Monday, April 27, 2015

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី លើកយក​វប្បធម៌​សន្ទនា ប្រាប់​ពលរដ្ឋ​​ខ្មែរ​នៅម៉ាឡេស៊ី

កម្ពុជា​បាន​ក្លាយ​ជា​គំ​រូនា​មុខគេនៃវប្បធម៌​សន្ទនាសម្រាប់​ប្រទេសក្នុង​តំ​បន់ និង​សកលលោក!
សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បានលើកយកវប្បធម៌សន្ទនា ទៅបង្ហាញដល់​ប្រជា​ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសិក្សា និងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ប្រមាណ ជិត​៣០០​នាក់។
ក្នុង​ឱកាសនោះ មេដឹក​នាំគណបក្ស​ទាំង​ពីររូប បានលើកបង្ហាញថា វប្បធម៌សន្ទនា ដែល​បង្កើត​ឡើង​ដោយ​សម្តេច​ និង​ឯកឧត្តម សម រង្ស៊ី ​បាននាំ​មកការ​រីកចម្រើន និងបង្ហាញ​ការ​រួបរួមដ៏អស្ចារ្យមួយនៅកម្ពុជា ដែលគ្មានប្រទេសណាធ្វើដូចឡើយ។ សម្តីនេះ ក៏​ត្រូវ​បាន​គេឃើញ​ ឯកឧត្តម សម រង្ស៊ី បង្ហោះ​ក្នុង​ Facebook របស់ខ្លួន​ដែរ បន្ទាប់​ពី​ឯកឧត្តម សម រង្ស៊ី​បាន​ថ្លែង​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​នូវ​វប្បធម៌​សន្ទនានេះ នៅ​ឯប្រទេស​ម៉ាឡេស៊ី​មក​នោះ។
ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​មក​ជួប​ជុំ​គ្នា​ សម្តេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា លទ្ធផលនៃ​ការបង្កើត​ឡើងនូវ​វប្បធម៌​សន្ទនានេះ ជាជំហានថ្មីមួយទៀត ដែលជនជាតិកម្ពុជា​ខ្លួនឯងផ្ទាល់ជាអ្នកបង្កើតឡើង បន្ទាប់ពីការ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះឈ្នះ មកនោះ។
សម្តេចតេជោ បានបញ្ជាក់ថា «នេះជាបទពិសោធន៍ថ្មីមួយទៀតរបស់កម្ពុជា ដើម្បីឲ្យអន្តរជាតិ​មើលឃើញ ហើយក៏មិនមាន​ប្រទេសណា​មួយ អាចធ្វើបានដូចជាកម្ពុជា​យើងនេះ​បាន​នោះ​ទេ»
ការ​ថ្លែង​បែប​នេះ​ របស់​សម្តេច​តេជោ គឺ​អាច​និយាយបាន​ថា បើ​ក្រឡេក​មើល​នៅ​លើ​ពិភព​លោក មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ដែល​គណបក្ស​ក្នុង​រាជ​រដ្ឋាភិបាល និង​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល រួប​រួម​គ្នា​ និយាយ​គ្នាបាន​ដ៏​ល្អ និង​មាន​កិច្ច​សហការ​គ្នា ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​សំ​ខាន់​ៗ​កៀកស្មាគ្នា ល្អូក​ល្អឺន និងអាច​​ដោះ​ស្រាយ​បញ្ហា​សម្រាប់​ជូន​ជាតិ​ជា​មួយ​គ្នា​គួរ​ជា​ទី​មោទនៈបំ​ផុត។
នៅឯប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ដៃ​គូសន្ទនាដ៏​ល្អ ឯកឧត្តម សម រង្ស៊ី​ បានថ្លែងថា មិនយូរ​មិនឆាប់ កម្ពុជានឹងទទួលបានភាពរីកចម្រើន តាមរយៈផ្លែផ្កានៃវប្បធម៌សន្ទនាគ្នានេះ ដែលអ្នក​នយោបាយលែងហែកហួរគ្នា និងនាំគ្នាងាកមកនិយាយគ្នាពីអ្វី ដែលជាការស្ថាបនាជាតិ និង​ការរីកចម្រើនរបស់ប្រជាជនកម្ពុជាទាំងអស់៕




No comments:

Post a Comment