Friday, December 20, 2019

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី១ សម្រាប់អាណត្តិទី៣

ពោធិ៍សាត់ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី១ អាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅលើកទី៧ នៅស្រុកកណ្តៀង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តដោយមានការចូលរួមពី ក្រុមប្រឹក្សាស្រុកកណ្តៀងអភិបាលស្រុកកណ្តៀង កងកម្លាំងប្រដាប់អាវុធស្រុកកណ្តៀង មន្ត្រីរាជការស្រុកកណ្តៀង ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋប្រធានមន្ទីរ អង្គភាពខេត្ត មន្ត្រីសាលាខេត្ត និងវាគ្មិនជំនាញនានា មួយចំនួនទៀតសរុប ៣០១នាក់ និង ស្ត្រី ៥៧នាក់ ។
លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីគោលបំណងរបស់អង្គវេទិកា ព្រមទាំងមានមតិបើកទូលាយ ផ្ដល់ឱកាសដល់សមាជិកសមាជិកា ដើម្បីលើកឡើងពីបញ្ហាប្រឈមនានាកង្វល់ផ្សេងៗជាពិសេសសំណូមពរ និងតម្រូវការដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃនិងការអភិវឌ្ឍ នាអនាគត ។
អង្គវេទិកាបានប្រព្រឹត្តទៅដោយមានការចូលរួមមានមតិយ៉ាងផុលផុស ក្នុងនោះសំណួរ និងសំណូមពរមានចំនួន១៤ ដោយផ្ទាល់មាត់ចំនួន៨ និងលិខិតចំនួន ៦ភាគច្រើនទាក់ទង និងធនធានទឹក បរិស្ថាន ផ្លូវថ្នល់ និងដីធ្លី ។

លោក ម៉ក់ រ៉ា បានធ្វើការបូកសរុបនិងឆ្លើយបំភ្លឺ ព្រមទាំងផ្តល់អនុសាសន៍មួយចំនួនគឺ:
– កែលម្អ ថែរក្សាយកចិត្តទុកដាក់ប្រព័ន្ធស្រោចស្របនៅមូលដ្ឋាន ឲ្យបានល្អ ។
– កែលម្អ ពង្រីក ថែរក្សារម្មណីយដ្ឋានទេសចរណ៍
នៅក្នុងស្រុកឲ្យបានល្អ ។
– កែលម្អ និងថែរក្សាបរិស្ថានសាលារៀន ។
– គ្រប់គ្រងដីធ្លី ចែកប័ណ្ណកម្មសិទ្ធ ដើម្បីកាត់បន្ថយជម្លោះដីធ្លី
– គណបញ្ជាការឯកភាព ស្រុក ឃុំ ការពារ ថែរក្សា ធនធានធម្មជាតិសម្បត្តិរបស់រដ្ឋ ជនល្មើសដែលប្រព្រឹត្ត ត្រូវអនុវត្តតាមនីតិច្បាប់របស់រដ្ឋ ជាពិសេសល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ចោរប្លន់ គ្រឿងញៀន ។ល។ ពិសេសអភិវឌ្ឍន៍ធនធានមនុស្សឲ្យបានល្អដើម្បីត្រៀមអនុវត្តន៍ នូវកម្មវិធីវិមជ្ឍការ ដែលថ្នាក់ជាតិនិងផ្ទេរអំណាចមកថ្នាក់ក្រោមជាតិ ទាំងធនធានមនុស្ស ទាំងធនធានហិរញ្ញវត្ថុ៕




កិច្ចប្រជុំពង្រឹងការងាររដ្ឋបាលខេត្ត សន្តិសុខ សណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយអនុក្រឹត្យសំខាន់ចំនួន៤ ដែលត្រូវដាក់ឲ្យអនុវត្ត

តាកែវ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ លោកអ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ដល់ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ក្រុង កងកំលាំងប្រដាប់អាវុធទាំង៣ លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។
សូមជម្រាបថា អនុក្រឹត្យចំនួន៤ ដែលធ្វើការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនាពេលនេះរួមមាន៖
១. អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង
២. អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក
៣. អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌ
៤. អនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត។

មានមតិផ្តាំផ្ញើក្នុងឱកាសនោះ លោកអភិបាលខេត្តបានជំរុញដល់ក្រុង ស្រុក មន្ទីរ អង្គភាពទាំងអស់ចំណុះរដ្ឋបាលខេត្តត្រូវខិតខំអភិវឌ្ឍន៍ និងពង្រឹងសមត្ថិភាពមន្ត្រីរបស់ខ្លួនឱ្យកាន់តែមានសមត្ថភាពខ្ពង់ ហើយបំពេញការងាររឱ្យបានកាន់តែល្អ បន្ថែមទៀត ដើម្បីផ្តល់សេវាសាធារណៈកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ ៕


ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់សម្បទានិកមានលក្ខខណ្ឌស្របច្បាប់ក្នុងការវិនិយោគលើដីធ្លី

ក្រចេះ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)ខេត្តក្រចេះ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ៣៥៦ គ្រួសារ ស្មើនឹង ៤៣៤ ប័ណ្ណ និង ៣៦ ប័ណ្ណ សម្រាប់ដីរដ្ឋបាលនៅក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះក្រោមអធិបតីភាព លោក ឌុច វនទីតូ អនុរដ្ឋលេខាធិការ និងជាតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ខេត្តក្រចេះ ។
ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនាពេលនេះ គឺបន្ទាប់ពីសម្បទានិកបានបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា និងស្របតាមអនុក្រឹត្យលេខ ១៩ អនក្រ.ប ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៣ និងប្រកាសលេខ ២០០ ដនស.ប្រក ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅក្នុងពិធីនេះទទួលបានដីលំនៅឋានទំហំ ២០ គុណ ៥០ម៉ែត្រ និងដីកសិកម្មទំហំ ១,៥ ហិចតា ស្មើៗគ្នា។
តាមបញ្ជាក់ពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានកំណត់យកខេត្តក្រចេះជាខេត្តគោលដៅក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED I) ចាប់តាំងពីឆ្នាំ២០១៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។
រដ្ឋបាលខេត្តក្រចេះ សម្រេចជ្រើសរើសយកស្រុកគោលដៅចំនួន២ គឺស្រុកចិត្របុរី មានឃុំគោលដៅចំនួន៤ គឺឃុំសំបុក ឃុំចង្ក្រង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺឃុំចំបក់ ។ ការផ្ដល់ប័ណ្ណកម្មសិទ្ធិនេះ គឺធានាដល់សុវត្ថិភាពអ្នកកាន់កាប់ដីធ្លី(ម្ចាស់កម្មសិទ្ធិ) មានន័យថាប្រជាពលរដ្ឋជាសម្បទានិកមានលក្ខខណ្ឌស្របច្បាប់ក្នុងការវិនិយោគលើដីធ្លីដែលពួកគាត់បានរស់នៅ និងប្រើប្រាស់ដីអស់រយៈពេលប្រាំឆ្នាំ និងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

លោកអនុរដ្ឋលេខាធិការមានប្រសាសន៍បន្ថែមសមិទ្ធផលថ្មីមួយទៀតហើយ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនដល់បងប្អូនជាសម្បទានិកទាំងអស់ បន្ថែមពីលើសមិទ្ធផលនានាដែលបានប្រគល់ជូនដល់សម្បទានិកដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED II) ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន រួមមាន៖ ផ្លូវ សាលារៀន អគារសហគមន៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន និងគិលានុបដ្ឋាយិកា បុស្តិ៍សុខភាព អណ្ដូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រពខ្នាតតូច ព្រមទាំងការយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម និងចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ការអប់រំសុខភាពទូទៅ ចំណេះដឹងជំនាញអាជីវកម្មខ្នាតតូច។ ទាំងនេះបាននឹងកំពុងរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សម្បទានិក និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនបានមួយកម្រិតធំ ៕




ខេត្តត្បូងឃ្មុំ រៀបចំពិធីបុណ្យបង្សកូលឧទ្ទិសកុសលជូនព្រះវិញ្ញាក្ខន្ធព្រះសព ព្រះសីលសំវរ ឡឹង ធៀម ជាចៅអធិការវត្តដំរិល

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងភរិយា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសលប្រគេនព្រះវិញ្ញាណក្ខ័ន្ធព្រះសព ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ព្រះរាជាគណៈ ថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្តដំរិល ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបានទទួលព្រះអនិច្ចកម្ម នៅវេលាម៉ោង១០៖២៨នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅ ក្នុងព្រះជន្ម១០៤ព្រះវស្សា ដោយជរាពាធ។ ចំពោះព្រះសព ព្រះសីលសំវរ ឡឹង ធៀម បានដំកល់ទុកនៅវត្តដំរិលនេះ ដោយរង់ចាំបូជា ក្នុងអំឡុងរយ:ពេល៣ឆ្នាំ ។
នាឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ បាន មានប្រសាសន៍ ថា ការបាត់បង់ព្រះសីលសំវរ ឡឹង ធៀម គឺជាការបាត់បង់នូវព្រះមហាថេរ និងជាបញ្ញវ័ន្តសង្ឃ ដែលមានបទពិសោធន៍ចាស់ទុំ របស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ព្រះពុទ្ធសាសនា។
លោកអភិបាលខេត្ត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមឧទ្ទិសដល់ព្រះវិញ្ញាណខន្ធព្រះសព និមន្តទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម ប្រសូត្រនៅថ្ងៃសុក្រ ១៥កើត ខែមាឃ ឆ្នាំរោង អដ្ឋស័ក ព.ស.២៤៥៦ គ.ស.១៩១៥ ដោយមានបិតានាម ឡឹង ជិម និងមាតានាម កែវ អ៊ុម ជាកសិករ នៅភូមិសំស្មែ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
កាលពីមានអាយុ ១៦ឆ្នាំ ត្រូវបានបិតានាំយកទៅទុកដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រ លេខនព្វន្ត និងធម៌អាថ៏ នៅវត្តដំរិល។ លុះដល់អាយុ២១ឆ្នាំ បានបួសជាឧបសម្បទា នៅក្នុងពុទ្ធសីមាវត្តរកាឃ្នួច ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ។ ក្រោយពីបានសម្រេចញត្តិចតុ្ថកម្មវាចាមក ព្រះឧបជ្ឍាយ៍ ឲ្យនាមបញ្ញត្តិថា “ឥន្ទតេរ”។
បន្ទាប់មកក្រោយពីឧបសម្បទាជាភិក្ខុភាវ:រួចហើយភិក្ខុ ឡឹង ធាម ក៍និមន្តទៅគង់វត្តដំរិលវិញ រហូតទទួលឋាន:ជា ព្រះគ្រូសូត្រ ហើយបន្តរហូតជាចៅអធិការវត្តដំរិលសព្វថ្ងៃនេះ។

ព្រះសីលវរ ឥន្ធត្ថេរ ឡឹង ធៀម បានទទួលឋានន្តរសក្តិ ជាព្រះរាជាគណ:ថ្នាក់ទី៤ និងទទួលបានផ្លិតរាជាគណ: ដោយការតែងតាំង និងប្រគេនពីព្រះសង្ឍរាជគណ:មហានិកាយ ព្រះនាម ទេព វង្ស កាលពីឆ្នាំ២០០៤ផងដែរ៕


រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមដើម្បីនាំយកសមិទ្ធិផលថ្មីៗជូនប្រជាជននិងប្រទេសជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះនាពេលកន្លងមកដើម្បីនាំយកសមិទ្ធិផលថ្មីៗលើវិស័យពាណិជ្ជកម្ម ជូនប្រជាជន និងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ ខាងមុខ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងឱកាសការងារ សំដៅជំរុញការអភិវឌ្ឍនិងបែងចែកកំណើនសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ លោកបានលើកឡើងដូចនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសមិទ្ធិផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម CTIS កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២០។ «ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងទីផ្សារដែលនៅមានសក្តានុពលនាំចេញ ដូចជាចិន ជប៉ុន និងកូរ៉េ តាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង ១៦ប្រទេស ដែលហៅកាត់ថា RCEP ដើម្បីឈានទៅចុះហត្ថលេខាក្នុងឆ្នាំ២០២០ខាងមុខនេះ» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរអង្គពិធីផ្តោតការពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន មានដូចជា៖ ការពង្រឹងសមត្ថភាពកម្ពុជាដើម្បីបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសាកល ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ចការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការពង្រឹងសហការជាមួយវិស័យឯកជនដើម្បីធានាចីរភាពកំណើន និងការបន្តកែលម្អពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាង សំដៅជំរុញការនាំចេញកសិផលឱ្យបានអតិបរមា។

សូមជម្រាបថា តាមរយៈការចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគ្រប់គ្រងលើចំណូល-ចំណាយ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រួមជាមួយការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៩នេះ បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណជាង ១០៨ពាន់លានរៀល៕




លោក ចាន់ ដារ៉ុង ៖ ជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយបញ្ហាប្រឈមឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជំរុញឱ្យថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។
លោកបានជំរុញបែបនេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាស្រុក ក្នុងកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងពិភាក្សានូវសំណូមពរដែលបានលើកឡើងក្នុងវេទិការសាធារណៈកន្លងមក និងរៀបចំផែនការអនុវត្តបន្ត ឆ្នាំ២០២០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន លោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក សមាជិក សមាជិការបស់ក្រុមការងារ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងស្រុក។
ជាលទ្ធផលក្នុងកិច្ចប្រជុំសម្រេចបាន៖
១. ពិនិត្យ និងដោះស្រាយបន្តលើបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។
២. ត្រៀម ដើម្បីរៀបចំផែនការសម្រាប់អនុវត្តបន្ត សម្រាប់ ឆ្នាំ២០២០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់ លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងអាជ្ញាធរស្រុក ភូមិ ឃុំ ត្រូវចូលរួមដោះស្រាយបញ្ហាដែលនៅសេសសល់ ឱ្យបានឆាប់រហ័ស ព្រមទាំងស្របតាមនីតិវិធីផងដែរ ៕


ខេត្តស្វាយរៀង បង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននៅតាមមូលដ្ឋាន ជាពិសេសស្រុកជាប់ព្រំដែន

ស្វាយរៀង៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងអភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ បង្កើតគណៈកម្មាធិការភូមិ ឃុំ/សង្កាត់ នៅក្នុងក្រុង ស្រុកជាប់ព្រំដែន និងបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៩ របស់លេខាធិការដ្ឋានខេត្ត។ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សរុប ១៩នាក់ ស្រី ១នាក់។

នាឱកាសនោះ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនបានមានប្រសាសន៍ថា៖
១-គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពនូវបទបញ្ជាលេខ០១ ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ព្រមទាំងផែនការវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
២-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ជាប់ព្រំដែនត្រូវបង្កើតយន្តការទំនាក់ទំនងទាន់ហេតុការណ៍ជាមួយ សមភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសហការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រឿងញៀនទាន់ពេលវេលា
៣-គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវរៀបចំបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ភូមិ ឃុំ សង្កាត់ស នៅក្នុងមូលដ្ឋានដែលមានមុខសញ្ញាប្រឈមនឹងសកម្មភាពប្រើប្រាស់ ការជួញដូរ និងការចែកចាយ គ្រឿងញៀនកើតឡើងញឹកញាប់ បានយ៉ាងហោចចំនួន ០១ ក្នុង ០១ឃុំ សង្កាត់ ហើយប្រគល់មកលេខាធិការដ្ឋាន ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩
៤-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវបន្តចុះធ្វើរដ្ឋបាល(កិច្ចសន្យា) ជាមួយម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្ត និងចុះបិទខិតប័ណ្ណផ្សព្វផ្សាយពាក់ព័ន្ធនឹងគ្រឿងញៀនតាមផ្ទះសំណាក់ ផ្ទះជួល កន្លែងសប្បាយផ្សេងៗ
៥-ត្រូវពង្រឹងការអនុវត្តច្បាប់ បង្កើនវិធានការជំនាញគ្រប់អង្គភាពជំនាញនានានៅតាមច្រកទ្វារព្រំដែន(មន្ត្រីអន្តោប្រវេសន៍ ភ្នាក់ងារគយ-រដ្ឋាករ និងការិយាល័យBLO)ត្រូវយកចិត្តទុកដាក់ក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន សហការទំនាក់ទំនងព័ត៌មានជាមួយភាគីវៀតណាមឲ្យបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ចាត់វិធានការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ឲ្យមានប្រសិទ្ធភាពខ្ពស់
៦-សូមលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ចុះណែនាំក្រុមរថយន្តដឹកជញ្ជូនអ្នកដំណើរ(រថយន្តតាក់ស៊ី)ភ្នំពេញ ស្វាយរៀង
៧- សូមលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សូមបន្តសកម្មភាពផ្សព្វផ្សាយតាមសាលារៀន ទីសាធារណៈ តាមបណ្ដាលក្រុង ស្រុក ឃុំ សង្កាត់៕

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលតំបន់ក្តាន់២ ឲ្យទៅជារង្វង់មូលវិញ ដើម្បីរំដោះការកកស្ទះចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែសម្រួលតំបន់ក្តាន់២ ឲ្យទៅជារង្វង់មូលវិញ ដើម្បីសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ភាគីពាក់ព័ន្ធបានឯកភាព កែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់២ឡើងវិញ តាមរយៈការធ្វើជារង្វង់មូល តម្លើងភ្លើងស្តុបឲ្យមានភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង ៣ម៉ែត្រកន្លះ បន្ថែមទៀតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ដល់ដល់ស្ពានអាកាសតិចណូ ដើម្បីរំដោះការកកស្ទះចរាចរណ៍ឲ្យ កាន់តែមានប្រសិទ្ធភាព។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងកែសម្រួលលំហូរចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់នេះកំពុង ប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិត នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា បានបង្ហាញថា ក្នុងមួយថ្ងៃៗ មានយានយន្តប្រមាណជាង ៥ម៉ឺន ៣ពាន់គ្រឿង បានឆ្លងកាត់នៅលើផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង ៥ម៉ឺនគ្រឿងទៀត បានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ។
លោកអភិបាលរាជធានី បានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែលម្អចរាចរណ៍នៅតំបន់នេះដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដែលត្រូវចំណាយតិច ហើយស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំការធ្វើផ្លូវក្រោមដីបានឡើយ។
លោកបានពន្យល់អំពីមូលហេតុមួយចំនួន ដែលធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២នេះ មានការកកស្ទះជាប្រចាំនោះ «ចរាចរណ៍បានចេញច្រើនពីតំបន់បឹងកក់មកសហព័ន្ធរុស្ស៊ី ដោយសារតែបិទផ្លូវរណប ម្ខាងនៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុប មិនទាន់ល្អប្រសើរធ្វើឲ្យលំហូរ ចរាចរណ៍ណែនណាន់តាន់តាប់ស្ទះខ្លំាងហៀរទៅដល់មុខគណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់»។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធចរាចរណ៍ឡើងវិញ នៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង ៤០ភាគរយ ខណៈដែលគម្រោងនេះគ្រោងចំណាយថវិការហូតដល់ ជាង ១៩០០លានរៀល ៕




ពង្រីកទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍នឹងរួមចំណែកពង្រឹងអធិបតេយ្យភាពនិងឯករាជ្យភាពកម្ពុជា

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទីផ្សារ នាំចេញរបស់កម្ពុជាដែលនឹង រួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពរបស់កម្ពុជាព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់។ លោកបានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាល ពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំកុងត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០ នាក់។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់លោក រដ្ឋមន្ត្រី ពាណិជ្ជកម្ម ប៉ាន សូរ ស័ក្តិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ត «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា» និង «យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤» រហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោក ក៏បានស្នើ ក្រសួងពាណិជ្ជកម្ម ខិតខំជំរុញការធ្វើសេរីភាវូបនី យកម្ម និងសមាហរណកម្មក្នុងតំបន់ និងពិភពលោក តាម រយៈការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០២០ និងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា -ចិន និងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ដែលជាគោលដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
បន្ថែមលើនោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជាវិភាគទានសម្រាប់រៀបចំគោលន យោបាយ និងកំណត់ទិសដៅសម្រាប់អនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ មាន ដូចជា៖
(១) ការកែទម្រង់ផ្ទៃក្នុង និង បន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងតំបន់ និងពិភពលោក
(២) កំណែទម្រង់រដ្ឋបាលសាធារណៈ និងគុណភាព សេវាសាធារណៈ
(៣) ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ ឧស្សាហកម្ម ជំនាន់ទី៤ និង
(៤) ការរក្សាបាននូវសន្តិសុខ ស្បៀងនិងស្ថិរភាពថ្លៃទំនិញ និងសេវាកម្ម ដើម្បីគាំទ្រឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា។

គួររម្លឹកដែរថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ បាន ទទួលជោគជ័យលើការចរចាបើកច្រកទីផ្សារពាណិជ្ជ កម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ការធ្វើកំណែទម្រង់សេវាសាធារណៈ ការកសាងលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងសុខមាលភាពប្រជាជន ការរក្សាបានសន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើន និងការអនុវត្តអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល៕




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណជាថ្មីដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគទាំងសម្ភារៈ និងថវិកាក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីប្រែក្លាយមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា បម្រើដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានថ្លែងអំណរគុណជូនបងប្អូនជនរួមជាតិទាំងក្រុង និងក្រៅប្រទេស ដែលបានផ្ញើសារផ្តល់កម្លាំងចិត្ត និងក្តីស្រឡាញ់ជូនលោក និងក្រុមគ្រួសារ ជូនពរម្តាយក្មេកលោក គឺអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឲ្យបានឆាប់ជាសះស្បើយ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះសារក្នុង Facebook របស់លោកទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅសល់តែ១១ថ្ងៃទៀត ឆ្នាំថ្មី២០២០ នឹងមកដល់។ សុខសន្តិភាព និងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិសព្វថ្ងៃ គឺបានបង្ហាញច្បាស់ថា កម្ពុជាយើងកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនទាំងអស់, ក្រុមហ៊ុនឯកជននានា, អង្គការ, សមាគម, ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមវិភាគទានជាសំភារៈ និងថវិកាក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា ឲ្យក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់បំផុត។
ទន្ទឹមនឹងនេះដែរ ខ្ញុំសូមអរគុណដល់បងប្អូន និងកូនក្មួយទាំងក្នុង និងក្រៅប្រទេស ដែលបានផ្ញើសារចូលរួមផ្តល់នូវកម្លាំងចិត្ត និងក្តីស្រឡាញ់រាប់អានដល់ខ្ញុំ និងក្រុមគ្រួសារក្នុងពេលដ៏លំបាកបំផុតនេះ ហើយព្រមទាំងបានជូនពរដល់ម្តាយក្មេកខ្ញុំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ឲ្យបានឆាប់ជាសះស្បើយ ដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់កូនចៅទាំងអស់គ្នា។
ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់មានសុខភាពល្អ និងជួបតែសេចក្តីសុខ និងសំណាងល្អជានិច្ច ជាពិសេសនៅក្នុងឆ្នាំថ្មី២០២០ខាងមុខនេះ»។

សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសបញ្ចប់ការទទួលថវិកា ពីសប្បុរសជនសម្រាប់សាងសង់អគារមន្ទីរពេទ្យ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែតហើយ ដោយថវិកាទទួលបានពីសម្បុរសជន និងថវិការដ្ឋ៣០លានផងនោះ ធ្វើឱ្យចំនួនថវិកាសម្រាប់សាងសង់អគារ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែតមានរហូតដល់ទៅជាង ១០៤លានដុល្លារអាមេរិក ៕