ ផ្ទាំង ក្នុងចំណោមផែនទី Bonne ខ្នាត 1/100.000 ចំនួន ២៦ ផ្ទាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្រើនទសវត្សរ៍មកហើយ  ហើយដែលកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម សព្វថ្ងៃ។

 ផែនទីចំនួនទាំងអស់១៨ផ្ទាំងពីអង្គការសហប្រជាជាតិ ត្រូវបានធ្វើការផ្ទៀងផ្ទាត់ ជាមួយផែនទីបោនខ្នាត ១/១០០.០០០ ម្តង១ផ្ទាំងម្តង១ផ្ទាំង ដោយមានធ្វើ កាល់គៀ តាមបែបបុរាណ និងសម័យបច្ចេកវិទ្យា  គូសផ្តានចម្លងចេញជាគំនូសខ្សែព្រំដែនពីផែនទីដែលរាជរដ្ឋាភិបាលប្រើប្រាស់ បញ្ចាំងបង្ហាញជូនអ្នកចូលរួម ដោយដាក់ផែនទីរបស់អង្គការសហប្រជាជាតិពីលើ គឺខ្សែព្រំដែន បានបង្ហាញយ៉ាងច្បាស់ថា ផែនទីទាំងពីរប្រភេទនេះ គឺមានខ្សែព្រំដែនមានដូចគ្នាបេះបិទ ។
 
 ដូចអ្វីដែលរាជរដ្ឋាភិបាលជឿជាក់អំពីការប្រើប្រាស់ផែនទីត្រឹមត្រូវ ពិតប្រាកដរបស់ខ្លួនសម្រាប់ការងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម បន្ទាប់ពីផ្ទៀងផ្ទាត់ផែនទីរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានធ្វើសេចក្តីសន្និដ្ឋានថា ផែនទីទាំងពីរប្រភេទដែលកកម្ពុជាយើងយកមកបង្ហាញជូននេះជាផែនទីដែលត្រឹមត្រូវ មិនមែនផែនទីក្លែងក្លាយនោះទេ បើទោះជាផ្ទៀងផ្ទាត់ផែនទីបោន ជាមួយផែនទីUTM គឺដូចគ្នា ។ ដូច្នេះ ខ្សែព្រំដែនដែលយើងយកមកប្រើក្នុងការធ្វើព្រំដែនជាមួយប្រទេសវៀតណាម ជាខ្សែព្រំដែនត្រឹមត្រូវ អត់មានក្លែងក្លាយ អត់មានខុសពីច្បាប់ដើមទេ ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក៏បានធ្វើការអំពាវនាវផងដែរថា « អំពីបញ្ហាព្រំដែន បញ្ហាខ្សែព្រំដែន ចាប់ពីពេលនេះទៅ សូមបញ្ចប់ទៅ កុំឲ្យកិច្ចការហ្នឹង (សំដៅលើការបង្កបញ្ហារាំងស្ទះ ការចោទប្រកាន់របស់ក្រុមប្រឆាំង) ធ្វើឲ្យផ្អាកការងារបោះបង្គោលព្រំដែនខ័ណ្ឌសីមារវាងប្រទេសយើងទាំងពីរ គឺថា ប្រទេសប្រសិនបើគ្មានព្រំដែន គ្មានបង្គោលព្រំដែនទេ គឺ ប្រទេសជាតិនឹងនៅតែមានបញ្ហាទៅថ្ងៃក្រោយ»៕




No comments:

Post a Comment