Sunday, November 13, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនប្រធានាធិបតីឥណ្ឌូនេស៊ី

នៅវេលាថ្ងៃត្រង់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ បន្ទាប់ពីបើកដំណើរការកិច្ចប្រជុំរយៈពេល៤ ថ្ងៃកន្លងមក ពោលគឺចាប់ថ្ងៃទី ១០ដល់ទី១៣ វិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺត្រូវបានបិទបញ្ចប់ហើយ ដោយទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។ 



ថ្លែងទៅកាន់ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោបានអញ្ជើញថ្លែងនូវសុន្ទរកថាដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល១ឆ្នាំ គឺពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់សម្តេចផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ាន។​ ខណៈដែលយើងបាននិងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត ។ 

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីរីករាយ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដោយផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគ្រប់គ្នានៅទីក្រុងភ្នំពេញនេះ។ 

សម្តេចសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារដើម្បីធានាដល់ភាពងាយស្រួល និងផាសុខភាព សម្រាប់យើងរាល់គ្នា និងដើម្បីការបញ្ចប់ភាពជាប្រធានអាស៊ានប្រកបដោយជោគជ័យ ។ក្នុងរយៈពេល៤ ថ្ងៃនេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស។ យើងបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង ។ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ នេះ ។ ដូចគ្នានេះដែរ ប្រទេស ៦ ទៀត រួមមាន ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជាសមាជិក ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥0 ប្រទេស ។ 

សម្តេចតេជោបានបន្តទៀតថា យើងបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍ លើកទី ២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ នេះ នាឆ្នាំ ២០០២ ។សម្រាប់ការកសាងសហគមន៍អាស៊ានវិញ យើងបានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី ៥៥ របស់អាស៊ាន, និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ។ យើងក៏បានអនុម័ត សេចក្តី ថ្លែងការណ៍រួម ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ប្រកបដោយជោគជ័យ នាថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរ យើងក៏មានក្តីសោមនស្ស ដែលមានលទ្ធភាពរៀបចំជាលើកទី ២ នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន ។ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល ។ ការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជាអាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ ជាសក្ខីភាពជាក់ស្តែងនៃស្មារតី «ភាពរួបរួមគ្នា» នៅក្នុងឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុងតំបន់យើង ដែលនាំឱ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារ   អាស៊ានរបស់យើង ។ព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងពេញលេញថា សាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្តូរវេនបន្ទាប់ទៅនេះ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន ។

សម្តេចតេជោក៏សូមយកឱកាសនេះ ដើម្បីសូមអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការណ៍ លើកទី ៣២ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ និង ពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី ១២ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៣ ដែលជាសមិទ្ធផលមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង ។​ជាចុងក្រោយ ក៏សូមជូនពរ ព្រះចៅស៊ុលតង់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ នូវសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ច៕














វិភាគអន្តរជាតិ៖ តើលោក ចូ បៃដិន និងលោក ស៊ី ជិនពីង អាចសម្រេចបានអ្វីខ្លះ នៅ G20?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបមុខគ្នាដោយផ្ទាល់នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា នាឱកាសដែល មេដឹកនាំទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ នេះនឹងក្លាយជាជំនួបទល់មុខលើកដំបូងបំផុតរវាងលោក បៃដិន និងលោក ស៊ី ជិនពីង គិតចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១ ហើយវាក៏នឹងក្លាយជាឱកាសមួយផងដែរឱ្យមេដឹកនាំទាំង២ ស្ដារទំនាក់ទំនងទ្វេភាគីឱ្យស្ថិតនៅក្នុងស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរកាំរកូសនឹងគ្នាយ៉ាងខ្លាំងលើបញ្ហាជាច្រើនរាប់ចាប់ពីសង្រ្គាមអ៊ុយក្រែន តៃវ៉ាន់ រហូតដល់ ការប្រជែងគ្នាខាងបច្ចេកវិទ្យា។

ជាការពិតណាស់ ការជជែកពិភាក្សាគ្នាតែមួយមុខ នឹងមិនអាចដោះស្រាយបញ្ហាប្រឈមធំៗ ដែលមានរវាងប្រទេសទាំង២បានឡើយ តែយ៉ាងហោចណាស់វាអាចត្រូវបាន ប្រើជាបណ្ដាញទំនាក់ទំនងកម្រិតខ្ពស់មួយ នៅចំពេលដែលប្រទេសទាំង២ កំពុងមានភាពតានតឹងនឹងគ្នា។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួន ខណៈមេដឹកនាំ កំពុងត្រៀមលក្ខណៈជួបមុខគ្នាដោយផ្ទាល់៖

*តើសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ និងការបោះឆ្នោតពាក់កណ្ដាលអាណត្តិអាមេរិក ជះឥទ្ធិពលអ្វីខ្លះដល់ទំនាក់ទំនងប្រទេសទាំង ២?

លទ្ធផលនៃព្រឹត្តិការណ៍ធំៗទាំង២នេះ នឹងមានតែពង្រឹងការព្រួយបារម្ភទាំងក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងស្ដីពីចេតនារបស់ភាគីម្ខាងៗ។ ក្រុមអ្នកតាមដាន ស្ថានការណ៍ជាច្រើននៅក្នុងសហរដ្ឋអាមេរិកយល់ថាចិនកាន់តែផ្ដាច់ការ កាន់តែបាចសាចមនោគមន៍វិជ្ជា និងជាបញ្ហាប្រឈមកាន់តែធំសម្រាប់សណ្ដាប់ធ្នាប់អន្តរជាតិ។ នៅក្នុងសុន្ទរកថានៅឯសមាជបក្សកុម្មុយនិស្ដចិន កាលពីតុលាកន្លងទៅ លោក ស៊ី ជិនពីង បានផ្ដោតសំខាន់លើសន្តិសុខជាតិ មនោគមន៍វិជ្ជា និងការពឹងផ្អែកលើខ្លួនឯង ផ្នែកបច្ចេកវិទ្យា ហើយដែលវិស័យទាំង៣នេះសុទ្ធតែមានភាពប្រទាំងប្រទិសគ្នាជាមួយសហរដ្ឋអាមេរិក។ មន្ត្រីបក្សជាច្រើននាក់ ដែលមានបទសោធន៍ខាងកិច្ចការ សន្តិសុខជាតិ ត្រូវបានតែងតាំងជាសមាជិកថ្មីនៃការិយាល័យនយោបាយគណបក្សកុម្មុយនិស្ដចិន ដែលនេះបញ្ជាក់ថាបក្សកុម្មុយនិស្ដចិនប្រហែលជាកំពុងបង្កើនការត្រៀម លក្ខណៈចំពោះភាពតានតឹងកាន់តែខ្លាំងនៅក្នុង «កិច្ចការការបរទេស»។

ដូចគ្នាដែរ ឥទ្ធិពលកាន់តែធំរបស់គណបក្សសាធារណរដ្ឋ នៅក្នុងសភាទាំង២ របស់សហរដ្ឋអាមេរិកអាចនឹងបង្កការព្រួយបារម្ភសម្រាប់ចិន ដែលខ្លាចថាទីក្រុងវ៉ាស៊ីនតោន នឹងកាន់តែប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើបញ្ហាតៃ​វ៉ាន់ និងសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ​ វាក៏នឹងកបង្កការព្រួយបារម្ភដែរថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬបេក្ខជនប្រធានាធិបតីដែលមានទំនោរដូចលោក ត្រាំ អាចនឹងឡើងមកដឹកនាំសេតវិមានសាជាថ្មីនៅឆ្នាំ២០២៥ ដែលនឹងកាន់តែបង្កភាពតានតឹងនៅក្នុងទំនាក់ទំនងរវាង អាមេរិក និងចិន។ ម្លោះហើយ ទំនោររបស់ភាគីទាំង២ ក្នុងការវាយតម្លៃពីសេណារ៉ូអាក្រក់ទៅវិញទៅមក អាចនឹងបង្កឧបសគ្គដល់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងការស្វែងរកមធ្យោបាយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ មានស្ថិរភាព។

*តើអ្វីទៅដែលលោក បៃដិន និងលោក ស៊ី ជិនពីង រំពឹងនឹងសម្រេចបានក្នុងជំនួបទ្វេភាគី?

លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងមិនអាចចៀសរួចឡើយពីការមានបញ្ហាអាទិភាពផ្ទុយគ្នា។ ប៉ុន្តែ មេដឹកនាំទាំង២ អាចនឹងព្យាយាមស្វែងរកចំណុចរួមមួយ ព្រមទាំងមធ្យោបាយទំនាក់ទំនងយូរអង្វែង ដែលកាន់តែមានប្រសិទ្ធភាព។ សម្រាប់លោក បៃដិន បញ្ហាប្រែប្រួលអាកាសធាតុ និងសង្រ្គាមអ៊ុយក្រែនអាចនឹងក្លាយជា របៀបវារៈជួរមុខ ហើយលោកអាចនឹងប្រើឱកាសនេះដើម្បីបញ្ជាក់ជាថ្មីឡើងវិញថាការផ្ដល់ហិរញ្ញវត្ថុ និងជំនួយយោធាដែលបំពានលើទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ីមានន័យថា ចិនអាចនឹងជួបផលវិបាកធ្ងន់ធ្ងរ។

តែព្រមពេលជាមួយគ្នា លោក បៃដិន ក៏ទំនងជានឹងព្យាយាមបើកដំណើរការឡើងវិញនូវបណ្ដាញទំនាក់ទំនង ក្នុងនោះរួមមានកិច្ចសន្ទនាកម្រិតការងារស្ដីពី កិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ ដែលទីក្រុងប៉េកាំងបានបិទ ក្រោយប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ច នៅតៃវ៉ាន់កាលពីខែសីហា។ លោក បៃដិន អាចនឹងព្យាយាមដែរក្នុងការបើកដំណើរការឡើងវិញនូវកិច្ចសន្ទនាយោធាជាមួយទីក្រុងប៉េកាំង ឬព្យាយាមបង្កើត «យន្ដការ បញ្ចៀស និងគ្រប់គ្រងជម្លោះថ្មីមួយ» សំដៅបង្ការកុំឱ្យការប្រកួតប្រជែងគ្នារវាងប្រទេសទាំង២ ផ្ទុះទៅជាជម្លោះប្រដាប់អាវុធ ឬសង្រ្គាម។

ចំណែកឯ សម្រាប់លោក ស៊ី ជិនពីងវិញ ទំនងជាអាចនឹងបញ្ជូនសារជាថ្មីថាលោក និងក្រុមការងារផ្នែកការទូតរបស់លោកតែងតែបញ្ជាក់ជារឿយៗនៅក្នុងទំនាក់ទំនង ជាមួយសមភាគីអាមេរិក ចាប់តាំងលោក បៃដិនឡើងកាន់អំណាច មកថា ទីក្រុងវ៉ាស៊ីនតោនគួរតែទម្លាក់ចោលការដាក់សម្ពាធសេដ្ឋកិច្ច និងបច្ចេកវិទ្យាប្រឆាំងនឹងចិន ហើយ គោរពផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំង ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់តែម្ដង។ រីឯ នៅក្នុងលក្ខខណ្ឌនៃជំហររួម លោក បៃដិន និងលោក ស៊ី ជិនពីង អាចនឹងកំណត់ពីវិស័យចំនួន ២ ឬ៣ ដែលប្រទេសទាំង២ អាចធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាបាន ដូចជាការបង្កើតមធ្យោបាយធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហា ប្រែប្រួលអាកាសធាតុ ឬពង្រីការការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

*តើមេដឹកនាំទាំង២ អាចបន្ថយភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដោយរបៀបណា?

សំណុំរឿងតៃវ៉ាន់ ច្បាស់ណាស់នឹងក្លាយជាប្រធានបទកំពូល នៅក្នុងជំនួបរវាងលោក បៃដិន និងលោក ស៊ី ជិនពីង ក្នុងបរិបទដែលភាពតានតឹងរវាងអាមេរិក និងចិន ឡើង ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រុមមន្ត្រីអាមេរិក បានបង្ហាញក្ដីបារម្ភជាបន្តបន្ទាប់ថាទីក្រុងប៉េកាំងអាចនឹងពន្លឿនពេលវេលា ដោះស្រាយ បញ្ហាតៃវ៉ាន់ ដោយសារមើលឃើញថាចិនបានបង្កើនការធ្វើសកម្មភាពយោធា និងដាក់សម្ពាធយ៉ាងខ្លាំងលើទីក្រុងតៃប៉ិ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

មួយវិញទៀត បើទោះជាលោក ស៊ី ជិនពីង អះអាងថាជាថ្មីថាចិនចង់ដោះស្រាយបញ្ហាតៃវ៉ាន់ដោយសន្តិវិធីនៅអំឡុងសមាជបក្សលើកទី២០ក៏ដោយ តែលោក បៃដិនអាចនឹង ស្វែងរកការធានាដោយផ្ទាល់មួយពីលោកប្រធានាធិបតីចិនថាការប្រើប្រាស់កម្លាំងយោធា គឺជាជម្រើសចុងក្រោយ ហើយនឹងបញ្ជាក់ឱ្យច្បាស់ថាតើសកម្មភាពបែបណារបស់ សហរដ្ឋអាមេរិក ដែលអាចនឹងឆ្លងកាត់ «បន្ទាត់ក្រហមរបស់ចិន»។ សម្រាប់លោក ស៊ី ជិនពីង លោកប្រហែលជាមានសំណួរជាច្រើនជុំវិញការអះអាងម្ដងហើយម្ដងទៀត របស់លោក បៃដិន កន្លងមកដែលថានឹងសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។

មេដឹកនាំទាំង២ អាចចាប់ផ្ដើមកាត់បន្ថយគម្លាតនៃទស្សនៈយល់ឃើញតាមរយៈការឯកភាពគ្នាថាជម្លោះ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់មិនមែនជាប្រយោជន៍សម្រាប់ ប្រទេសទាំង២ឡើយ ហើយដើម្បីកាត់បន្ថយ ឬបញ្ចៀសការគណនាខុសណាមួយ លោក បៃដិន និងលោក ស៊ី ជិនពីង គួរតែប្រាស្រ័យទាក់ទងគ្នាពីទស្សនៈយល់ឃើញលើ សកម្មភាពរបស់ខ្លួនដែលកំពុងត្រូវបានគេមើលឃើញថាបាន និងកំពុងបំផ្លាញស្ថានភាពដើមនៃតំបន់ច្រកសមុទ្រតៃវ៉ាន់។ អាចធ្វើបែបនេះបាន នោះវាអាចនឹងជួយ ស្ដារឡើងវិញនូវយន្ដការទំនាក់ទំនងយោធា ដែលត្រូវបានកាត់ផ្ដាច់ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់។

តែទោះជាប្រធានាធិបតីទាំង២ អាចស្វែងរកភាពរីកចម្រើននៅលើកោះបាលី ក៏ដោយ ក៏លទ្ធផលបោះឆ្នោតពាក់កណ្ដាលអាណត្តិអាមេរិក អាចនឹងបន្ថែមភាពស្មុគស្មាញលើ ស្ថានការណ៍ស្មុគស្មាញបច្ចុប្បន្ន។ បានន័យថាប្រសិនបើគណបក្សសាធារណរដ្ឋ ពិតជាអាចគ្រប់គ្រងសភាតំណាងរាស្ត្រមែន នោះពួកគេអាចនឹងជំរុញឱ្យមានកំណែប្រែនៃ «ច្បាប់គោលនយោបាយតៃវ៉ាន់» ឬ Taiwan Policy Act ឱ្យកាន់តែរឹងមាំ។ ច្បាប់ Taiwan Policy Act នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចាត់ទុកតៃវ៉ាន់ជាសម្ព័ន្ធមិត្ត មិនមែនជាសមាជិកណាតូដ៏សំខាន់មួយ។ លើសពីនេះទៅទៀត សភាតំណាងរាស្ត្រក្រោមការគ្រប់គ្រងដោយបក្សសាធារណរដ្ឋ អាចនឹងចាប់ផ្ដើមការជជែកដេញដោលថា «តើសហរដ្ឋអាមេរិក គួរតែបោះបង់ចោលយុទ្ធសាស្ត្រមិនច្បាស់លាស់ចំពោះតៃវ៉ាន់ ហើយថាតើការអនុវត្តគោលនយោបាយចិនតែមួយគឺជាប្រយោជន៍របស់សហរដ្ឋអាមេរិក ដែរឬក៏យ៉ាងណា»? នៅក្នុងបរិបទបែបនេះ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននឹងចាំបាច់ត្រូវតែរក្សាបណ្ដាញទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីធានាឱ្យគ្នាទៅវិញទៅមកថា «គោលនយោបាយផ្លូវការ» របស់ពួកគេមិនមានការប្រែប្រួល។

គួរបញ្ជាក់ថា ក្រៅតែពីសំណុំរឿងនយោបាយ លោក បៃដិន និងលោក ស៊ី ជិនពីង ក៏នឹងពិភាក្សាគ្នាផងដែរពី «ការរឹតត្បិត» លើការនាំចេញពីបន្ទះឈីបទៅកាន់ប្រទេសចិន ពីសំណាក់រដ្ឋបាលលោក បៃដិន ដែលបាន និងកំពុងបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសក្នុងតំបន់ជុំវិញផលប៉ះពាល់លើខ្សែចង្វាក់ផ្គត់ផ្គត់ និងពាណិជ្ជកម្មរបស់ពួកគេ នៅចំពោះមុខការប្រជែងគ្នាកាន់តែខ្លាំងរវាងអាមេរិក និងចិន៕ Fresh News





ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន

  

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។


ការជួបពិភាក្សាការងារទ្វេភាគីរបស់សម្តេចតេជោ ហ៊ុន សែន និង លោក ចូ បៃដិន ធ្វើឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ប្រធានាធិបតី ចូ បៃដិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមានកិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ពាក់ព័ន្ធនឹងការដោះមីន សម្តេចតេជោ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀត ពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ សម្តេចតេជោបានលើកឡើងពីគោលជំហររបស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយគិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌ និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិក យោងតាមអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០២ ដែលមានស្រាប់ តាមរយៈការសម្ភាសន៍ពលរដ្ឋកម្ពុជាដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ ដែលក្នុងនោះប្រធានាធិបតី ចូ បៃដិន បានកោតសរសើរកម្ពុជា ចំពោះតួនាទីប្រកបដោយស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ ចំពោះជំហរកម្ពុជាលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះ របស់កូរ៉េខាងជើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែង ដោយប្រើអាវុធនុយក្លេអ៊ែរ។

សម្ដេចតេជោ ក៏បានជម្រាបជូនលោកប្រធានាធិបតី បៃដិន អំពីកិច្ចសហការរវាងកម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបញ្ជូនក្រុមអ្នកដោះមីនកម្ពុជា ទៅជួយបណ្តុះបណ្តាលក្រុមដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ និងអំពីសំណើរបស់អ៊ុយក្រែនដល់ជប៉ុន ក្នុងការផ្ដល់ឧបករណ៍ដោះមីនផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖


សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា


ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានធ្វើជាសហប្រធានជាមួយនឹងឯកឧត្តម ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា ដែលធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ 



ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំនូវសំណើកាណាដា ចំពោះការពង្រីកទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទិសដៅដ៏ប្រសើរសម្រាប់ជំរុញទំនាក់ទំនងកិច្ចសន្ទនា អាស៊ាននិងកាណាដា ឲ្យកាន់តែស្អិតរមួត និងកាន់តែស៉ីជម្រៅ។ ជាក់ស្តែង ការបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅពេលថ្មីៗនេះ គឺជាការបោះជំហានជាវិជ្ជមានដំបូង ស្របតាមទិសដៅនេះ ដែលនឹងជំរុញស្តារសេដ្ឋកិច្ច នៅក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រយៈពេល៤៥ឆ្នាំមកនេះ អាស៊ានបានការប្តេជ្ញា និងបំណងប្រាថ្នារួម ក្នុងការរក្សានូវសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ទាំងពីរ ភាពជាដៃគូដ៏យូរអង្វែងរបស់អាស៊ាន និងកាណាដា បាននាំមកនូវសមិទ្ធផលលេចធ្លោលើគ្រប់វិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងសាកលលោក ជាពិសេសលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កាណាដា ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។

នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លានដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ៕