Friday, December 20, 2019

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់សម្បទានិកមានលក្ខខណ្ឌស្របច្បាប់ក្នុងការវិនិយោគលើដីធ្លី

ក្រចេះ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)ខេត្តក្រចេះ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ៣៥៦ គ្រួសារ ស្មើនឹង ៤៣៤ ប័ណ្ណ និង ៣៦ ប័ណ្ណ សម្រាប់ដីរដ្ឋបាលនៅក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះក្រោមអធិបតីភាព លោក ឌុច វនទីតូ អនុរដ្ឋលេខាធិការ និងជាតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ខេត្តក្រចេះ ។
ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនាពេលនេះ គឺបន្ទាប់ពីសម្បទានិកបានបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា និងស្របតាមអនុក្រឹត្យលេខ ១៩ អនក្រ.ប ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៣ និងប្រកាសលេខ ២០០ ដនស.ប្រក ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅក្នុងពិធីនេះទទួលបានដីលំនៅឋានទំហំ ២០ គុណ ៥០ម៉ែត្រ និងដីកសិកម្មទំហំ ១,៥ ហិចតា ស្មើៗគ្នា។
តាមបញ្ជាក់ពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានកំណត់យកខេត្តក្រចេះជាខេត្តគោលដៅក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED I) ចាប់តាំងពីឆ្នាំ២០១៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។
រដ្ឋបាលខេត្តក្រចេះ សម្រេចជ្រើសរើសយកស្រុកគោលដៅចំនួន២ គឺស្រុកចិត្របុរី មានឃុំគោលដៅចំនួន៤ គឺឃុំសំបុក ឃុំចង្ក្រង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺឃុំចំបក់ ។ ការផ្ដល់ប័ណ្ណកម្មសិទ្ធិនេះ គឺធានាដល់សុវត្ថិភាពអ្នកកាន់កាប់ដីធ្លី(ម្ចាស់កម្មសិទ្ធិ) មានន័យថាប្រជាពលរដ្ឋជាសម្បទានិកមានលក្ខខណ្ឌស្របច្បាប់ក្នុងការវិនិយោគលើដីធ្លីដែលពួកគាត់បានរស់នៅ និងប្រើប្រាស់ដីអស់រយៈពេលប្រាំឆ្នាំ និងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

លោកអនុរដ្ឋលេខាធិការមានប្រសាសន៍បន្ថែមសមិទ្ធផលថ្មីមួយទៀតហើយ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនដល់បងប្អូនជាសម្បទានិកទាំងអស់ បន្ថែមពីលើសមិទ្ធផលនានាដែលបានប្រគល់ជូនដល់សម្បទានិកដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED II) ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន រួមមាន៖ ផ្លូវ សាលារៀន អគារសហគមន៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន និងគិលានុបដ្ឋាយិកា បុស្តិ៍សុខភាព អណ្ដូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រពខ្នាតតូច ព្រមទាំងការយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម និងចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ការអប់រំសុខភាពទូទៅ ចំណេះដឹងជំនាញអាជីវកម្មខ្នាតតូច។ ទាំងនេះបាននឹងកំពុងរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សម្បទានិក និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនបានមួយកម្រិតធំ ៕




No comments:

Post a Comment