Monday, April 24, 2017

នាយករដ្ឋមន្រ្តីវៀតណាម នឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃស្អែក

ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នឹងអនុញ្ញាតឱ្យ លោក ង្វៀង សួនហ្វ៊ុក (NguyenXuanPhuc) នា​យក​រដ្ឋមន្រ្តីវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់រដ្ឋសភា។
គួរបញ្ជាក់ថា លោក ង្វៀន សួនហ្វ៊ុក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយកម្ពុជាផងដែរ។
គួររំលឹកផងថា នៅព្រឹកមិញនេះ លោកបានអញ្ជើញធ្វើជាសហអធិបតី ក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕

ប្រធាន​កាកបាទក្រហមកម្ពុជា​ សម្រេចផ្តល់ថវិកា​ចំនួន ៥០,២៥៦​ដុល្លារអាមេរិក​ ដើម្បីខួង​ អណ្តូងទឹកស្អាតចំនួន១៨បន្ថែមទៀត

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៥០,២៥៦ដុល្លារអាមេរិក (ប្រាំម៉ឺនពីររយហាសិបប្រាំមួយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាតចំនួន ១៨បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៤៩គ្រួសារ ស្មើនឹងមនុស្ស ១,៧៧៤នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ក្នុងភូមិចំនួន ៦ ឃុំចំនួន ៣ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង បានទទួលអណ្តូងទឹកស្អាត ពីកាកបាទក្រហមកម្ពុជា សរុបចំនួន១០៥អណ្តូង ដែលបានជួយដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋរស់នៅទីដាច់ស្រយាលខ្វះខាតទឹកប្រើប្រាស់ បានរាប់ពាន់គ្រួសារផងដែរ៕



លោក សាយ ឈុំ៖ កម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញ ទើបតែជាង១៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​យើងមានការ​អភិវឌ្ឍរីក​ចម្រើនទាំង​ផ្នែកអាណាចក្រ​ និងពុទ្ធចក្រ​ គួរជាទីមោទនៈ​

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានថ្លែងជម្រាបអង្គពិធីថា “វត្តអង្គបឹងចក ក៏ដូចជាវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ គឺត្រូវបានកំទេចដល់ឬសគល់ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។
ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា តាមរយៈមហាជ័យជម្នះ នាថ្ងៃទី៧ មករា ១៩៧៩ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិស័យ ជំនឿ និងសាសនា វត្តអារាម ទីសក្ការៈបូជានានា ត្រូវបានរស់ឡើងវិញ។ កម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញទើបតែជាង១៩ឆ្នាំប៉ុណ្ណោះ តែយើងមានការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ គួរជាទីមោទនៈ។  វិស័យព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រះពុទ្ធសាសនា ក៏ជាមាគ៌ាដ៏ប្រពៃ ក្នុងការបំបាត់អំពើហឹង្សា ការប្រទូស្តរ៉ាយ ការប្រព្រឹត្តអំពើទុច្ចរិត និងអំពើអានាចារ្យផ្សេងៗ ព្រះពុទ្ធសាសនា នៅកម្ពុជាធានាបាននូវសុខដុមនីកម្ម រវាងជំនឿ និងសាសនា ទាំងអស់ដោយគ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ”។
ប្រធានព្រឹទ្ធសភាបានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់ថ្នាក់ ពុទ្ធបរិស័ទ និងប្រជាជនយើងទាំងអស់ចូលរួមថែរក្សាការពារអភិរក្ស និងបន្តអភិវឌ្ឍវត្តអង្គបឹងចករបស់យើង អោយមានការរីកចម្រើនប្រកបដោយចីរភាព ដើម្បីជាគុណប្រយោជន៍សម្រាប់បម្រើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាទីពឹងអាស្រ័យរបស់ពុទ្ធសាសនិកយើងទាំងខាងផ្លូវលោក ទាំងផ្លូវធម៌ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ប្រធានព្រឹទ្ធសភាក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ មេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ អោយបានគ្រប់ៗគ្នា។ លោកបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន បោះឆ្នោតជូនគណបក្សណាដែលបងប្អូនស្រលាញ់ជឿទុកចិត្ត និងដែលស្គាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយដែលតែងតែនៅជាមួយបងប្អូនក្នុងគ្រប់កាលៈទេសៈ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសតំណាងរបស់បងប្អូននៅថ្នាក់មូលដ្ឋាន និងនាំមកនូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដែលបងប្អូនកំពុងរស់នៅ អោយមានការរីកចម្រើនកាន់តែប្រសើរឡើងសម្រាប់អនាគត៕

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំប្រជុំផ្សព្វផ្សាយផែនការ ពង្រឹងកងកម្លាំង នគរបាលខេត្ត




នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ សាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានប្រារព្ធកម្មវិធីប្រជុំផ្សព្វផ្សាយផែនការ ពង្រឹងកងកម្លាំង និងផ្សព្វផ្សាយអនុសាសន៍របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងកងកម្លាំងនគរបាល ក្រោមឱវាទចូលរួមសរុបចំនួន ២៣៨នាក់ (ស្រីចំនួន ១៧នាក់)។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការ បានមានប្រសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
– កែទម្រង់ និងពង្រឹងវិន័យរបស់កងកម្លាំង
-បើកងកម្លាំងរូបណាអសកម្មការងារ និងសេរីមិនអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តន៍វិន័យ និងកាត់ក្របខណ្ឌចេញពីនគរបាលជាតិ។
-បញ្ជីវត្តមានត្រូវយកតាមការិយាល័យ ព្រឹក-ល្ងាច
-មេដឹកនាំត្រូវចេះប្រមូល និងដឹកនាំកងកម្លាំងក្រោមឱវាទយកមកធ្វើការ។
– ត្រួតពិនិត្យបញ្ជីវត្តមាន និងសកម្មភាពការងារ
-កងកម្លាំងទាំងអស់ត្រូវមកធ្វើការអោយបានទៀងទាត់ និងទាន់ពេលវេលា។
– ត្រូវចេះសាមគ្គីភាពគ្នា មិនត្រូវមើលបំណាំគ្នា អនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
-ជម្រុញការងារអត្តសញ្ញាណប័ណ្ណ ដាក់ផែនការណ៍ចុះធ្វើតាមខ្នងផ្ទះ។
-បន្តខិតខំប្រឹងប្រែងបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
-ត្រូវបណ្តុះបណ្តាល កងកម្លាំងក្រោមឱវាទ តាមវគ្គជំនាញ នីមួយ ៗ។
-កងកម្លាំងត្រូវយកចិត្តទុកដាក់រៀនជំនាញ អោយបានគ្រប់គ្រាន់ ៕




ជប៉ុនមានគម្រោងសាងសង់អគ្គកុងស៊ុលនៅក្នុងទឹកដីខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ជប៉ុនមានគម្រោង នឹងសាងសង់អគ្គកុងស៊ុលរបស់ខ្លួនមួយ នៅក្នុងទឹកដីខេត្តសៀមរាប។ ការលើកឡើងបែបនេះរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ណាហ្ស៊ីដា កាហ្សូយ៉ា (Nashida Kazuya) អគ្គនាយកក្រសួងការបរទេសជប៉ុន រួមនឹងគណៈប្រតិភូជាច្រើននាក់ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរ ដែលជប៉ុនបានផ្តល់ជំនួយធនធានមនុស្សដល់កម្ពុជា ក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ។ ក្រោយបញ្ចប់ការពិភាក្សា នៃថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ទាំងពីររូប លោក អ៊ុ សុកាន ជំនួយការផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានថា «ជប៉ុនមានផែនការ សាងសងអគ្គកុងស៊ុល នៅក្នុងខេត្តសៀមរាប ដោយសារតែនៅទីនោះមានចំនួនអ្នកទេសចរជនជាតិជប៉ុនច្រើន ទើបជប៉ុនសម្រេចដាក់ផែនការនៅទីនោះ»។
លោកបន្តថា ប្រទេសជប៉ុនមានគម្រោងអញ្ជើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នៅពេលខាងមុខនេះ ទាំងនេះជាសញ្ញាវិជ្ជមានមួយកម្រិតទៀត ក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង កម្ពុជា-ជប៉ុន។
ក្រៅពីកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ទាំងពីរលើគម្រោង នៃការបង្កើតអគ្គកុងស៊ុល លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងពីការវិនិយោគទុន របស់ជប៉ុនលើទឹកដីកម្ពុជា ដែលមានការបង្កើតផ្សារទំនើប មន្ទីរពេទ្យ ក៏ដូចជាជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ដោយក្រុមហ៊ុនអាកាសចរ អេអ៊ិនអេ ដែលមានតាំងតែពីខែកញ្ញា ឆ្នាំ២០១៦ មកម្លេះ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរម្លឹក និងកោតសរសើរដល់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៦កន្លងទៅនេះ ក្រុមហ៊ុនជប៉ុនបានប្រើទុនរបស់ខ្លួនលើទឹកដីកម្ពុជាមានដល់ទៅ ១,៣០០លានដុល្លារអាមេរិក ដែលនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អមួយរវាងកម្ពុជា និងជប៉ុន៕





នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ៣ថ្ងៃនៅកម្ពុជា

លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីវៀតណាម បានដឹកនាំគណៈប្រតិភូ មកដល់កម្ពុជា នាវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
គណៈប្រតិភូកម្ពុជា ដែលទទួលដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីវៀតណាម នៅព្រលានយន្តហោះ ត្រូវបានដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ ។

សូមជម្រាបផងដែរថា នៅព្រឹកមិញនេះ នាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ៕


ក្រសួងធនធានទឹក​ ជូនដំណឹងដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យមានការប្រុង​ប្រយ័ត្នចំពោះ​ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ដែលអាចកើតមានឡើង

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ អាចនឹងមានភ្លៀងកក់ខែនៅតែបន្តធ្លាក់។
ក្រសួងធនធានទឹក ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលនឹងភ្លៀង (ចាប់ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០១៧) ជាពិសេសនៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ខាងក្រោម៖


គណៈពង្រឹងឃុំនរា ខេត្តបាត់ដំបង ជំរុញឱ្យក្រុមប្រឹក្សាឃុំបម្រើសេវា ជូនពលរដ្ឋដោយឥតលក្ខខណ្ឌ

អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង លោក សែម ស៊ីណង បានប្រាប់ទៅបេក្ខជន ក្រុមប្រឹក្សាឃុំទាំងអស់ថា ត្រូវបម្រើសេវាលើគ្រប់វិស័យ ជូនប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ដើម្បីទទួលបានការស្រឡាញ់ និងគាំទ្រពីពួកគាត់មកវិញ។

លោក សែម ស៊ីណង ថ្លែងបែបនេះ ខណៈពេលចែកមូលនិធិមនុស្សធម៌លោក ស ខេង ដល់ស្រី្តទើបសម្រាលកូន និងគ្រួសារអ្នកមរណៈ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។
លោក សែម ស៊ីណង បានថ្លែងថា « បេក្ខជនក្រុមប្រឹក្សាឃុំយើងទាំងអស់ថា ត្រូវបម្រើសេវាលើគ្រប់វិស័យជូនប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ដើម្បីទទួលបានការស្រឡាញ់ និងគាំទ្រពីពួកគាត់ បានយូរអង្វែងតទៅ ក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត »។

លោកបានបញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវចុះតាមខ្នងផ្ទះសួរសុខទុក្ខប្រជាពលរដ្ឋ ស្វែងយល់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបង្កើតភាពជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅថ្នាក់មូលដ្ឋាន។

ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការអ្វីឡើយ ព្រមទាំងជំរុញឱ្យអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុច ពិសេសការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរប្រើប្រាស់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ជាដើម និងបម្រើសេវាសាធារណៈជូនពួកគាត់ឱ្យបានល្អ ខណៈពេលថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ជិតមកដល់ពេល ឆាប់ខាងមុខនេះ៕


ខ្យល់កន្ត្រាក់ធំមួយ វាយប្រហារចំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បំផ្លាញផ្ទះពលរដ្ឋអស់ជាង១០០ខ្នង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួស៣នាក់

ខណៈខ្យល់កន្រ្តាក់លាយភ្លៀងមួយមេយ៉ាងធំ វាយប្រហារចំមូលដ្ឋានប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង និងដំបូលសាលារៀន២ខ្នង ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ រួមជាមួយបង្គោលភ្លើងអគ្គិសនីមួយដើម ត្រូវរលំដូចគេច្រាន ចំណែកស្រ្តីម្នាក់បានស្លាប់ យ៉ាងអាណោចអាធម និង៣នាក់ទៀតបានរងរបួសធ្ងប់ស្រាល។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ថ្លែងប្រាប់ថាករណីនេះកើតឡើងនៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅឃុំចំនួន៣ ក្នុងស្រុកជាំក្សាន្ត មានឃុំជាំក្សាន្ត ឃុំរំដោះស្រែ និងឃុំយៀង។
លោកថា បាតុភូតធម្មជាតិខ្យល់កន្ត្រាក់លាយឡំភ្លៀងនេះ បណ្ដាលឱ្យរលំផ្ទះទាំងស្រុងចំនួន ១៧ខ្នង របើកដំបូលអស់ចំនួន ៩២ខ្នង រលំបង្គោលភ្លើង១ដើម និងរបើកដំបូលសាលារៀនចំនួន២ខ្នង ព្រមទាំងបណ្ដាលឱ្យស្លាប់ស្ដ្រីម្នាក់ និង៣នាក់ទៀតបានរងរបួស ធ្ងន់ស្រាល៕



ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រគល់សម្ភារៈគោលរបបរបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៦

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រគល់ទទួលសម្ភារៈគោលរបបរបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ផឹង សុខុម ប្រធានក្រុមការងារទី៦ និងជាអនុប្រធាននាយកដ្នានភស្តុភារ និងសម្ភារៈបច្ចេកទេសនៃអគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសហការីអមដំណើរ។
អញ្ជើញទទួលគោលរបប របស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៦នាពេលនោះមាន លោកឧត្តមសេនីយ៍ត្រី ប្រាក់ ចាំ ស្នងការរងនគរបាលខេត្តស្វាយរៀង ទទួលផែនភស្តុភារហិរញ្ញវត្ថុ ជាតំណាងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួម ពីលោកអនុប្រធានការិយាល័យកណ្តាលភស្តុភារ ហិរញ្ញវត្ថុ លោកនាយការិយាល័យ ភស្តុភារ លោកអធិការរងនគរបាលទាំង ៨ក្រុង ស្រុក និងលោកមេបញ្ជាការរងវរៈនគរបាល ការពារព្រំដែនទាំង ២ផងដែរ ៕




ហ្វេសប៊ុកចៅចាក់ស្មុក៖ ជនដែលគួរឱ្យអៀនខ្មាស់បំផុត!

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ​មួយដោយដាក់ចំណងជើងថា «ជនដែលគួរឱ្យអៀនខ្មាស់បំផុត!» ដែលមានខ្លឹមសារ​ដូច​ខាង​ក្រោម៖

ខណៈពលរដ្ឋបារាំងជាង៤៧លាននាក់ ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសបេក្ខជនដែលទទួលបានការគាំទ្រ ច្រើនជាងគេចំនួនពីររូប ទៅប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅជុំទី២ នៅថ្ងៃទី៧ ខែឧសភា ខាងមុខ ដើម្បីសម្រេចថា តើនរណាជាប្រធានាធិបតី ពិតប្រាកដដឹកនាំប្រទេសបារាំង រយៈពេល៥ ឆ្នាំជំនួសប្រធានាធិបតីចេញពីតំណែង ប្រង់ស្វ័រ ហូឡង់, អ្នកន​យោបាយមាន់សម្ល សញ្ជាតិបារាំងដើមកំណើតខ្មែរ សម រង្ស៊ី ដែលចាញ់ការបោះឆ្នោតចាស់វស្សា បានប្រើវិធីសាស្ត្រនយោបាយដដែលដោយភ្ជាប់ខ្លួនទៅនឹងបេក្ខជន និងកេងចំណេញនយោបាយ ដោយបានទស្សន៍ទាយថា បេក្ខជន អេម៉ានុយអែល ម៉ាក្រុង នឹងឈ្នះការបោះឆ្នោតហើយក្លាយជាប្រធានាធិបតីបារាំង នឹងជួយលើផ្នែកសិទ្ធិមនុស្ស និងផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នេះមិនមែនជាលើកទី១ឡើយ ដែលអតីតមេបក្សប្រឆាំងស្ពាយទោសជាប់ខ្លួនបានប្រកាសដូច្នេះ។ ប្រកាសថា បេក្ខជននេះឈ្នះបេក្ខជននោះឈ្នះមិនទាន់ទាំងបោះឆ្នោតផងដូចអ្វីដែលខ្លួនបា និងកំពុងតែប្រកាសថាបក្សសង្គ្រោះជាតិរបស់ខ្លួន ឈ្នះការបោះឆ្នោតខណៈការបោះឆ្នោតមិនទាន់ធ្វើ។ នៅចុងក្រោយនេះ គេចាំបានថា សម រង្ស៊ី ក៏បានប្រកាសពីជ័យជម្នះរបស់លោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ និងបានបរិ​ហារបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ ថាជាជនផ្តាច់ការ អាងទឹកប្រាក់ជាដើម និងរំពឹងយ៉ាងខ្លាំងថារដ្ឋការដឹកនាំដោយលោកស្រីអាមេរិកដែលនឹងជួយប្រទេសកម្ពុជាលើវិស័យផ្សេងៗជាពិសេសដាក់សម្ពាធលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ រឿងរ៉ាវនៃការបោះឆ្នោតនៅប្រទេសបារាំងរង់ចាំការសម្រេចរបស់ពលរដ្ឋប្រទេសនេះតាមរយៈសន្លឹកឆ្នោតប៉ុន្តែតាមរយៈការប្រកាសដោយចំហររបស់ សម រង្ស៊ី នេះអាចឱ្យយើងមើលឃើញចំណុចមួយចំនួន៖

១- សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា លោក អេម៉ានុយអែល ម៉ាក្រុង អនាគតប្រធានាធិបតីបារាំង (ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៧) ដែលនឹងអាចជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ជនជាតិបារាំងម្នាក់បាននិយាយថាបេក្ខភាពប្រធានាធិបតី ម៉ាក្រុង មិនស្គាល់ប្រទេសកម្ពុជាទេ។ សម រង្ស៊ី និយាយមិនដឹងខ្យល់អ្វីទាំងអស់គ្រាន់តែដើម្បីធ្វើប្រជាភិថុតប៉ុណ្ណោះ។ បេក្ខជន ម៉ាក្រុង ក៏មិនដែលស្គាល់ សម រង្ស៊ី ជានរណាដែរតែបុគ្គលនេះ ពិតជាមុខក្រាស់ផ្សាភ្ជាប់ខ្លួនទៅនឹងបុគ្គលល្បីដើម្បីបានថតរូបជា​មួយនិងមកបង្អូតពលរដ្ឋខ្មែរដែលដើរតាមខ្លួនប៉ុណ្ណោះដើម្បីបង្ហាញថាខ្លួនគឺជាជនដ៏ល្បី និងស្គាល់មេដឹកនាំធំៗនៅលើពិភពលោក។ តាមពិតអួតសោះ! គេចាំបានថា នៅអំឡុង ឆ្នាំ២០០២ ពេលដែលលោក ខូលីន ផោវែល រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកមកប្រទេសកម្ពុជា សម រង្ស៊ី ដែលគ្មាននរណាអញ្ជើញនោះបានព្យាយាមជួបលោក ខូលីន ផោវែល ដោយទៅឈរចាំនៅមុខបន្ទប់ ដែលលោក ខូលីន ផោវែល ស្រស់ស្រូបអាហារពេលព្រឹកដើម្បីបានចាប់ដៃ និងថតរូបជាមួយ។ ពេលនោះមតិសាធារណៈរិះគន់យ៉ាងខ្លាំង ខណៈលោក ខូលីន ផោវែល មិនចាប់អារម្មណ៍ចាប់ដៃហើយក៏ដើរចេញ។ នេះគឺជាចរិតធូរថ្លៃរបស់មនុស្សម្នាក់ដែលជនមួយចំនួនលើកតម្កើងខ្ពស់កប់ពពក។

២- សម រង្ស៊ី ទន្ទឹមនឹងប្រកាសខ្លួនឯងថាប្រជាជនបារាំងដើមកំណើតខ្មែរ នឹងបោះឆ្នោតជូនបេក្ខភាព អេម៉ានុយអែល ម៉ាក្រុង ក៏បានអំពាវនាវដល់ប្រជាជនបារាំងដើមកំណើតឡាវ និងដើមកំណើតរវៀតណាមធ្វើជម្រើសដូចខ្លួនដែរ។ តើ សម រង្ស៊ី មានចំណងទាក់ទងអ្វីនឹងប្រជាជនបារាំងដើមកំណើតឡាវ ជាពិសេសដើមកំណើតជនជាតិវៀតណាមទាំងនោះបានជាធ្វើការអំពាវនាវឱ្យពលរដ្ឋបារាំងដើមកំណើតវៀតណាមនៅប្រទេសបារាំង? ឬមួយក៏ព្រោះថា សម រង្ស៊ីមានសែស្រឡាយវៀតណាម? មូលហេតុមួយទៀតទំនងជា សម រង្ស៊ី បាននិងកំពុងមានទំនាក់ទំនងស្អិតរមួតជាមួយនឹងចលនាវៀតណាមដែលប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម​បច្ចុប្បន្ន ដែលសម រង្ស៊ី បានចុះហត្ថលេខាសហប្រតិបត្តិការជាមួយគ្នានាពេលកន្លងមកនៅឯសហរដ្ឋអាមេរិក។ ពេលនេះ សម រង្ស៊ី ក៏កំពុងតែមានចំណងទាក់ទងជាមួយពលរដ្ឋបារាំងដើមកំណើតវៀតណាមនៅបារាំងទៀត។ ចុះបើ សម រង្ស៊ី ត្រូវរ៉ូវជាមួយជនជាតិវៀតណាម​ ​ដូច្នេះហេតុអ្វីបានជានៅក្នុងប្រទេសកម្ពុជា សម រង្ស៊ី បានប្រើវោហាសាស្ត្ររើសអើងស្អប់ខ្ពើម ជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម និងយកបញ្ហាព្រំដែនជាមួយវៀតណាម មកធ្វើជាប្រធានបទឃោសនារបស់ខ្លួន? នេះពិតជាបង្ហាញថា អ្វីដែល សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិកំពុងតែធ្វើនេះគឺគ្រាន់តែជាប្រជាភិថុតិប៉ុណ្ណោះដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ក្នុងចំណោមប្រជាជនដើម្បីឱ្យរាស្ត្រស្អប់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន។ ប៉ុន្តែពីក្រោយខ្នង សម រង្ស៊ី មានទំនាក់ទំនងយ៉ាងល្អនឹងជនជាតិវៀតណាម។

៣- សម រង្ស៊ី តែងអំពាវនាវមេដឹកនាំពិភពលោកឱ្យដាក់សម្ពាធលើរដ្ឋាភិបាល និងរំពឹងថាមេដឹក​នាំពិភពលោកដែល សម រង្ស៊ី ផ្សាភ្ជាប់ដោយគ្មានការអនុញ្ញាតពីអ្នកទាំងនោះថានឹងជួយប្រទេសកម្ពុជាលើបញ្ហានេះបញ្ហានោះ។ តាមរយៈទង្វើនេះបង្ហាញថា សម រង្ស៊ី មិនមានឈាមជ័រស្រឡាញ់ជាតិខ្មែរពិតប្រាកដឡើយ គឺ សម រង្ស៊ី គ្រាន់តែយកឈាម និងទឹកភ្នែករាស្ត្រខ្មែររាប់លាននាក់ដើម្បីអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ដើរបង្កបញ្ហាសព្វបែបយ៉ាង បង្កចលាចល អស្ថិរភាព ញុះញង់ មានបញ្ហារត់ចោលស្រុកមិនព្រមទទួលខុសត្រូវព្រោះមានប្រទេសបារាំងជាប្រទេសទី២របស់ខ្លួនសម្រាប់គេចខ្លួន។ សម រង្ស៊ី ក៏មិនមែនជាអ្នកនយោបាយថ្លៃថ្នូរដែរ តែជាអ្នកនយោបាយកំសាក និងអ្នកនយោបាយឱនក្បាលនិយម និងអ្នកនយោបាយពឹងបរ​ទេ​ស​និយម។ មិនខិតខំពង្រឹងអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពដែនដីរបស់ជាតិខ្មែរ បែរជា សម រង្ស៊ី យកប្រទេសជាតិខ្លួនដាក់ក្រោមការគ្រប់គ្រងបរទេស ដើរអំពាវនាវបរទេសឱ្យមកធ្វើជាចៅហ្វាយនាយរបស់ជាតិខ្មែរ។ ឯណាទៅភាពថ្លៃថ្នូររបស់ជាតិខ្មែរ ដែលជាអតីតមហាអា​ណាចក្រមួយដ៏ធំ? សម រង្ស៊ី គឺជាអ្នកនយោបាយដ៏គួរឱ្យខ្មាសអៀនបំផុតដែលមិនស័ក្តិសមនឹងកើតជាជាតិខ្មែរឡើយ។

រាស្ត្រខ្មែរបានងើបតស៊ូប្រយុទ្ធប្រឆាំងដើម្បីសេរីភាព ប្រជាធិបតេយ្យ និងស្វែងរកសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការពារបូរណភាពដែនដីឱ្យបានគង់វង្ស តែសម រង្ស៊ី វិញ គិតតែពីដើរហែកកេរ្តិ៍ និងស្វែងរកចៅហ្វាយនាយសម្រាប់ខ្មែរទៅវិញ? សម្រាប់អ្នកមានគំនិតបរទេសនិ​យមដូច សម រង្ស៊ី ពិតជាមនុស្សគ្រោះថ្នាក់បំផុត ហើយសូម្បីតែគណបក្សសង្គ្រោះជាតិដែលខ្លួនធ្លាប់គ្រប់គ្រង ក៏បានពឹងបរទេសដែរ រហូតដល់បរទេសមកបង្រៀនរបៀបឃោសនាបោះឆ្នោតជាដើម។ ធ្វើដូច្នេះក៏មានន័យថា បើសិនជាបក្សនេះឈ្នះការបោះឆ្នោតនោះពិតណាស់កម្ពុជា  នឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បរទេសណាមួយជាក់ជាមិនខាន ព្រោះក្រុមនេះបានដាក់ខ្លួនឱ្យស្ថិតនៅក្រោមឥទ្ធិពលបរទេសតាំងពីពេលនេះទៅហើយ។

កម្ពុជាពេលនេះខុសពីកម្ពុជាពីអតីតកាល! កម្ពុជាពេលនេះ គឺជាប្រទេសមួយដែលមានសន្តិភាព ឯករាជ្យភាព និងបូរណភាពដែនដី ដែលប្រទេសនានាលើពិភពលោកទទួលស្គាល់ និងមានទំនាក់ទំនងស្មើភាពជាមួយប្រទេសនានា ជាសមាជិករបស់អង្គការសហប្រជាជាតិ។ កម្ពុជាមិនស្ថិតនៅក្រោមចំណុះនៃប្រទេសណាមួយឡើយ។ ការដែល សម រង្ស៊ី និងក្រុមរបស់ខ្លួនចូលចិត្តអំពាវនាវឱ្យបរទេសជួយខ្លួននេះគឺជាការនាំយកប្រទេស និងប្រជាជនឱ្យស្ថិតនៅក្រោមបរទេសនោះ។ នេះគឺជាអ្វីដែលរាស្ត្រខ្មែរមិនត្រូវការឡើយ។ ទង្វើរបស់ សម រង្ស៊ី នៅពេលនេះពិតជាគួរឱ្យស្អប់ខ្ពើមបំផុត!!! សម រង្ស៊ី ខ្លួនឯងក៏គួរឱ្យស្អប់ខ្ពើមដូចឪពុករបស់ខ្លួន ដែលប្រវត្តិសាស្ត្រខ្មែរដឹងថាជាជនក្បត់ជាតិ៕



អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ តំណាងអយ្យការអាចនឹងឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួនប្រសិនរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ!

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងយ៉ាងច្បាស់ៗថា តំណា ងអយ្យការអាចនឹងឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួនប្រសិនរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ។ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការ ពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យ ការអាចឃាត់ខ្លួនជនសង្ស័យនៅថ្ងៃនោះតែម្តងដើម្បីអនុវត្តនីតិវិធីបន្ត ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ!»។

គួររំលឹកផងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរជាសាក្សី។ ក្រោយចេញដីកាទាំងនេះភ្លាម លោក ជុន ច័ន្ទបុត្រ លោក ឡុង រី និងលោកស្រី មួរ សុខហួរ ក៏បានទទួលដីកានេះភ្លាមផងដែរបន្ទាប់ពីកម្លាំងនគរបាលក្រសួងមហាផ្ទៃបានយកប្រគល់នៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួន។

យ៉ាងណាមិញ លោក ជុន ច័ន្ទបុត្រ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា វិទ្យុអាស៊ីសេរីនៅវ៉ាស៊ីនតោន បានសម្រេចឈប់ឱ្យលោកឆ្លងឆ្លើយជាមួយអ្នកកាសែតទៀតហើយ។ ពាក់ព័ន្ធនឹងករណីនេះវិញ ត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា សេរីភាពនៃការបញ្ចេញមតិត្រូវបានបំបិទមាត់ចំពោះអ្នកកាសែត!? ឯណាទៅសេរីភាពនៃការបញ្ចេញមតិ? អ្នកកាសែតត្រូវបានបំបិទមាត់មិនឱ្យនិយាយជាមួយអ្នកកាសែត! វិទ្យុអាស៊ីសេរីធ្វើបែបនេះមិនសាកសមជាវិទ្យុដែលមានវិជ្ជាជីវៈព័ត៌មាននោះទេ។

ជាមួយនេះដែរ នាពេលថ្មីៗលោក ជុន ច័ន្ទបុត្រ បានលើកឡើងប្រាប់សារព័ត៌មានថា «បើសិនជាប់គុកខាតប្រយោជន៍ធំណាស់ បើអង្គភាពតម្រូវឱ្យខ្ញុំទៅធ្វើការនៅវ៉ាស៊ីនតោនខ្ញុំនឹងទៅ» លោក ជុន ច័ន្ទបុត្រ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចេញទៅណាទេលើកលែងតែអង្គភាពតម្រូវ….តែខាតប្រយោជន៍ណាស់បើសិនជាប់គុកខាតប្រយោជន៍ណាស់ ដូច្នេះអើយ…សុខចិត្តឲ្យទៅធ្វើការនៅវ៉ាស៊ីនតោន ខ្ញុំមិនប្រកែកទេ…ប៉ុន្តែបើជាឆន្ទះរបស់ខ្ញុំតែម្តង ខ្ញុំគិតយុត្តិធម៌តែងតែមាន»។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕


អគ្គស្នងការនគរបាលជាតិណែនាំឲ្យកម្លាំងការពារព្រំដែនពង្រឹងសមត្ថភាពដើម្បីការពារទឹកដី

ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានណែនាំកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ពង្រឹងសមត្ថភាព និងជំនាញឲ្យខ្លាំងក្លា ដើម្បីការពារបូរណភាព ទឹកដី ប្រទេស។
ការណែនាំរបស់ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានធ្វើឡើងក្នុងពិធីចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារហ្វឹកហ្វឺន របស់ សិក្ខាកាមកងកម្លាំងនគរបាលការពារព្រំដែននៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភគទី៤ ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។
ឧត្តមសេនីយ៍ឯក ក៏បានថ្លែងការកោតសរសើរដល់គណៈ គ្រប់គ្រងវគ្គគ្រូបង្វឹក និងសិក្ខាកាមទាំងអស់ ដែលបានខិតខំ រួមគ្នាធ្វើ ឲ្យវគ្គហ្វឹកហ្វឺនទាំងមូលទទួលលទ្ធផលគួរជាទឺមោទនភាព ៕



លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ អាជ្ញាធរដែនដី ត្រូវខិតខំបំពេញការងាររបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរដែនដី ស្រុក ឃុំ និងភូមិ ទូទាំងស្រុកកោះអណ្តែត ខេត្តតាកែវ ដើម្បីក្តាប់នូវសំណូមពរផ្សេងៗ ដោះស្រាយសម្រាប់ការកសាង និងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចំរើន។
នៅក្នុងពិធីនោះ លោក នាង សួន អាជ្ញាធរស្រុកកោះអណ្តែត បានរាយការណ៍ថា ក្រោមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ស្រុកបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានា រក្សាបានសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ មានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ដោះស្រាយបានទាន់ពេលវេលា នូវរាល់សំណូលពរចាំបាច់របស់ប្រជាពលរដ្ឋ។
ក្រោយពីស្តាប់របាយការណ៍ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ របស់អាជ្ញាធរដែនដី ដែលកន្លងមកនេះបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់។ ក្នុងពិធីសំណេះសំណាលនេះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ជាអនុសាសន៍មួយចំនួនដល់អាជ្ញាធរដែនដី ត្រូវខិតខំបំបេញការងារនៅមូលដ្ឋាន ហើយត្រូវលើកកម្ពស់កិច្ចសហការ សម្របសម្រួលក្នុងការដោះស្រាយបញ្ហានានា ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ នូវកម្មវិធីនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាប កម្មវិធីនយោបាយតាមវិស័យ ក៏ដូចជាសភាពការណ៍រួមរបស់ប្រទេសជាតិ។ សហការរៀបចំវេទិការសាធារណៈនៅតាមមូលដ្ឋានដើម្បីស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយរាល់សំណើររបស់ប្រជាពលរដ្ឋ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសាមគ្គីភាព រក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងកម្រិតខ្ពស់ ដើម្បីឱ្យប្រជាជនរស់នៅប្រកបដោយបរិយាកាសសប្បាយរីករាយ ក្នុងការងារបង្កបង្កើនផលស្រូវរដូវវស្សា ហើយត្រូវបន្តធ្វើរហូតដល់ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕