Friday, December 20, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណជាថ្មីដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគទាំងសម្ភារៈ និងថវិកាក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីប្រែក្លាយមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា បម្រើដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានថ្លែងអំណរគុណជូនបងប្អូនជនរួមជាតិទាំងក្រុង និងក្រៅប្រទេស ដែលបានផ្ញើសារផ្តល់កម្លាំងចិត្ត និងក្តីស្រឡាញ់ជូនលោក និងក្រុមគ្រួសារ ជូនពរម្តាយក្មេកលោក គឺអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឲ្យបានឆាប់ជាសះស្បើយ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះសារក្នុង Facebook របស់លោកទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅសល់តែ១១ថ្ងៃទៀត ឆ្នាំថ្មី២០២០ នឹងមកដល់។ សុខសន្តិភាព និងភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិសព្វថ្ងៃ គឺបានបង្ហាញច្បាស់ថា កម្ពុជាយើងកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនទាំងអស់, ក្រុមហ៊ុនឯកជននានា, អង្គការ, សមាគម, ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមវិភាគទានជាសំភារៈ និងថវិកាក្នុងការសាងសង់មន្ទីរពេទ្យកាល់ម៉ែតរបស់កម្ពុជា ឲ្យក្លាយជាមន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់បំផុត។
ទន្ទឹមនឹងនេះដែរ ខ្ញុំសូមអរគុណដល់បងប្អូន និងកូនក្មួយទាំងក្នុង និងក្រៅប្រទេស ដែលបានផ្ញើសារចូលរួមផ្តល់នូវកម្លាំងចិត្ត និងក្តីស្រឡាញ់រាប់អានដល់ខ្ញុំ និងក្រុមគ្រួសារក្នុងពេលដ៏លំបាកបំផុតនេះ ហើយព្រមទាំងបានជូនពរដល់ម្តាយក្មេកខ្ញុំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ឲ្យបានឆាប់ជាសះស្បើយ ដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់កូនចៅទាំងអស់គ្នា។
ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់មានសុខភាពល្អ និងជួបតែសេចក្តីសុខ និងសំណាងល្អជានិច្ច ជាពិសេសនៅក្នុងឆ្នាំថ្មី២០២០ខាងមុខនេះ»។

សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសបញ្ចប់ការទទួលថវិកា ពីសប្បុរសជនសម្រាប់សាងសង់អគារមន្ទីរពេទ្យ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែតហើយ ដោយថវិកាទទួលបានពីសម្បុរសជន និងថវិការដ្ឋ៣០លានផងនោះ ធ្វើឱ្យចំនួនថវិកាសម្រាប់សាងសង់អគារ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែតមានរហូតដល់ទៅជាង ១០៤លានដុល្លារអាមេរិក ៕

No comments:

Post a Comment