Monday, December 15, 2014

ទស្សនៈវិភាគ ដោយៈ លី គាំ៖ អ្នកវិភាគ វី. អូ. ឌី.​ កំពុងយល់«ស»ថា ជា «ខ្មៅ»


          បទអត្ថាធិប្បាយរបស់គេហរទំព័រ​​​ វី. អូ. ឌី (VOD) ផ្សាយ  កាលពីថ្ងៃទី១០ខែធ្នូ  ឆ្នាំ២០១៤
មានចំណងជើងថា៖ «លោក ហ៊ុន សែន កាន់អំណាចបាន៣០ឆ្នាំ​​ហើយ» ​​ដែលមានលំនាំ​​ស្រដៀង​​​​គ្នា និងគេហទំព័រនៃក្រុមប្រឆាំងមុនៗដែរ​ ដែលយើងសូមធ្វើការបកស្រាយ​​​​ដូច​ខាង​ក្រោម។
          ពួកគេនិយាយថា លោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកកាំងដ៏ល្បីឈ្មោះ បានចាត់
ចំណាត់ថ្នាក់ ថាជាមេដឹកនាំកាន់អំណាចយូរ« ក្នុង​​​ចំណោម​​មេដឹកនាំ​​ទាំង២៣រូប ទៀតដែល​មិន​ព្រម​ចុះចេញពីតំណែង ទោះបីជាមានបាតុកម្មទាមទារឲ្យលាលែង ឬចាញ់ឆ្នោត​ក៏ដោយ» ។
ពាក្យចាស់បុរាណបានពោលថា «យល់គុណថា ជាទោស យល់បុណ្យថា ជាបាប យល់​ល្អ​ថាជាអាក្រក់ យល់លាមកថាជាផ្កា»។ទស្សនៈរបស់ក្រុមដែលមាននិន្នាការជាអ្នកប្រឆាំងនោះ  ជានិច្ចកាល តែងតែធ្វើការវិភាគល្ងីល្ងើគ្មានអាជីពបែបនេះ ដូចពាក្យចាស់​​បុរាណ​ពោល​តែ​ប៉ុណ្ណោះ ​​។ ​យើងសូមពន្យល់ ខ្លីៗតែ៥ចំណុចដូចខាងក្រោម៖
          ១.      ធ្វើបាតុកម្មទាមទារឲ្យលោក ហ៊ុន សែន លាលែង៖ គឺជាចលនាបែបអានា​ធិប​តេយ្យ ព្រៃផ្សៃ ប្រើ​អំពើ​ហិង្សា ដឹកនាំធ្វើបាតុកម្មទម្លាក់អ្នក​ដឹកនាំដែលជាប់ឆ្នោត​ដោយការបោះ​ឆ្នោត​តាម​លិទ្ធិ​ប្រជា​ធិបតេយ្យ​។ តើមានច្បាប់ឯណា​អនុញ្ញាតឲ្យប្រជាពលរដ្ឋសំលេង​ភាគតិច​អាច​​ធ្វើបាតុកម្ម ឬ​កូដកម្ម ឬកុបកម្ម ទម្លាក់រដ្ឋាភិបាល​ និងអ្នកដឹកនាំដែលជាប់ឆ្នោតដោយមាន​ការគាំទ្រ​ពី​សម្លេង​ប្រ​ជាពលរដ្ឋភាគច្រើននោះ ?
          ២.      គណបក្សប្រជាជនកម្ពុជា​           នៅរាល់សម័យប្រ​ជុំពេញអង្គ​នៃគណៈកម្មាធិការ​
កណ្តា​ល​​​របស់ខ្លួន តែងតែបាន​បោះឆ្នោតប្រគល់សេចក្តីទុកចិត្ត ជួន លោក ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្រ្តី គឺដោយសារតែគណបក្សនេះ មានជំនឿទុកចិត្ត លើបុគ្គលលក្ខណៈ បញ្ញាវាងវៃ ​អាចជាអគ្គមគ្គុទេសក៏  ដ៏ឧត្តុង្គឧត្តម អាចដឹកនាំប្រទេសមួយដែលទើបងើបពីសង្រ្គាមរ៉ាំរ៉ៃ រាប់​ទស​វត្ស​មកហើយនោះ ។
៣.      ដោយសារ​​ប្រជាប្រិយភាព​​ ការប្តេជ្ញាចិត្ត យ៉ាងមោះមុតឥតរុញរា របស់ លោក ហ៊ុន សែន ដើម្បីដឹកនាំ នាវាកម្ពុជាឲ្យឆ្លងផុត​​​ពីគ្រោះថ្នាក់ស្លាប់រស់​​យ៉ាងលំបាក​​លំបិនជាទីបំផុត រហូត​មានភាពរុងរឿង នាពេលបច្ចុប្បន្ននេះ ក្នុងនោះរួមមាន​​​ការបញ្ចប់នូវសង្រ្គាមរ៉ាំរ៉ៃ ការ​ធ្វើ​សន្តិភាព​វូបនីយកម្ម ការបង្រួបបង្រួមជាតិ លើកកម្ពស់​ សុខដុមរមនីយភាពប្រជាពលរដ្ឋ​ ម៉ាក្រូ​សេដ្ឋកិច្ច ក្នុងប្រទេសក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ បានគួរជាទីមោទនៈ ដែល​មាន​ប្រទេស​ជា​ច្រើនលើកយកជាគំរូ។
៤.      ​បានពង្រឹងលិទ្ធិប្រជាធិបតេយ្យជារៀងរហូត​តាមរយៈ​ការបោះឆ្នោត សកល​ដោយ​សេរី ពហុបក្ស​ដោយបានបើកចំហរឲ្យមាន​​អ្នកសង្កេតការណ៏ក្នុងស្រុកនិងអន្តរជាតិ  ចូល​រួម​ជា​ប្រចាំ។​បានបើក​ចំហរ​ឲ្យ​សង្គមស៊ីវិលទាំងនៅក្នុងស្រុក និងទាំងក្រៅប្រទេស  បង្កើត​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល«NGOs» មានសិទ្ធិរិះគន់តាមអំពើចិត្តផងដែរ ។
៥.      លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន   មិនបានជ្រៀតជ្រែកដាក់សម្ពាធលើអំណាច​តុលាការ​នោះទេ គឺក្នុងស្មារតីការបែងចែក៖ អំណាចនិតិបញ្ញាត្តិ អំណាចនិតិប្រតិបិត្ត និងអំណាច​តុលាការ។លើកលែងក្នុងករណីមួយចំនួន​ដែលពាក់ព័ន្ធនយោបាយបង្រួបបង្រួមជាតិដូចជា​គោរពស្នើសុំព្រះរាជអនុញ្ញត  ពីព្រះមហាក្សត្រឲ្យ លើកលែងទោសដល់លោក សម រង្ស៊ី និង លោក កឹម សុខា ដែលមានទោសដ៏ធ្ងន់ធ្ងរត្រូវជាប់ពន្ធធនាគារជាច្រើនឆ្នាំបាត់បង់​នូវ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឲ្យ​រួចទុក្ខទោស។  
ម្យ៉ាងវិញទៀត គេគួរតែរំលឹក​​ដែរថា កាលពីខែកក្កដាឆ្នាំ១៩៩៧ គណបក្ស​ដៃ​គូរ​ក្នុង​រដ្ឋាភិបាលចំរុះបានដឹកនាំចូលអាវុធ និងសម្ភារៈយោធាដើម្បី​​​រៀបចំ ​​ធ្វើរដ្ឋ​ប្រហារតែត្រូវ​​បរាជ័យ។ លោក ហ៊ុន សែន  មិនបានយក​ទោសពៃរ៍ទៀត​ ហើយថែមទាំង​បាន​គោរពស្នើសុំព្រះករុណា ព្រះមហាក្សត្រ ឲ្យលើកលែងទោសទៀត។
អ្វីដែលយើងបានរៀបរាប់ខាងលើ តើគេយល់ថា លោក ហ៊ុន សែន ​ ជាតួអង្គអ្នក​កាន់​អំណាចផ្តាច់ការ​ ឬក៏ក្រុមប្រឆាំងជាអ្នកបង្កអាណាធិបតេយ្យ និងចលាចលក្នុងសង្គមដែល​អាច​ញ៉ាំង​ដល់អស្ថេរភាព នយោបាយ​ក្នុងប្រទេស។


សកម្មភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយពលករ​ ពលការនី និស្សិត និងពលរដ្ឋកម្ពុជា​ដែលកំពុង​ស្នាក់នៅ​បំពេញ­ការងារ​សិក្សា​ និងរស់នៅ​ ទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ


សុន្ទរក​ថា​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ថ្លែង​​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​

ខេត្តកោះកុង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤

-   ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន​គណៈកម្មការ​អន្តរក្រសួង​រៀបចំពិធីបុណ្យសមុទ្រ
-   ឯកឧត្តម Chung Eui-yong សហប្រធាន និងជាអគ្គលេខាធិការ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP)
-   ឯកឧត្តម ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្តកោះកុង
-   ឯកឧត្តម Narong Thira Narongkoun  អភិបាលខេត្តត្រាត
-   ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
-   ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ​ និង​អន្តរជាតិ​ទាំងអស់​​​ជាទីមេត្រី!

នារាត្រីដ៏ត្រកាលនេះ ខ្ញុំនិងភរិយា​ មានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ​និង​អន្តរជាតិទាំងអស់ ក្នុង​ពិធី​បើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៣ នៅលើទឹកដី​នៃខេត្តកោះកុង​ដ៏ស្រស់​បំព្រង​នេះ​។

ក្នុងឱកាសដ៏សែនរីករាយ ​​នេះ ខ្ញុំសូមស្វាគមន៍ដល់​ភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ​ទាំងអស់ដែលអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នេះផ្ទាល់ ក៏ដូចជា​មក​ទស្សនា​ខេត្ត​កោះ​កុង​ ផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកោះកុង និងគណៈកម្មការ​អន្តរក្រសួង ​​ដែល​បាន​​សហការគ្នាយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនេះឡើង ដែលរួមមាន​កម្មវិធី​ចម្រុះដ៏សម្បូរបែប។ ខ្ញុំ​ក៏សូម​អបអរ​សាទរ​ផងដែរចំពោះការចូលរួម និង​ការគាំទ្រ​យ៉ាងសកម្មរបស់វិស័យឯកជន ដែលញ៉ាំងឱ្យ​ព្រឹត្តិការណ៍នេះកាន់តែមានភាព​អធិក​​អធម​ថែម​ទៀត។ ខ្ញុំសូមសម្ដែងនូវ​ការស្វាគមន៍​យ៉ាងកក់ក្ដៅ និងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះអាជ្ញាធរខេត្តត្រាតនៃរាជាណាចក្រថៃ ចំពោះការចូលរួមសហការ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍នេះ ដែលជាការសបញ្ជាក់ឱ្យឃើញ​កាន់តែ​ច្បាស់អំពី​កិច្ចសហ​ប្រតិបត្តិការ​​ល្អ និងជិតស្និទ្ធ​រវាងរាជរដ្ឋាភិបាល និងប្រជាជន​នៃ​ប្រទេស​​​ទាំងពីរ កម្ពុជា-ថៃ។

ប្រធានបទសម្រាប់បុណ្យសមុទ្រឆ្នាំនេះ «អេកូទេសចរណ៍តំបន់ឆ្នេរ ៖ ការអភិវឌ្ឍ​បៃតង» គឺពិតជាសក្ដិសមបំផុត ពីព្រោះថា​ខេត្តកោះកុង​គឺជាខេត្តមួយក្នុងចំណោមបណ្តា​ខេត្ត​ ដ៏ស្រស់ត្រកាលនៅតាមឆ្នេរសមុទ្រ​កម្ពុជា ដែលជាសមាជិក​នៃក្លឹប «ឆ្នេរសមុទ្រ​ស្អាត​បំផុត​​របស់​ពិភពលោក» និងសម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់ស្អាត។ ដូច្នេះ ខេត្តកោះកុងពោរពេញទៅ​ដោយសក្ដានុពល​ទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ ដែលអាចទាញយកប្រយោជន៍សមស្រប សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៅក្នុង​តំបន់​នេះ ក៏ដូចជាក្នុងប្រទេសទាំងមូលផងដែរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
វិស័យទេសចរណ៍ គឺជាឧស្សាហកម្មមួយថ្មីថ្មោងនៅឡើយសម្រាប់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៣ ចំនួន​ភ្ញៀវ​ទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជា មានត្រឹមតែ ប្រមាណ ១១៨​ពាន់​នាក់​ប៉ុណ្ណោះ ប៉ុន្តែចំនួននេះបានកើនឡើងរហូតដល់ ៤,២លាននាក់ ក្នុងរយៈពេល២ទសវត្សរ៍ក្រោយមក (២០១៣) ហើយត្រូវបានប៉ាន់ស្មានថា​នឹងកើនឡើង​រហូតដល់ប្រមាណ​៧,៥លាននាក់​ ត្រឹមឆ្នាំ២០២០។ កំណើនយ៉ាង​ឆាប់រហ័សបែបនេះ​អាច​សម្រេចឡើងបាន​​ដោយសារកត្តាអំណោយផលជាច្រើន ក្នុងនោះរួមមានសន្តិភាព ស្ថិរភាព​នយោបាយ និងសន្ដិសុខនៅពេញផ្ទៃប្រទេស ដែលពុំធ្លាប់មាននៅក្នុងរយៈពេល ៥០០ឆ្នាំ​ចុងក្រោយនៃ​ប្រវត្តិសាស្ត្រកម្ពុជា អាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​ផ្តួចផ្តើមឡើង​នូវ​​គោលនយោបាយ«ឈ្នះ-ឈ្នះ» និង គោលនយោបាយ​«បើកចំហរ​​ជើងមេឃ» ព្រមទាំងគោលនយោបាយផ្សេងៗទៀតជាច្រើន ដែលរាជរដ្ឋាភិបាល​បាននិង​កំពុង​អនុវត្ត​យ៉ាងសកម្ម ដើម្បីជំរុញ​ការអភិវឌ្ឍវិស័យទេសចរណ៍។ សុខសន្ដិភាព និងស្ថិរភាព​នយោបាយ​ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់​ការអភិវឌ្ឍលើគ្រប់វិស័យ ជា​ពិសេស​​សម្រាប់​វិស័យទេសចរណ៍ ព្រោះថាភ្ញៀវទេសចរនឹងមិនហានធ្វើដំណើរកំសាន្ត​ឡើយ ប្រសិន​បើ​គ្មានការធានាសន្តិសុខនិងសុវត្ថិភាពឱ្យបានល្អសម្រាប់ពួកគេនោះទេ។ ដោយ​សារកត្តាអំណោយផល​ទាំងនេះនិងធនធាន​​ទេសចរណ៍ដ៏សម្បូរបែប​​នៅកម្ពុជា នៅក្នុង​រយៈពេលដ៏ខ្លីមួយ ឧស្សាហកម្មក្មេងខ្ចីនេះ​បានក្លាយ​ជា​ក្បាលម៉ាស៊ីនដ៏សំខាន់​មួយ​នៅក្នុង​ កំណើនសេដ្ឋកិច្ចកម្ពុជា រហូតត្រូវបានប្រសិទ្ធនាមថា​ជា ​«មាសបៃតង» ថែមទៀតផង។ ជាក់ស្ដែង ​ជាមួយនឹង​ភ្ញៀវ​ទេសចរ​​​បរទេស​ចំនួន​​៤,២លាននាក់ដែលបាន​ចូល​មក​ទស្សនា​ កម្ពុជានៅឆ្នាំ២០១៣ ប្រាក់ចំណូល​ជាង២ពាន់លាន​ដុល្លារបានហូរចូលទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​​ជាតិ ដោយបានរួមចំណែក​ប្រមាណ​ជា១៦% នៃផលិតផល​ក្នុងស្រុក​សរុប(GDP) ហើយ​បាន​​បង្កើត​​ការងារ​ជូនប្រជាជន​ដោយ​ផ្ទាល់​ជាង ៥០០ពាន់ និង​ដោយប្រយោល​ រាប់សិបពាន់​​ផ្សេងទៀត។

ជាការពិត យើងត្រូវទទួលស្គាល់ថា កំណើនភ្ញៀវទេសចរនៅ​កម្ពុជា​ ភាគច្រើន​គឺ​ប្រមូល​ផ្ដុំ​នៅតំបន់សៀមរាប-អង្គរ ដែលជាគោលដៅចម្បងសម្រាប់​​ទេសចរ​​ណ៍វប្បធម៌និង​បេតិកភណ្ឌ ដោយសារតែតំបន់នោះមាន​រមណីយដ្ឋានអង្គរ ជា​បេតិក​ភណ្ឌ​​ពិភពលោក​ដ៏ល្បីល្បាញ​ និងជាមជ្ឈមណ្ឌលនៃវប្បធម៌និងអរិយធម៌ដ៏រុងរឿង​នៃ​ចក្រភព​​ខ្មែរ​។ លើសពីនេះ យើងនៅមានរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ ដែលជារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រប្រកបដោយតម្លៃលេចធ្លោជាសកលមួយទៀតរបស់កម្ពុជា និងជាសម្បត្តិបេតិក​ភណ្ឌពិភពលោកផង ហើយថ្មីៗនេះ សម័យប្រជុំលើកដំបូងរបស់គណៈកម្មាធិការសម្របសម្រួល​ អន្តរជាតិសម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ ទើបត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ដោយមាន​​ប្រទេសជា​មហាមិត្ត​របស់យើង គឺ​ ចិន និង​ឥណ្ឌា​ ជាសហប្រធាន។​ នេះ​គឺជាសមិទ្ធិផល​ធំធេង​បន្ថែម​មួយ​ទៀត​សម្រាប់វិស័យ​បេតិកភណ្ឌរបស់កម្ពុជា ដែលនឹងជួយ​ដល់ការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋាននេះ ដោយឈរលើស្មារតីសន្តិភាព សហប្រតិបត្តិការ និងសាមគ្គីជាអន្តរជាតិ។ យើងមានជំនឿថា រមណីយដ្ឋានប្រាសាទព្រះវិហារ នឹងមិនគ្រាន់តែជាគោលដៅថ្មីសម្រាប់ទេសចរបេតិកភណ្ឌវប្បធម៌ ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ចម្រុះដ៏វិសេសវិសាលរបស់កម្ពុជាផងដែរ​ គឺបេតិក​ភណ្ឌ​វប្បធម៌ផង និងអេកូទេសចរណ៍ផង ដោយសារតែតំបន់នេះសម្បូរធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃជាច្រើនប្រភេទ ជាពិសេស សត្វត្មាតនិងត្រយ៉ងយក្ស ដែលជាសត្វដ៏កម្រនិងមាន​សម្រស់ដ៏គួរឱ្យគយគន់។

ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់​ផ្អើល​នោះទេ នៅពេលដែលនិយាយអំពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គេតែងតែសំដៅដល់​ទេសចរណ៍វប្បធម៌និងបេតិកភណ្ឌ ក៏ប៉ុន្តែកម្ពុជា​នៅមានគោលដៅ​ប្រកប​ដោយ​ភាពទាក់ទាញយ៉ាងវិសេសវិសាលជាច្រើនទៀត ​ សម្រាប់​សកម្មភាព​ទេសចរណ៍​ក្នុង​ទម្រង់​ផ្សេងៗ ជាពិសេសអេកូទេសចរណ៍។ កម្ពុជា​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​​ស្រស់បំព្រងជាច្រើន ដូចជាឆ្នេរសមុទ្រលំដាប់ពិភពលោក កោះ ទន្លេ បឹងបួរ ព្រៃឈើ​ និងសត្វព្រៃ ជាពិសេស​សត្វផ្សោតទន្លេមេគង្គ​ដ៏កម្រ។ ធនធានទេសចរណ៍ទាំង​នេះ អាច​ទាញយកផលដោយសមស្រប ដើម្បីធ្វើពិពិធកម្ម​ផលិត​ផល​​ទេសចរ​របស់យើង ដូចជា​តាមរយៈ​ការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ជាដើម។ បន្ថែម​លើព្រឹត្តិការណ៍ប្រពៃណី ដូចជាពិធីបុណ្យអុំទូកនិងពិធីបុណ្យ​តាម​រដូវកាលផ្សេងៗទៀត យើងបានរៀបចំនូវ​ព្រឹត្តិ​ការណ៍​​​​ធំៗ​ដទៃទៀត​ជាច្រើនដែលបាន​ រួមចំណែកដល់ការបង្កើន​ការទាក់ទាញ និង​ជំរុញ​សកម្មភាព​​ទេសចរណ៍ ដូចជា​ព្រឹត្តិការណ៍អង្គរសង្ក្រាន ដែលត្រូវបាន​រៀបចំ​ឡើងចំនួនពីរលើក​រួចមក​ហើយ​នៅលើទឹកដី​ខេត្ត​សៀមរាប ក្រោម​គំនិតផ្ដួចផ្ដើម​របស់​សហ​ភាព​​សហព័ន្ធយុវជន​កម្ពុជា​។ ព្រឹត្តិការណ៍​អង្គរសង្ក្រាន​ត្រូវបានពិចារណា​សម្រាប់​យក​​ទៅរៀបចំនៅខេត្ត​ ដទៃ​ទៀត នាពេល​ខាងមុខ។ ​ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្ត​កិច្ចខិតខំ​ប្រឹង​ប្រែង​​​រៀងៗខ្លួន ដើម្បីធ្វើពិពិធកម្ម​ផលិតផល​ទេសចរ​ណ៍បន្ថែមទៀត តាមរយៈ​ការរៀបចំ​ឱ្យ​មាន​​​ព្រឹត្តិការណ៍​ទេសចរ​ផ្សេងៗ​ឱ្យបាន​កាន់​តែ​​ ច្រើនថែមទៀត។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
រាជរដ្ឋាភិបាល ​កម្ពុជា បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ​ នៅខេត្តតំបន់ឆ្នេរដោយឆ្លាស់វេនគ្នា ក្នុងគោលបំណង​ចម្បង​ដើម្បីជំរុញ​សកម្មភាព​​​ទេសចរណ៍ និងការអភិវឌ្ឍតំបន់ឆ្នេររបស់កម្ពុជា ដែលជាប៉ូលសេដ្ឋកិច្ច​មួយ​ដ៏សំខាន់។ តំបន់ឆ្នេរសមុទ្រ​កម្ពុជា បានក្លាយទៅជាគោលដៅទេសចរណ៍អន្តរ​ជាតិដ៏សំខាន់ និងទទួល​បាន​ការចាប់​អារម្មណ៍​កាន់តែខ្លាំងឡើងៗពីពិភពលោក ដូចដែលបានស្ដែង​ចេញ​តាម​រយៈ​ការជាប់ជា​សមាជិក​នៃក្លឹប«ឆ្នេរសមុទ្រស្អាតបំផុតរបស់ពិភពលោក»​ នាពេល ​កន្លង​​​​មក។ ទេសចរណ៍​មិន​មែនជាឧស្សាហកម្មដាច់ដោយឡែកពីគេនោះទេ ប៉ុន្តែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​​​នឹង​វិស័យផ្សេងៗទៀត ហេតុនេះការអភិវឌ្ឍ​ទេសចរណ៍​​អាចជំរុញ​ការ​លូត​​​លាស់​នៃ​សកម្មភាព​សេដ្ឋ​ កិច្ច​ដទៃទៀតជាច្រើន ដែលប្រការនេះនឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមជាតិទាំងមូល។ ខ្ញុំមានជំនឿយ៉ាង​មុតមាំថា ការរៀចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​តាម​បណ្ដាខេត្តជាប់ឆ្នេរសមុទ្រ ពិតជាអាចជួយផ្សព្វផ្សាយអំពី​សក្ដានុពល​ទេសចរណ៍​នៃ​តំបន់​ឆ្នេរសមុទ្រកម្ពុជា និងជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នានានៅក្នុង​ខេត្តទាំងនោះ​ផង​ដែរ។ ព្រឹត្តិការណ៍នេះ​ ក៏អាចទាក់ទាញចំណាប់អារម្មណ៍ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ វិស័យឯកជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យយកចិត្តទុកដាក់​កាន់តែខ្ពស់​ថែមទៀតដើម្បី​ថែរក្សាអភិរក្សធនធាន​ធម្មជាតិ ​និងវប្បធម៌នៅតាមតំបន់ឆ្នេរ​កម្ពុជា​​ផងដែរ។ ព្រឹត្តិការណ៍​បុណ្យសមុទ្រក៏អាចរួមចំណែក​យ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាព ការកែ​លម្អ​​​គុណភាព​សេវាកម្មក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និងការលើកកម្ពស់​ការយល់ដឹង​ជា​សាធា​រ​ណៈ ដើម្បី​ថែ​រក្សា​តំបន់ឆ្នេរ និងទីក្រុងតាមតំបន់ឆ្នេរឱ្យបានស្អាតជានិច្ច ស្រប​តាម​​ចលនា​ប្រឡង​ប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។ ក្នុងគោលបំណងស្រដៀងគ្នានេះដែរ ព្រឹត្តិការណ៍បុណ្យទន្លេក៏នឹងត្រូវរៀបចំឡើងនៅតាមបណ្តាខេត្តជាប់ដងទន្លេ ហើយ​ពិធីបុណ្យទន្លេដំបូងនឹងត្រូវប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តក្រចេះ សម្បូរទៅដោយ​ធនធាន​ធម្មជាតិ​ ទេសភាព​ស្រស់ត្រកាល​ និងជាពិសេស​ ​សត្វផ្សោត​ទន្លេមេគង្គ​ដ៏កម្រ​។

មុន ​នឹងបញ្ចប់ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះក្រសួងទេសចរណ៍ ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ដែលបានសហការរៀបចំព្រឹត្តិការណ៍​បុណ្យសមុទ្រនេះឡើង ព្រមទាំងកំពុងខិតខំធ្វើការផ្សព្វផ្សាយនិងបង្កើត​ ព្រឹត្តិការណ៍ផ្សេងៗយ៉ាងសកម្ម ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ និងវិនិយោគិនល្អៗ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏​សូមអបអរសាទរ​ចំពោះ​សហគ្រាស​​​និង​​បុគ្គលគំរូ ដែល​មានស្នាដៃឆ្នើមផ្នែកបរិស្ថាន សង្គម និង​ការថែរក្សា​ធនធាន​​ធម្មជាតិ តាមរយៈ​ការធ្វើធុរកិច្ចរបស់ខ្លួននៅតំបន់ឆ្នេរ។

ខ្ញុំសូម ​អំពាវនាវ​ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំង​ម្ចាស់គម្រោង​អភិវឌ្ឍន៍នៅតំបន់ឆ្នេរទាំងអស់ ជាពិសេសគម្រោង​ផ្នែកសេវាកម្មទេសចរណ៍ ត្រូវយកចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការអនុវត្តតាម​គោលការណ៍​និរន្តរភាព និងការអភិវឌ្ឍ​បៃតង​ ស្របតាម​ទស្សនទាន​ «បៃតង និងស្អាត (Clean and Green)»។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០១៤នេះ ប្រព្រឹត្តទៅ​ប្រកប​​ដោយជោគជ័យយ៉ាងត្រចះត្រចង់។ ខ្ញុំក៏សូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គល​ក្នុង​ក្រុមគ្រួសារ និងសូមឱ្យការស្នាក់នៅរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅលើទឹកដីខេត្តកោះកុង ប្រកបដោយភាពសប្បាយរីករាយ។

ខ្ញុំសូមប្រកាសបើកព្រឹត្តិការណ៍​បុណ្យ​សមុទ្រលើកទី៣ ឆ្នាំ២០១៤ នៅខេត្តកោះកុង ចាប់ពី​ពេលនេះ​តទៅ។
សូមអរគុណ!

សកម្មភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញទស្សនា​មជ្ឈមណ្ឌល​ចលនា​ភូមិថ្មី សេម៉ាអ៊ីល​អ៊ុនដុង ទីក្រុង​សេអ៊ូល សាធារណរដ្ឋកូរ៉េ