Monday, April 27, 2015

សេចក្ដីជូនដំណឹងស្ដីពី លទ្ធផល​នៃកិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥



សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ជួប​សំណេះ​សំណាល​ជាមួយ​និង មន្រ្តីស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា ប្រចាំ​ទីក្រុង​កូឡា​ឡាំពួរ ប្រទេស​ម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ ដែលជាថ្ងៃទី៣នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ច អញ្ជើញចូល​រួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើ​ញ​​​ជួបសំណេះសំណាលជាមួយ សម្តេចព្រះអនុជ អារុណ រស្មី ឯកអគ្គរាជ​ទូតព្រះ​រាជា​ណាចក្រ​កម្ពុជា និងមន្រ្តី បុគ្គលិក នៃស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ដែលមាន​និវេសន​ដ្ឋាន​នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅក្នុងពិធីសំណេះសំណាលប្រកបដោយអត្ថន័យ​យ៉ាងជ្រាលជ្រៅបំផុតនោះ សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរដល់មន្រ្តី បុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជា ដែលបានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបំរើ​ប្រជា​ពលរដ្ឋ រាជរដ្ឋាភិបាល និងប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមក ពិសេសការធ្វើកិច្ច​សហ​ប្រតិ​បត្តិការដ៏ល្អជាមួយនិងសាមីប្រទេស ដែលយើងបំពេញបេសកកម្មការទូត។
ជាមួយនិងកោតសរសើរចំពោះសកម្មភាពនៃការអនុវត្តការងារការទូត សម្តេចតេជោនាយក​រដ្ឋមន្រ្តីមានប្រសាសន៍ក្រើនរំលឹកនិងធ្វើការដាស់តឿនដល់មន្រ្តី និងបុគ្គលិកទូតទាំងអស់ ត្រូវ​បន្តជំរុញទំនាក់ទំនងល្អជាមួយ និងសាមីប្រទេស ពិសេស ត្រូវបន្តតាមដាន​យ៉ាងយក​ចិត្តទុក​ដាក់​បំផុត ចំពោះពលករ និស្សិត និងប្រជាពល​​រដ្ឋកម្ពុជាទាំងអស់ ដែលក្នុងបំពេញ​ការងារ​សិក្សា​រៀនសូត្រនិងស្នាក់អាស្រ័យ ក្នុងប្រទេសម៉ាឡេស៊ី សំដៅយ៉ាងណា ធ្វើអន្តរាគមន៍​ដោះ​ស្រាយឲ្យបានទាន់ពេលវេលា នូវបញ្ហាប្រឈមមួយចំនួនដែលកម្ពុជា អាចធ្វើការ​ដោះ​ស្រាយ​ជាមួយនឹងសាមីប្រទេសបាននោះ។ 
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ជាការ​​ពិត​យើងបានធ្វើកិច្ចសហប្រតិបត្តិ​ការ​ល្អខ្លាំងណាស់ ជាមួយ និងរដ្ឋាភិបាល​និង​ប្រជាជន​ម៉ាឡេស៊ី ប៉ុន្តែបញ្ហាដែលវាបានកើត​ឡើង​គឺមានជនខិលខូចមួយចំនួន ដែលបង្កឲ្យ​មាន​ការលំបាក់ដល់ការអនុវត្តភារកិច្ច ការងារ​របស់មន្រ្តី បុគ្គលិកការទូតរបស់យើងនោះ។
សូមបញ្ជាក់ថា កម្ពុជានិងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយ​គ្នាមានរយៈ​ពេលជិត​៦០ឆ្នាំមកហើយ ប៉ុន្តែចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១ ប្រទេស​ទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត ពិសេសបានធ្វើការផ្លាស់ប្តូរ​ពាណិ​ជ្ជ​កម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងផ្នែកដទៃទៀត មានការរីកចំរើនយ៉ាងឆាប់រហ័ស​ពីមួយឆ្នាំទៅមួយឆ្នាំ។
ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៥៧មក ប្រទេសម៉ាឡេស៊ីបានប្រកាន់យកនូវ​របប​នយោបាយ រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជ្យ និងជាប្រមុខ។
ព្រះមហាក្សត្រត្រូវបានបោះឆ្នោតជ្រើសរើសឡើងក្នុងរយៈពេល ៥ឆ្នាំម្តង ចេញពីរដ្ឋផ្សេងៗគ្នា របស់ ប្រទេសម៉ាឡេស៊ី។ រីឯនាយករដ្ឋមន្រ្តីដែលជាប្រមុខរដ្ឋាភិបាល ត្រូវបានបោះឆ្នោត​ជ្រើស​រើសឡើងតាមរយៈ សមាជិតំណាងរាស្រ្ត ដែលមានអណត្តិការងារសម្រាប់៥ឆ្នាំ។ ឯកឧត្តម ណាជិប រ៉ាហ្សាក់ ជានាយករដ្ឋមន្រ្តី ម៉ាឡេស៊ី បានឡើងកាន់តំណែង​ជានាយករដ្ឋ​មន្រ្តី​កាលពីខែមេសាឆ្នាំ២០០៩។
សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី និងប្រទេសថៃ និងជាប់ ចំណាត់ថ្នាក់ទី២៨ នៅលើពិភពលោក។ ម៉ាឡេស៊ី​ធ្លាប់ជាប្រទេសដែលផលិតដំណាំកៅស៊ូ និងដូងប្រេង ច្រើនជាគេនៅលើពិភពលោក។
រោងចក្រ​កម្មន្តសាលមានឥទ្ធពលធំធេងទៅលើសេដ្ឋកិច្ចម៉ាឡេស៊ី ដែល តំណាងឲ្យជាង៤០% នៃ GDP។ សូមបញ្ជាក់ដែរថា ស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រ ចាំនៅ​ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានបុគ្គលិកបំរើការងារទាំងអស់ មានចំនួន១១រូប។ ស្ថានឯក អគ្គរាជទូតស្ថិតនៅក្នុងតំបន់មួយ នៃស្ថានឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​នៃបណ្តា​ប្រទេសនានា ក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕  



សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី លើកយក​វប្បធម៌​សន្ទនា ប្រាប់​ពលរដ្ឋ​​ខ្មែរ​នៅម៉ាឡេស៊ី

កម្ពុជា​បាន​ក្លាយ​ជា​គំ​រូនា​មុខគេនៃវប្បធម៌​សន្ទនាសម្រាប់​ប្រទេសក្នុង​តំ​បន់ និង​សកលលោក!
សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បានលើកយកវប្បធម៌សន្ទនា ទៅបង្ហាញដល់​ប្រជា​ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសិក្សា និងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ប្រមាណ ជិត​៣០០​នាក់។
ក្នុង​ឱកាសនោះ មេដឹក​នាំគណបក្ស​ទាំង​ពីររូប បានលើកបង្ហាញថា វប្បធម៌សន្ទនា ដែល​បង្កើត​ឡើង​ដោយ​សម្តេច​ និង​ឯកឧត្តម សម រង្ស៊ី ​បាននាំ​មកការ​រីកចម្រើន និងបង្ហាញ​ការ​រួបរួមដ៏អស្ចារ្យមួយនៅកម្ពុជា ដែលគ្មានប្រទេសណាធ្វើដូចឡើយ។ សម្តីនេះ ក៏​ត្រូវ​បាន​គេឃើញ​ ឯកឧត្តម សម រង្ស៊ី បង្ហោះ​ក្នុង​ Facebook របស់ខ្លួន​ដែរ បន្ទាប់​ពី​ឯកឧត្តម សម រង្ស៊ី​បាន​ថ្លែង​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​នូវ​វប្បធម៌​សន្ទនានេះ នៅ​ឯប្រទេស​ម៉ាឡេស៊ី​មក​នោះ។
ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​មក​ជួប​ជុំ​គ្នា​ សម្តេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា លទ្ធផលនៃ​ការបង្កើត​ឡើងនូវ​វប្បធម៌​សន្ទនានេះ ជាជំហានថ្មីមួយទៀត ដែលជនជាតិកម្ពុជា​ខ្លួនឯងផ្ទាល់ជាអ្នកបង្កើតឡើង បន្ទាប់ពីការ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះឈ្នះ មកនោះ។
សម្តេចតេជោ បានបញ្ជាក់ថា «នេះជាបទពិសោធន៍ថ្មីមួយទៀតរបស់កម្ពុជា ដើម្បីឲ្យអន្តរជាតិ​មើលឃើញ ហើយក៏មិនមាន​ប្រទេសណា​មួយ អាចធ្វើបានដូចជាកម្ពុជា​យើងនេះ​បាន​នោះ​ទេ»
ការ​ថ្លែង​បែប​នេះ​ របស់​សម្តេច​តេជោ គឺ​អាច​និយាយបាន​ថា បើ​ក្រឡេក​មើល​នៅ​លើ​ពិភព​លោក មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ដែល​គណបក្ស​ក្នុង​រាជ​រដ្ឋាភិបាល និង​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល រួប​រួម​គ្នា​ និយាយ​គ្នាបាន​ដ៏​ល្អ និង​មាន​កិច្ច​សហការ​គ្នា ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​សំ​ខាន់​ៗ​កៀកស្មាគ្នា ល្អូក​ល្អឺន និងអាច​​ដោះ​ស្រាយ​បញ្ហា​សម្រាប់​ជូន​ជាតិ​ជា​មួយ​គ្នា​គួរ​ជា​ទី​មោទនៈបំ​ផុត។
នៅឯប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ដៃ​គូសន្ទនាដ៏​ល្អ ឯកឧត្តម សម រង្ស៊ី​ បានថ្លែងថា មិនយូរ​មិនឆាប់ កម្ពុជានឹងទទួលបានភាពរីកចម្រើន តាមរយៈផ្លែផ្កានៃវប្បធម៌សន្ទនាគ្នានេះ ដែលអ្នក​នយោបាយលែងហែកហួរគ្នា និងនាំគ្នាងាកមកនិយាយគ្នាពីអ្វី ដែលជាការស្ថាបនាជាតិ និង​ការរីកចម្រើនរបស់ប្រជាជនកម្ពុជាទាំងអស់៕




កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៦ បាន​ប្រារព្ធ​​ពិធី​បើក​​ប្រជុំ​ជា​​ផ្លូវ​​ការ​ហើយ!

កិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧មេសា នៅ​សាល​សន្និសីទទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាលនៃប្រទេស​អាស៊ាន​ទាំង​១០ រួមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់​ក្តៅ​​និង​ស្និត​ស្នាល​ រាក់ទាក់បំផុតពី ឯកឧត្តម ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជា​ប្រធាន​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី២៦ និងលោកជំទាវ។
ពិធីបើកកិច្ចប្រជុំកំពូលនេះដែរ ក៏បានការអញ្ជើញ ចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់ខ្ពស់សភានៃប្រទេសអាស៊ានទាំង១០ ឥស្សរជន ឆ្នើមអាស៊ាន វិស័យឯកជន យុវជន និងអង្គការសង្គមស៊ីវិលអាស៊ានជាច្រើនរូប។
សូមបញ្ជាក់ដែរថា គណៈ​ប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញអម​ដំណើរ​សម្តេច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី២៦ នៅទីក្រុងកូឡាឡាំពួរ នាពេលនេះរួមមាន ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋ​មន្រ្តី​និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯក​ឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនិងជារដ្ឋមមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហង់ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ាន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គ​លេ​ខា​ធិ​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឯក​ឧត្តម ស៊្រី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋ​មន្រ្តីប្រតិភូអមនាយករដ្ឋ​មន្រ្តី ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋ​លេខាធិការ​ក្រសួង​ការពារជាតិ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួង​ការបរទេស និងសហ​ប្រតិបត្តិ​ការអន្តរជាតិ សម្តេចព្រះអនុជ នរោត្តម អារុណ រស្មី ឯកអគ្គរាជទូត​ព្រះរាជា​ណា​ចក្រ​កម្ពុជា ប្រចាំ​ប្រទេសម៉ាឡេស៊ី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាគណៈប្រ តិភូ​អម​ដំណើរ​ជាច្រើនរូបទៀត។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ បានប្រារព្ធពិធីបើករបស់ខ្លួន តាមរយៈការគោរពទង់​ និង​ភ្លេងអាស៊ាន រួមទាំងការទស្សនាការសំដែងសិល្បៈមហាជនផងដែរ។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ ឯកឧត្តម ណាជីប រ៉ាហ្សាក់ នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦មានប្រសាសន៍ថា ប្រទេស​និងប្រជាជនម៉ាឡេស៊ី បានទន្ទឹងរង់ចាំការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននេះ រយៈ​ពេល១០ឆ្នាំមកហើយ ហើយក្នុងរយៈ​ពេលនេះដែរ ម៉ាឡេស៊ីបានធ្វើខ្លួនរួចជា​ស្រេចហើយ​ក្នុង​ការ​ធ្វើម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ានដែលជា​ភារ​កិច្ចដ៏ខ្ពង់ខ្ពស់បំផុតនោះ។
ឯកឧត្តម ​ប្រធានកិច្ច​ប្រជុំកំពូលអាស៊ានលើកទី២៦ មានប្រសាសន៍បន្តថា  ឆ្នាំ២០១៥នេះ​គឺជាព្រឹត្តិ​ការណ៍ប្រវត្តិសាស្រ្តសម្រាប់អាស៊ាន ជាមួយនិងទស្សនៈក្នុងការបង្កើត​សហគមន៍​អា​ស៊ាន ដែលនិងលេច​ចេញជារូបរាងឡើងនៅក្នុងខែធ្នូខាងមុខ។ ឯកឧត្តមប្រធាន​កិច្ច​ប្រជុំកំពូល​អា​ស៊ាន មាន​ប្រសាសន៍បន្តថា តាមរយៈការបង្កើតឡើងនូវសហគមន៍តែមួយនោះ វានិងក្លាយជា​មូលដ្ឋាន​ក្នុងការ​ពង្រឹងការឯកភាពរបស់អាស៊ានបន្ថែមទៀត និងពង្រឹងសមាហរណ​កម្ម​សម្រាប់​រយៈពេល១០​ឆ្នាំទៅមុខ​ទៀត​។
នៅក្នុងសុន្ទរកថានៃ ​ពិធីបើកកិច្ចប្រជុំនោះដែរ ឯកឧត្តមនាយករដ្ឋ​មន្រ្តី និងជាប្រធានកិច្ចប្រជុំ​កំពូល​អាស៊ាន មានប្រសាសន៍​បញ្ជាក់បន្ថែមថា បណ្តាមេដឹកនាំទាំងអស់ ត្រូវតែខិតខំស្វែង​រកមធ្យោបាយ​ដើម្បី​ធ្វើឲ្យអាស៊ាន មានភាព​ស្អិតរមួតបន្ថែមទៀតខាងផ្នែកនយោបាយ។
ឯកឧត្តម ណាជីប រ៉ាហ្សាក់ មានប្រ​សា​សន៍បន្តថា វិនិយោគិន នៅលើពិភពលោក ចាប់​អារម្មណ៍​ខ្លាំងនៅលើតែប្រទេសចិន និងឥណ្ឌា តែអាស៊ាន​ត្រូវ​​តែខិតខំប្រជែងដើម្បីតំណែង​នោះ​​នៅក្នុងតំបន់។
នៅក្នុងសុន្ទរកថានោះដែរ ឯកឧត្តមប្រធានមាន​ប្រ​សាសន៍បន្តថា ជា​មួយ​និងការប្រជែង​លើ​ផ្នែកសេដ្ឋកិច្ច យើងបន្តខិតខំនិងយកចិត្តទុកដាក់ទាំងអស់គ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅនិង​ការប្រែបម្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងទៅនិងអំពើភេរវកម្ម ក្រុម​ជ្រុល​និយម រួមទាំង​បញ្ហាផ្សេងៗទៀត ដែលយើងទាំងអស់គ្នាបន្តយក​ចិត្តទុក​ដាក់ដូចគ្នា៕




    

រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ជំនួយ​សង្គ្រោះ​មនុស្សធម៌​ចំនួន​ ១០០,០០០ ​ដុល្លារ​អាមេរិក ដល់​នេប៉ាល់



សម្តេច​​​តេជោ ហ៊ុន សែន ​និង​ឯកឧត្តម សម រង្ស៊ី ​លើក​យក​វប្បធម៌​សន្ទនា ទៅបង្ហាញ​ដល់​​ប្រជា​​ពលរដ្ឋខ្មែរ​ ​ប្រទេស​ម៉ាឡេស៊ី

អ្នក​ម្នាង​​ផល្លា ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​ បណ្តាល​​​ឲ្យរបួស​ក្បាលធ្ងន់​ធ្ងរ

សេចក្តី​រាយការណ៍​ពី​ក្រុម​ការងារ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច បាន​ឲ្យ​ដឹងថា ព្រះអង្គម្ចាស់​​ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង​ អ៊ុក ផល្លា បាន​បញ្ជូន​ទៅព្យាបាលជម្ងឺ​នៅមន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​បាង​កក ប្រទេសថៃហើយ​ កាលពីថ្ងៃ​អាទិត្យម្សិល​មិញ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥​ នៅ​ឯខេត្ត​កំ​ពង់​ចាម​ បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី​បុកពេញ​ទំ​ហឹង​។
បន្ទាប់​ពី​ហេតុ​ការណ៍​កើត​ឡើងមក​នោះ លោក ញ៉េប ប៊ុន​ជិន អ្នកនាំ​ពាក្យ​គណបក្សហ្វុន​ស៊ីន​ប៉ិច បាន​ហៅករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នេះដោយផ្តោតការសង្ស័យថា អាចជា​ប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ  គឺ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​សម្តេ​ក្រុម​ព្រះ​នរោត្តម​រណឬទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ្វុន​ស៊ីន​ប៉ិច ប៉ុន្តែ មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា ជា​ឧបទ្ទ​វហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ដោយ​ចៃ​ដន្យ បង្ក​ឡើង​ដោយ​ការ​ធ្វេសប្រហែសរបស់​អ្នក​បើក​បរ នៃ​ភាគី​បង្ក​ហេតុ។
សូម​ជម្រាប​ថា បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ភ្លាម​ ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឬទ្ធ និង​អ្នក​​ម្នាង​ អ៊ុក ផល្លា ត្រូវ​បាន​ដឹក​បញ្ជូន​មកសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ រ៉ូយាល់ រតនៈ ស្ថិត​នៅរាជធានី​ភ្នំពេញ​ ។
អ្នកនំាពាក្យគណបក្ស​ ហ៊្វុន​ស៊ិនប៉ិច  លោក ញ៉េប ប៊ុនជិន បានអះអាងថា មកដល់ពេលនេះ​ស្ថានភាពរបួសរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងអ្នក​ម្នាង​ ផល្លា បានភាពធូរស្រាល​ជាងមុន ។ «តាមពិត​ទៅ​សម្តេចក្រុមព្រះ ព្រះអង្គគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែប៉ះពាល់​បន្តិច​ប៉ុណ្ណោះ​ ហើយ​អ្នក​ម្នាង​ អ៊ុក ផល្លា រង​របួសក្បាលធ្ងន់​។ តែគណបក្សហ៊ុនស៊ីនប៉ិច ត្រូវ​តែយាង​ព្រះអង្គ​ទៅ​ព្យាបាល​នៅថៃទៅ ដើម្បី​ឲ្យ​អស់​ចិត្ត ព្រោះ​តែការ​បារម្ភ​ពី​ព្រះអង្គ​  » ។ 
ព្រះអង្គ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ៦នាក់​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ខណៈក្បួន​រថយន្ត​របស់ព្រះអង្គ​ម្ចាស់នរោត្តម រណ​ឫទ្ធិ ត្រូវ​បាន​បុក​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​រថយន្ត​ដឹក​ដី​ធុន​ធំ​១គ្រឿង កាលពី​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​។ ហេតុការណ៍​គ្រោះ​ថ្នាក់​បាន​កើតឡើង​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិព្រៃ​ខ្វិត ឃុំខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដោយ​រថយន្ត​ដឹកដី​បាន​ចូល​កាត់​ក្បួន​រថយន្ត​ព្រះអង្គ​ម្ចាស់​ នរោត្តម រណ​ឫទ្ធិ ក្នុងដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ។
ទាក់ទង​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​លោក ញ៉េប ប៊ុនជិន បាន​អះ​អាង​ថា រឿងនេះមិន​មែន​ជារឿង​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ធម្មតា​នោះឡើយ​ ដោយ​លោក​សង្ស័យ​ថា មានពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​។​ អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​យ៉ាងនេះថា ៖ « ពេលនេះមេធាវីកំពុង​រៀបចំ​នីតិវិធី​ ដើម្បី​​ដាក់​ពាក្យបណ្តឹង​ហើយ។ រឿងនេះ មិនធម្មតាទេ វាអាចជារឿង​នយោបាយ ព្រោះ​ក្បួនរថយន្ត​សម្តេច​ក្រុម​ព្រះ ធ្វើដំណើរមានឡានស៊ីរ៉ែន ដែលបើក​បរយឺតតែ ៣០ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ហេតុ​អ្វីឡាន​ដឹកដី​នោះ​មក​បុក ? សុទ្ធតែមានចេត​នា​ទុក​ជាមុន​ហើយ ។ ប៉ុន្តែ ទោះ​យ៉ាង​ណា លោក ញ៉េប​ ប៊ុន​ជិន មិនអាចហ៊ាន​សន្និដ្ឋាន​បាន​ទេថា គណបក្ស​នយោ​បាយ​ ឬ​ក្រុម​ណាមួយ​ចង់​ធ្វើ​ឃាត​សម្តេ​ចក្រុម​ព្រះ​​ បានទេ ទុកឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រឿង​នេះ​រក​ការពិត​ ។
សូម​បញ្ជាក់​ផង​ដែរថា កាលពីព្រឹក​ថ្ងៃទី​២៥ ខែមេសា ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច រួមជាមួយឯកឧត្តម ញឹក ប៊ុនឆៃឯកឧត្តម កែវ ពុទ្ធរស្មី នឹង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត បាន​ចូល​រួម​ក្នុងពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំក្រោម​ជាតិ និងពល​រដ្ឋ​ដែលគាំទ្រ​គណបក្ស​នៅក្នុងមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយ​គ្រោះ​ថ្នាក់​ចរាចរ​នេះ​​ បាន​កើត​មានឡើង​បន្ទាប់​ពី​ក្បួន​រថយន្ត​ធ្វើ​ដំ​ណើរពី​ខេត្តកំ​ពង់​ចាម ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ​ក៏​ជួប​ឧបទ្ទ​វ​ហេតុ​ពាក់​កណ្តាល​ផ្លូវ​។

សមត្ថកិច្ច ​ស្រុក​ព្រៃ​ឈរ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ហេតុ​ជា​អ្នក​បើក​រថយន្ត​ដឹក​ដី​ ត្រូវ​បាន​ស្រាវ​ជ្រាវ​​កំ​ណត់​មុខសញ្ញាបាន​ហើយ នៅ​ពេល​នេះ​សមត្ថកិច្ច​កំ​ពុង​ស្វែង​រក​ចាប់​ខ្លួន​ ដើម្បី​ដំ​ណើរ​ការ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ ខណៈដែល​ម្ចាស់​រថយន្ត​ដឹក​ដីជាតំ​ណាង​ក្រុម​ហ៊ុនផ្ទាល់​បាន​ចូល​បំ​ភ្លឺ​នៅ​ ចំ​ពោះមុខសមត្ថកិច្ច​ខេត្ត​​​កំ​ពង់​ចាម​រួចហើយ ដោយ​ម្ចាស់​រថយន្តដឹក​ដីបាន​ឲ្យ​ដឹង​ថា អ្នក​បើក​បររថយន្ត​ដឹក​ដី​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ មាន​ឈ្មោះ ឈឿន រ៉ុន អាយុ២២ឆ្នាំ​ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ហើយ​ទើប​នឹង​​ចូល​ធ្វើ​ការ​បើក​បរឲ្យ​ក្រុម​ហ៊ុន​លោកកាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៥ ដែល​ទទួល​ប្រាក់ឈ្នួល​តម្លៃ​២ម៉ឺន​រៀល​ក្នុង​១ថ្ងៃ​។ នៅ​ពេល​នេះ អ្នក​បើក​បរ​រូប​នោះ បាន​និង​កំ​ពុង​រត់​គេស​ខ្លួន​៕


លោក ខឹម វាសនា ប្រធាន​​គណបក្ស LDP ប្រតិកម្ម​​នឹង​​សម្តី​​របស់​​អ្នក​នាំពាក្យ​ក្រសួង​​យុត្តិធម៌

បន្ទាប់ពី​ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានបង្ហោះសារខ្លីមួយ​​តាមរយៈ​បណ្ដាញ​​សង្គម​ហ្វ៊េ​សប៊ុករបស់​លោក ​ថា«  លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពុំ​មាន​ជាប់​សាច់ញាតិ​ជាមួយ​ឯកឧត្តមបណ្ឌិត​រដ្ឋជាម យៀប ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ហើយ​លោក​នឹង​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ ប្រសិ​នបើ លោក​ខឹម វាសនា ដើរ​អះអាង និង​ប្រើប្រាស់​ឈ្មោះ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ»  ជា​ការ​ឆ្លើយតបនឹង​សារដែល​បាន​បង្ហោះ​នេះ  លោក​ខឹម វាសនា ប្រធាន​គណបក្ស​សំ​ឡេង​ជួង​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP បាន​ប្រតិកម្ម​តប​វិញ​ថា ការប្រកាស​របស់​លោក​គឹម សន្តិភាពនេះ ​ជា​ការជួយ​រូប​លោក​ទៅ​វិញ​ទេ ក្នុងការ​លុប​បំបា​ត់បុ​គ្គល​លាប​ពណ៌​។​
​លោក​ ខឹម វាសនា បាន​ចំ​អកវិញដោយ​ចង់​បញ្ជាក់​ថា លោក​មិន​ជាប់​សាច់ឈាម​អ្វី​ជាមួយ​ឯកឧត្តម ជាម​ យៀប​ទេ ដោយ​លោក ខឹម វាសនា ពន្យល់​ថា ការដែល​លោក ​គឹម សន្តិភាព កូនប្រសា​ររ​បស់​លោក ជាម យៀប ចេញ​មក​ធ្វើ​ការអះអាង​បែបនេះ​​ គឺ​ដូចជា​ជួយ​រូបលោក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជឿ​លើ​ឥទ្ធិពល​នៃ​ការ​លាប​ពណ៌បាន​ជ្រះ​ស្រឡះ ព្រោះ​មាន​មនុស្ស​​ច្រើនណាស់​ដែល​លាប​ពណ៌​ថា​រូប​លោក​ជា​ក្មួយ​របស់​លោក​ជាម យៀប​។
លោក​ខឹម វាសនា បានឲ្យដឹង​ទៀតថា លោក​គាំទ្រ​ចំពោះ​ពាក្យ​សម្ដី​ដែល​លោក​គឹម សន្តិភាព បាន​លើកឡើង​ថា  បើសិន​រូបលោក​បាន​យក​ឈ្មោះ​របស់​លោក ជាម យៀម ទៅ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ សូមឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រចុះ​។ លោក​ក៏​បាន​បញ្ជាក់ដែរថា ប្រសិនបើ​មនុស្ស​ខូច​ដើរ​យក​ឈ្មោះ​គេ​លាប​ពណ៌​បែប​នោះ ​គឺ​សម​នឹងចាត់វិធានការ​។
សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៥ ឯកឧត្តម ​គឹម សន្តិភាព អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​យុត្តិធម៌ ​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​​ហ្វ៊េ​សប៊ុក​ផ្ទាល់​ខ្លួន​លោក​ថា « សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាបថា លោក ខឹម វាសនា ពុំ​មាន​ជាប់​សាច់ញាតិ​ជាមួយ​ឯកឧត្តម​បណ្ឌិត​រដ្ឋ ជាម យៀប ទេ​!​កន្លងមក​តែងតែ​មាន​ការ​ភ័ន្តច្រលំ​លើ​ករណី​នេះ​!​តែបើ​បុគ្គល ខឹម វាសនា ដើរ​អះអាង ឬ​ប្រើប្រាស់​ឈ្មោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ដើម្បី​ការពារ​ខ្លួន​ ឬ​ដើម្បី​ផលប្រយោជន៏​អ្វី​មួយ​របស់​ខ្លួន​នោះ ​សូម​សមត្ថកិច្ច​មេត្តា​ចាត់វិធានការ​ តាម​ផ្លូវច្បាប់​!»។
សម្តី​នេះហើយ​ ដែល​បណ្តាល​ឲ្យ​ លោក ខឹម​ វាសនា ចេញ​​មុខមក​បកស្រាយ​ ប៉ុន្តែ គេនៅមិន​ទាន់​ដឹង​ថា តើ​មាន​ហេតុ​ផលអ្វី​ពី​ខាង​ដើម ដែល​បណ្តាល​ឲ្យ​ ឯកឧត្តម គឹម សន្តិភាព​ បង្ហោះ​ខ្លឹម​សារ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​លោក ខឹម​ វាសនា និង​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​ដាក់​គ្នា​នេះ​ទេ។
បន្ទាប់​ពី​មាន​ការឆ្លើយឆ្លង​ដោយ​ពាក្យ​សម្តី​ដាក់​គ្នា​ គេបាន​ឃើញ​ថា អ្នក​គាំ​ទ្រ លោក ខឹម​វាសនា ចេញ​មក​គាំ​ទ្រ​មេបក្ស​របស់​គេតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ហ្វេសប៊ុក ប៉ុន្តែ ឯកឧត្តម គឹម សន្តិភាព​ បាន​បន្ត​ឆ្លើត​តប​វិញ​ថា មិននឹកស្មានថាសកម្មជនLDP ពូកែជេរគ្រាន់បើ! សូមបើកភ្នែកអោយធំ សម្លឹងមើលអត្ថន័យ​របស់ខ្ញុំអោយបានច្បាស់លាស់! ត្រង់ណាដែល​ថាខ្ញុំចោទប្រធានLDP នោះ?
សូមមើលអត្ថន័យសម្តីរបស់ខ្ញុំនៅលើFacebook page ខ្ញុំ! សូមកុំច្រលំនឹងសម្តីរបស់សារពត៌មាន!

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យ​ឯកឧត្តម Leung Chun Ying អភិបាល​ក្រុង​ហុង​កុង ចូលជួប​សំដែងការគួរ​សមពិ​ភាក្សា​ការងារ

សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យឯកឧត្តម Leung Chun Ying អភិបាលក្រុងហុងកុង ចូលជួបសំដែងការគួរសមពិភាក្សាការងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ ទៅកាន់អភិបាលក្រុងហុងកុង ក្នុងជំនួបនៅទីក្រុងកូឡាឡាំពួរ ព្រឹកថ្ងៃទី២៦ ខែមេសាថា ការចរចាស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន‑ ហុងកុង នឹងចេញជារូបរាង​នៅពេល​ខាងមុខ ដើម្បីឲ្យអាស៊ានកាន់តែមានទីផ្សារធំឡើងនៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម Leung Chun Ying អភិបាលក្រុងហុងកុង មានប្រសាសន៍ថ្លែងនូវអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅបំផុត ជូនចំពោះប្រទេសកម្ពុជាដែលបានផ្តួចផ្តើមគំនិតបង្កើតឲ្យមាននូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន‑ ហុងកុង បានចេញជារូបរាងនៅពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ហុងកុង គឺជាច្រកចេញដ៏ធំរបស់អាស៊ាន ដូចនេះការ​ចរចា​បង្កើឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ហុងកុង គឺជាភាពចាំបាច់ ដែល​ត្រូវ​តែអនុវត្តនៅពេលខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា កម្ពុជា​ឥឡូវនេះ​កំពុងតម្រង់ទិសទៅកាន់ទីផ្សារក្រៅតំបន់ ដូចជាអាមេរិក និងអឺរ៉ុប ដូចនេះ​ការបង្កើន​កិច្ចសហប្រតិបត្តិការជាមួយហុងកុង គឺជាភាពចាំបាច់សម្រាប់កម្ពុជា។
សម្តេច​តេជោ​បន្តថា កន្លងមកកម្ពុជាមានទំហំពាណិជ្ជកម្មជាមួយនិង បណ្តាប្រទេសនានា ក្នុងរង្វង់​ទឹកប្រាក់ត្រឹមតែជាង១០០លានដុល្លាអាមេរិក ឥឡូវកម្ពុជាមានទំហំពាណិជ្ជកម្ម​កើន​ឡើង​​ខ្ពស់​ជាមួយប្រទេសក្នុងតំបន់ ក្នុងនោះទំហំពាណិជ្ជកម្ម មានជាងមួយថៃ ៤ពាន់​លាន​ដុល្លា ជាមួយ​វៀតណាមមានជិត៤ពាន់លាន និងជាមួយចិនខិតខំជំរុញឲ្យមានការ កើនឡើង​រហូតដល់​៥ពាន់លានដុល្លា នៅឆ្នាំ២០១៧ ដោយឡែកជាមួយហុងកុងមានជាង២ពាន់លានដុល្លា និង​ទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មានជាងពាន់៥០០លានដុល្លា។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ឯកឧត្តម អភិបាលទីក្រុង​ហុងកុងដឹកនាំគណៈប្រតិភូទីក្រុង ហុងកុង ទៅកាន់ប្រទេសកម្ពុជា តាមរយៈ​ការបង្កើត​នូវ​វេទិកាធុរៈកិច្ចកម្ពុជា ហុងកុង នៅកម្ពុជា។
ឯកឧត្តម Leung Chun Ying អភិបាល​ក្រុងហុងកុង មានប្រសាសន៍ថា ឯកឧត្តមនឹង​ខិតខំ​ជំរុញកិច្ចការនោះឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបានដើម្បីជំរុញកំណើនពាណិជ្ជកម្ម​កម្ពុជា ហុងកុង ឲ្យកាន់តែមានទំហំទ្វេឡើងថែមទៀត។ ឯកឧត្តមមានប្រសាសន៍បន្តថា ឯកឧត្តមមានមិត្តភក្តិ និងអ្នកទេសចរណ៍ជាច្រើនបានទៅកាន់កម្ពុជា ពួកគេបាននិយាយពី​ការ​រីកចំរើន ពីសក្តានុពលដ៏ល្អរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជា​និង​ហុងកុងមានសក្តានុពលជាច្រើនក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ពិសេស​យើងមានជើងហោះហើរត្រង់ពីហុងកុងមកកាន់រាជធានីភ្នំពេញ ប៉ុន្តែសម្តេចចង់​ឃើញ​ការ​ហោះ​ហើរត្រង់ពីហុងកុង ទៅកាន់សៀមរាប ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍​មាន​កាន់តែមានទំហំទ្វេឡើងថែនទៀត។
ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមអភិបាលក្រុងហុងកុង បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ពីការ​បង្កើន​កិច្ចសហប្រតិបត្តិការ នៃការធ្វើទំនាក់​ទំនង​ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរឲ្យកានតែមាន​ការរីកចំរើន​ទ្វេ​ឡើង​ថែមទៀត។