Thursday, December 08, 2016

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាតភ្ជាប់បណ្តាញតង់ស្យុងខ្ពស់រវាងក្រុមហ៊ុន មីនេបៀ ជាមួយអគ្គិសនីកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីជាមួយក្រុមហ៊ុន Minebea ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោក កែវ រតនៈ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀ។
ក្រុមហ៊ុន Minebea ជាក្រុមហ៊ុនមានបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតម៉ូទ័រតូចៗសម្រាប់ប្រព័ន្ធអេឡិចត្រូនិក ដែលបានសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគជាង ១០០លានដុល្លារ។ ដើម្បីចូលរួមចំណែកក្នុងការពង្រីកការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់នេះឮវាក៏បានផ្តល់ការងារជូនយុវជនកម្ពុជាប្រមាណ ២ម៉ឺននាក់ផងដែរ។ អគ្គិសនីកម្ពុជា បានសិក្សារកលទ្ធភាពផ្គត់ផ្គង់ជូនក្រុមហ៊ុន ដើម្បីមានតម្លៃអគ្គិសនីទាបដែលអំណោយផលដល់ការប្រកួតប្រជែងក្នុងតំបន់។
ជាលទ្ធផលការប្រជុំច្រើនដងរវាងមួយក្រុមហ៊ុន Minebea និង អគ្គិសនីកម្ពុជា រហូតឈានដល់ចុះកិច្ចព្រមព្រៀងនាពេលនេះ ហើយគម្រោងនេះ គ្រោងភ្ជាប់ថាមពលនៅខែធ្នូ ឆ្នាំ២០១៧ (ត្រូវការពេល១ឆ្នាំដើម្បីសាងសង់) ដោយក្រុមហ៊ុន Minebea ត្រូវវិនិយោគសាងសង់អនុស្ថានីយ៍តង់ស្យុងខ្ពស់មួយកន្លែង និងអគ្គិសនីកម្ពុជា ត្រូវការពេលវេលាដើម្បីសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល ប្រហែល ២.៥គីឡូម៉ែត្រ៕



ក្រសួង​បរិស្ថាន​បើកកិច្ច​ប្រជុំស្តីពី​បច្ចុប្បន្ន​ភាពនៃប្រព័ន្ធវាយ​តម្លៃហេតុ​ប៉ះពាល់បរិ​ស្ថានលើ​​គម្រោង​អភិវឌ្ឍ

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាព នៃប្រព័ន្ធវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងអភិវឌ្ឍ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីត្រួតពិនិត្យការងារសម្របសម្រួលរបស់អង្គភាពជំនាញ សមត្ថភាពជំនាញរបស់ក្រុមហ៊ុនទីប្រឹក្សា បែបបទនីតិវិធីនៃការពិនិត្យផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងដំណើរការការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន តាមរយៈការដាក់ចេញនូវវិធានការណ៍ជាលក្ខណៈយុទ្ធសាស្ត្រ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខ និងការវិវឌ្ឍរបស់សង្គមជាតិ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងបរិស្ថានកំណត់នូវលក្ខណៈវិនិច្ឆ័យសម្រាប់តំបន់គម្រោងអភិវឌ្ឍនានា ទាំងសាធារណៈ និងឯកជន។ លោកក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសម្ចាស់គម្រោងអភិវឌ្ឍ និងក្រុមហ៊ុនទីប្រឹក្សាចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្នុងការជំរុញឱ្យការប្រមូលមូលនិធិបរិស្ថាន និងសង្គមសម្រេចបានជោគជ័យ និងមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីស្តារបរិស្ថានឡើងវិញ ទាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ សំដៅធានាឱ្យបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។
អង្គប្រជុំបានសម្រេចបង្កើតបន្ថែមនូវយន្តការសម្របសម្រួលទាំងការងាររដ្ឋបាល និងបច្ចេកទេស ដើម្បីឱ្យដំណើរការនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយបើកទូលាយឱ្យមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ៕




លោ​ក Trump៖ ការ​សន្និ​​ដ្ឋាន​របស់​​​ទី​ភ្នាក់​​ងារ​ស៊ើប​​ការណ៍​​​​សម្ងាត់​អា​មេ​រិក ដែល​​​ថារុស្ស៊ី​​បាន​​​ចូល​លួច​​​​​យក​ទិន្ន​ន័​យ​​របស់​គណៈ​កម្មា​ធិ​​ការ​​ DNC​ គឺ​ជា​​ចេត​​នា​​នយោ​​បាយ

ប្រធានាធិបតីជាប់ឆ្នោត Donald Trump ជឿថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក គឺមានចេតនានយោបាយ និងមិនមានភស្តុតាងរឹងមាំ នៅពេលដែលពួកគេបានកំណត់កាលពីដើមឆ្នាំនេះថា អ្នកចូលលួចយកទិន្នន័យដែលគាំទ្រដោយរដ្ឋរុស្ស៊ី គឺស្ថិតនៅពីក្រោយការចូលលួច និងការបញ្ចេញអ៊ីម៉ែលផ្ទៃក្នុងពីយុទ្ធនាការរបស់លោកស្រី Clinton និង គណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC)។
លោក Trump បានប្រាប់ទស្សនាវដ្តី Time នៅក្នុងកិច្ចសម្ភាសន៍ «មនុស្សដែលជាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំ» របស់គាត់ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធថា «ខ្ញុំមិនជឿលើរឿងនេះទេ។ ខ្ញុំមិនជឿថា រុស្ស៊ីបានជ្រៀតជ្រែកនោះទេ»។
គាត់បានបន្តថា «រឿងនេះបានក្លាយជាចំណុចមួយដែលគួរអស់សំណើច មិនមែនជាចំណុចដែលត្រូវលើកយកមកពិភាក្សានោះទេ។ ពេលណាក៏ដោយ ឱ្យតែខ្ញុំធ្វើអ្វីមួយ ពួកគេនិយាយថា អូ, រុស្ស៊ីបានជ្រៀតជ្រែកហើយ»។
នៅពេលដែលអ្នកយកព័ត៌មានទស្សនាវដ្តី Time បានសួរលោក Trump ប្រសិនបើការសន្និដ្ឋាននេះ ត្រូវបានសម្រេចដោយមន្រ្តីជំនាញស៊ើបការណ៍សម្ងាត់អាមេរិកដែលបានវិភាគថា ការចូលលួចយកទិន្នន័យ គឺជាចេតនានយោបាយ លោក Trump បានឆ្លើយថា «ខ្ញុំគិតថាអញ្ចឹងដែរ»។
ការលើកឡើងនេះ ទទួលបានការចាប់អារម្មណ៍តិចតួច ចាប់តាំងពីកិច្ចសម្ភាសន៍ត្រូវបានគេបោះពុម្ភផ្សាយ។ ប៉ុន្តែវាកំពុងតែធ្វើឱ្យភ្ញាក់ផ្អើលដែលឮថា ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានចោទប្រកាន់សហគមន៍ស៊ើបការណ៍សម្ងាត់របស់ជាតិថា មានការរួមគំនិតគ្នាកុហកដល់ប្រទេសនេះ ក្នុងគោលបំណងដើម្បីជួយជ្រោមជ្រែងបេក្ខជននយោបាយម្នាក់ឱ្យខ្លាំងជាងម្នាក់ទៀត។
ការលើកឡើងរបស់លោក Trump ទំនងជាធ្វើឱ្យគាត់ប្រាកចាកបន្ថែមទៀត ក៏ដូចជារដ្ឋបាលរបស់គាត់ពីមន្រ្តីស៊ើបការណ៍សម្ងាត់ ដែលបម្រើនៅខ្សែត្រៀមជួរមុខរបស់យោធាដ៏រស៊ើបបំផុត និងការខំប្រឹងខ្នះខ្នែងផ្នែកការទូតរបស់អាមេរិក។
លោក Trump បានលើកឡើងនូវក្តីព្រួយបារម្ភជាមួយនឹងមន្រ្តីស៊ើបការណ៍សម្ងាត់ចំពោះការសម្រេចចិត្តរបស់គាត់ ដើម្បីបោះបង់ចោលដ៏ច្រើនបំផុតនៃព័ត៌មានពិស្តារផ្នែកស៊ើបការណ៍សម្ងាត់ប្រចាំថ្ងៃរបស់គាត់ ដែលត្រូវបានគេចាត់ទុកថា ជាកិច្ចប្រជុំប្រចាំថ្ងៃដ៏សំខាន់បំផុតនៅលើប្រតិទិនរបស់ប្រធានាធិបតីអាមេរិក។
លោក Trump មិនសប្បាយចិត្តផងដែរជាមួយនឹងមន្រ្តីចារកម្មអាមេរិក ស្ថានភាពនេះបានកើតមានឡើង នៅពេលដែលគាត់និយាយជាសាធារណៈចំពោះការផ្តល់ព័ត៌មានពិស្តារពីមន្រ្តីចារកម្ម។ និយាយឱ្យចំទៅ លោក Trump បានអះអាងថា គាត់អាចប្រាប់ពីភាសាដោយកាយវិការអំពីមន្រ្តីសន្តិសុខជាតិ បន្ទាប់ពីមានការផ្តល់ព័ត៌មានដ៏សង្ខេបមួយថា ពួកគេ «មិនសប្បាយចិត្ត» ដែលបម្រើប្រធានាធិបតី Barack Obama។
ការលើកឡើងទាំងនោះ បានធ្វើឱ្យអតីតអនុប្រធាន CIA លោក Michael Morell និយាយថា លោក Trump «មិនយល់អ្វីទាំងអស់ពីរបៀបធ្វើការរបស់មន្រ្តីចារកម្ម»៕
ប្រភព: The Huffington Post ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦

លោក កែវ រ៉េមី៖ រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជនពិការ

(ភ្នំពេញ)៖ ក្នុងឱកាសជួបជាមួយបងប្អូនជនពិការជាមន្ត្រីរាជការ នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ  លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាង លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជនពិការ។
នៅក្នុងឱកាសសំណេះសំណាលនោះ លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំដំណើរការកម្មវិធីជួបជុំនេះ ជាពិសេស លោក ក៏សូមថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាព និងសុខទុក្ខរបស់បងប្អូនមន្រ្តីរាជការជាជនពិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។
លោក ក៏បានថ្លែងកោតសរសើរដល់មន្រ្តីរាជការជាជនពិការទាំងអស់ ដែលបាន និងកំពុងខិតខំប្រឹងប្រែងបម្រើការងារដោយយកចិត្តទុកដាក់ ហើយលោក ក៏បានបញ្ជាក់ថា សង្រ្គាម បានបន្សល់ទុកនូវជនពិការ និងការព្រាត់ប្រាស់គ្រួសារ។ លោក កែវ រ៉េមី ក៏បានអំពាវនាវឱ្យ រួមគ្នាជាមួយរដ្ឋាភិបាល ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ ក្រោមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់ប្រមុខរដ្ឋាភិបាល ចៀសវាងការបង្កសង្រ្គាមវិនាសកម្ម លុះត្រាតែសន្តិភាពទេ ទើបអាចធានាបាននូវការការពារសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។
លោករដ្ឋលេខាធិការ ក៏បានថ្លែងថា រដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពដូចជាស្វែងរកកន្លែងស្នាក់នៅ ចែកដីធ្លី និងលំនៅដ្ឋានដល់ជនពិការ រួមទាំងមានលិខិតបទដ្ឋាន និងគតិយុត្តិផ្សេងៗដើម្បីសម្រួលដល់ជនពិការផងដែរ។ ពាក់ព័ន្ធនឹងពិការភាពនេះផងដែរ លោក បានថ្លែងថា រដ្ឋាភិបាល ដាក់ចេញនូវយុទ្ធនាការជាច្រើនដើម្បីកាត់បន្ថយអត្រាពិការភាពនៅកម្ពុជា ដូចជា ចាក់ថ្នាំវ៉ាក់សាំងការពារមាតា និងទារក អប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដែលអាចបង្កឱ្យមានការស្លាប់ និងពិការ ហើយជាពិសេសគឺការពារ និងថែរក្សាសន្តិភាព ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។
នៅក្នុងឱកាសនោះផងដែរ តំណាងមន្រ្តីរាជការដែលជាជនពិការនៃទីស្តីការគណៈរដ្ឋមន្រ្តីទាំង៣៦រូប បានឡើងថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលបានរៀបចំប្រារព្ធពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជាជនពិការ ដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យពិការភាព និងធ្វើការប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ចជូនអង្គភាពឱ្យសម្រេចជោគជ័យ៕





ហេតុអ្វីបាន​ជា​កិច្ច​ប្រជុំ​កំពូល ​អាបេ-ពូទីន ​ទំនង​ជា​នឹង​ខក​ចិត្ត​?

ប្រធានាធិបតី Vladimir Putin នឹងបំពេញទស្សនកិច្ចទៅជប៉ុននៅថ្ងៃទី ១៥ ធ្នូ។ ក្នុងខណៈដែលកាលពីមុនត្រូវគេរំពឹងថា នឹងមកបំពេញទស្សនកិច្ចនៅឆ្នាំ ២០១៤នោះ កិច្ចប្រជុំនោះត្រូវបានពន្យាពេលជាច្រើនដងដោយសារតែវិបត្តិនៅអ៊ុយក្រែន ហើយនាំឲ្យមានការធ្លាក់ចុះទំនាក់ទំនងរុស្ស៊ីនិងជប៉ុន។ មេដឹកនាំរុស្ស៊ីរូបនោះនឹងជួបសមភាគីជប៉ុនរបស់គាត់គឺនាយករដ្ឋមន្ត្រី Shinzo Abe នៅ Nagota ក្នុងតំបន់ Yamaguchi មុនពេលចូលរួមក្នុងវេទិការសេដ្ឋកិច្ចមួយនៅតូក្យូនៅថ្ងៃបន្ទាប់។
ដំណើរទស្សនកិច្ចដោយប្រមុខរដ្ឋរុស្ស៊ីគឺតែងតែជាព្រឹត្តិការណ៍សំខាន់មួយ។ ប៉ុន្តែនៅក្នុងឱកាសនេះ អារម្មណ៍នៃក្តីរំពឹងជុំវិញកិច្ចប្រជុំនោះគឺមានភាពខ្ពស់ណាស់ ដោយសារតែការប្រកាសរបស់នាយករដ្ឋមន្ត្រីជប៉ុនអំពី “អភិក្រមថ្មី” មួយចំពោះទំនាក់ទំនងជាមួយរុស្ស៊ី។ គោលនយោបាយនេះត្រូវបានបង្ហាញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់ទីក្រុង Sochi កាលពីខែឧសភា និងបានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចនៅក្នុងវិស័យសំខាន់ៗ ៨។ គោលបំណងសំខាន់របស់លោក អាបេ គឺដើម្បីបង្ហាញពីតម្លៃនៃទំនាក់ទំនងជាមួយជប៉ុន ហើយនាំឲ្យមានការធ្វើសម្បទានពីរុស្ស៊ីលើជម្លោះទឹកដីរបស់ប្រទេសទាំងពីរ។
ការខ្វែងគំនិតគ្នានោះពាក់ព័ន្ធនឹងប្រជុំកោះដែលគឺស្គាល់ថា ជាប្រជុំកោះ គូរីល ខាងត្បូងជាភាសារុស្ស៊ី (ដែនដីភាគខាងជើងជាភាសាជប៉ុន) ដែលត្រូវបានកាន់កាប់យកដោយសហភាពសូវៀតនៅចុងសង្គ្រាមលោកលើកទីពីរ។ ជម្លោះនេះបានរារាំងដល់ការចុះហត្ថលេខាសន្តិភាពចាប់តាំងពីពេលនោះមក។ ឥឡូវ មានក្តីសង្ឃឹមថា ការចុះហត្ថលេខាសន្តិភាពនេះអាចសម្រេចបានតាមរយៈ “អភិក្រមថ្មី” របស់លោក អាបេ។ មេដឹកនាំជប៉ុនរូបនោះមានការរំពឹងទុកខ្ពស់នៅខែឧសភាដោយបានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមានអារម្មណ៍ថា យើងកំពុងធ្វើដំណើរទៅរកការបំបែកភាពទាល់ច្រកនៅក្នុងការចរចាលើសន្ធិសញ្ញាសន្តិភាពដែលបានជាប់គាំងនោះ”។
ដូច្នេះ តើដំណើរទស្សនកិច្ចនៅខែធ្នូរបស់លោក ពូទីន នឹងក្លាយជាឱកាសមួយក្នុងការឈានដល់កិច្ចព្រមព្រៀងទឹកដីឬ? ឆ្នាំ ២០១៦ បានក្លាយជាឆ្នាំនៃការភ្ញាក់ផ្អើល ដោយមានការបោះឆ្នោតចាកចេញរបស់អង់គ្លេស និងការជាប់ឆ្នោតរបស់ ត្រាំ ដែលបង្ហាញពីភាពទន់ខ្សោយនៃបរិយាកាសនយោបាយ។ ប៉ុន្តែ ខ្ញុំហានព្យាករណ៍នៅទីនេះថា កិច្ចប្រជុំកំពូលនៅ Yamaguchi នឹងមិនមានការបំបែកភាពទាល់ច្រកធំនៅក្នុងទំនាក់ទំនងជប៉ុន-រុស្ស៊ីនោះទេ។
នាយករដ្ឋមន្ត្រី អាបេ ប្រកាន់យកឥរិយាបទចេះបទបែនលើជម្លោះទឹកដីជាងអ្នកកាន់តំណែងមុនៗជាច្រើនរបស់គាត់។ គាត់បានដឹងពីការមិនអាចយកបានកោះទាំង ៤ ទាំងអស់នោះមកវិញនោះទេ ហើយដូច្នេះនឹងមានឆន្ទៈក្នុងការសម្រុះសម្រួល។ ផែនការរបស់ អាបេ ហាក់បីដូចជានឹងសម្រេចបានការយកកោះតូចៗចំនួនពីរ (កោះ Shikotan និងកោះHabomai) រួមបញ្ចូលទាំងការយល់ព្រមបន្តការចរចាអំពីឋានៈនៃកោះធំពីរទៀតគឺកោះ Iturup និងកោះ Kunashir។ ទោះបីជាលោក អាបេ ដឹងថា ការចរចាបន្ទាប់ៗមកមិនទំនងជានឹងនាំឲ្យមានការយកទឹកដីត្រឡប់វិញក៏ដោយ ក៏កិច្ចព្រមព្រៀងនេះនឹងអាចឲ្យគាត់រក្សាថា គាត់មិនបានបោះបង់ការទាមទាររបស់ជប៉ុនចំពោះកោះទាំង ៤ នោះទេ។
ដោយជឿថា សំណើរនេះបង្ហាញពីការធ្វើសម្បទានដ៏ធំពីភាគីជប៉ុននិងជឿថា រុស្ស៊ីត្រូវការជំនួយសេដ្ឋកិច្ចរបស់ជប៉ុននោះ រដ្ឋាភិបាលរបស់លោក អាបេ បានជឿជាក់លើខ្លួនឯងថា កិច្ចព្រមព្រៀងនេះអាចជោគជ័យមួយកម្រិត។ ប៉ុន្តែ តាមជាក់ស្តែង រុស្ស៊ីមិនដែលបង្ហាញឆន្ទៈណាមួយក្នុងការធ្វើហួសពីកិច្ចព្រមព្រៀងមួយក្នុងការផ្ទេរកោះតូចៗទាំងពីរនោះ បន្ទាប់ពីការចុះហត្ថលេខាសន្តិភាពដែលដោះស្រាយជម្លោះនោះទេ។ នេះគឺជាសំណើរដែលត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសរួមសូវៀត-ជប៉ុននៅឆ្នាំ ១៩៥៦។
ពេញមួយឆ្នាំនេះ ថ្នាក់ដឹកនាំរុស្ស៊ីបានបញ្ជាក់ច្បាស់ថា ខ្លួននឹងមិនឈានទៅដល់ការធ្វើសម្បទានបន្ថែមទៀតនោះទេ។ ឧទាហរណ៍ គ្រាន់តែនៅមុនជួបលោក អាបេ នៅទីក្រុង Vladivostok នៅខែកញ្ញា លោក ពូទីន បាននិយាយជាសាធារណៈថា “យើងមិនឈ្លោះគ្នាលើទឹកដី” នោះទេ។ មួយខែក្រោយមក គាត់ក៏បានឆ្លើយតបទៅសំណួរមួយអំពីសន្ធិសញ្ញាសន្តិភាពដោយនិយាយថា “តើនៅពេលកិច្ចព្រមព្រៀងនេះត្រូវបានធ្វើរួច ហើយគេធ្វើវារបៀបណានោះ ខ្ញុំមិនអាចនិយាយបានទេនៅពេលនេះ”។ សញ្ញាមួយទៀតដែលថា ការបំបែកភាពទាល់ច្រកនឹងមិនកើតមាននៅពេលខាងមុខនោះគឺថា គ្មានកិច្ចខិតខំប្រឹងប្រែងណាមួយត្រូវគេធ្វើឡើងនៅក្នុងបណ្តាញផ្សព្វផ្សាយរដ្ឋរុស្ស៊ីដើម្បីត្រៀមទស្សនសាធារណៈសម្រាប់ការធ្វើសម្បទានទឹកដីនោះទេ។
ក៏មានសញ្ញាថា ពូទីន ថែមទាំងមិនមានឆន្ទៈក្នុងការបោះបង់ចោលកោះទាំងពីរនោះទាំងស្រុងទៀតផង។ នៅកិច្ចប្រជុំកំពូលក្រុមប្រទេស ២០ នៅខែកញ្ញា លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា សេចក្តីប្រកាសរួមឆ្នាំ ១៩៥៦ នោះមិន “លើកឡើងលើលក្ខខណ្ឌអ្វីដែលការប្រគល់នេះនឹងប្រព្រឹត្តិឡើងនោះទេ ហើយនរណាមានអធិបតេយ្យនៅពេលក្រោយមកនោះទេ”។ នេះហាក់បីដូចជាលើឡើងថា ក្នុងខណៈដែលលោក អាបេ កំពុងសង្ឃឹម “កោះពីរ បូក – two islands plus” ដែលមានន័យថា ទទួលបានកោះ Shikotan និងកោះ Habomai បូកនឹងការបន្តការចរចាលើកោះ Etorofu និងកោះ Kunashiri នោះ លោក ពូទីន កំពុងគិតអំពី “កោះពីរ ដក – two islands minus” ដែលមានន័យថា ជប៉ុនថែមទាំងមិនអាចគ្រប់គ្រងដោយគ្មានលក្ខខណ្ឌលើកោះ Shikotan និងកោះ Habomai នោះថែមទៀតផង។
នៅទីបំផុត មានសំណួរអំពីសារៈសំខាន់ដែលថា រុស្ស៊ីចង់មានទំនាក់ទំនងជាមួយជប៉ុន។ វិមាន Kremlin ច្បាស់ណាស់ចង់បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងស្វាគមន៍ឱកាសនោះដើម្បីបង្ហាញពីការបែកបាក់នៅក្នុងក្រុមប្រទេស ៧។ ប៉ុន្តែ ថ្នាក់ដឹកនាំរុស្ស៊ីហាក់បីដូចជាមិនចាត់ទុកជប៉ុនថា ជាប្រទេសដែលមានសារៈសំខាន់ដែលនាំឲ្យខ្លួនគួរតែលះបង់ទឹកដឹកដើម្បីធានាឲ្យមានកិច្ចសហប្រតិបត្តិការណ៍កាន់តែជិតស្និទ្ធនោះទេ។ ជាឧទាហរណ៍ នៅក្នុងទស្សនៈគោលនយោបាយថ្មីរបស់រុស្ស៊ី ដែលបានអនុម័តនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ជប៉ុនត្រូវបានរាយឈ្មោះមិនគ្រាន់តែនៅពីក្រោយចិននិងឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅពីក្រោយប្រទេសម៉ុងហ្គូលីទៀតផង។
កិច្ចប្រជុំនោះ Yamaguchi ហាក់បីដូចជាមានការខកចិត្ត។ នេះត្រូវបានទទួលស្គាល់នៅក្នុងពាក្យសម្តីស្ងប់ស្ងាត់របស់លោក អាបេ បន្ទាប់ពីជួបជាមួយលោក ពូទីន នៅខាងក្រៅកិច្ចប្រជុំ APEC នៅខែវិច្ឆិកា។ ប៉ុន្តែ ទស្សនកិច្ចនោះនឹងមិនបរាជ័យទាំងស្រុងនោះទេ។ ប្រទេសទាំងពីរទំនងជានឹងចុះហត្ថលេខាលើឯកសារជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច។ ក៏មានការប្រកាសមួយអំពីទំនាក់ទំនងសន្តិសុខ ដូចជាការចាប់ផ្តើមការចរចា ពីរបូកពីរ រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរផងដែរ។
លោក ពូទីន ចង់បន្តកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចទ្វេភាគី ដូច្នេះទំនងជានឹងប្រើពាក្យសម្តីមិនច្បាស់លាស់ខ្លះដែលធ្វើឲ្យជប៉ុនមានក្តីសង្ឃឹមលើទឹកដី និងលើកទស្សនៈដែលថា កិច្ចព្រមព្រៀងមួយអាចធ្វើទៅបាននៅថ្ងៃអនាគត ប្រសិនបើទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធគ្នាខ្លាំង។ បន្ទាប់ពីក្តីសង្ឃឹមដ៏ខ្ពស់សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន នេះ ការខ្វះដំណើរការទៅមុខលើបញ្ហាទឹកដីនឹងក្លាយជាប្រភពនៃការខកចិត្តសម្រាប់មនុស្សជាច្រើននៅជប៉ុន៕
ប្រភព៖ East Asia Forum

ការប្រមាថព្រះមហាក្សត្រថៃកើតមាននៅគ្រប់តំបន់

បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននាពេលថ្មីៗនេះនៅទីក្រុងវៀងច័ន្ទ ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwan បានកត់សម្គាល់ថា រដ្ឋាភិបាលឡាវបានឆ្លើយតបទៅនឹងសំណើពីរបបយោធាដើម្បីបង្ក្រាបអ្នករិះគន់របបរាជានិយមថៃដែលរស់នៅតាមព្រំដែន។ រឿងនេះត្រូវធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ពីមេប៉ូលិស និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃដែលថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតត្រូវបានគេធ្វើឡើង ដើម្បីធ្វើបត្យាប័នអ្នកប្រឆាំងទាំងនេះត្រឡប់ទៅប្រទេសថៃវិញ។ តើការវិវត្តនេះនឹងមានសារៈសំខាន់ដូចម្តេច?
អ្នករិះគន់ជាច្រើននៃរបបយោធាថៃ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅតែនិរទេសខ្លួននៅប្រទេសឡាវ និងប្រទេសកម្ពុជា។ ពួកគេមួយចំនួននៅតែបន្តសកម្មភាពនយោបាយរបស់ពួកគេ ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញគេហទំព័រ YouTube ។ ករណីរបស់ប្រទេសឡាវគឺមានសារៈសំខាន់ ដោយសារមានទំនាក់ទំនងស៊ីជម្រៅផ្នែកសាសនា ភាសា វប្បធម៌ និងជនជាតិភាគតិចរវាងភាគឦសានប្រទេសថៃ ដែលជាជំរុំដ៏រឹងមាំនៃចលនាអាវក្រហមដែលគាំទ្រលោក Thanksin និងឡាវ។ មានការអាណិតអាសូរយ៉ាងខ្លាំងសម្រាប់ពួកអាវក្រហមនៅក្នុងប្រទេសឡាវ។
ប្រទេសកម្ពុជាមានករណីផ្សេងគ្នា។ មិនមានសេចក្តីស្រឡាញ់ត្រូវបានបាត់បង់រវាងមេដឹក នាំដ៏ខ្លាំងរបស់ខ្លួនគឺលោក ហ៊ុន សែន និងរបបយោធាថៃនោះទេ។ កាលពីឆ្នាំ ២០០៩ លោកហ៊ុន សែន បានតែងតាំងលោក Thaksin ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចប្រចាំរដ្ឋាភិបាលរបស់លោក។ លោក ហ៊ុន សែន ប៉ិនប្រសប់បង្កើនស្មារតីជាតិនិយមកម្ពុជា ដែលថៃកំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
វាទំនងជាថា ការលើកឡើងទាំងនេះឆ្លុះបញ្ចាំងពីបំណងរបស់របបយោធាថៃដើម្បីបង្ហាញភាពស្មោះត្រង់ជាសាធាណៈរបស់ខ្លួនចំពោះរាជបល្ល័ង្ក នៅចំពេលការបង្កើនសា្មរតីជាតិនិយមចាប់តាំងពីការសោយទីវង្គតរបស់អតីតព្រះមហាក្សត្រ Bhumibol និងខណៈដែលប្រជាជនថៃរង់ចាំការចូលសោយរាជ្យជាផ្លូវការរបស់រាជទាយាទ Vajiralongkorn ។ បណ្តារដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបានខកខានឱកាសក្នុងការសម្តែងចេញជាសាធារណៈអំពីបំណងរបស់ខ្លួនក្នុងការបង្រ្កាបលើក្រុមអ្នករិះគន់របបរាជានិយមនោះទេ។
ប៉ុន្តែថៃមានអានុភាពគួរឱ្យកត់សម្គាល់ទៅលើលើប្រទេសឡាវ ដែលខ្លួនគឺជាវិនិយោគិនដ៏ធំមួយ។ របបនេះពិតជាអាចមានសមត្ថភាពក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលឡាវក្នុងការចាត់វិធានការទៅលើក្រុមអ្នករិះគន់របបរាជានិយមដែលនិរទេសខ្លួនរស់នៅទីនោះ។ បច្ចុប្បន្ននេះ រដ្ឋា   ភិបាលឡាវបានប្រកាសថា ខ្លួនបានបិទ «ស្ថានីយ៍វិទ្យុប្រឆាំងនឹងព្រះមហាក្សត្រ» ដែលជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលថៃ។ បណ្តាញ YouTube ដែលគាំទ្រពួកអាវក្រហមមួយចំនួនត្រូវបានបង្កើតឡើងដោយអ្នកប្រឆាំងក៏ត្រូវបានបញ្ឈប់ការផ្សព្វផ្សាយនៅខែនេះផងដែរ។ ប្រសិន បើរបបយោធាថៃមានបំណងចង់បន្តការធ្វើបត្យាប័នពីប្រទេសជិតខាងគឺមានផលតិចតួចណាស់ដែលសហគមន៍អន្តរជាតិអាចធ្វើបាន។ របបនេះបានបង្ហាញឱកាសជាច្រើនថា ខ្លួនមិនងាយរសើបនឹងការរិះគន់របស់លោកខាងលិចនោះទេ។
រីឯអ្នកដែលចង់រិះគន់របបរាជានិយមមានបណ្តាញជាច្រើនទៀតដែលគេអាចធ្វើការរិះគន់។ ជនជាតិថៃនិរទេសខ្លួននៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងស៊ុយអែត ជាឧទាហរណ៍នោះគឺបន្តការសរសេរបទអត្ថាធិប្បាយនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយ និងការិះគន់ទៅលើរបបរាជានិយម។ ការបិទចោលក្រុមអ្នករិះគន់រស់នៅប្រទេសឡាវនឹងមិនធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពនេះទេ ហើយក៏គ្មានវិធីណាដែលរបបយោធានេះអាចធ្វើបត្យាប័នពីបណ្តាប្រទេសលោកលិចបានដែរ។
ក៏ប៉ុន្តែវាមិនទំនងថា រដ្ឋាភិបាលថៃនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងជាច្រើនលើបញ្ហានេះ     ឡើយ។ របបយោធានេះគឺស្ថិតនៅក្នុងស្ថានភាពនយោបាយ។ ការស្នងតំណែងរបស់រាជទាយាទ Vajiralongkorn ត្រូវបានដំណើរការដូចការរំពឹងទុក ទោះបីជាមានការ      ពន្យាពេលក្នុងការចូលសោយរាជ្យក៏ដោយ។ រយៈពេលកាន់ទុក្ខដ៏យូរដើម្បីជាការគោរពទៅដល់ព្រះមហាក្សត្រដែលបានចូលទីវង្គតនេះ ហើយក្រោយមកទៀតមានធ្វើពិធីថ្វាយព្រះភ្លើង និងបន្ទាប់មកមានធ្វើពិធីឡើងគ្រងរាជ្យងបន្ទាប់មកមានធ្វើពិធីឡើងយព្រះមានធ្វើពិធីថ្វាយព្រំភ្លើងរបស់រាជទាយាទ Vajiralongkorn ។ នេះមានន័យថា សម្រាប់រយៈពេល ១ឆ្នាំ ឬ២ឆ្នាំខាងមុខប្រជាជនថៃនឹងត្រូវបានគេដាក់ឱ្យគោរពទៅលើពាក្យឃោសនាបែបរាជានិយម ដែលស្ថានភាពនេះធ្វើឱ្យមានការពិបាកសម្រាប់សកម្មជនប្រឆាំងនឹងរបបនេះក្នុងការប្រតិបត្តិការ ដោយមិនបានមើលឃើញថា មិនមានភាពស្មោះត្រង់ចំពោះរាជានិយម។
ដូច្នេះ អារម្មណ៍ប្រឆាំងនឹងព្រះមហាក្សត្រនាពេលបច្ចុប្បន្នដែលបានបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមគឺមិនសូវជាមានការអុជអាលខ្លាំង ដែលមិនមែនជាការគំរាមកំហែងដល់ស្ថិរភាពរបស់របបនេះឡើយ។ បន្ទាប់ពីការស្នងតំណែងរបស់រាជទាយាទ Vajiralongkorn ព្រះអង្គប្រហែលជាផ្តល់នូវការលើកលែងទោសមួយចំនួន ដែលជាប្រពៃណីទំនៀមទំលាប់នៅពេលដែលព្រះមហាក្សត្រថ្មីឡើងគ្រងរាជ្យ។ ក្នុងចំណោមអ្នកដែលទទួលបានការលើកលែងទោស ប្រហែលជាអ្នកដែលត្រូវបានគេដាក់ពន្ធនាគារពីបទប្រមាថព្រះជេស្តា។ វាបានបង្ហាញឱ្យឃើញពីព្រះទ័យទូលាយរបស់ព្រះមហាក្សត្រថ្មីនៅក្នុងផលប្រយោជន៍នៃការផ្សះផ្សា។
ប៉ុន្តែវិធានការដែលឥតប្រែប្រួលដើម្បីដាក់សម្ពាធចំពោះការរិះគន់របបរាជានិយមជាងមួយទសវត្សរ៍មកនេះបានបង្ហាញឱ្យឃើញថាអាជ្ញាធរថៃនៅតែបន្តជឿថា មានការគំរាមកំហែងធ្ងន់ធ្ងរចំពោះរបបរាជានិយម។ របបរាជានិយមត្រូវបានគេធ្វើនយោបាយដោយក្រុមអ្នកនយោបាយអភិរក្សនិយមអស់រយៈពេលមួយទសវត្សរ៍នៃវិបត្តិនយោបាយ។
តើព្រះមហាក្សត្រថ្មីនេះនឹងស្វែងរកវិធីណាមួយ ដើម្បីកុំឱ្យយកព្រះរាជាធ្វើជារឿងនយោ បាយដែលនេះនាំឱ្យមានការកាត់បន្ថយការប្រើប្រាស់ច្បាប់ប្រមាថព្រះជេស្តាឬ? គ្មានអ្វីមួយត្រូវបានគេមើលឃើញនៅក្នុងចារិករបស់គាត់ថា នឹងអាចស្នើឱ្យមានកិច្ចការនេះកើតមានឡើងឡើយ។ ផ្ទុយទៅវិញ អត្តចរិករបស់ព្រះអង្គ ហើយនឹងរបៀបដែលព្រះអង្គធ្វើការដោយគ្មានខ្លាចរអែងអ្នកទាំងឡាយដែលធ្វើឱ្យព្រះអង្គមិនសប្បាយព្រះហឬទ័យ ដោយសារតែមានការរិះគន់កាន់តែខ្លាំងទៅលើព្រះមហាក្សត្រថ្មីជាងករណីដែលបានកើតឡើងក្រោមអតីតព្រះមហាក្សត្រ។
ជាការពិតណាស់ គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពី Vajiralongkorn បានឡើងសោយរាជ្យជាផ្លូវការ សកម្មជននិស្សិតម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រសម្រាប់ការចែករំលែកជីវប្រវត្តិរបស់ព្រះមហាក្សត្រថ្មីដោយបានបង្ហោះនៅលើ Facebook ។
ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមើលឃើញថា អាជ្ញាធរថៃគ្មានបំណង ឬការលើកទឹកលើកទឹកចិត្តណាមួយ ដើម្បីដាក់កំហិតការប្រើប្រាស់នៃច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ។ ច្បាប់នេះគឺគ្រាន់តែមានផលប្រយោជន៍ផ្នែកនយោបាយសម្រាប់របបរាជានិយម និងរបបយោធាតែប៉ុណ្ណោះ។ ការចោទប្រកាន់ ការកាត់ទោស និងការគំរាមកំហែងនៃការធ្វើបត្យាប័ននឹងបន្តកើតមាននាពេលអនាគត៕

បទវិភាគ៖ តើអ្វីទៅជាចេតនាពិតប្រាកដនៃសេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ?

វាគឺជារឿងដែលគួរឱ្យឆ្ងល់មួយ ដែលនៅសុខៗគណបក្សសង្គ្រោះជាតិ ស្រាប់តែចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើជនទាំងឡាយណាដែលប្រឌិតព័ត៌មានលាបពណ៌ ប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានចោទថា ភរិយា និងកូន របស់លោក ហ៊ុន សែន ជាភរិយា និងកូនរបស់មេដឹកនាំវៀតណាម។
តើការចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសជនអសីលធម៌ ដែលបំភ្លៃព័ត៌មាន លាបពណ៌ និងប្រមាថ ចោទប្រកាន់លើគ្រួសារលោក ហ៊ុន សែន នៅពេលនេះ គណបក្សប្រឆាំងមានចេតនាអ្វីឱ្យពិតប្រាកដ? ព្រោះរឿងនេះវាបានកន្លងទៅប្រមាណជាកន្លះឆ្នាំមកហើយ។
បក្សប្រឆាំងបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា គណបក្សសង្រ្គោះជាតិ ប្រកាន់ខ្ជាប់នូវសីលធម៌ ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្សគ្រប់រូប។ គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវដល់ខ្មែរគ្រប់រូប សូមបញ្ឈប់នូវការប្រឌិតព័ត៌មានមិនពិត ការលាបពណ៌ដែលធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ និងនាំឲ្យខ្មែរបែកបាក់។
ការចេញសេចក្តីថ្លែងការណ៍របស់បក្សប្រឆាំង ថ្កោលទោសជនលាបពណ៌អសីលធម៌ដូចនេះ បើមើលពីសំបកក្រៅទៅ ដូចជាមានចេតនាល្អណាស់ ប៉ុន្តែកន្លងមកព័ត៌មានសម្អុយ លាបពណ៌ និងប្រមាថ លើគ្រួសារ លោក ហ៊ុន សែន ច្រើនតែចេញពីប្រភពរបស់បក្សប្រឆាំងនេះឯង។ ជាក់ស្តែងអ្នកដែលបង្ហោះព័ត៌មានលាបពណ៌ និងប្រមាថខាងលើនេះ គឺជាសកម្មជនរបស់គណបបក្សប្រឆាំង នៅសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ ដែលមានឈ្មោះថា យ៉ង់ ណុយ ហៅ Brady Young ដែលបុគ្គលនេះធ្វើតាមបញ្ជាពីមេបក្សប្រឆាំង។ ដូច្នេះថ្នាក់ដឹកគណបក្សសង្គ្រោះជាតិ ត្រូវតែទទួលខុសត្រូវ ចំពោះការនិយាយលាបពណ៌គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងគណបក្សរបស់ខ្លួន។
ទោះបីជាព្យាយាមបង្ហាញនូវពាក្យពេចន៍ល្អមើលយ៉ាងណា ក៏សេចក្តីថ្លែងការណ៍នោះហាក់បង្កប់នូវចេតនាទុច្ចរិតអ្វីម៉្យាងនៅក្នុងនោះ! ជាពិសេសគឺលោក សម រង្ស៊ី តែម្តង ព្រោះកន្លងមកលោកត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងរឿងអសីលធម៌ ការប្រមាថ និងប្រឌិតព័ត៌មានមួលបង្កាច់នេះ ដោយបញ្ជាផ្ទាល់ទៅសកម្មជនជំនិតរបស់ខ្លួនឱ្យធ្វើ។ មួយវិញទៀត សេចក្តីថ្លែងការណ៍នេះ បានចេញមកចំពេលដែល លោក កឹម សុខា ត្រូវលើកលែងទោស និងត្រូវបានមើលឃើញថា បានបន្ទន់ឥរិយាបថរបស់ខ្លួនចំពោះលោក ហ៊ុន សែន ខណៈដែលលោក សម រង្ស៊ី ត្រូវបានគេឈប់រំលឹកតទៅទៀត។ លោក កឹម សុខា កំពុងច្បាមយកឱកាសកសាងខ្លួន និងប្រជាប្រិយភាពខណៈលោក សម រង្ស៊ី កំពុងនៅទ្រឹង និងហាក់ដូចជា អស់ផ្លូវដើរទៅហើយ ព្រោះតែជាប់ងារជាទណ្ឌិត និងមិនអាចវិលចូលស្រុកវិញបាន ដោយខ្លាចតុលាការអនុវត្តនីតិវិធីច្បាប់ចំពោះខ្លួន។ សេចក្តីថ្លែងការណ៍ដែលមានហត្ថលេខារបស់លោក សម រង្ស៊ី នៅពេលនេះ ហាក់ចង់បង្ហាញថាខ្លួននៅតែមានវត្តមាននៅឡើយក្នុងឆាកនយោបាយ ទោះបីជាអ្នកគាំទ្រ និងសកម្មជនមួយចំនួន មើលឃើញថា លោកបានអស់អំណាច និងធ្វើអ្វីលែងកើតទៅហើយ ព្រោះតែតំណែងសំខាន់ៗរបស់ខ្លួនបានធ្លាក់ទៅលើដៃលោក កឹម សុខា ខណៈដែលការបោះឆ្នោតក៏ខិតជិតមកដល់ ហើយខ្លួនមិនទាំងបានចុះឈ្មោះបោះឆ្នោតទៅទៀត។ ដោយមើលមិនឃើញពីឱកាសអាចត្រឡប់មកវិញបានសោះ ការចេញសេចក្តីថ្លែងការណ៍នេះ អាចជាការរៀបចំឡើងដោយលោក សម រង្ស៊ី ក្នុងចេតនាពញ្ញាក់ស្មារតីដៃគូររបស់ខ្លួនគឺលោក កឹម សុខា កុំឱ្យភ្លេចរូបលោក និងហាក់ចង់បង្ហាញអំពីអំណាចរបស់ខ្លួន ដែលទោះបីជាមនុស្សទូទៅមើលឃើញថា គាត់គ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះនៅពេលនេះ។ ជាមួយគ្នានេះសេចក្តីថ្លែងការណ៍នេះ គឺបានបង្គប់នូវល្បិចទុច្ចរិតរបស់មេបក្សប្រឆាំង ដោយព្យាយាមផ្សារភ្ជាប់ខ្លួនជាមួយលោក កឹម សុខា ដែលទើបតែបានឆក់យកតំណែងរបស់ខ្លួនជាប្រធានសម្លេងភាគតិចក្នុងរដ្ឋសភា។
គួររំលឹកថា លោក ហ៊ុន សែន កាលពីខែឧសភាកន្លងទៅ ធ្លាប់បានប្រតិកម្មយ៉ាងខ្លាំង ចំពោះព័ត៌មានសម្អុយខាងលើ នឹងបានចាត់ទុកការប្រឌិតរឿងនេះរៀបចំឡើង ដោយបក្សប្រឆាំង និងជាការប្រមាថ ធ្ងន់ធ្ងរបំផុតលើកូនប្រុស និងភរិយារបស់លោក ដែលទាមទារឲ្យបក្សប្រឆាំងបកស្រាយឲ្យបានច្បាស់លើរឿងនេះ៕

ប្រភពពី GNN

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន មិនអាច​ទទួលយក​ការគាបសង្កត់​ពីអន្តរជាតិ​បាន​ឡើយ​

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា លោកមិនអាចទទួលយកការគាបសង្កត់ពីអន្តរជាតិបានឡើយ។ លោក បានថ្លែងដូចនេះ នៅក្នុងឱកាសចូលរួមពិធីខួប៥ឆ្នាំ របស់ក្រុមហ៊ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ‌«កម្ពុជា គេចេះដោះស្រាយបញ្ហារបស់គេ ហើយកុំនិយាយឱ្យសោះជាមួយហ្នឹង អាអីគាបសង្កត់ មិនគាបសង្កត់ អីកុំនិយាយ ការគាបសង្កត់ហ្នឹង អត់បានការទេ ហ៊ុន សែន មានចរិតខុសគេទាំងអស់។ បើអ្នកឯងគាប ឯងដេកធ្វើមិនដឹង ស្ងៀម គាបមិនបាន មនុស្សម្នាក់នេះ កុំគាបឱ្យសោះ ថាគាប អត់បាន ប៉ុន្តែដល់ស្រាប់តែសភាពការណ៍ស្ងាត់ៗៗៗៗ សកម្មភាពតែប៉ុន្មានម៉ោងចប់សេចក្តី ម្សិលមិញគេនិយាយគ្នាស្រួលទៅទៀត ប៉ុន្តែកុំប្រើពាក្យ International pressure …… បើ press ឯងដេកទៀត…»។
ការថ្លែងរបស់លោក ហ៊ុន សែន អាចត្រូវបានគេគិតថា ជាការឆ្លើយតបចំពោះអង្គការ សង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងមួយចំនួន ដែលតែងតែចោទថា តុលាការកម្ពុជា ស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល ហើយតែងស្នើសុំទៅបរទេសដាក់ការគាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងជនប្រព្រឹត្តបទល្មើសមួយចំនួនដោយគ្មានលក្ខខណ្ឌ ។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា លោកមិនអាចលូកលាន់ក្នុងដែនសមត្ថកិច្ចរបស់តុលាការបានឡើយ ព្រោះតុលាការជាស្ថាប័នឯករាជ្យ ជនដែលបានប្រព្រឹត្តនូវទោសកំហុស ទោះស្ថិតក្នុងតំណែងណាក៏ដោយ មាននិន្នាការនយោបាយខាងណាក៏ដោយ ស្ថាប័នតុលាការត្រូវតែដំណើរការនីតិវិធីច្បាប់ដូចៗគ្នាទាំងអស់។
នៅក្នុងឱកាសអបអរសាទរ ខួប៥ឆ្នាំ របស់ក្រុមហ៊ុន Minebea នេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ល្មមដល់ពេលដែលកម្ពុជា រួមគ្នាកសាងទឹកដី ដ៏កំសត់របស់យើង ឱ្យទៅជាទឹកដីនៃការអភិវឌ្ឍ ពីព្រោះប្រទេសកម្ពុជា បានរងគ្រោះច្រើនហើយ ឆ្លងកាត់សោកនាដកម្មច្រើនពេកហើយ ត្រូវរួមគ្នាថែរក្សាសន្តិភាព បើគ្មានសន្តិភាព ក៏មិនអាចអភិវឌ្ឍន៍បានឡើយ៕



អាជ្ញាធរ​ជាតិអប្សរា​សហការជាមួយ​ស្ថាប័នមូលនិធិ​ប្រាសាទពិភពលោក កំពុងជួស​ជុលស្តារឡើងវិញ​នូវប្រាសាទ​ភ្នំបាខែង

ក្រោមកិច្ចសហការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទភ្នំបាខែងដែលរងការខូចខាតទ្រុឌទ្រោមមួយផ្នែកធំ កំពុងត្រូវបានជួសជុលស្តារឡើងវិញ ដោយស្ថាប័នមូលនិធិប្រាសាទពិភពលោក (World Monument Fund-WMF)  ដែលបានទទួលជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤មក ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។
លោកស្រី ជាម ផល្លី អ្នកសម្របសម្រួលនៃគម្រោងWMFបានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះថា WMF បានរួមចំណែកអភិរក្សនិងជួសជុលប្រាង្គប្រាសាទក្នុងឧទ្យានអង្គរតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ដំបូង មូលនិធិនេះបានចាប់ផ្តើមធ្វើការអភិរក្សជួសជុលនៅប្រាសាទព្រះខ័ន ប្រាសាទតាសោម និងថែវកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត។ ចូលដល់ឆ្នាំ២០០៤ ទើបមូលនិធិនេះចាប់ផ្តើមកិច្ចការស្រាវជ្រាវ និងអភិរក្សជួសជុលនៅប្រាសាទភ្នំបាខែង។ លោកស្រីបន្ថែមថា WMF គឺជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញ ដែលកំពុងអនុវត្តការងារជួសជុលបេតិភណ្ឌពិភពលោកលើបណ្តាប្រទេសនានាប្រហែលជាង៨០ប្រទេស។
និយាយពីលទ្ធផលនៃគម្រោងនេះ លោកស្រីបន្ថែមថា បន្ទាប់ពីសិក្សាស្រាវជ្រាវនិងចងក្រងជាឯកសាររួចរាល់ហើយ នៅឆ្នាំ២០០៦-២០០៧ គម្រោងបានជួសជុលរួចរាល់ជាស្ថាពរនូវជ្រុងនិរតី។ បន្ទាប់មក ជួសជុលនៅផ្នែកពាក់កណ្តាលមុខខាងកើតនៃប្រាសាទ ដោយពង្រឹងឡើងវិញនូវចំណុចខូចខាត និងបាក់ស្រុត ហើយបន្តទៅពីរផ្នែកផ្សេងទៀតគឺ ជ្រុងឦសាន និងជ្រុងអាគ្នេយ៍បានរួចរាល់ជាស្ថាពរ។ បច្ចុប្បន្ន កំពុងបន្តជួសជុលរចនាសម្ព័ន្ធផ្នែកពាក់កណ្តាលមុខខាងកើតនៃប្រាសាទ ព្រមទាំងជួសជុលពង្រឹងឡើងវិញនូវប្រាសាទរណបជុំវិញផង ហើយគម្រោងនេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខ។
លោក ហ៊ុន ប៊ុនវឌ្ឍន៍ ស្ថាបត្យករនៃគម្រោងជួសជុលប្រាសាទភ្នំបាខែងលើកឡើងថា ភាពទ្រុឌទ្រោមនៃប្រាសាទភ្នំបាខែងបង្កឡើងដោយកត្តាសំខាន់ៗចំនួន៣គឺ កត្តាធម្មជាតិ កត្តាមនុស្ស និងសម្ភារៈ។ លោកពន្យល់ថា បញ្ហាទឹកភ្លៀងហូរច្រោះ ដើមឈើដុះជ្រៀតថ្មបានបណ្តាលឲ្យរចនាសម្ព័ន្ធប្រាសាទទ្រុឌទ្រោមនិងបាក់រលំ គួបផ្សំនឹងសង្រ្គាមក្នុងប្រទេសបណ្តាលឲ្យប៉ះពាល់ដល់ថ្មប្រាសាទ និងគ្មានការថែទាំនៅពេលនោះផង។ ចំណែកបញ្ហាសម្ភារៈលោកបញ្ជាក់ថា ប្រាសាទភ្នំបាខែងត្រូវបានបុព្វបុរសធ្វើឡើងដោយកាត់ថ្មភ្នំទៅជារាងពីរ៉ាមីត ចំណុចណាដែលគាត់មិនអាចកាត់ចេញជារាងជ្រុង ឬត្រីកោណបាន គាត់បានរៀបថ្មបាយក្រៀមជំនួសវិញ ចំណុចនេះហើយ ដែលធ្វើឲ្យជ្រុងនៃប្រាសាទនេះបាក់រលំ។
លោក ប៊ុនវឌ្ឍន៍បន្ថែមថា ការជួសជុលស្តារឡើងវិញនេះ ធ្វើឡើងដោយរុះរើផ្នែកដែលទ្រុឌទ្រោមចេញ ហើយដំរៀបថ្មចាស់ឡើងវិញ និងជំនួសដោយថ្មថ្មីខ្លះត្រង់ចំណុចណាដែលចាំបាច់ខានមិនបាន។ ចំពោះថ្មថ្មីដែលប្រើច្រើនបំផុតគឺនៅត្រង់កម្រាល ចំណែកតាមជញ្ជាំងវិញ ក្រុមការងារបានប្រើប្រាស់ថ្មចាស់ៗដែលនៅសេសសល់។ ចំពោះថ្មថ្មីដែលត្រូវប្រើឡើងវិញមានពីរប្រភេទ គឺមួយប្រភេទជាថ្មថ្មីទាំងស្រុង និងមួយប្រភេទទៀត ជាថ្មដែលបានប្រមូលពីគំនរថ្មប្រាសាទ ដែលបានគរចោលតាំងពីសម័យដែលបារាំងបានជួសជុលប្រាសាទនេះមក ដោយមានការឯកភាពពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ។
លោក ជា សារិទ្ធ មន្ត្រីបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយក៏ជាអ្នកចូលរួមផ្តល់បទពិសោធន៍ និងជួយបណ្តុះបណ្តាលបច្ចេកទេសមួយចំនួនក្នុងការជួសជុលប្រាសាទនេះដោយផ្ទាល់ បានបញ្ជាក់ថា ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុងមានប្រវែង៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងស.វទី៩ ដើមស.វទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។
ក្រោយមកនៅចុងស.វទី១៦ ប្រាសាទនេះបានប្តូរទៅជាព្រះពុទ្ធសាសនាវិញ ដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយអង្គនៅជាន់លើបង្អស់ ដោយថ្មផ្សេងៗនៃប្រាសាទ និងគ្រឹះនៃប្រាសាទឥដ្ឋ។ ដោយឡែកនៅឆ្នាំ១៩២០ ពេលបារាំងចាប់ផ្តើមជួសជុល អភិរក្ស បានរុះរើថ្មព្រះពុទ្ធរូបទៅទុកនៅជ្រុងខាងត្បូងនិងខាងជើងនៃភ្នំ។ ក្រៅពីការអភិរក្ស បារាំងក៏បានធ្វើកំណាយស្រាវជ្រាវនៅតួប៉មកណ្តាល ដែលមានជម្រៅ៣ម៉ែត្រ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធប្រាសាទ និងបានធ្វើការជួសជុលជញ្ជាំងពីរ៉ាមីតនៅផ្នែកខូចខាត និងរើតួប៉មប្រាសាទថ្មមួយចំនួនរៀបឡើងវិញ។
ចាប់ពីឆ្នាំ២០០៤ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា បានដំណើរការអភិរក្ស ជួសជុលបន្តពីបារាំងដោយចាប់ផ្តើមពីជ្រុងនិរតី។ បន្ទាប់ពីម្រោងនេះទទួលបានជោគជ័យ អ្នកជំនាញក៏ចាប់ផ្តើមធ្វើគម្រោងថ្មីនៅផ្នែកខាងកើតភ្នំបាខែង ចាប់ពីជណ្តើរកណ្តាលទៅខាងកើត រហូតដល់ខាងជើងជាបន្តបន្ទាប់៕






កម្ពុជានឹងបោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៤ នៅ​ថ្ងៃទី០៤ ខែមិ​ថុនា ឆ្នាំ២០១៧​ ផ្តើម​ចុះបញ្ជី​បក្សឈរ​ឈ្មោះ ចាប់​ពីថ្ងៃ០៣-០៥ ខែ​មិនា

យោងតាមសេចក្ដីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី០៧ ខែធ្នូនេះ បានឱ្យដឹងថា ក្រោយពិនិត្យយ៉ាងល្អិតល្អន់លើរបៀបវារៈចំនួន ២ ក្នុងកិច្ចប្រជុំរួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែមិនា ឆ្នាំ២០១៧។
សេចក្ដីប្រកាសបានបន្ថែមទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចជ្រើសយកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្របពេលដែលការរាប់សន្លឹកឆ្នោត ក៏ធ្វើឡើងក្នុងថ្ងៃ ៤ មិថុនាដែរ៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មានក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងវិនិយោគក្នុងប្រទសកម្ពុជា មិនចាំបាច់ទាល់តែគេកាន់អំណាចនោះទេ!

ថ្លែងក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃដំណើរការរបស់ក្រុមហ៊ុន មីនីបៀរ (Minebea) នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាគ្មានការរើសអើងការវិនិយោគនោះទេ ព្រោះជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ មានវិនិយោគបរទេសជាច្រើនកំពុងវិនិយោគដូចជាក្រុមហ៊ុនបារាំងវិនិយោគនៅព្រលា   នយន្តហោះ ក្រុមហ៊ុនកូកាកូឡាអាមេរិក និងក្រុមហ៊ុនជប៉ុន និងមានវិនិយោគបរទេសដទៃយ៉ាងច្រើនទៀត
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដែលអនុញ្ញាតឱ្យវិនិយោគដោយមិនចំបាច់មានម្ចាស់ភាគហ៊ុនក្នុងស្រុក និងការអនុញ្ញាតផ្តល់ទិដ្ឋាការរយៈពេលវែង រយៈពេលយូរសម្រាប់អ្នកវិនិយោគ គឺជាគោលនយោបាយថ្មីលើវិស័យឧស្សាហកម្មរបស់កម្ពុជា ២០១៥-២០២៥ ដែលកម្ពុជា ត្រូវការជំរុញការអភិវឌ្ឍបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា មានអ្នកខ្លះគេថា « ទាល់តែគេកាន់អំណាច ទើបមានក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនជប៉ុន មានក្រុមហ៊ុនបរទេសមកវិនិយោក រហូតនិយាយទៀតថាទាល់តែគេធ្វើជាប្រធានធនាគាជាតិ ទើបជប៉ុនឱ្យខ្ចីលុយ »។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា មិនមែនទាល់តែអ្នកនេះកាន់អំណាច អ្នកនោះកាន់អំណាចទើបមានអ្នកមកវិនិយោគនោះទេ សំខាន់បំផុតសភាពការណ៍វិនិយោគប្រទេសរបស់យើង ផ្តល់លទ្ធភាពឱ្យគេវិនិយោគឬអត់? ជាក់ស្តែងដោយសារស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេស ទើបធ្វើឱ្យក្រុមហ៊ុនបរទេសជាច្រើនមកវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងចំណោមនោះក្រុមហ៊ុន មីនីបៀរផ្ទាល់ ក្នុងរយៈពេលប្រាំឆ្នាំ បានបង្កើនការវិនិយោគពីជាង ២០លានដុល្លា ទៅដល់ជាង ២០០លានដុល្លារអាមេរិក ផ្ទុយពីមនុស្សមួយចំនួនដែលតែងតែញុះញង់ឱ្យកម្មករ កម្មការីនី ធ្វើបាតុកម្មដើម្បីទាមទារតម្លើងប្រាក់ខែ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំណូមពរឱ្យកម្មករ កម្មការីនី ខិតខំប្រឹងប្រែងធ្វើការឱ្យបានល្អ ថៅកែក្រុមហ៊ុន នឹងតម្លើងប្រាក់ខែឱ្យ៕







លោក ហ៊ុន សែន អំពាវនាវឱ្យកម្មករក្រុមហ៊ុនមីនីបៀរ ខំប្រឹងធ្វើការឱ្យបានល្អ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ

ភ្នំពេញ៖ ថ្លែងពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាស អញ្ជើញចូលរួមខួប ៥ឆ្នាំ ក្រុមហ៊ុនជប៉ុន មីនីបៀរ (Minebea ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្មួយៗកម្មករ-កម្មការិនី ត្រូវខំប្រឹងប្រែធ្វើការឱ្យបានល្អ ព្រោះបើ កម្មករ-កម្មការិនី ធ្វើការបានល្អ ក្រុមហ៊ុននឹងចំនេញ ហើយបើក្រុមហ៊ុនចំណេញ ក្រុមហ៊ុន នឹងដំឡើងប្រាក់ខែឱ្យ។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់កម្មករ-កម្មការិនីថា ផលិតផលដែលអ្នកទាំងអស់គ្នាផលិត នឹងនាំចេញពីកម្ពុជាទៅបរទេស មានន័យថា អ្នកទាំងអស់គ្នា ចូលរួមអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ លោក ហ៊ុន សែន បន្តថា ការងារអ្នកទាំងអស់គ្នានេះ គឺបានផ្តល់ឱ្យអ្នកទាំងអស់គ្នាមានប្រាក់ខែផ្ញើរប្រាក់ទៅផ្ទះ តាមលោកដឹង មានអ្នកខ្លះផ្ញើរប្រាក់ទៅផ្ទះ ដើម្បីជួសជុលផ្ទះ ខ្លះផ្ញើរទៅឱ្យឪពុកម្តាយ ធ្វើផ្ទះថ្មី ដោយខ្លះផ្ញើរមួយខែ១០០ដុល្លារ និងខ្លះទៀត១៥០ដុល្លារ ។ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន  មីនីបៀរ (Minebea ) ដែលបានអញ្ញើញទាំងគ្រួសាររបស់កម្មករ – កម្មការិនី ឱ្យមកចូលរួមថ្ងៃនេះ នឹងបានឃើញ កន្លែងធ្វើការរបស់កូនចៅគាត់។
លោក ហ៊ុន សែន បានបន្តថា ក្រុមហ៊ុន មីនីបៀរ (Minebea ) ជាក្រុមហ៊ុនផលិតម៉ូទ័រ និងសំភារៈបច្ចេកវិជ្ជាជាន់ខ្ពស់ គ្រឿងអេឡិចត្រូនិច ដែលនេះហើយ ជានយោបាយថ្មី លើវិស័យឧស្សាហកម្មរបស់កម្ពុជា ដែលកម្ពុជាត្រូវតែជំរុញបន្ថែមទៀត សំរាប់ដំណើរការអភិវឌ្ឍនេះ។ លោកនាយករដ្ឋមន្ត្រីបន្តថា ក្រុមហ៊ុនេះ មិនមែនផ្តល់ផលប្រយោជន៍សម្រាប់តែកម្មករទេ តែវាពាក់ព័ន្ធដល់គ្រួសារនៅមូលដ្ឋានទៀត ។ លោកបន្ថែមថា ក្នុងនាមជាកូនចៅយើងត្រូវតែជួយឪពុកម្តាយ ហើយឪពុកម្តាយត្រូវតែអប់រំកូនចៅ ឱ្យខំធ្វើការឱ្យបានល្អ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ លោកក៏បានផ្តាំផ្ញើរ សួរសុខបងប្អូនប្រជាពលរដ្ឋដែលមិនបានមកទីនេះ ព្រោះរដូវនេះរដូវប្រមូលផល។ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាធ្វើទាំងកសិកម្ម ហើយផ្សារភ្ជាប់នឹងឧស្សាហកម្ម គឺចេញពីកសិករ ជាកម្មករ ជើងម្ខាងនៅកសិកម្ម និងជើងម្ខាងទៀតនៅឧស្សាហកម្ម ដោយកម្មករធ្វើការ ទទួលបានបៀរវត្សហើយផ្ញើរជូន គ្រួសារ។ តាមតួលេខគឺនៅឆ្នាំនេះ អត្រាភ្ជួររាស់ដោយគោក្របីមានតែជាង៨% ប៉ុណ្ណោះ ក្រៅពីនោះគឺប្រើគ្រឿងយន្តទាំងអស់ ដែលពួកគាត់ភាគច្រើន ជាគ្រួសារ និងឪពុកម្តាយ របស់កម្មករដែលកូនផ្ញើរលុយឱ្យ ដើម្បីជួលគ្រឿងយន្ត៕



លោក​ ហ៊ុន សែន អរគុណ​ក្រុមហ៊ុន Minebea របស់​ជប៉ុន ដែល​ជឿទុក​​ចិត្តលើ​រដ្ឋាភិ​បាល​ ហើយ​បានរួម​​ចំណែក​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណដល់ក្រុមហ៊ុន Minebea ដែលមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងរួម ចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋកម្ពុជា។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសចូលរួមអបអរសាទរខួប ៥ឆ្នាំ របស់ក្រុមហ៊ុនជប៉ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្តថា រោងចក្រនេះ គឺប្រៀបដូចជាកូនដែលលោក បានបង្កើតតាំងពីដើមទុនជាង ២៣ លានដុល្លារ នៅឆ្នាំ ២០១១ រហូតឈានដល់២០០លានដុល្លារនៅឆ្នាំ២០១៦នេះ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នរោងចក្របានផ្តល់ការងារដល់បុគ្គលិកកម្មករជាង ៥០០០នាក់។ជាមួយគ្នានេះ បច្ចុប្បន្នក្រុមហ៊ុន Minebea បានបន្ថែមប្រាក់វិនិយោគជាង ២៥០ លានដុល្លារ ទៀត ក្នុងការសាងសង់រោងចក្រ៣ថែមទៀត នៅកម្ពុជា ដែលគ្រោងបន្ថែមបុគ្គលិកកម្មករជាង ២០០០០នាក់។ ក្រុមហ៊ុននេះគឺផលិតគ្រឿងម៉ាស៊ីន បង្គំខ្សែភ្លើង និងម៉ូទ័រមានគុណភាពគ្រប់ប្រភេទ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
លោក ហ៊ុន សែន បានបញ្ជាក់ថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងភាពគ្មានការរើសអើង គឺបានផ្តល់បរិយាកាសល្អ និងលទ្ធភាពងាយស្រួលដល់ក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏មិនតម្រូវការចាំបាច់អោយមានការចូលរួមពីភាគហ៊ុនក្នុងស្រុកឡើយ ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគគិនជប៉ុន រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ទិដ្ឋាការ (Visa) ម្តង៣ឆ្នាំ ដល់អ្នកធុរកិច្ចជប៉ុនដែលមកកម្ពុជា។
លោក ហ៊ុន សែន ក៏បានអរគុណដល់ក្រុមហ៊ុនដែលយកចិត្តទុកដាក់ផ្តល់នូវលក្ខខណ្ឌការងារ ល្អៗដល់កម្មកករទាំងអស់។ លោក ក៏បានជូនពរក្រុមហ៊ុន Minebea ទួលបានជោគជ័យធំៗ និងបន្តប្រារព្ធខួប១០០ ឆ្នាំជាបន្តទៀត៕






ដោយ៖ សួន ចំរើន​ ឡានមួយ ​ចង្កូតពីរ!

ដំណើរការវិវត្តន៍នយោបាយមកដល់ពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ បានឈានមកដល់ផ្លូវបែក និងការប្រះស្រាំវិបត្តិផ្ទៃក្នុងយ៉ាងស្រួចស្រាល់ហើយ ។
គេអាចនិយាយ១បែបទៀតថា លោក កឹម សុខា កំពុងមានយីអ៊ុនខ្ពស់ជាងប្រធានបក្សលោក សម រង្ស៊ី យ៉ាងពិតប្រាកដ ដោយសារថា ប្រធានស្តីទីបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានសិទ្ធិសេរីភាពដើរហើរដោយសេរីឡើងវិញ បន្ទាប់ពីឃុំខ្លួនឯងនៅក្នុងស្នាក់ការបក្សអស់រយៈពេលជិត ៦ខែ។
ការប្រោសព្រះរាជទានលើកលែងទោសឲ្យលោក កឹម សុខា មិនមែនជារឿងចៃដន្យ នោះទេ តែជាការសរសេរស្នើសុំរបស់លោក កឹម សុខា ខ្លួនឯងផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការស្នើសុំលើកលែងទោសនេះ មានន័យថា លោក កឹម សុខា បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តកំហុសពិតមែន។
ជាការកត់សម្គាល់ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រលើកលែងទោស លោក កឹម សុខា ត្រូវបានគណបក្សសង្គ្រោះជាតិតម្លើងតំណែងឲ្យធ្វើជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា ជំនួសលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស និងក៏កំពុងមានពិរុទ្ធភាពផងនោះ។ ប្រហែលដោយសារព័ត៌មាននៃការជំនួសតំណែងនេះហើយ ទើបគេឃើញលោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មជំទាស់ភ្លាមៗ ដោយបានសរសេរនៅលើទំព័រធ្វីតទ័រ(Twitter)របស់ខ្លួនថា គាត់នៅតែជាប្រធានក្រុមសំលេងភាគតិចក្នុងរដ្ឋសភាដដែល។ លោកថ្លែងដូច្នេះថា៖ «ក្នុងឋាន:ជាប្រធានគណបក្ស គាត់នៅតែជាប្រធានក្រុមសំលេងភាគតិចក្នុងរដ្ឋសភាដដែល ឯលោក កឹម សុខា គ្រាន់តែជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលមាន សមភាគី គឺលោក ស ខេង តែប៉ុណ្ណោះ ចំណែកលោក សម រង្សី សមភាគីរបស់គាត់ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ តើប្រធានបក្សប្រឆាំងរូបនេះពិតជាកំពុងកើតជម្ងឺតួឯកមែនឬ? ឯណាទៅប្រជាធិបតេយ្យក្នុងបក្សដែលលោកប្រធានតែងតែលើកឡើងនោះ?
ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះត្រូវបានក្រុមអ្នកវិភាគ និងសាស្ត្រាចារ្យមួយចំនួនដែលធ្លាប់មានមតិគាំទ្រលោកពីមុនយ៉ាងផ្កាប់មុខនោះ បានបញ្ចេញយោបល់ជំទាស់នឹងទស្សនៈខាងលើដោយសុទិដ្ឋិនិយម។ លោក សូ ចន្ថា ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយថ្លែងថា៖ «អ្នកនយោបាយនៅកម្ពុជាមិនទាន់មានការធ្វើនយោបាយបែបប្រជាធិបតេយ្យនៅឡើយទេ គឺនៅតែប្រើវប្បធម៌មេនិយមដដែល។ បច្ចុប្បន្ននេះគួរតែបោះបង់ចោលទម្លាប់ប្រធាននិយមហ្នឹងហើយ ហើយគួរតែផ្តល់ឱកាសដល់អ្នកដែលអាចបំពេញការងារបាន ដើម្បីបំពេញផលប្រយោជន៍រួមនៅក្នុងគណបក្ស ក៏ដូចជាជាតិផងដែរ ម្យ៉ាងទៀតខ្ញុំគិតថា ដើម្បីរុញឲ្យស្ថាប័នមួយទៅមុខ គេមិនគួររង់ចាំបុគ្គលម្នាក់នោះទេ»។
ការខ្វែងគំនិតគ្នានៅក្នុងជួរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាសកម្មជនគាំទ្រនៅមូលដ្ឋាន បានបង្ហាញកាន់តែច្បាស់ថា «រថយន្តមួយ បាននិងកំពុងប្រើចង្កូតពីរ» ។ នៅពេលនេះ តៃកុងឡានទាំងពីរកំពុងបញ្ជាយាន្តទាញឆ្វេង ទាញស្តាំបញ្ច្រាសទិសគ្នា និងលែងស្តាប់បញ្ជាគ្នាថានរណាជាមេ នរណាជាកូនទៀតហើយ។
ជាក់ស្តែង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច បានថ្លែងនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងន័យអំពាវនាវឲ្យសាធារណៈជនទាំងអស់ ចៀសវាងនូវការជេរប្រមាថ លាបពណ៌ ដែលនាំឲ្យមានការឈឺចាប់ និងការបែកបាក់សង្គមកម្ពុជា។
ផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែបន្តបោកប្រាស់ និងញុះញង់ប្រជាពលរដ្ឋ តាមរយៈការបង្ហោះសារនយោបាយលើទំព័រ ហ្វេសប៊ុក និងធ្វីតទ័រ របស់ខ្លួន ដោយប្រើពាក្យជេរប្រមាថលោក ហ៊ុន សែន ថាជាជនផ្តាច់ការ និងប្រើសម្តីញុះញង់ប្រជាពលរដ្ឋឲ្យខំប្រឹងធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈការតវ៉ាផ្សេងៗ ដើម្បីរំខានដល់ការអភិវឌ្ឍសង្គម។ ថ្មីៗនេះទៀត ទណ្ឌិត សម រង្ស៊ី បានបន្តកុហកបោកប្រាស់ប្រជាពលរដ្ឋដោយផ្សព្វផ្សាយលើបណ្តាញសង្គម ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនរបៀបជាគ្រូទស្សន៍ទាយថា ការបោះឆ្នោតឆ្នាំ២០១៧ សម្លេងគាំទ្រគណបក្សខ្លួននឹងឈ្នះ ខណៈដែលការបោះឆ្នោតមិនទាន់មកដល់ផងនោះ។ សារនយោបាយភូតកុហក់ និងមានចរឹតញុះញង់បែបនេះ គឺបង្ហាញពីចរឹតទុច្ចរិត និងមហិច្ឆតាចង់គ្រប់គ្រងអំណាចដោយឥតអៀនខ្មាស់ បើទោះបីជាដឹងខ្លួនឯងថាអស់សិទ្ធិធ្វើនយោបាយទៅហើយក្តី។
ចំណុចផ្ទុយគ្នា និងគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ គឺតៃកុងឡានទាំងពីរធ្វើការសម្រេចចិត្តអ្វីៗ ដោយមិនសួរយោបល់គ្នាដូចមុនទៀតឡើយ ហើយតែងតែកេងចំណេញប្រជាប្រិយភាពនៅក្នុងគណបក្សទៅវិញទៅមកដោយមិនកោតក្រែងគ្នាទៀតឡើយ។
លោក សម រង្ស៊ី បានបន្តប្រកាសតែម្នាក់ឯងឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបន្តការជឿទុកចិត្តការសាមគ្គីភាព រវាងលោក និងលោក កឹម សុខា ឆ្ពោះទៅរកការដឹកនាំប្រទេស និងនាំមកនូវការផ្លាស់ប្តូរនាពេលដ៏ខ្លីខាងមុខ ខណៈលោក កឹម សុខា មិនបាននិយាយអ្វីមួយមាត់អំពីលោក សម រង្ស៊ី ឡើយ។
បើតាមអ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជាមើលឃើញថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺគ្រាន់តែដើម្បីលួងលោមខ្លួនឯង ពិសេសដើម្បីបិទបាំងនូវភាពកំសាករបស់ខ្លួន ចំពោះអ្នកគាំទ្រ និងកុំឲ្យមើលឃើញពីការបែកបាក់ផ្ទៃក្នុងរបស់បក្សសង្គ្រោះជាតិ ដែលធាតុពិតគណបក្សនេះបានបែងចែកជាបក្សពួករួចទៅហើយ។ ចំណុចនេះ បានបង្ហាញយ៉ាងច្បាស់នៅក្នុងពិធីជួបជុំជាមួយយុវជនមកពីខេត្តត្បូងឃ្មុំ និងកំពង់ចាម នៅស្នាក់ការបក្សកាលពីថ្ងៃអាទិត្យទី២ធ្នូ ដែលពេលនោះ ក្រុមលោក កឹម សុខា ស្លៀកឯកសណ្ឋានពណ៌លឿង រីឯក្រុមលោក សម រង្ស៊ី ស្លៀកឯកសណ្ឋានព័ណ៌ស ដែលបញ្ជាក់ថាទឹកនិងប្រេងមិនអាចនៅជាមួយគ្នាបានទេ។ នៅក្នុងពិធីជួបជុំនោះ គេឃើញជំហររបស់ប្រធាន និងអនុប្រធានបក្សមានភាពផ្ទុយគ្នា ១៨០ដឺក្រេ លោក កឹម សុខា បានថ្លែងឲ្យមានការបង្រួបបង្រួមជាតិ និងឲ្យសកម្មជនគណបក្សសង្គ្រោះជាតិត្រូវរិះគន់ក្នុងន័យស្ថាបនា មិនត្រូវបង្កបញ្ហានូវការញុះញង់ឲ្យមានបង្កបញ្ហាបែកបាក់ជាតិជាដើម។ ក៏ប៉ុន្តែជំហររបស់លោក សម រង្ស៊ី នៅតែបង្ហាញពីការធ្វើយ៉ាងណាដើម្បីឲ្យមានការផ្លាស់ប្តូរ ក្នុងន័យញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលជាដើម។
សរុបមក គ្មានអ្វីដែលជាមន្ទិលសង្ស័យទៀតឡើយ ដែលថា លោក កឹម សុខា ឬលោក សម រង្ស៊ី ជាប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិចរបស់គណបក្សសង្គ្រោះជាតិនៅរដ្ឋសភានោះ ពីព្រោះគេនៅចាំបានថា លិខិតប្រកាសរបស់រដ្ឋសភាលេខ៦៦៧ ចុះថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០១៥ តាមខ្លឹមសារបានបញ្ជាក់ថា លោក សម រង្ស៊ី បាត់បង់ ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា ដូច្នេះ អាជីពនយោបាយរបស់លោក សម រង្ស៊ី នាពេលនេះគឺបានស្លាប់បាត់ទៅហើយ ហើយរដ្ឋសភាកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ក៏បានចេញសេចក្តីប្រកាសទទួលស្គាល់លោក កឹម សុខា ថា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាជំនួសវិញហើយដែរ។ ក្រុមអ្នកវិភាគលើកជាសំណួរថា តើសកម្មជនគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវសម្រេចចិត្តដើរតាមមេដឹកនាំរូបណា? តើគណបក្សសង្គ្រោះជាតិកំពុងបែកបាក់មែនឬទេ? តើរថយន្តមួយ ប្រើចង្កូតពីរផ្តល់ផលវិបាកអ្វីខ្លះ? តើលទ្ធផលនឹងទៅជាយ៉ាងណា?
សំណួរជាច្រើនខាងលើនេះ សូមទុកជូនប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រឆាំងមេត្តាពិចារណា និងសម្រេចចិត្តដោយខ្លួនឯង ថាទៅឬមិនទៅ៕